ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករពីរគ្រឿង បានបណ្ដាលឱ្យកម្មករនិយោជិតក្នុងខេត្តកំពង់ឆ្នាំងជាង ៤០នាក់ រងរបួសធ្ងន់-ស្រាល ក្នុងនោះស្ដ្រីមានផ្ទៃពោះម្នាក់ ត្រូវបានវះកាត់សម្រាលកូនភ្លាមៗ។ ករណីនេះ បានបណ្ដាលឱ្យសហជីព និងអង្គការដែលធ្វើការលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់កម្មករ សម្ដែងការព្រួយបារម្ភ និងស្នើឱ្យរាជរដ្ឋាភិបាលផ្ដល់វគ្គបណ្ដុះបណ្ដាលពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរ និងតាមដានការអនុវត្តច្បាប់លើអ្នកបើកបររថយន្តដឹកកម្មករ។ សូមជូនសេចក្ដីការណ៍ដោយកញ្ញា ជា សុខនី
លោក អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី២៨ ខែឧសភាថា នៅល្ងាចប្រមាណម៉ោង៦កន្លះ ថ្ងៃទី២៧ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកកម្មករ ១គ្រឿង បើកបរបុកពីក្រោយរថយន្តដឹកកម្មករ ១គ្រឿងទៀត ស្ថិតនៅផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឱ្យកម្មកររោងចក្រចំនួន ៤៧នាក់ ដែលភាគច្រើនជាស្ដ្រី រងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ដ្រីចំនួន ២នាក់ បានរងរបួសធ្ងន់ និងមិនមានករណីស្លាប់នោះទេ។
ក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងហើយ លោកថា ខាងសមត្ថកិច្ចកំពុង ស្រាវជ្រាវរកមូលហេតុដែលបណ្ដាលឱ្យរថយន្តដឹកកម្មករទាំងពីរគ្រឿងនេះ បានបើកបរប៉ះគ្នា ដែលធ្វើឱ្យកម្មករជាច្រើនបានរងរបួស។
លោក អៀរ ប៊ុនធឿន ៖ «យើងមកដល់ម៉ោងនេះ ទីមួយ អាចថាអ្នកបើកបរឡានរថយន្តដឹកកម្មករពីក្រោយ ងងុយដេក ទីពីរ យើងអាចសន្និដ្ឋានបានថា រថយន្តហ្នឹង គ្រោះថ្នាក់ហ្នឹង មកពីបញ្ហាបច្ចេកទេស បញ្ហាយានយន្ត អាចដាច់ហ្វ្រាំង ឬក៏ហ្វ្រាំងមិនស៊ី ដែលករណីនេះយើងកំពុងតែស៊ើបអង្កេត ព្រោះវារឿងនេះវាមិនគួរឱ្យកើត បើកបុកក្រោយគ្នា បើកមិនលឿនទេ បើកល្មមៗ ប៉ុន្តែដូចជាភ្លេចមិនជាន់ហ្វ្រាំង ឬហ្វ្រាំងមិនស៊ី ឬក៏អាអ្នកបើកហ្នឹងដេកលក់ក៏មិនដឹង យើងសន្និដ្ឋានមិនទាន់បានទេណា»។
បើតាមលោកស្នងការរង ស្ថានភាពរបស់កម្មករនិយោជិតទាំងនោះដែលជួបក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងអ្នកដែលមានរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យកាលម៉ែត។
