សម្តេចហ៊ុន សែន បានចេញបទបញ្ជាឱ្យក្រសួងមហាផ្ទៃ ធ្វើការត្រួតពិនិត្យ កែសម្រួលឡើងវិញពីរបៀបរបប ក្នុងការឃុំគ្រងពិរុទ្ធជន ឬទណ្ឌិត ជាសេសកាត់ផ្តាច់ទំនាក់ទំនងខាងក្នុង និងក្រៅមណ្ឌលអប់រំ កែប្រែ។
ការចេញបទបញ្ជានេះ ធ្វើឡើង ក្រោយពីលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន លើកឡើងថា មានការចរាចរគ្រឿងញៀន នៅក្នុងពន្ធនាគារ និងក្នុងមណ្ឌលស្ដារនិតីសម្បទា មួយចំនួននៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងការចេញវិធានការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព នៅក្នុងប្រទេសកម្ពុជា សម្តេចហ៊ុន សែន បានចេញបទបញ្ជាឱ្យសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រួតពិនិត្យ កែសម្រួលឡើងវិញនូវរបៀបរបប ក្នុងការឃុំគ្រងពិរុទ្ធជន ឬទណ្ឌិត និងតាមដានដំណើរការរឿងក្តីបទល្មើសគ្រឿងញៀន។
បទបញ្ជារបស់សម្តេចហ៊ុន សែនចេញកាលពីថ្ងៃទី០១ កុម្ភៈ ម្សិលមិញ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ត្រូវពិនិត្យ កែសម្រួលឡើងវិញ ជាបន្ទាន់ពីរបៀបរបបការងារ ក្នុងការឃុំគ្រងពិរុទ្ធជន ទណ្ឌិត ជាសេសកាត់ផ្តាច់ទំនាក់ទំនងខាងក្នុង និងក្រៅមណ្ឌលអប់រំ កែប្រែ។ បទបញ្ជាដដែលបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវចូលរួមតាមដានក្នុងដំណើរការរឿងក្តីបទល្មើសគ្រឿងញៀន ដើម្បីប្រាកដថា ការផ្តន្ទាទោសសមស្របទៅនឹងទំហំនៃបទល្មើស និងមានប្រសិទ្ធភាពស្របតាមខ្លឹមសារ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សូមបញ្ជាក់ថា នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែកុម្ភៈ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលស្គាល់ថា ពិតជា មានការចរាចរគ្រឿងញៀន នៅក្នុងពន្ធនាគារ និងក្នុងមណ្ឌលស្ដារនិតីសម្បទា មួយចំនួនក្នុងប្រទេសកម្ពុជាមែន។
ឆ្លើយតបនឹងបញ្ហាប្រឈមនៃការកើនឡើងនូវការផលិត ការចរាចរណ៍គ្រឿងញៀន និង ដើម្បី ពង្រឹងបន្ថែមទៀត ទៅលើវិធានការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា សម្តេច ហ៊ុន សែន បានដាក់បទបញ្ជា៥ចំណុច ដោយតម្រូវឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ ត្រូវចាត់តាំងរៀបចំធ្វើសកម្មភាព ឱ្យបានសកម្មខ្លាំងខ្លាំថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំឱ្យមានការយល់ដឹងពីផលបប៉ះពាល់នៃគ្រឿងញៀន។ ត្រូវពង្រឹងបន្ថែមទៀតនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព និងផែនការប្រៀបធៀបសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន។
ត្រូវពង្រឹងយន្តការ និងតួនាទីដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអង្រឹងការអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦ ដែលបានដាកចេញក្នុងសន្និបាតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀនទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ បង្ហាញថា ក្នុងឆ្នាំ២០១៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបប្រមាណ ៣ពាន់ ករណី កើនឡើង ១២៩%បើធៀបនឹងឆ្នាំ២០១៤។ សម្រាប់ឆ្នាំ២០១៥ កន្លងទៅ សមត្ថកិច្ចឃាត់ខ្លួនអ្នកប្រើប្រាស់បានប្រមាណ ៧ពាន់ នាក់ ក្នុងនោះស្រី ៨៥៣ នាក់ កើនឡើង ១២៣% បើធៀបទៅនឹងឆ្នាំ២០១៤។
ចំណែកវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន អ៊ិចស្ដាស៊ី ហេរ៉ូអ៊ីន កូកាអ៊ីន កេតាមីន និងកញ្ឆាក្រៀម ដែលសមត្ថកិច្ចរឹបអូសបានសរុប ១ តោន ៦២០ គីឡូក្រាម៕