en     km
en     km

តើពិតជាមានសេវាសរសេរបែបបទធ្វើលិខិតឆ្លងដែន សម្រាប់អ្នកមិនអាចសរសេរខ្លួនឯង មែនឬទេ?

Share

 

កាលពីពេលថ្មីៗនេះមានការលើកឡើងអំពីសេវាសរសេរបែបបទធ្វើលិខិតឆ្លងដែន សម្រាប់អ្នកដែលមិនអាចសរសេរខ្លួនឯង ហើយស្នើសុំឱ្យមន្រ្តីដែលបម្រើការងារនៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានលិខិតឆ្លងដែន សាខា អ៊ីអ៊ន២ ជួយរៀបចំឯកសារ ប៉ុន្តែត្រូវគិតកម្រៃមួយចំនួនបន្ថែមទៅលើថ្លៃសេវា ដែលរដ្ឋបានកំណត់រួចហើយ ។ ជាការឆ្លើយបំភ្លឺករណីនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈថា ករណីនេះវាមិនមែនជាការពិតឡើយ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

«ចំពោះការលើកឡើងថា ការដែលមន្រ្តីជួយសរសេរដល់បងប្អូន ដែលជាអ្នកស្នើសុំសេវាគាត់ពិបាកនៅក្នុងការសរសេរ ឬបំពេញនោះថាត្រូវបន្ថែមនូវតម្លៃពីលើតម្លៃសេវាជាទូទៅដែលបានកំណត់ដោយលិខិតបទដ្ឋានគតិយុត្តិនោះ វាមិនមែនជាការពិតនោះទេ បានន័យថា​ មិនរាប់បញ្ចូលជានីតិវិធីកំណត់ដោយច្បាប់ឡើយ!»។

នេះជាការបញ្ជាក់​​​​​​​​​ឱ្យដឹងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្រ្តី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ លោកបានបន្តឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលទៅរកសេវាបំពេញបែបបទធ្វើលិខិតឆ្លងដែនមួយចំនួន ជាការពិតទៅគឺជាតួនាទី ភារកិច្ចរបស់ខ្លួននៅក្នុងការបំពេញរាល់ពាក្យស្នើសុំ និងបំពេញនូវរាល់ទិន្នន័យផ្សេងៗ ហើយមន្រ្តីនៅទីនោះ អាចនឹងជួយពន្យល់ណែនាំបានខ្លះៗ តែមិនអាចបានគ្រប់គ្នាទេដោយសារតែមន្រ្តី ដែលបម្រើការ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានលិខិតឆ្លងដែន សាខា អ៊ីអ៊ន២ មានចំនួនកំណត់ រីឯទំហំនៃ​​ការងារ ក៏មានច្រើនដែរ។

 លើបញ្ហានេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រី បានចុះទៅតាមដានស្ថានភាពនៃការដាក់ពាក្យស្នើធ្វើលិខិតឆ្លងដែន សាខា អ៊ីអ៊ន២។ នៅទីនោះក្រុមការងារបានជួបជាមួយអ្នករត់ការម្នាក់ ដែលបានផ្ដល់នាមបណ្ណ ដើម្បីឱ្យគេជួយរត់ការឯកសារជូន តែត្រូវចំណាយប្រាក់ជូនគេបន្ថែមចំនួន១៥ដុល្លារ។