ចំណែក លោក កាន សុខវី ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រ Can Sports Shoes ក្នុងខេត្តកំពង់ឆ្នាំង ដែលតាមដានស្ថានភាពកម្មករក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា កម្មករសរុបដែលជិះលើរថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍នោះ មានចំនួនប្រមាណជិត ១០០នាក់ មកពីរោងចក្រចំនួន៤ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះបើរាប់អ្នករងរបួសធ្ងន់ស្រាលមានតែចំនួនជាង ៤០នាក់ប៉ុណ្ណោះ។ ក្នុងចំណោមកម្មកររងរបួសធ្ងន់ស្រាលជាង ៤០នាក់នោះ លោកថាមានស្ដ្រីមានផ្ទៃពោះចំនួន ១នាក់ ដែលអង្គុយនៅខាងមុខជាមួយអ្នកបើកបរ ត្រូវរងរបួសធ្ងន់ ដោយបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការវះកាត់ជួយសង្គ្រោះកូនក្នុងផ្ទៃ។
លោកបន្តទៀតថា មកដល់ពេលនេះ ស្ថានភាពកម្មករជាស្ដ្រីដែលបានវះកាត់សម្រាលកូននោះ មានសុវត្ថិភាពទាំងម្ដាយ និងកូន ហើយសុខភាពរបស់ពួកគាត់ទាំងពីរ គឺមានភាពល្អប្រសើរឡើងវិញហើយ។ ដោយឡែក កម្មករដែលរងរបួសផ្សេងទៀត មានអ្នកខ្លះបាក់ជើង អ្នកខ្លះទៀតបាក់ដៃ និងប៉ះទង្គិចក្បាល គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ហើយកម្មករដែលរងរបួសទាំងនោះដែរ ក៏ត្រូវបានខាងអភិបាលខេត្តកំពង់ឆ្នាំងចុះមកសួរសុខទុក្ខដោយផ្ទាល់ និងបាននាំយកថវិកាឧបត្ថម្ភមួយចំនួនជូនពួកគាត់ផងដែរ។
លោក កាន សុខវី ៖ «អ៊ីចឹង! ខ្ញុំចង់សំណូមពរទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ ក៏ដូចជាភូមិឃុំ សូមឱ្យដាស់តឿន សូមឱ្យមានវគ្គបណ្ដុះបណ្ដាល សូមឱ្យមានវគ្គប្រជុំ សូមឱ្យមានវគ្គហៅតៃកុងឡានមកប្រជុំទាំងអស់ មិនថានៅរោងចក្រ មិនថានៅតាមភូមិឃុំនោះទេ។ ហើយខ្ញុំសព្វថ្ងៃខ្ញុំសង្កេតមើលឃើញថា តៃកុងឡានខ្លះ ឪមានពាក់មី ឪមានប័ណ្ណបើកបរ ប៉ុន្តែកូន ពេលដែលឪរវល់ កូនបើកជំនួសឪអញ្ចឹងទៅ ដល់ពេលកូនអត់មានប័ណ្ណបើកបរ អត់មានប័ណ្ណពាក់មីនោះទេ ហើយកូនក៏អត់មានបទពិសោធន៍នោះទេ អញ្ចឹងហើយធ្វើឱ្យមានគ្រោះថ្នាក់»។
ក្រៅពីការសំណូមពរពីរាជរដ្ឋាភិបាលហើយ លោកក៏សូមស្នើទៅដល់និយោជក ត្រូវមើលការខុសត្រូវលើការធ្វើដំណើររបស់កម្មករ ហើយចំណែកអ្នកបើកបររថយន្តដឹកកម្មករវិញ លោកស្នើឱ្យមានប័ណ្ណបើកបរ និងពាក់មីឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ និងគោរពសិទ្ធិគ្នាក្នុងការបើកបរ ហើយនិងកុំពិសារគ្រឿងស្រវឹងផងដែរ។
