ក្នុងសវនាការរបស់លោក នី ណាក់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ គឺមេធាវីការពារសិទ្ធិឱ្យសកម្មជនសង្គមរូបនេះ ស្នើដល់តុលាការដោះលែងលោក នី ណាក់ ឱ្យនៅក្រៅឃុំ ដោយដាក់លក្ខខណ្ឌឱ្យលោក នី ណាក់ បញ្ឈប់សកម្មភាពបង្ហោះសារដែលមានលក្ខណៈញុះញង់នៅលើទំព័រហ្វេសប៊ុករបស់លោកទៀត។ ខណៈសំណើនេះ ត្រូវបានតុលាការ យល់ព្រម ឬមិនព្រមដោះលែងលោក នី ណាក់ ឱ្យនៅក្រៅឃុំ នឹងត្រូវប្រកាសនៅដើមខែមិថុនាខាងមុខ។ លោក គីម ចាន់ចាវ រាយការណ៍
មេធាវីការពារសិទ្ធិឱ្យលោក នី ណាក់ គឺលោក ជូង ជូងី បានប្រាប់វិទ្យុស្ដ្រីនៅមុខតុលាការកំពូល ក្រោយសវនាការនៅព្រឹកថ្ងៃទី២៧ ខែឧសភាថា សវនាការព្រឹកនេះ គឹខាងលោកជាមេធាវី ស្នើសុំតុលាការដោះលែងសកម្មជនសង្គមរូបនេះឱ្យនៅក្រៅឃុំដោយជ្រើសរើសដាក់លក្ខខណ្ឌឱ្យគោរព ពីព្រោះកន្លងមកចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួន គឺដោយសារភ័យខ្លាចលោក នី ណាក់ បន្តបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកទៀត ពាក់ព័ន្ធនឹងរឿងកាត់ដីនៅខេត្តកំពត ក្រោមបណ្ដឹងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។ ហើយការបន្តបង្ហោះរឿងទាំងនោះ លោកមេធាវីថា ត្រូវបានតុលការចាត់ទុកថា ធ្វើឱ្យរាំងស្ទះដល់នីតិវិធីរបស់តុលាការ ដូច្នេះការស្នើទៅតុលាការនោះ គឺឱ្យលោក នី ណាក់ ត្រូវគោរពលក្ខខណ្ឌ ដោយមិនត្រូវបង្ហោះសារទាំងនោះនៅលើហ្វេសប៊ុករបស់លោកទៀតឡើយ។
លោក ជូង ជូងី ៖ «អ៊ីចឹង! យើងសុំឱ្យតុលាការដោះលែងគាត់ឱ្យនៅក្រៅឃុំ ដោយដាក់លក្ខខណ្ឌគាត់ បើគាត់មិនគោរពតាមលក្ខខណ្ឌចាំឃុំខ្លួនគាត់ ធ្វើអញ្ចឹងទើបល្អមិនប៉ះពាល់ដល់សិទ្ធិបុគ្គល ហើយក៏អត់មានប៉ះពាល់ដល់ច្បាប់ដែរ។ ប៉ុន្តែបើយើងជ្រើសរើសនីតិវិធីឃុំខ្លួនទាំងម្ដង មិនជ្រើសរើសការដាក់លក្ខខណ្ឌ អាហ្នឹងហាក់ដូចជាការអនុវត្តហ្នឹងគឺតឹងរ៉ឹងពេក មិនផ្ដល់ឱកាសឱ្យមនុស្ស បើថាមានកំហុសឱ្យគាត់កែខ្លួន ហើយយើងនឹងប្រកាសថាឱ្យគោរពអ៊ីចេះអ៊ីចុះ ព្រោះច្បាប់មាត្រា២២៣មាននិយាយអញ្ចឹងដាក់លក្ខខណ្ឌឱ្យគាត់គោរព ប៉ុន្តែបើយើងមិនអនុវត្តមាត្រាហ្នឹង ក្នុងន័យថាមាត្រាហ្នឹងចែងមក គឺអត់ប្រយោជន៍»។
បើតាមលោកមេធាវី ជូង ជូងី ក្នុងសវនាការនេះដែរ គឺលោក នី ណាក់ មិនបានជំទាស់អ្វីនោះទេ គឺលោកយល់ស្របជាមួយសំណើរបស់មេធាវី ដែលស្នើឱ្យតុលាការដោះលែងរូបលោក ដោយដាក់លក្ខខណ្ឌទាំងនោះ។ ដោយឡែកចំពោះការស្នើនេះ លោកថា តុលាការនឹងប្រកាសឱ្យលោក នី ណាក់ ព្រមនៅក្រៅឃុំ ឫមិនព្រមនៅក្រៅឃុំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
សវនាការលើសកម្មជនសង្គមរូបនេះ ហាក់មិនសូវមានការឃ្លាំងមើលស្ថាប័នសិទ្ធមនុស្សដូចករណីសកម្មជនសង្គមមួយចំនួនផ្សេងទៀតឡើយ គឺឃើញមានការចូលរួមតាមដានពីមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ប៉ុន្តែមន្ត្រីរូបនេះមិនផ្ដល់ការអត្ថាធិប្បាយអ្វីដល់អ្នកកាសែតឡើយ។ ចំណែកអ្នកសារព័ត៌មានដែលតាមដានផ្ទាល់ គឺឃើញមានតែអ្នកសារព័ត៌មានវិទ្យុស្ត្រី និងអ្នកសារព័ត៌មានពលរដ្ឋម្នាក់តែប៉ុណ្ណោះ។
កាលពីដើមខែមករា ឆ្នាំ២០២៤ លោក នី ណាក់ ដែលជាសកម្មជនសង្គម តែងតែរិះគន់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោកជាលើកទី២ ពីបទ «មិនរាងចាល ក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ក្រោមបណ្ដឹងរបស់លោក ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារ ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងកាត់ដីនៅខេត្តកំពត ឱ្យទៅបុគ្គលឈ្មោះ ហេង សួរ ដែលប្រព្រឹត្តកាលពីខែធ្នូ ឆ្នាំ២០២៣។ ចំពោះបទចោទនេះ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ចំណែកភរិយារបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត បានប្រាប់វិទ្យុស្ត្រីក្រោយពីរថយន្តពន្ធនាគារដឹកស្វាមីរបស់ខ្លួនចេញពីតុលាការកំពូលថា ទោះបីអ្នកស្រីមិនបានចូលរួមស្ដាប់ក្នុងសវនាការនេះក៏ដោយ ប៉ុន្តែអ្នកស្រីសង្ឃឹមថា សំណើរបស់មេធាវីទៅកាន់តុលាការ គឺអាចធ្វើឱ្យតុលាការយល់ព្រមដោះលែងប្ដីអ្នកស្រីតាមការស្នើទាំងនោះ។ ក៏ប៉ុន្តែផ្ទុយពីនេះក្នុងករណីប្រសិនជាសំណើរបស់មេធាវីនេះ ត្រូវបានតុលាការបដិសេធ គឺអ្នកស្រីចាត់ទុកថា ជារឿងអយុត្តិធម៌ណាស់សម្រាប់ប្ដីរបស់អ្នកស្រី ពីព្រោះលោក នី ណាក់ គ្រាន់តែអនុវត្តសិទ្ធិសេរីភាពក្នុងបញ្ចេញមតិប៉ុណ្ណោះ។
អ្នកស្រី សុខ ស៊ីណែត ៖ «ខ្ញុំមានតែទទូចឱ្យតុលាការគាត់ដោះលែងប្ដីខ្ញុំទៅ ប្ដីខ្ញុំគាត់គ្មានកំហុសនោះទេអ្វីដែលគាត់បញ្ចេញទស្សនៈនៅលើបណ្ដាញសង្គម វាជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់។ ហើយគាត់គ្មានចេតនាទុច្ចរិតណាមួយ ដើម្បីថាទៅញុះញង់ ឫក៏បង្កឱ្យមានការរើសអើងដូចពាក្យចោទប្រកាន់នោះទេ»។
បើទោះបីជាមិនបានចូលក្នុងសវនាការ ប៉ុន្តែ អ្នកស្រី សុខ ស៊ីណែត ក៏បានជួបនឹងស្វាមីនៅក្រៅសវនាការ ដោយបានបញ្ជាក់ពីស្ថានភាពរបស់លោក នី ណាក់ គឺមានសុខភាពមិនល្អ ដែលលោកឧស្សាហ៍ឈឺ និងងាយឆ្លងជំងឺ។ ជាមួយគ្នានេះក្នុងរយៈពេលដែលស្វាមីរបស់អ្នកស្រីជាប់ឃុំខ្លួន គឺស្ថានភាពក្នុងគ្រួសារ ក៏មានជីវភាពលំបាកខ្លាំងទាំងចំណូល និងចំណាយ ពីព្រោះលោក នី ណាក់ជាមេគ្រួសារ នៅពេលត្រូវជាប់ឃុំ ចំណូលក៏ត្រូវបាត់បង់ ឯចំណាយក៏មានការកើនឡើង ដោយសារកន្លែងឃុំខ្លួនរបស់លោក នី ណាក់ គឺនៅឆ្ងាយក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ។
កាលពីឆ្នាំ២០២១ លោក នី ណាក់ ក៏ធ្លាប់ជាប់ឃុំខ្លួននៅពន្ធនាគារអស់រយៈ ១៨ខែ ពីបទ «ជេរប្រមាថ ជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទាក់ទងនឹងការសរសេរសារបង្ហោះហ្វេសប៊ុកប្រមាថអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន និងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកវេង សាខុន៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី