ក្រោយពីកិច្ចសន្យាទិញ-លក់ដីរវាងតំណាងក្រុមហ៊ុនចិន និងប្រជាពលរដ្ឋ ក្នុងតម្លៃ ១៤,៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ត្រូវបានផុតកំណត់ តំណាងក្រុមហ៊ុនចិន បានធ្វើកិច្ចសន្យាទិញ-លក់មួយទៀត ដោយកែប្រែតម្លៃដីជាមួយប្រជាពលរដ្ឋពី១៤ដុល្លារ មក ៣០ដុល្លារ។ ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋមួយគ្រួសារដែលជាម្ចាស់ដី មិនសុខចិត្តដែលក្រុមហ៊ុនឱ្យតម្លៃដីរបស់ខ្លួនទៅតាមកិច្ចសន្យាចាស់ដែលផុតកំណត់ ដោយទាមទារឱ្យតំណាងក្រុមហ៊ុននេះ ត្រូវធ្វើតាមកិច្ចសន្យាថ្មីរបស់ខ្លួនដែលឱ្យតម្លៃដី ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ កញ្ញា ជា សុខនី រាយការណ៍
អ្នកស្រី ម៉ិច សុវណ្ណរី ជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយតំណាងក្រុមហ៊ុនចិន បានរៀបរាប់ប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី២៩ ខែឧសភាថា លោក ចាន់ ដារី ដែលជាតំណាងក្រុមហ៊ុនចិន បានធ្វើកិច្ចសន្យាទិញ-លក់ដីរបស់អ្នកស្រីស្ថិតនៅភូមិត្រពាំងគៀប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានទំហំ ២,២០៥ម៉ែត្រការ៉េ ក្នុងតម្លៃ ១៤,៣ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ ក្នុងកិច្ចសន្យាតម្លៃលក់ជាង១៤ដុល្លារនេះ អ្នកស្រីថា លោក ចាន់ ដារី បានឱ្យលុយកក់ចំនួន ២០ម៉ឺនរៀល ដោយកំណត់រយៈពេលត្រឹមខែសីហាប៉ុណ្ណោះ ប៉ុន្តែរហូតដល់ថ្ងៃកំណត់ អ្នកស្រីមិនទទួលបានលុយនោះឡើង ហើយបានប្រាប់ខាងតំណាងក្រុមហ៊ុនថាអ្នកស្រីមិនអាចលក់ដីរបស់ខ្លួនក្នុងតម្លៃ ១៤ដុល្លារ ទៅឱ្យខាងក្រុមហ៊ុនបាននោះទេ ពីព្រោះកិច្ចសន្យាបានហួសថ្ងៃផុតកំណត់។
អ្នកស្រីបានបន្តថា បន្ទាប់ពីកិច្ចសន្យាផុតថ្ងៃកំណត់ ខាងតំណាងក្រុមហ៊ុន ក៏បានមកចរចាជាមួយអ្នកស្រី ដោយបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាថ្មីសម្រាប់ទិញ-លក់ដីរបស់អ្នកស្រីក្នុងតម្លៃ ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងតម្លៃនេះ អ្នកស្រីថា ខាងតំណាងក្រុមហ៊ុនបានប្រគល់លុយ ៥០% ស្មើនឹង ៣៣,០៧៥ដុល្លារ ឱ្យអ្នកស្រីកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បុងការទទួប៉ុន្តែនៅពេលអ្នកស្រីកាត់ប្លង់ផ្ទេរទៅខាងុមហ៊ុន ក៏បានមកចរចាជាមួយអ្នកស្រី ដោយបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាទិញជាការចំណាយរត់ប្លង់ផ្ទេរកម្មសិទ្ធិទៅឱ្យខាងតំណាងក្រុមហ៊ុន ប៉ុន្តែនៅពេលអ្នកស្រីទាមទារលុយដែលនៅសល់ពាក់កណ្ដាលបន្ថែមទៀតក្នុងកិច្ចសន្យាថ្មី បែរជាតំណាងក្រុមហ៊ុនថា នឹងប្ដឹងអ្នកស្រី ចំពោះការទាមទារលុយដែលនៅសល់ទាំងនោះ ដោយបានលើកយកកិច្ចសន្យាចាស់ដែលហួសថ្ងៃកំណត់ យកមកទូទាត់ឱ្យអ្នកស្រីទៅវិញ។
អ្នកស្រី ម៉ិច សុវណ្ណរី ៖ «តែដល់ពេលយើងផុតកិច្ចសន្យា ខ្ញុំថាយើងមានសិទ្ធិអត់លក់ បើពូទិញខ្ញុំក៏លក់ បើពូមិនទិញ ក៏ខ្ញុំមិនទៅឡាំប៉ា មានអីទៅដកពាក្យសម្ដីឡាំប៉ាមុនដំបូងឱ្យតម្លៃប៉ុណ្ណឹងហើយឱបប្លង់ឡាំប៉ាមិនព្រម ទាល់តម្លៃ៣០បានព្រម តើនរណាដែលហ៊ានធ្វើអញ្ចឹងបង ខ្ញុំនិយាយត្រង់ យើងហ៊ាននិយាយទាល់តែដាច់កិច្ចសន្យាទាំងសងខាង។ ដាច់កិច្ចសន្យាសួរថាខ្ញុំព្រមលក់តម្លៃប៉ុណ្ណេះ ពូហ៊ានទិញអត់? បើពូហ៊ានទិញឱ្យតម្លៃប៉ុណ្ណឹង គាត់ឱ្យអូនឯងឡើងមកផ្ដិតមេដៃ ផ្ដិតអី យកលុយទៅដកប្លង់ ហើយខ្ញុំក៏បានជិះមកពីផ្ទះហ្នឹងមកធ្វើកិច្ចសន្យា៣០(ដុល្លារ)ហ្នឹងនៅមុខធនាគារហ្នឹង ហើយធ្វើកិច្ចសន្យា ធ្វើអីហើយ បានជាពួកខ្ញុំចូលទៅដកប្លង់ចូលអី ហើយថែមទាំងមានបោះសម្ដីអីហ្នឹងថាខ្ញុំចូលទៅលួចដីឪ លួចដីឪលក់»។
បើតាមអ្នកស្រីសុវណ្ណរី ចំពោះការចោទរបស់តំណាងក្រុមហ៊ុនចិនថាអ្នកស្រីបានលួចយកដីរបស់ឪពុកមកលក់ គឺជារឿងមិនត្រឹមត្រូវនោះទេ ពីព្រោះឪពុករបស់អ្នកស្រីបានផ្ទេរកម្មសិទ្ធិមកឱ្យអ្នកស្រីរួចរាល់ហើយដោយមានអាជ្ញាធរភូមិ ឃុំ បានទទួលដឹងលឺ។ មួយវិញទៀត អ្នកស្រីថា តម្លៃដីដែលបានធ្វើកិច្ចសន្យាចុងក្រោយនេះ គឺខាងលោក ចាន់ ដារី ជាអ្នកឱ្យតម្លៃក្នុងមួយម៉ែត្រការ៉េ ៣០ដុល្លារ មិនមែនជាការទាមទាររបស់អ្នកស្រីនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «មុនដំបូងតម្លៃ១៤,៣ហ្នឹងមែន តែហើយតម្លៃ៣០ហ្នឹងគឺគាត់អ្នកឱ្យយើង អញ្ចឹងហើយតម្លៃ១៤,៣ហ្នឹងគេបំបាត់ចោលហើយ មែនទេបង វាមិនដែលដីស្រែមួយមានមានតម្លៃពីរ ហើយអ្នកទិញតែមួយ អ្នកលក់តែមួយ ដីស្រែតែមួយ»។
ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋរូបនេះដែរ តំណាងភាគីក្រុមហ៊ុនចិន លោក ចាន់ ដារី បានប្រាប់វិទ្យុស្ដ្រីដែរថា ក្នុងកិច្ចសន្យាតម្លៃដីរបស់អ្នកស្រី ម៉ិច សុវណ្ណរី ដែលត្រូវលក់គឺមួយម៉ែត្រការ៉េ តម្លៃ ១៤,៣ដុល្លារ ដោយមានការទទួលស្គាល់ពីមេភូមិ មេឃុំ អាជ្ញាធរស្រុក និងមេធាវីផងដែរកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងក្រុមហ៊ុនចិនបានមកបើកលុយឱ្យប្រជាពលរដ្ឋដែលត្រូវលក់ដី តែក្នុងនោះអ្នកស្រីសុវណ្ណរី បែរជាក្រឡាស់សម្ដីមិនលក់ដីរបស់ខ្លួនមកឱ្យរូបលោក ខណៈកិច្ចសន្យាទិញលក់គឺមានត្រឹមត្រូវតាមច្បាប់។
លោក ចាន់ ដារី ៖ «មិនមែនខ្ញុំដាក់មកគប់គិត ដាក់មកកែប្រែចែកលុយគ្នានោះទេ គឺអត់ទេ ហើយខ្ញុំក៏មិនមែនថាខ្ញុំត្រូវដែរ ហើយខ្ញុំបានព្រមរំលោភសេចក្ដីទំនុកចិត្តគាត់ហ្នឹង ដោយសារបើខ្ញុំមិនធ្វើអញ្ចឹងគឺដោយសារការងារទាំងអស់វាFlow ហើយគាត់សងយើងមាណ(ប៉ុន្មាន) មានលុយរាប់លានឯណាសង។ ដល់អញ្ចឹងហើយបានថា ប្រសិនជាផ្លូវច្បាប់គាំទ្រអ្នកដែលខិលខូច ថ្ងៃក្រោយអ្នកវិនិយោគ អ្នករកស៊ីអីមិនបាច់ទេ សរសេរលិខិតលក់ហើយ មានមេធាវីហើយ តែចុងក្រោយគេណាត់មកបើកលុយ ប្រជាពលរដ្ឋមាណ៥០-៦០គ្រួសារមកចាំបើកលុយ គាត់បែរជាលែងលក់ថ្ងៃហ្នឹងធ្វើមិចទៅ»។
ដោយឡែកការធ្វើកិច្ចសន្យាក្នុងតម្លៃ ៣០ដុល្លារនោះ លោកអះអាងថា ជាការបង្ខំរបស់អ្នកស្រីសុវណ្ណរី ដែលតម្រូវឱ្យលោកត្រូវធ្វើកិច្ចសន្យានេះឡើង ដើម្បីកុំប៉ះពាល់ដល់ដំណើរការវិនិយោគរបស់ក្រុមហ៊ុនចិនដែលចង់បើករោងចក្រផលិតសម្លៀកបំពាក់នៅក្នុងតំបន់នោះ ពីព្រោះដល់ថ្ងៃបើកលុយថ្លៃដី បែរជាអ្នកស្រីសុវណ្ណរី បដិសេធមិនព្រមលក់ដី។
លោក ចាន់ ដារី ៖ «អ៊ីចឹងបានជាខ្ញុំធ្វើនេះ គឺធ្វើរំលោភទៅលើកិច្ចព្រមព្រៀងរបស់ខ្ញុំអាមុននោះ គឺដោយសារអត់ឱ្យមានបញ្ហា ហ្នឹងហើយបើសិនជាធ្វើទៅ ធ្វើតាមគំនិតរបស់គាត់អត់ព្រមលក់នោះ វាជាការប្ដឹងផ្ដល់គាត់នោះ ទៅប្ដឹងគាត់នោះ គាត់ជាអ្នកខុស អញ្ចឹងហើយបានជាកើតមានបញ្ហាមួយការ៉េ៣០ហ្នឹង»។