ទាក់ទងនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ក៏បានតាមដានបញ្ហានេះ ដោយបានប្រាប់ថា ខាងអង្គការរបស់លោក កំពុងតាមដានមើលពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អំពីមូលហេតុអ្វីជាចម្បងដែលបណ្ដាលឱ្យរថយន្តដឹកកម្មករទាំងពីរបានប៉ះទង្គិចគ្នា។ ទោះបីយ៉ាងណា លោកថា អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងបន្តអនុវត្តការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរទៅមកបំពេញការងាររបស់កម្មករនិយោជិតកម្ពុជាឱ្យបានម៉ឺងម៉ាត់ ជាពិសេសទៅការផ្សព្វផ្សាយអប់រំ និងការបណ្ដុះបណ្ដាលទៅលើអ្នកបើកបររថយន្តដឹកកម្មករ។ ហើយទន្ទឹមនឹងនោះ លោកថា អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងមានសកម្មភាពជាមួយកម្មករនិយោជិត ដើម្បីបង្កើនការយល់ដឹងរបស់កម្មករ ឱ្យហ៊ាននិយាយពីក្ដីកង្វល់ក្នុងការធ្វើដំណើរ និងរំលឹកទៅដល់អ្នកបើកបរទាំងឡាយដែលមិនមានឥរិយាបថបើកបរប្រកបដោយសុវត្ថិភាព។
លោក គឹម បញ្ញា ៖ «ខាងខ្ញុំយើងកំពុងមានការព្រួយបារម្ភ ហើយទន្ទឹមនឹងការព្រួយបារម្ភយ៉ាងខ្លាំងនេះ យើងក៏បានខិតខំក្នុងការចាត់នូវវិធានការសំខាន់ៗមួយចំនួន ហើយបន្ថែមពីនេះយើងកំពុងតាមដានមើលថាតើករណីនេះ វាកើតឡើងបែបណា។ ជាពិសោធន៍យើងឃើញករណីគ្រោះថ្នាក់ដែលកើតមានឡើងហ្នឹងរវាងរថយន្តដឹកកម្មករជាមួយរថយន្តដឹកកម្មករគ្នាឯង ឬក៏ជាមួយរថយន្តគេដទៃ ដោយសារទីមួយអាចគេប៉ះគាត់ ទីពីរអាចគាត់ហ្នឹងទៅប៉ះគេ ហើយអាគាត់ទៅប៉ះគេហ្នឹងអាចមានបញ្ហាសំខាន់មួយ ដោយសារមានការផ្លាស់ប្ដូរតៃកុង ដែលខាងខ្ញុំកំពុងសិក្សាមើល ព្រោះបទពិសោធន៍កន្លងទៅពេលយើងបណ្ដុះបណ្ដាល ឬស្ថាប័នណាបណ្ដុះបណ្ដាលដល់អ្នកបើកបរជាឪពុក ជាបង ជាប្អូន ជាពូ ដល់បណ្ដុះបណ្ដាលចេះទៅ មានបទពិសោធណ៍គ្រប់គ្រាន់ទៅ ស្រាប់តែគាត់រឹងដៃរឹងជើង គាត់ឱ្យប្អូន ឱ្យកូន ឱ្យក្មួយទៅបើកជំនួស ហើយអ្នកបើកបរដែលថ្មីហ្នឹង គាត់មកបញ្ជាយានយន្តហ្នឹង ងាយប្រឈមគ្រោះថ្នាក់មែនទែន»។
បើតាមនាយកអង្គការរូបនេះថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ជាប្រភេទរថយន្តដឹកទំនិញ។ផ្ទុយទៅវិញប្រសិនជារថយន្តដឹកអ្នកដំណើរ ប្រហែលជាការពារបានសមស្របជាង។ មួយវិញទៀតស្ថាប័នរាជរដ្ឋាភិបាល គួរតែពង្រឹងការត្រួតពិនិត្យមើលពីការអនុវត្តច្បាប់ទាក់ទងជាមួយនឹងអ្នកបើកបរ។
លោក គឹម បញ្ញា ៖ «អញ្ចឹងបើសិនជាយើងប្រើប្រាស់ប្រភេទរថយន្តដឹកទំនិញ យកមកដឹកកម្មករ អាហានិភ័យដែលបង្កឱ្យមានគ្រោះថ្នាក់នោះ គឺខ្ពស់ណាស់ ជាពិសេសនៅពេលដែលយើងបើកលឿន យើងបត់យើងអីអញ្ចឹងណា។ អញ្ចឹងយើងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ ហើយនិងកំពុងខិតខំជំរុញឱ្យមានការផ្លាស់ប្ដូររថយន្តហ្នឹងពីប្រភេទរថយន្តដឹកទំនិញ ទៅជារថយន្តដឹកដែលមានសុវត្ថិភាពប្រសើរជាង និយាយឱ្យសាមញ្ញ គឺជាប្រភេទរថយន្តដឹកអ្នកដំណើរ»៕