en     km
en     km

និស្សិតប្លាស្ទិក៖ ការផ្សព្វផ្សាយជាយានជំរុញឱ្យមានការផ្លាស់ប្តូរលើបញ្ហាសំរាម

Share

ផ្តើមចេញពីឆន្ទៈចង់បញ្ឈប់មនុស្សម្នាពីការចោលសំរាមឥតសណ្ឋាប់ធ្នាប់នៅតាមទីសាធារណៈនិងសាលារៀន និស្សិតម្នាក់ផ្តួចផ្តើមប្រមូលសំរាមរៀ​ងរាល់ថ្ងៃចុងសប្តាហ៍នៅតាមប្រឡាយទឹកកង្វក់ និងនៅតាមដងវិថីនានា។ ជាមួយគ្នានេះ លោកបានលើកឡើងថា ដើម្បីចូលរួមចំណែកគិតគូរពីបញ្ហាបរិស្ថាននៅកម្ពុជា យើងទាំងឡាយគប្បីជំរុញការផ្សព្វផ្សាយតាមរូបភាពណាមួយដែលអាចទៅដល់អ្នកពាក់ព័ន្ធ ពិសេស​បណ្តា​ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់។

(កញ្ញា កែវ សុជាតា​ រាយការណ៍)

 

យុវជនសកម្មម្នាក់ដែលឆ្លៀតពេលទំនេរពីការសិក្សាមកប្រមូលសំរាមនៅតាមប្រឡាយទឹក លោក ហែម សុភេម និងជាស្ថាបនិករបស់«និស្សិតប្លាស្ទិក» យល់ថា ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងដើម្បីឱ្យប្រជាពលរដ្ឋខ្មែរកាន់តែយល់ដឹងពីការទុកដាក់សំរាម គឺចាប់ផ្តើមពីការផ្សព្វផ្សាយ។ លោកបានពន្យល់ថា ការផ្សព្វផ្សាយមានច្រើនទម្រង់ដែលខ្លះមានប្រសិទ្ធភាព ឯខ្លះទៀតត្រូវការធ្វើបច្ចុប្បន្នភាពឱ្យប្រសើរឡើងបន្ថែមទៀត ក៏ព្រោះតែជនខ្លះនៅតែចោលកាកសំណល់មិនបានត្រឹមត្រូវ បើទោះជាពួកគេបានដឹងពីបញ្ហាបរិស្ថាននៅកម្ពុជាហើយក្តី។

រូ​បភាព៖ ហែម សុភេម

 

លោក ហែម សុភេម៖ «មានតែការផ្សព្វផ្សាយ ហើយនិងកត្តាបង្កើនចំណេះដឹងទាក់ទងនឹងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​​​ ជាពិសេសកុមារក្មេងៗ[ដែលជា]កូនរបស់ពួកគាត់។ ផ្តល់គំរូឱ្យគាត់ ដូចដែលពួកយើងធ្វើ យើងកំពុងផ្តល់គំរូឱ្យក្មេងៗជំនាន់ក្រោយគាត់ឃើញ ឱ្យគាត់ចេះស្រឡាញ់បរិស្ថាន។»។

រូ​បភាព៖ ហែម សុភេម

 

ដោយហេតុលោកមើលឃើញពីបញ្ហាបរិស្ថាននៅតែបន្តកើតមានជានិច្ចកាល សូម្បីតែនៅក្នុងសាកលវិទ្យាល័យរបស់លោកផ្ទាល់ក៏គង់នៅប្រឈមពីការបោះចោលសំរាមឥតសណ្ឋាប់ធ្នាប់ យុវជន សុភេម បានបោះជំហានចង់កែប្រែ និងចង់បញ្ជ្រាបចំណេះដឹងតាមការផ្សព្វផ្សាយទៅកាន់សាធារណៈដែលគួរគប្បីចូលរួមថែរក្សាអនាម័យបរិស្ថាន។ ជាមួយគ្នានេះ លោកលើកឡើងដែរថា នៅអំឡុងពេលចុះបំពេញបេសសកម្ម លោកនិងក្រុមការងារប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ដោយសារតែពួកគេត្រូវប៉ះទឹកកខ្វក់ជាប្រចាំ និងពេលខ្លះត្រូវខ្វះខាតសម្ភារៈដើម្បីសម្អាតបរិស្ថាន។

