ខេត្តបន្ទាយមានជ័យ៖ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)បានបន្តបេសកកម្មរបស់ខ្លួនចុះបណ្តុះបណ្តាល យុវជនក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ប្រមាណ ២៥ អង្គនិងនាក់ស្តីពីការសរសេរព័ត៌មានជាផ្នែកមួយនៃការជំរុញឱ្យយុវជនក្លាយជាអ្នកសារព័ត៌មានពលរដ្ឋក្នុងមូលដ្ឋានរបស់ពួកគេ។
លោក កែវ សុខា គ្រូបង្គោលWMCធ្វើបទបង្ហាញពីការសរសេរព័ត៌មានខ្លីទៅកាន់សិក្ខាកាមខេត្តបន្ទាយមានជ័យ។
វគ្គបណ្តុះបណ្តាលដែលមានរយៈបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ គ្រូបង្គោលWMC បានធ្វើបទបង្ហាញនូវមេរៀនមួយចំនួនដូចជា ដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ របៀបថតរូបនិងវីដេអូ ការសរ សេរព័ត៌មាន (5W1H) របៀបសម្ភាស និងរបៀបផ្ទៀងផ្ទាត់ព័ត៌មានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ WMC ក៏បាន អញ្ជើញអ្នកសារព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យមួយរូប មកចែករំលែកបទពិសោធន៍ដែលធ្លាប់ប្រឡូកក្នុង វិស័យព័ត៌មានជាច្រើនឆ្នាំ ពិសេសវាគ្មិនលើកឡើងពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលសិក្ខាកាមគប្បី យល់ដឹងនិងហ៊ានរាយការណ៍នូវបញ្ហាឬរឿងរ៉ាវក្នុងសហគមន៍ដើម្បីឱ្យមានការកែលម្អ។
កញ្ញា គឹម សិទ្ធី គ្រូបង្គោលនៃWMC ធ្វើបទបង្ហាញពីរបៀបថតរូបនិងវីដេអូ។
លោក ឯម ពៅ ចាងហ្វាងគេហទំព័រព័ត៌មានខ្មែរពិតប្រចាំខេត្តបន្ទាយមានជ័យថ្លែងទៅកាន់អ្នកចូលរួមថា វគ្គ បណ្តុះបណ្តាលស្តីពីសារព័ត៌មាននេះគឺជាឱកាសល្អសម្រាប់ប្អូនៗជាយុវជនជំនាន់ក្រោយ ដ្បិតខេត្តបន្ទាយ មានជ័យកម្រមានការរៀបចំសិក្សាផ្នែកព័ត៌មានបែបនេះណាស់ពីមុនមក។ លោកបន្ថែមថា លោកមានសេច ក្តីត្រេកអរដែលអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានមកបើកវគ្គសិក្សានេះ ដែលធ្វើឱ្យសិក្ខាកាមអាចក្លាយ ជាអ្នកសារព័ត៌មានពលរដ្ឋ ហើយអាចលើកឡើងនូវបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះមកធ្វើសេចក្តី រាយការណ៍ដើម្បីស្វែងរកដំណោះស្រាយសមរម្យ។
លោក ឯម ពៅ ចាងហ្វាងគេហទំព័រព័ត៌មានខ្មែរពិតប្រចាំខេត្តបន្ទាយមានជ័យចែករំលែកបទពិសោធន៍ប្រឡូកក្នុងវិស័យព័ត៌មាន។
ពិសេសជាងនេះលោករំពឹងថា យុវជននឹងក្លាយជាត្រចៀក ច្រមុះ ពោលគឺនឹងចូលរួមឈឺឆ្អាលនូវរឿងរ៉ាវ អវិជ្ជមានក្នុងមូលដ្ឋាន តួយ៉ាងបញ្ហាអសន្តិសុខ បញ្ហាហេដ្ឋានរចនាសម្ព័ន្ធ ការរំលោភអំណាច ការរំលោភ កាន់កាប់ដីជាសម្បត្តិរបស់រដ្ឋពីសំណាក់អ្នកមានអំណាច និងបញ្ហាអសកម្មរបស់អាជ្ញាធរផងដែរ តាមរយៈ សេចក្តីរាយការណ៍ព័ត៌មានរបស់ពួកគេ។ លោកសង្ឃឹមថា យុវជននឹងកាន់តែចូលរួមកិច្ចការសង្គមដើម្បីការ ផ្លាស់ប្តូរជាវិជ្ជមាននៅកម្រិតមូលដ្ឋានរបស់ពួកគេ។
គួររំលឹកបន្តិចថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញឱ្យយុវជនអាចផលិតព័ត៌មានក្នុងមូលដ្ឋានរបស់ពួកគេ ជំរុញធ្វើយ៉ាងណាឱ្យពួកគេចូលរួមចំណែក លើកឡើងនូវរឿងរ៉ាវ និងតម្រូវការរបស់ពលរដ្ឋក្នុងសហគមន៍ឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋកាន់តែល្អប្រសើរ និងអាចឱ្យអាជ្ញាធរកាន់តែយកចិត្តទុកដាក់លើសំណើរបស់ពលរដ្ឋតាមរយៈអត្ថបទព័ត៌មាន។
នៅចុងកម្មវិធីសិក្ខាកាមដែលបានចូលរួមបានបញ្ចេញមតិយោបល់ប្រហាក់ប្រហែលគ្នាថា ពួកគេមានសេចក្តី រីករាយដែល WMC បានមកបើកវគ្គបណ្តុះបណ្តាលនេះឡើង ដែលធ្វើឱ្យពួកគេបានទទួលចំណេះដឹងថ្មីៗ បន្ថែមទៀត និងអាចឱ្យពួកគេមានទំនាក់ទំនងជាមួយមនុស្សថ្មីបានកាន់តែច្រើន។ តាមរយៈបទពិសោធន៍និងចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមសន្យាថា នឹងស្វះស្វែងលើកឡើងនូវការ លំបាក ក្តីកង្វល់និងបញ្ហាផ្សេងៗរបស់ពលរដ្ឋក្នុងសហគមន៍មកសរសេរជាព័ត៌មានផ្សព្វផ្សាយ សំដៅធ្វើ យ៉ាងណាឱ្យមូលដ្ឋានមានវឌ្ឍនភាពកាន់តែប្រសើរ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយអង្គការ មណ្ឌលព័ត៌មានស្ត្រីកម្ពុជានេះ ទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីម្ចាស់ជំនួយពីបរទេស ដោយក្នុងឆ្នាំ ២០២៤នេះ អង្គការមានបេសកកម្មចុះបើកវគ្គសិក្សាក្នុងខេត្តចំនួន៤ មានខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ និងខេត្តកំពង់ចាម៕