en     km
en     km

​ ពលរដ្ឋរិះគន់មន្រ្តីនគរបាលចរាចរណ៍នៅស្តុប ឌីប៉ុក ថាផាកពិន័យ ដើម្បីយកលុយចូលហោប៉ៅខ្លួនឯង

Share

កន្លងមកមានមតិមហាជនជាច្រើន បាននាំគ្នារិះគន់ទៅលើចំណាត់ការរបស់សមត្ថកិច្ច មន្រ្តីនគរបាលចរាចរណ៍នៅចំណុច ស្តុប ឌីប៉ុក ស្ថិតតាមបណ្តោយផ្លូវហាណូយ ដែលជាចំណុចផ្លូវអក្សរT (តេ) ចំណុចផ្លូវកែងរវាង ផ្លូវ ឌីប៉ុក និងផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ហើយសកម្មភាពនេះនៅតែបន្តកើតមានដែលធ្វើឱ្យប្រជាពលរដ្ឋបានរិះគន់ថា សមត្ថកិច្ច​នៅទីនោះ បានផាកពិន័យ ប្រជាពលរដ្ឋជាច្រើន  ដោយ  ប៉ូលីស ចរាចរណ៍ គ្មានការណែនាំបង្ហាញ ឱ្យបានលម្អិត ដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹង អំពីភ្លើងសញ្ញាចរាចរណ៍នៅទីនោះ  ពីព្រោះនៅទីនោះ ជាផ្លូវកែងអក្សរ T  ដែលអ្នកធ្វើដំណើរផ្លូវត្រង់អាចធ្វើដំណើរបាន។ បន្ថែមពីលើនេះ  ប្រជាពលរដ្ឋបានរិះគន់ថា​មន្រ្តីសមត្ថកិច្ច ចាប់ផាកពិន័យ ភាគច្រើន បានយកលេសសម្របសម្រួល ដើម្បីយកលុយ ចូលហោប៉ៅ ខ្លួនឯងក្រៅ ដោយមិនបានធ្វើចំណាត់ការ *ណែនាំ ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

« បាទ ជាទូទៅខ្ញុំមើលឃើញថា​នៅស្តុបហ្នឹងមានចំណុចមិនប្រក្រតី ព្រោះថា ទាំងខ្ញុំនិងមិត្តភក្តិខ្ញុំ ភាគច្រើនគាត់ច្រើនតែរងគ្រោះ ឱ្យតែធ្វើដំណើរតាមផ្លូវហ្នឹង ផ្លូវកែងអក្សរ តេ ទៅត្រង់ជិះស្របគ្រប់គ្នា គិតថា​កន្លែងផ្សេងៗគេមិនអី តែដល់កន្លែងហ្នឹង ចាប់ផាកពិន័យយកតែម្តង បូលីសនៅទីហ្នឹងគឺជាឱកាសចាប់ផាក មើលទៅកន្លែងហ្នឹងដូចជាកន្លែង រកស៊ីមួយសម្រាប់មន្រ្តីប៉ូលីសចរាចរណ៍អ៊ីចឹង!»

នេះជាសម្តី​ លោក វ៉ាន់ កុសល ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ ដែលធ្លាប់បានរងគ្រោះ ផាកពិន័យ លើភ្លើងសញ្ញាចរាចរណ៍លោតលឿងភ្លាមៗ ហើយលោតក្រហម ត្រូវបានសមត្ថកិច្ចមន្រ្តីនគរបាលចរាចរណ៍ ផាកពិន័យទឹកប្រាក់ចំនួន១៥ម៉ឺនរៀល លើមធ្យោបាយធ្វើដំណើរ​ ដោយរថយន្ត ដែលធ្វើដំណើរឆ្ពោះត្រង់ទៅមុខ នៅចំណុចផ្លូវកែងអក្សរT (តេ)  រវាង ផ្លូវ ឌីប៉ុក និងផ្លូវហាណូយ។

លោក កុសល​ យល់ថា ការផាកពិន័យរបស់មន្រ្តីប៉ូលីសចរាចរណ៍ លើកទី១ត្រូវណែនាំដល់ប្រជាពលរដ្ឋជាមុនសិនដើម្បីឱ្យបានដឹងថា ភ្លើងសញ្ញាចរាចរណ៍នៅលើផ្លូវស្តុបកែងអក្សរតេកន្លែងនេះ វាខុសពីកន្លែងស្តុបកែងអក្សរតេផ្សេងៗ ។ លោកថា កន្លែងផ្សេងៗស្តុបអក្សរតេដែរ​ ភ្លើងក្រហម តែប្រជាពលរដ្ឋអាចធ្វើដំណើរឆ្ពោះទៅត្រង់បាន ប្លែកតែស្តុបនេះវិញពេលធ្វើដំណើរទៅមុខភ្លើងក្រហម សញ្ញាព្រួញឆ្ពោះទៅមុខព័ណ៌បៃតង បែរជាចាប់ផាកពិន័យ ដែលនេះជាចំណុចមិនប្រក្រតី។

 

បន្ថែមពីលើនេះ ប្រភពដដែលបានបញ្ជាក់ថា «ខ្ញុំមើលឃើញថា សញ្ញាភ្លើងស្តុបព័ណ៌លឿង លឿនមែនទែន លោតលឿងមួយភ្លែត ហើយលោតក្រហមតែម្តង អ៊ីចឹងជាទស្សនៈមើលឃើញរបស់ខ្ញុំ ត្រូវប៉ូលីសចាប់អស់១៥ម៉ឺនរៀល ខ្ញុំមើលឃើញថា កន្លែងហ្នឹងដូចជាការរៀបស៊ីលុយប្រជាពលរដ្ឋ មិនមែនជាការដាក់ស្តុបមួយដើម្បីឱ្យប្រជាពលរដ្ឋគោរពភ្លើងសញ្ញា ទៅវិញទេ ព្រោះបើយើងធ្វើអ៊ីចឹងហាក់ដូចជាគាបសង្កត់ប្រជាពលរដ្ឋ​»។

​​​​ជួបសម្ភាសន៍ជាមួយនឹង លោក​ឈុំ សុខុម​ ប្រជាពលរដ្ឋដែលរស់ក្បែរចំណុចផ្លូវកែងស្តុបអក្សរតេ ឌីប៉ុក និងផ្លូវហាណូយនោះ បានឱ្យវិទ្យុស្រ្តីដឹងថា មានប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះតែងតែត្រូវបាន មន្រ្តីចរាចរណ៍ផាកពិន័យ ។ «ខ្ញុំមិនសូវយល់គ្រាន់តែឃើញថា កន្លែងខ្លះផ្លូវត្រង់អ៊ីចឹង វាអត់ត្រូវផាកពិន័យអីទេ ហើយស្តុបនេះពេលខ្លះលឺគេថា លឿន លោតលឿនណាស់អត់ទាន់ដល់នាទីវាលោតលឿន លឺតែគេរអ៊ូ ថាមិនសមផាកផ្លូវត្រង់ទេ ខ្ញុំមិនសូវយល់ពីច្បាប់ហ្នឹងដែរ តែបើគេផាកហ្នឹងហើយមិនដឹងធ្វើម៉េច»។

បន្ថែមពីលើនេះ លោក ឈុំ សុខុម បានបន្តថា « ​បើ ផាកពិន័យប្រជាជន បង្ហាញពីហេតុផលថា គ្រោះថ្នាក់យ៉ាងម្តេចបានដាក់ស្តុបផ្លូវត្រង់ហ្នឹង យ៉ាងម៉េចបានផាកដែរអ៊ីចឹង?ប្រាប់ប្រជាជនយើងគាត់អត់ដឹង  ព្រោះភាគច្រើនឆ្ងល់ថា​ ផ្លូវត្រង់សោះម៉េចផាកដែរ លឺតែគេនិយាយអ៊ីចឹងគ្រប់តែគ្នា  មកពីស្តុប ដល់ត្រឹមគេនិយាយ ហ្អឺ ប៉ូលីសផាក អស់ប៉ុណេះ ប៉ុណ្ណេះ​ ហើយវាអត់សមផាកផ្លូវត្រង់ លឺតែគេនិយាយគ្រប់តែគ្នា»។

អ្នកព័ត៌មានរបស់វិទ្យុស្រ្តី បានព្យាយាមទាក់ទង សុំការពន្យល់ពីបញ្ហាខាងលើនេះ ពីលោក ថី វិសាល អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់ នៅម៉ោង៤រសៀលថ្ងៃ៣០ ខែឧសភា តែ លោក ថី វិសាល ឆ្លើយថាដល់ម៉ោងសម្រាកហើយ ។ ហេតុនេះអ្នកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោក អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់រូបនេះបានទេ។

