បន្ទាប់ពីជោគជ័យលើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ហើយដែលរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាង ៨លាននាក់នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថានបានបង្ហាញនូវយុទ្ធនាការថ្មីមួយថែមទៀត។ យុទ្ធនាការនោះឈ្មោះថា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលដើររួមគ្នានឹងយុទ្ធនាការមុន ហើយ ក៏មានការចូលរួមច្រើនផងដែរ ក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះ បានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចហើយ។ លោករដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងពេលដែលក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
យុទ្ធនាការថ្មីនេះ បានដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងបរិស្ថានបានសហការគ្នាជាមួយនាយកសាលា សិស្សានុសិស្ស ប្អូនប្រជាពលរដ្ឋតាមបណ្តាលភូមិ ឃុំ ស្រុក និងខេត្ត ចូលរួមទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រហូតមកទល់ពេលនេះ ឃើញថាតាមបណ្តាលសាលារៀន និងទីរួមខេត្តជាង១០ បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ។
រូបភាព៖ ក្រសួងបរិស្ថាន
ជាក់ស្តែង នៅអនុវិទ្យាល័យឃុំទួលសូភីនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំយុទ្ធនាការលើកទី៣ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមប្រធានបទ ឃុំទួលសូភីស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា។ តាមរយៈព្រឹត្តិការណ៍ពីរស្របពេលតែមួយនេះ អ្នកចូលរួមបានប្រមូលថង់ប្លាស្ទិក សម្អាតតាមផ្លូវសាធារណៈ ក្នុងមួយថ្ងៃចំណាយពេល២០នាទីដល់៣០នាទី ហើយក្នុងមួយសប្តាហ៍ ចំណាយពេលបីថ្ងៃ។
រូបភាព៖ ក្រសួងបរិស្ថាន
ដោយឡែកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកំពង់ចាមបានចុះចែកលិខិតថ្លែងអំណរគុណ និងផ្តល់បណ្ណសរសើរ ដល់គណៈគ្រប់គ្រងសាលា លើកទឹកចិត្តសាលារៀន ដែលបានចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” បានចំនួន៨សាលា ដែលស្ថិតនៅក្នុងស្រុកកំពង់សៀម។ លោក អ៊ីវ ស៊ីយ៉េង ប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ក៏បានសំណូមពរ ឱ្យគណ:គ្រប់គ្រងសាលា បន្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន »។
រូបភាព៖ ក្រសួងបរិស្ថាន
ពាក់ព័ន្ធនឹងបញ្ហាប្លាស្ទិកនេះ បើសិនជាការប្រើប្រាស់ និងគ្រប់គ្រងមិនបានល្អនៅតែកើតមាន ទោះជាមានយុទ្ធនាការសំអាតច្រើនប៉ុណ្ណាក៏វានៅតែជាបញ្ហាចោទដែរ។ ជាក់ស្ដែងក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពុំមែនមានតែសិស្សានុសិស្ស និងប្រជាពលរដ្ឋប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនក្រដាសអនាម័យ MG Pacific Company Limited ក៏ទើបចេញគម្រោងថ្មីមួយ ដើម្បីរួមចំណែកកាត់បន្ថយសំរាមក្នុងបរិស្ថានផងដែរ។
រូបភាព៖ តាំង សុបិន
ផ្អែកតាមលោក លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុម MG បានឱ្យដឹងថាគម្រោងថ្មីរបស់ក្រុមហ៊ុនគឺ ជួយកាត់បន្ថយសំរាមតាមរយៈការប្ដូរប្រអប់ដាក់ប្រដាសអនាម័យនៅតាមសាលារៀន មន្ទីរពេទ្យ ធនាគារ និងតាមស្ថាប័នផ្សេងៗ។ ការប្ដូរប្រអប់ក្រដាសនេះ គឺសំដៅដល់ការប្រើប្រាស់ឡើងវិញនូវប្រអប់ដាក់ក្រដាសអនាម័យដែលប្រើក្នុងបន្ទប់ទឹក និងទីតាំងផ្សេងៗ ដែលនេះជាការជួយកាត់បន្ថយក្នុងការប្រើប្រាស់ប្លាស្ទិកក្នុងបរិស្ថានផងដែរ។ អ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ថា ទោះជាក្រុមហ៊ុនបានចូលរួមចំណែកជួយបរិស្ថានតិចក្ដីច្រើនក្ដី តែក៏ជាចំណែកមួយជួយដល់បរិស្ថានដែរ៕