ចំណែកលោក ហង្ស វិច្ឆិការាង្សី អភិបាលរងស្រុកបាទី និងជាគណៈកម្មការដោះស្រាយវិវាទដីធ្លីនេះ បានបញ្ជាក់ថា បញ្ហាទិញ-លក់ដីធ្លីរបស់អ្នកស្រីសុវណ្ណរី កន្លងមកលោកឃើញមានសមាគមមួយបានចូលរួមដោះស្រាយបញ្ហានេះដែរ ស្របជាមួយនឹងអាជ្ញាធរស្រុក ក៏កំពុងដំណើរការដោះស្រាយទៅតាមនីតិវិធី ដោយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដើម្បីចរចាតម្លៃដីឱ្យមានភាពសមរម្យ និងទទួលយកបានទាំងតំណាងក្រុមហ៊ុន ហើយនិងប្រជាពលរដ្ឋ។ ចំពោះការធ្វើកិច្ចសន្យាទិញ-លក់ដីក្នុងតម្លៃ ៣០ដុល្លារនោះ គឺលោកជាអាជ្ញាធរមិនបានដឹងនោះទេ ក៏ប៉ុន្តែបានទទួលព័ត៌មានពីអ្នកស្រីសុវណ្ណរី ទាមទារឱ្យតំណាងក្រុមហ៊ុនផ្ដល់តម្លៃដីរបស់របស់អ្នកស្រី ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក ហង្ស វិច្ឆិការាង្សី ៖ «គាត់មានកិច្ចសន្យាលក់ឱ្យគេក្នុងតម្លៃ ១៤ដុល្លារ ហើយក្រោយមកគាត់កែប្រែតម្លៃលក់ ទាំងគាត់នៅមានកិច្ចសន្យាជាមួយគេ វាមានទៅវាមានមក និយាយថាបើមនុស្សមិនបន្ទោសខាងក្រុមហ៊ុន ហើយក៏មិនបន្ទោសខាងប្រជាពលរដ្ឋដែរ។ អញ្ចឹងវាមានចំណុចម្យ៉ាងម្នាក់នៃកំហុស មានន័យថាអ្នកលក់ម៉ិច សុវណ្ណរី បានព្រមព្រៀងលក់ឱ្យគេក្នុងតម្លៃ ១៤,៣ដុល្លារ មានទាំងមេធាវី មានទាំងសាក្សី កិច្ចសន្យា អាជ្ញាធរភូមិ ឃុំ គេដឹងលឺ ហើយក្រុមហ៊ុនគេបានលស់ប្លង់ឱ្យម៉ិច សុវណ្ណរី ប៉ុន្តែលស់ប្លង់បានហើយម៉ិច សុវណ្ណរី មិនប្រគល់ប្លង់ឱ្យគេ ដោយទាមទារតម្លៃ ៣០ដុល្លារ»។
លោកលើកឡើងថា ប្រសិនជាក្នុងនាមជាអ្នកទិញ និងលក់ដី បានធ្វើកិច្ចសន្យាព្រមព្រៀងគ្នារួចរាល់ហើយទៅលើតម្លៃលក់ ប៉ុន្តែដល់ពេលដែលត្រូវប្រគល់ប្លង់ បែរជាម្ចាស់ដីទៅកែប្រែតម្លៃលក់ទៅវិញ ស្របពេលដែលប្រជាពលរដ្ឋជាច្រើនគ្រួសារ បានព្រមព្រៀងតម្លៃលក់តាមកិច្ចសន្យាទៅឱ្យតំណាងក្រុមហ៊ុនរួចរាល់ហើយ។
