en     km
en     km

យុវតី សុខ កញ្ញា បោះបង់ការសិក្សាថ្នាក់ទី១១ តែនៅចិញ្ចឹមក្តីសុបិន្តចង់ក្លាយជាគ្រូពេទ្យ

Share

ដោយសារកត្តាជីវភាពខ្វះខាត និងរស់នៅជាមួយម្តាយមេម៉ាយ រួមទាំងជីដូន ជីតា ដែលមានវ័យចំណាស់ថែមទៀតនោះ ធ្វើឱ្យយុវតី សុខ កញ្ញា បានសម្រេចចិត្តបោះបង់ការសិក្សាមួយរយៈ ដើម្បីជួយរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព ផ្ទុយពីក្តីបំណងដែលចង់រៀនរហូតដល់បញ្ចប់ថ្នាក់ទី១២ និងមានក្តីសុបិន្តចង់ក្លាយជាគ្រូពេទ្យ។ ទោះយ៉ាងណាយុវតីរូបនេះ នៅតែរក្សាចិត្តចិញ្ចឹមក្តីសុបិន្តរបស់ខ្លួន ដែលចង់ក្លាយជាគ្រូពេទ្យដដែល។​ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

«ខ្ញុំរៀនបានទី១១ ឥឡូវឈប់រៀនហើយ ខ្ញុំឈប់ចង់ចូលមួយឆ្នាំហើយដោយសារទី១ជីវភាពខ្វះខាត ឥឡូវខ្ញុំធ្វើការលក់ដូរ ដូចជាកាហ្វេ នៅក្នុងម៉ាតជិតសាលារៀន បើសិនជាជីវភាពធូរធារជាងហ្នឹងអាចចង់ចូលរៀនវិញបញ្ចប់ថ្នាក់ទី១២»

នេះជាការលើកឡើងរបស់យុវតី សុខ កញ្ញា រស់នៅក្នុងភូមិ ទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន វិទ្យុស្រ្តី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤កន្លងមកនេះ។

កញ្ញា បានឱ្យដឹងបន្ថែមថា កន្លងមកក្នុងការធ្វើដំណើរទៅសាលារៀនមិនមានជាឧបសគ្គអ្វីទេ សម្រាប់កញ្ញាព្រោះសាលារៀននៅជិតផ្ទះដែរ តែអ្វីដែលជាឧបសគ្គនោះគឺគ្រួសារមានជីវភាពខ្វះខាត មិនមានថវិកាគ្រប់គ្រាន់សម្រាប់ទៅរៀនបន្តបាន។ « ការធ្វើដំណើរទៅសាលារៀនវាមិនមានជាបញ្ហាអ្វីទេ ទាំងការធ្វើដំណើរ ទាំងសុវត្ថិភាព គឺល្អ»។

ទាក់ទងនឹងការរៀនជំនាញវិជ្ជាជីវៈវគ្គខ្លី ដូចជាកាត់ដេរ ឬ សាឡន(វិជ្ជាតុបតែងសំអាងកាយ)​កញ្ញាមិនបានចាប់អារម្មណ៍ក្នុងការរៀនទេ ព្រោះកញ្ញា មានបំណងប្រាថ្នាចង់ក្លាយទៅជាគ្រូពេទ្យ។

«ខ្ញុំអត់សូវមានចំណាប់អារម្មណ៍លើអាហ្នឹងផង ទី១ខ្ញុំចង់រៀនឱ្យចប់ទី១២ ហើយគោលបំនងខ្ញុំចង់ធ្វើពេទ្យ អ៊ីចឹងអារឿងកាត់ដេរ សាឡនអីហ្នឹងអត់សូវមានចំណាប់អារម្មណ៍ប៉ុន្មានដែរ»។

អ្នកស្រី ជិន ហ៊ន មានជន្មាយុ ៧១ឆ្នាំ នឹងត្រូវជាជីដូន របស់ ​កញ្ញា​បានរៀបរាប់ឱ្យដឹងថា  នៅក្នុងភូមិដែលអ្នកស្រីរស់នៅ អាជ្ញាធរក៏បានដឹងឭ​ដែរ ថាគ្រួសារអ្នកស្រីជួបការលំបាក តែមិនបានជួយជាអ្វីឡើយសូម្បីតែអណ្តូងទឹកដែលខូច អ្នកស្រីសុំឱ្យអាជ្ញាធរជួយក៏មិនបានជួយរហូតដល់គ្រួសារអ្នកស្រីខ្ចីលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកធ្វើអណ្តូងនិងជំពាក់លុយគេ រហូតដល់សព្វថ្ងៃ។

« គេដឹងច្បាស់លាស់តើ អណ្តូងប្រាប់គេៗថាមកបុកឱ្យអត់មានមកបុកផង ទាល់ទៅយកលុយអង្គការជំពាក់គេ៣០០០ដុល្លាររហូតមកដល់សព្វថ្ងៃហ្នឹង អណ្តូង បង្គន់គេមិនជួយយើងបន្តិចផង»។