 លើបញ្ហានេះ លោក ទូច សុខៈ ឱ្យដឹងថា ពេលខ្លះ ប្រជាពលរដ្ឋ ដែលទៅរកសេវា ក៏មានការលំបាកក្នុងការបំពេញដោយសារ តែប្រជាពលរដ្ឋខ្លះបោះបង់ការសរសេរជាយូរឆ្នាំមកហើយ ដូច្នេះ លោក ទូច សុខៈ បានបញ្ជាក់បន្ថែមថា​ « ព្រោះអ្នកដែលទៅរកសេវា មិនមែន សុទ្ធតែជានិស្សិត មិនមែនសុទ្ធតែអ្នកធ្វើការ រាជការនោះទេគឺ ភាគច្រើនបងប្អូនប្រជាពលរដ្ឋជាអាជីវករ ហូរហែ​ដែលគាត់ដាក់ស្លាបប៉ាកាចុះ ដាក់ប៊ិចចុះជាយូរមកហើយ ដែលនាំឱ្យគាត់ពិបាកក្នុងការបំពេញ គាត់ក៏ស្នើសុំ​ ឬក៏ពឹងមន្រ្តីណាមួយឱ្យជួយបំពេញជាដើម ហើយក៏មានការផ្តល់ ឬក៏ជូនជាសគុណកាហ្វេ បន្តិចបន្តួចជាដើមអ៊ីចឹងទៅ!» ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បន្ថែមថា​ ករណីបែបៗនេះ ដែលនាំឱ្យប្រជាពលរដ្ឋមួយចំនួនទៀតឃើញ ឬក៏សាម៉ីខ្លួនផ្ទាល់ ខ្លួនឯងដែលស្នើសុំឱ្យមន្រ្តីជួយសរសេរ នោះបានជូនសគុណ ដល់មន្រ្តីរួចហើយនិយាយពីមាត់មួយ ទៅមាត់ ប្រៀបបាននឹងពាក្យគេថា ក្អែកមួយជាក្អែក១០ បកប្រែថា ជាការកំណត់យកសេវាផ្លូវការរបស់រដ្ឋទៅវិញ ។

«ការដែលជូនកាហ្វេ គុយទាវជាការតបទៅនឹងការជួយបំពេញសរសេរពាក្យជូនប្រជាពលរដ្ឋដែលទៅរកសេវានោះគឺជារឿងមនោសញ្ចេតនា សុទ្ធសាធ ហើយក៏មិនមែនជារឿងពុករលួយ គាបសង្កត់ដាក់ជាកំហិត បង្ខិតបង្ខំឱ្យបង់ដែរ»។

បន្ថែមពីលើនេះ លោក ទូច សុខៈ បានឱ្យដឹងទៀតថា «បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃគឺមានការកែទម្រង់ប្រកបដោយឆន្ទៈក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសរឿងសេវាពាក់ព័ន្ធនឹង អត្តសញ្ញាណកម្ម អត្រានុកូលដ្ឋាន រួមទាំងលិខិតឆ្លងដែន ក៏មានការកែទម្រង់ធ្វើម៉េចផ្តល់សេវា ឱ្យមានប្រសិទ្ធភាព មានភាពឆាប់រហ័សជូនប្រជាពលរដ្ឋ អ៊ីចឹងមិនមានលក្ខខណ្ឌណាមួយទៅដាក់សម្ពាធបន្ថែមជូនបងប្អូនប្រជាពលរដ្ឋទេ »។

 ក្នុងនាមមន្ត្រីតំណាងក្រសួងមហាផ្ទៃ លោកសុខៈ សំណូមពរ ដល់ប្រជាពលរដ្ឋក្នុងការនិយាយពីមាត់មួយទៅមាត់មួយខ្លាចក្រែងក្លាយទៅជាព្រួញ ឬក៏យន្តការធ្វើឱ្យប៉ះពាល់ទៅដល់មន្រ្តី ឬអង្គភាពរបស់រដ្ឋ នៅក្នុងការផ្តល់នូវសេវាសាធារណៈ។ ក៏ប៉ុន្តែលោកអះអាងថា  បើមានខុសឆ្គង ដោយពិតដោយប្រាកដ ដោយមានភស្ដុតាងបញ្ជាក់ នោះក្រសួងនឹងទទួលយកដើម្បីកែទម្រង់​ដើម្បីតម្រង់ទិសមន្រ្តីរាជការបន្តទៀត​ ព្រោះជាទូទៅមនុស្សតែងតែមានចំណុចខ្វះខាតដោយប្រការណាមួយនៅក្នុងជីវភាពប្រចាំថ្ងៃ ​​នៅក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមកគ្រប់ទម្រង់ទាំងអស់៕

 

 

Share

ព័ត៌មានទាក់ទង

Image