លោក ហង្ស វិច្ឆិការាង្សី ៖ «អញ្ចឹងដើម្បីជាការដោះស្រាយបញ្ហា អញ្ចឹងក្រុមហ៊ុនក៏សុខចិត្ត បានថាចន្លោះពេលហ្នឹងយល់ព្រមក្នុងតម្លៃ៣០មែន ប៉ុន្តែមានន័យថាជាចេតនារបស់ក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាហ្នឹង ដោយសារម៉ិច សុវណ្ណរីបានព្រមព្រៀងលក់តម្លៃ១៤ដុល្លារ។ អញ្ចឹងជារួមទៅវាមានខុសវាមានត្រូវ មានន័យថាម៉ិច សុវណ្ណរីក៏ខុស ក្រុមហ៊ុនក៏រួមចំណែកក្នុងហ្នឹង អញ្ចឹងក្រុមហ៊ុនគេអត់កែប្រែទេ គេរួមចំណែកក្នុងការដោះស្រាយ ដោយគេសុខចិត្តចេញខាតមួយចំនួនទៅលើតម្លៃដែលបានព្រមព្រៀង ប៉ុន្តែឱ្យគេចេញទាំងអស់គេអត់ចេញទេ»។
លោកបន្ថែមទៀតថា ចំពោះវិវាទដីធ្លីនេះ ក្នុងនាមជាអាជ្ញាធរមានតែព្យាយាមសម្រួលឱ្យភាគីទាំងសងខាង បន្ទាបខ្លួនទទួលយកការសម្របសម្រួលប៉ុណ្ណោះ ទើបអាចបញ្ចប់ទៅបាន។
ដោយឡែក លោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា បានប្រាប់ថា ការទាមទារលុយថ្លៃដីពាក់កណ្ដាលបន្ថែមទៀតរបស់អ្នកស្រី សុវណ្ណរី ពីតំណាងក្រុមហ៊ុន គឺជាភាពត្រឹមត្រូវ ពីព្រោះកិច្ចសន្យាទិញ-លក់ក្នុងតម្លៃ១៤ដុល្លារ ត្រូវបានផុតកំណត់ហើយ ស្របពេលភាគីក្រុមហ៊ុន ក៏បានធ្វើកិច្ចសន្យាទិញ-លក់ថ្មីក្នុងតម្លៃ ៣០ដុល្លារ និងបានឱ្យលុយថ្លៃដីពាក់កណ្ដាលជូនអ្នកស្រីសុវណ្ណរីផងដែរ។ ដូច្នេះលោកថា អ្នកស្រីសុវណ្ណរី មានសិទ្ធិទាមទារលុយថ្លៃដីដែលនៅសល់ពាក់កណ្ដាលទៀត ដែលតំណាងក្រុមហ៊ុនចិន មិនព្រមផ្ដល់ឱ្យ។
លោកបន្តថា ចំពោះករណីនេះ បើពិនិត្យទៅមើលអង្គច្បាប់ ការទិញ-លក់ជាករណីដែលមានកិច្ចព្រមព្រៀងពីគូភាគីទាំងសងខាង បានព្រមព្រៀងគ្នានៅវិនាទីចុងក្រោយ គឺតម្លៃ ៣០ដុលា្លរក្នុងមួយម៉ែត្រការ៉េលើទំហំដី ហើយភាគីអ្នកទិញ ក៏បានបំពេញកាតព្វកិច្ច ៥០ភាគរយនៃប្រាក់តម្លៃសរុបផងដែរ ក៏ប៉ុន្តែបែរជាភាគីអ្នកទិញ មិនព្រមបំពេញកាតព្វកិច្ច ៥០ភាគរយទៀតជូនភាគីអ្នកលក់ទៅវិញ។
លោក ព្រុំ ប៊ុនថន ៖ «ខ្ញុំស្នើឱ្យអាជ្ញាធរទាំងអស់ គួរតែលើកយកបទដ្ឋានច្បាប់ ដើម្បីធ្វើការជាមូលដ្ឋាន ដើម្បីជំរុញឱ្យភាគីទាំងពីរហ្នឹងអាចបញ្ចប់វិវាទបាន។ ដូច្នេះខ្ញុំគិតថាអាជ្ញាធរគួរតែមើលឡើងវិញ ចំពោះអ្វីដែលជាឯក សារដែលជាមូលដ្ឋានច្បាប់ដែលរឹងមាំនោះគួរតែឈរលើមូលដ្ឋាននោះដើម្បីសម្របសម្រួល»។