ក្នុងជន្មាយុ ៨៣ ឆ្នាំ បច្ចុប្បន្ន​នៅតែប្រកបរបរ ឡើងត្នោតនោះ   លោក មាង ធី ដែលត្រូវជាជីតា របស់កញ្ញា បានឱ្យដឹងដែរថា​ ក្នុងមួយថ្ងៃលោកអាចរកចំណូលពីការឡើងត្នោតបានកម្រៃចំនួនពី ២ម៉ឺនទៅ៣ម៉ឺនរៀល សម្រាប់ទឹកត្នោតជូរ​ ហើយចំណូលនេះបើប្រើសម្រាប់តែ២នាក់តានិងយាយ ល្មមគ្រប់គ្រាន់តែបើសម្រាប់ទាំងចៅ និងកូនទៀតនោះគឺមិនគ្រប់ឡើយព្រោះទំនិញអីវ៉ាន់សព្វថ្ងៃមានតម្លៃថ្លៃ ។

« ឡើងត្នោតក្មួយ ឡើងបួនដប់ដើមបានទឹកត្នោតជូ បានពីរប៊ីដុង បីប៊ីដុងអី លក់ជួនកាលបាន២ម៉ឺន ៣ម៉ឺនរៀល ជួន២ម៉ឺនជាង វារៀងលំបាកដែរ គ្រាន់តែពីរនាក់តានិងយាយវា រួចខ្លួន តែបើមានចៅ និងកូនទៀតទៅអត់រួចដែរ»។

របរឡើងត្នោតនេះ លោកមាង ធី ថា វាលំបាក ដោយសារតែលោកមានវ័យចំណាស់ទៅហើយ ឈឺជើង ឈឺខ្លួន ប៉ុន្តែដោយសារជីវភាពគ្រួសារលោកខ្វះខាត ដូច្នេះលោកចេះតែខំប្រឹង។ រីឯចំណូលបានត្រឹមពីរទៅបីម៉ឺនរៀលនេះ  លោកថាមិនអាចផ្ដល់នូវជីវភាពប្រសើរសម្រាប់គ្រួសារលោកឡើយ។

« មិនបានជាគ្រប់គ្រាន់ទេក្មួយអើយ ព្រោះវាខ្វះខាតច្រើន យើងអត់តាំងពីស្រូវ អង្ករ ស្រែ ភ្លឺ ក៏អត់ដែរ រួចទៅរំពឹងលុយប៉ុណ្ណឹង អីវ៉ាន់ឥឡូវទិញវាលំបាកណាស់ វាថ្លៃយើងរកបានតិច វាអត់ទប់ទល់ តុល្យភាពគ្នាបាន វាអត់ស្មើ»។

លោក មាង ធី បានឱ្យដឹងបន្ថែមថា កន្លងមកគ្រួសារលោកធ្លាប់មានអាជ្ញាធរមកសម្ភាសន៍ សួរនាំពីបញ្ហាជីវភាពដែរ តែមិនបានជួយជាអ្វីឡើយ ធ្លាប់មានអង្គការមកពីខាងក្រៅវិញធ្លាប់បានជួយបន្តិចបន្តួយដែរ។ ​លោក មាង ធី បន្តថា  «ខ្ញុំ និយាយៗវាអត់ដែរមានផងទេក្មួយ វាមិនដែរឃើញគ្រាន់តែឃើញមានគេធ្លាប់មកសម្ភាសន៍ម្តងមួយយាម ដូចអត់ដែរមានអ្នកជួយទេ បើអង្គការគេមកពីខាងក្រៅគេជួយខ្លះ បើថាក្នុងភូមិ ឃុំ គឺគ្មានទេ​​»

ជាមួយគ្នានេះ លោក មាង ធី ក៏បានសំណូមពរដល់អាជ្ញាធរ ឬក៏សប្បុរសជននានា ​ជួយដល់ចៅរបស់លោកឱ្យបានរៀនសូត្រផង ដើម្បីមានចំណេះដឹង និងមានអនាគតល្អប្រសើរ។ « ខ្ញុំមានសំណូមពរ បន្តិចបន្តួច មិនបាច់ជួយខ្ញុំជាមនុស្សចាស់ទេ ខ្ញុំចេះតែរកបានបន្តិចបន្តួចហើយ ជួយដល់ចៅរបស់ខ្ញុំឱ្យបានរៀនសូត្រផង​ ខ្ញុំចាស់ហើយ ស៊ីវាបន្តិចបន្តួច នៅតែថ្ងៃងាប់ដែរទេ វាមិនអីទេ»។