តែបញ្ហាទាំងនេះ​មិនមែនជាមិនជាកត្តារារាំងឆន្ទៈតស៊ូរបស់យុវជនទាំងនេះឡើយ។ លោក សុភេម និយាយប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ថា ទោះបីជាក្រុមយុវជនរបស់លោកខិតខំប្រមូលសំរាមយ៉ាងណាក្តី ក៏ប៉ុន្តែក៏ត្រូវការការចូលរួមពីសាធារណជនទាំងអស់គ្នាផងដែរ។

រូ​បភាព៖ ហែម សុភេម

 

លោក ហែម សុភេម៖ «សារសំខាន់ម៉ងគឺ ​​ យើងផ្តល់គំរូឱ្យគាត់ យើងចង់ឱ្យគាត់ជួយជាតិ ជួយដោះស្រាយបញ្ហាជាតិ។ ហើយយើងក៏ធ្លាប់មានសារបង្ហោះដែរ ហើយក៏viral(ល្បី)ដែរសារហ្នឹង។ យើងសរសេរថា ទាំងនេះមិនមែនជាសំរាមរបស់ខ្ញុំទេ មិនមែនជាសំរាមរបស់ពួកខ្ញុំទេ ប៉ុន្តែនេះគឺជាប្រទេសរបស់ខ្ញុំ។ ហើយសារមួយនេះ វាសំខាន់។ ហេតុអ្វីបានជាយុវជនសដូចខ្ញុំនេះត្រូវធ្វើ  ហើយហេតុអ្វីបានខ្ញុំទៅចុះ(ប្រមូលសំរាម)អ‌៊ីចឹង។ អ‌៊ីចឹងសារនេះ វាបញ្ជាក់ថា ដោយសារប្រទេសនេះជាមាតុភូមិរបស់ខ្ញុំ ជាប្រទេសរបស់ខ្ញុំ ដូច្នេះហើយក្នុងនាមជាយុវជន​ យើងមានតួនាទីចូលរួមដោះស្រាយបញ្ហាសង្គមរបស់យើង។»។

គួរបញ្ជាក់ថា លោក ហែម សុភេម ជាយុវជនដំបូងបង្អស់ដែលផ្តួចផ្តើមបង្កើត «និស្សិតប្លាស្ទិក» ដែលដំបូងឡើយមានតែលោកម្នាក់ប៉ុណ្ណោះ ខណៈបច្ចុប្បន្ននិស្សិតប្លាស្ទិកក្លាយជាក្រុមយុវជនដ៏ឆ្នើមមួយដែលឆ្លៀតពេល​ពីការសិក្សាប្រមូលផ្តុំគ្នាធ្វើកិច្ចការសង្គមដោយនាំគ្នីគ្នាសម្អាតសំរាមទាំងនៅលើគោក និងប្រមូលសំរាមឬកាក់សំណល់ប្លាស្ទិកនានានៅតាមផ្ទៃទឹក នៅតាមដងទន្លេមេគង្គ ឬតាមប្រឡាយទឹកមួយចំនួនជាដើម។

រូ​បភាព៖ ហែម សុភេម

 

ដោយឡែក ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើមបង្កើតគម្រោងមួយដែលជួយកាត់បន្ថយការផលិត ក៏ដូចជាការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសរបស់ខ្លួន។ លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះមានឈ្មោះថា «ផ្តើមចេញពីអ្នក»។ លោកថា គម្រោងនេះ ធ្វើឡើងដើម្បីកែច្នៃការវេចខ្ចប់ក្រដាសអនាម័យ ដែលប្តូរពីការវេចខ្ចប់ថង់ប្លាស្ទិក​មកប្រើប្រអប់ជ័រជំនួសវិញ។

រូបភាពក្រដាសអនាម័យសម្រាប់ប្រើក្នុងបន្ទប់(គំរូ)

 

ជាមួយគ្នានេះ លោក សុបិន បន្ថែមទៀតថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិតភាព និងការប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា។ លោក តាំង សុបិន បញ្ជាក់ថា ការកែប្រែការវេចខ្ចប់នេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះទេ ថែមទាំងបញ្ជ្រៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញផងដែរ។

រូបភាព៖ តាំង សុបិន

 

សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២,០០០ ថង់ក្នុងមួយឆ្នាំ។ នេះបើយោងតាមក្រសួងបរិស្ថានឆ្នាំ ២០១៨។

រូបភាព៖ ក្រសួងបរិស្ថានកម្ពុជា

 

នៅក្នុងប្រទេសកម្ពុជា  បើតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ២០១៩  ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន១២ថង់ ក្នុងមួយថ្ងៃ  ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជា ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ៕

Share

ព័ត៌មានទាក់ទង

Image