ប៉ុន្តែលោក ភួន ឈីម អភិបាលស្រុកបាទី ខេត្តតាកែវ បានបញ្ជាក់ថា សម្រាប់ដីធ្លីនៅក្នុងមូលដ្ឋានស្រុកបាទី គឺមានលក្ខណៈចុះបញ្ជីជាប្រព័ន្ធបាន ១០០ភាគរយ ក្នុងករណីដែលមានវិវាទតំណាងឃុំ និងស្រុកគឺធ្វើការសម្របសម្រួលឱ្យតំណាងភាគីទាំងសងខាង ធ្វើការស្រុះស្រួលគ្នា។ ប៉ុន្តែបើភាគីទាំងសងខាង មិនមានការស្រុះស្រួលគ្នាទេ គឺពួកគាត់អាចប្ដឹងទៅអាជ្ញាធរថ្នាក់លើ និងសាលាដំបូងបាន។
លោក ភួន ឈីម ៖ «ដីនៅក្នុងមូលដ្ឋានស្រុកខ្ញុំ គឺមានលក្ខណៈចុះបញ្ជីជាប្រព័ន្ធបាន ១០០ភាគរយ ករណីមានវិវាទតំណាងរដ្ឋបាលឃុំ និងស្រុក គឺធ្វើការសម្របសម្រួលឱ្យភាគីទាំងសងខាងសះជាគ្នា ប៉ុន្តែបើភាគីទាំងសងមិនសះជាគ្នា ទីមួយអាចប្ដឹងទៅអាជ្ញាធរថ្នាក់លើបន្ទាប់ ទីពីរអាចប្ដឹងទៅសាលាដំបូងដើម្បីកាត់សេចក្ដី ដើម្បីយកឈ្នះចាញ់។ ហើយក្នុងនោះអាជ្ញាធរបានហៅគូភាគីមកសម្របសម្រួលតែមិនទាន់សះជា អាជ្ញាធរនឹងព្យាយាមសម្របសម្រួលបន្តទៀត»។
ទោះបីជាយ៉ាង អ្នកស្រី ម៉ិច សុវណ្ណរី នៅតែបញ្ជាក់ថា ក្នុងកិច្ចសន្យាលើកទី១ គឺអ្នកស្រីបានលក់ដីឱ្យតំណាងក្រុមហ៊ុន ក្នុងតម្លៃជាង ១៤ដុល្លារពិតមែន ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុក និងមេធាវី ប៉ុន្តែក្រុមហ៊ុនបានរំលោភកិច្ចសន្យាមិនបានផ្ដល់លុយថ្លៃដីទាំងអស់តាមការកំណត់នោះឡើយ ដូច្នេះហើយការធ្វើកិច្ចសន្យាជាលើកទី២ គឺក្រុមហ៊ុនជាអ្នករៀបចំ និងបានឱ្យតម្លៃដីរបស់អ្នកស្រី ៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលកិច្ចសន្យាធ្វើចុងក្រោយនេះ មិនមានការដឹងលឺពីអាជ្ញាធរនោះឡើយ។
អ្នកស្រី ម៉ិច សុវណ្ណរី ៖ «ខ្ញុំចង់បានតែរកយុត្តិធម៌ ខ្ញុំសុំឱ្យរកយុត្តិធម៌ឱ្យខ្ញុំឱ្យគាត់ព្រមធ្វើតាមកិច្ចសន្យាតម្លៃ៣០ហ្នឹង ខ្ញុំតែយកលុយខ្ញុំមកវិញ ដើម្បីមើលឪខ្ញុំ។ ចង់ទាមទារយុត្តិធម៌មកវិញ កុំឱ្យគាត់ដើរធ្វើបាបប្រជាពលរដ្ឋដែលគ្នាល្ងង់ខ្លៅ គ្នាអ្នកអត់អ្នកអីអត់សូវចេះដឹងតាមតែគេជាអ្នកមានអំណាច គាប់សង្កត់គ្នាថាមិចអញ្ចឹង»៕