កញ្ញា សែត ចំប៉ា អ្នកជិតខាង ដែលរស់នៅភូមិ ទ្រាជើង ឃុំ ស្រែថ្មីដែរនោះបានឱ្យដឹងផងដែរថា គ្រួសារ របស់កញ្ញា ពិតជាមានជីវភាពខ្វះខាតមែន ហើយតាំងពីដើមមក ក៏មិនឃើញមានអាជ្ញាធរ ភូមិឃុំ ជួយជាអ្វីដល់ក្រុមគ្រួសារកញ្ញាទេ  កញ្ញាចង់រៀន មិនចង់បោះបង់ចោលការសិក្សាទេ តែដោយសារជីវភាពខ្វះខាត ទើបកញ្ញា សម្រេចចិត្តឈប់រៀន​ និងជួយរកលុយសម្រាប់ផ្គត់ផ្គង់គ្រួសារ។ កញ្ញា សែត ចំប៉ា បានបន្ថែមថា   «​​អ៊ីចឹងប្អូនស្រីហ្នឹងគាត់ឈប់រៀនទៅជួយរកលុយម៉ាក់ គាត់ទៅធ្វើការ ពេលទំនេរ គាត់ជួយធ្វើនំម៉ាក់គាត់ គាត់ចង់រៀនគ្រាន់តែជីវភាពគាត់ខ្វះខាត គាត់អត់ គាត់ឈប់រៀនសិន បើសិនជាមានអ្នកជួយគាត់ៗនឹងបន្តការសិក្សា បើតាមខ្ញុំវិញ សូម្បីតែខ្ញុំក៏ធ្លាប់បោះបង់ការសិក្សាដែរ ប៉ុន្តែខ្ញុំចង់រៀន តែអត់មានអ្នកជួយ អ៊ីចឹងវាប៉ះពាល់ផ្លូវចិត្តមួយដែរ អ៊ីចឹងយើងត្រូវខំប្រឹងរកលុយដើម្បីបន្តការសិក្សា អ៊ីចឹងខ្ញុំទទួលស្គាល់ថា អារម្មណ៍គាត់នឹងដូចខ្ញុំបើសិនជាមានអ្នកជួយ គាត់បានរៀន ហើយគាត់នឹងសប្បាយចិត្ត​ គាត់នឹងខំប្រឹងប្រែង»។

លោក ហ៊ុ​ន សាត មេភូមិ ទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំបានបញ្ជាក់ឱ្យដឹងថា  នៅក្នុងភូមិ ទ្រាជើងនេះ មានគ្រួសារក្រីក្រចំនួនប្រមាណជាង៤០គ្រួសារដែរ។  ដោយឡែកសម្រាប់គ្រួសារ ដែលប្រកបរបរ ឡើងត្នោតហើយមាន អាយុ ៨៣ឆ្នាំថែមទៀតនោះ លោកហាក់ដូចជាចន្លោះ រឿងហ្នឹងដោយសារតែនៅភូមិទ្រាជើងមិនសូវមានអ្នកឡើងត្នោត ។ បន្ថែមពីនេះ ពាក់ព័ន្ធនឹងតួលេខនៃការបោះបង់ការសិក្សារបស់សិស្ស លោកមេភូមិថា មិនទាន់ទទួលបានតួលេខចំនួនសិស្សពីខាងគ្រូបង្រៀននៅឯសាលារៀននោះទេ។

សម្រាប់គ្រួសារក្រីក្រខ្វះខាត និងរងហានិភ័យ លោក មេភូមិទ្រាជើងថា កាលពីឆ្នាំមុនៗខាងភូមិ ទទួលចុះបញ្ជីគ្រួសារដើម្បីទទួលបានបណ្ណសមធម៌ តែសម្រាប់ឆ្នាំ២០២៤នេះ។ ​លោកថា ខាងក្រុមប្រឹក្សាឃុំជាអ្នកចុះបញ្ជីឈ្មោះស្វែងរកគ្រួសារដែលក្រីក្រនិងរងហានិភ័យពិត ។លោកសាត ហ៊ុន បញ្ជាក់ថា «បណ្ណសមធម៌ឥឡូវគេអត់ឱ្យមេភូមិចុះទេ គេឱ្យក្រុមប្រឹក្សាឃុំជាអ្នកចុះដើម្បីផ្ទៀងតាមម៉ាស៊ីនរកអ្នកក្រីក្រពិត ពីដើមឱ្យមេភូមិចុះឆ្នាំមុនៗនោះ ដល់ឆ្នាំ២០២៤នេះអត់ឱ្យភូមិចុះទេ ឱ្យខាងក្រុមប្រឹក្សាឃុំជាអ្នកចុះវិញស្រាវជ្រាវគ្រួសារក្រីក្រ តាំងពីពិការ ហានិភ័យគឺមានទាំងអស់»។​

លោក មេភូមិបានបញ្ជាក់បន្ថែមថា កន្លងមកភូមិក៏ធ្លាប់បានផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់គ្រួសារក្រីក្រនិងគ្មានលទ្ធភាព ចង់ទៅរៀនជំនាញវិជ្ជាជីវៈ

ទៅរៀនហើយបានប្រាក់ខែបន្ថែមចំនួន២៨ម៉ឺនរៀលផងដែរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ គឺមិនមានអ្នកចង់ទៅរៀនទេ គឺចង់ទៅធ្វើការរោងចក្រវិញ ជាជាងការទៅរៀនជំនាញដែលបានផ្សព្វផ្សាយទាំងនោះ៕

Share

ព័ត៌មានទាក់ទង

Image