ទាក់ទងនឹងចំណុចស្តុបកែងអក្សរT (តេ)  រវាង ផ្លូវ ឌីប៉ុក និងផ្លូវហាណូយ ​ លោកតារា ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់បានយល់ឃើញថា ត្រង់ចំណុចស្តុបនេះ «យល់ល្អគួរតែណែនាំ មិនសមចាប់ទេ គួរតែណែនាំ​ សំណូមឱ្យមន្រ្តី ចរាចរណ៍ ត្រូវធ្វើអ៊ីចឹងហើយ​ គ្រាន់តែអ្វីដែលគួរណែនាំ​ យើងណែនាំនិងលើកលែងខ្លះអ៊ីចឹង»។

ក្នុងនាមជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមស៊ីវីល័យ និងសុខសន្តិភាព លោក កុសល ​សំណូមពរដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយកុំខ្លាចនឹងការបង់ផាកពិន័យ បើធ្វើខុសច្បាប់តម្រូវឱ្យបង់ពិន័យ ត្រូវហ៊ានទទួលខុសត្រូវទាំងអស់គ្នាដើម្បីយើងចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវឱ្យកាន់តែល្អប្រសើរ។ « ជាសំណូមពរ របស់ខ្ញុំក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំសូមសំណូមពរដល់ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធនានា​ សូមលោកមេត្តាមើលនូវចំណុចខ្វះខាតនៅត្រង់តំបន់ស្តុបឌីប៉ុក ផ្លូវអក្សរតេ  កែងផ្លូវហាន់ណូយ​ផង ព្រោះថា បើធ្វើអ៊ីចឹង វាអាចប៉ះពាល់ធ្ងន់ធ្ងរ  ព្រោះមតិភាគច្រើនហើយដែរខ្ញុំជួប ឆ្លងកាត់ស្តុបហ្នឹងភាគតិចណាស់ដែលរួចខ្លួន នេះជាសំណូមពរ សូមឱ្យគាត់មើល គាត់រៀបចំឱ្យបានល្អប្រសើរផង កុំឱ្យមានការរិះគន់តទៅទៀតជាពិសេសមន្រ្តីដែលអនុវត្តន៍ច្បាប់ កុំឱ្យគាត់យក ការយោគយល់អនុវត្តន៍ក្រៅច្បាប់ យកលុយដាក់ហោប៉ៅខ្លួនឯងពេក ព្រោះធ្វើអ៊ីចឹងវាផ្ទុយពីនីតិវិធីច្បាប់  បើចង់ធ្វើអ៊ីចឹង ណែនាំ បណ្តុះបណ្តាលគាត់ដើម្បីធ្វើបទបង្ហាញឱ្យដឹងចំណុចស្តុបនេះ មានស្លាកសញ្ញាដែលត្រូវទៅរួច និងស្លាកសញ្ញាដែលមិនអាចទៅរួច ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង នឹងស្រឡះចិត្តផង កុំឱ្យមានពាក្យពេលណាឱ្យតែលឺប៉ុលីសចរាចរណ៍ខ្លះថា នាងពួន ខ្លះឃើញរូបអុជធូបបន់បានផាក បានច្រើន បញ្ហាហ្នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះប៉ូលីសចរាចរណ៍នៅស្រុកខ្មែរ ទទួលនូវផលអាក្រក់ និងទទួលនូវការរិះគន់ខ្លាំងឡើងៗ​»។

ជុំវិញ បញ្ហាការរិះគន់ចំណាត់ការសមត្ថកិច្ចមន្រ្តី ចរាចរណ៍ លើការផាកពិន័យ ភ្លើងសញ្ញាចរាចរណ៍នេះ អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានព្យាយាមសុំការពន្យល់ពី លោកចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិដែរ តែលោកថា​ជាប់ប្រជុំ និងសុំឱ្យផ្ញើសំណួរតាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម។ ប៉ុន្តែជាលទ្ធផល លោកនៅតែព្យាយាមមិនឆ្លើយតប ជុំវិញបញ្ហាខាងលើនេះ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image