en     km
en     km

កញ្ញា ឡាត់ ពីយុវតីដែលធ្លាប់បោះបង់ការសិក្សា ក្លាយជាគ្រូបណ្តុះបណ្តាលបច្ចេកទេស

Share

ដោយសារតែកត្តាជីវភាពមានការខ្វះខាត ធ្វើឱ្យកញ្ញា ឡាត់ បានបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី៩ អស់រយៈពេល៥ឆ្នាំដើម្បីជួយធ្វើការងារកសិកម្មជាមួយឪពុកម្តាយ ។ជាភ័ព្វសំណាង កញ្ញា ឡាត់ ទទួលបានឱកាសសិក្សាជំនាញវគ្គខ្លីនៅខេត្តសៀមរាប លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងរយៈពេល៧ខែ។ ក្រោយចប់វគ្គសិក្សានេះដោយជោគជ័យ ធ្វើឱ្យជីវិតរបស់កញ្ញា ឡាត់ ប្រែក្លាយជាមនុស្ស២ផ្សេងគ្នាខុសពីពេលកន្លងមក ដែលកាលពីមុនយុវតីរូបនេះជាបុគ្គលដែលមិនមានចំណេះអ្វីសោះ  ក៏បានក្លាយជាមនុស្សម្នាក់ដែលបានស្គាល់នូវពិភពលោកខាងក្រៅ ជាពិសេសមានឱកាសច្រើនក្នុងការចូលរួមការងារសង្គមជាច្រើនថែមទៀត។ ដើម្បីជ្រាបច្បាស់ថា តើកញ្ញាឡាត់ បានឆ្លងកាត់ ជីវិតជាយុវតីដែលមិនធ្លាប់បានស្គាល់អ្វី និងមិនសូវមានចំណេះជ្រៅជ្រះសោះ ហើយបានអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាគ្រូបណ្តុះបណ្តាលបច្ចេកទេសបានដោយរបៀបណានោះ  សូមស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី វ៉ាយ វត្តី ដូចតទៅ!

«បើសិនជាធៀបកាលពីមុន និងឥឡូវគឺខុសគ្នាឆ្ងាយខ្លាំងមែនទែនដូចមនុស្ស២ផ្សេងពីគ្នា! ព្រោះអីពីយុវជនដែលអត់ដឹងអីសោះរហូតដល់យើងស្គាល់ពិភពលោកខាងក្រៅ ដែលអាចឆ្លុះបញ្ចំាំងថា​យើងមានសមត្ថភាពច្រើនខ្លាំងមែនទែន » ។

នេះជាសម្ដីរបស់កញ្ញា ឡាត់ ដែលបានថ្លែងដោយក្តីរំភើបនិងមោទនភាពនៃជីវិតតស៊ូខិតខំរៀនជំនាញបច្ចេកទេសទេសចរណ៍ និងបដិសណ្ឋារកិច្ច រហូតមានឱកាសក្លាយទៅជាគ្រូបណ្តុះបណ្តុះបណ្តាល ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មួយរូបនៅខេត្តសៀមរាប។ កញ្ញាបានបន្ថែមថា អ្វីដែលសំខាន់នោះគឺកញ្ញាមានឱកាសច្រើនក្នុងការចូលរួមសកម្មភាពសង្គម មានឱកាសជួបជុំជាមួយអ្នកដែលធ្វើការងារទៅលើបច្ចេកទេស ទាំងបច្ចេកទេសអប់រំ និងTVET ច្រើនដែលអាចឆ្លុះបញ្ចំាំងបានថា​កញ្ញាមានសមត្ថភាពខ្លាំងមែនទែន។

កញ្ញា ឡាត់ បានរៀបរាប់ឱ្យដឹងថា កញ្ញ បានឈប់រៀនត្រឹមថ្នាក់ទី៩ និងបានបោះបង់ការសិក្សារយៈពេល៥ឆ្នាំដើម្បីជួយធ្វើការងារកសិកម្មជាមួយឪពុកម្តាយ។ ថ្ងៃមួយជាភ័ព្វសំណាងកញ្ញាទទួលបានឱកាសទៅសិក្សាជំនាញវគ្គខ្លីនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោខេត្តសៀមរាប ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ទាក់ទងនឹងការទៅរៀនជំនាញនេះដែរ កញ្ញាបានឱ្យដឹងថា​ដំបូងក្រុមគ្រួសារ មិនឱ្យទៅរៀនទេ ប៉ុន្តែដោយការពន្យល់ហេតុផលរបស់កញ្ញាទៅកាន់ឪពុកម្តាយនោះ និងមានការណែនាំពីមជ្ឈមដ្ឋានខាងក្រៅបន្ថែមទៀត ទើបឪពុកម្តាយកញ្ញា​ក៏សម្រេចចិត្តឱ្យទៅរៀន។  ​​​

កញ្ញា ឡាត់ បានឱ្យដឹងបន្ថែមថា ​ «ទាក់ទងនឹងអំឡុងពេលខ្ញុំរៀនដែរ ខ្ញុំទទួលបានគម្រោងរបស់អង្គការភ្លែន ក្នុងគម្រោងជំនាញដើម្បីភាពជោគជ័យ រយៈពេល៧ខែ យើងសិក្សានៅសាលា៤ខែ ចុះហាត់ការនៅសណ្ឋាគារ៣ខែ។ បន្ទាប់ពី៣ខែចប់ខ្ញុំក៏ទទួលបានការងារធ្វើនៅកន្លែងដែលខ្ញុំចុះហាត់ការផ្ទាល់តែម្តង»។

ដោយយល់ឃើញថាសមត្ថភាពនិងចំណេះដឹងដែលកញ្ញា ទទួលបាននៅមិនទាន់គ្រប់គ្រាន់កញ្ញា ឡាត់ ក៏ចេះតែបន្តការសិក្សារហូតពីកម្រិតសញ្ញាបត្រសមមូលទៅនឹងថ្នាក់ទី១២ ហើយបានបន្តការសិក្សាបន្ថែមទៀតរហូតដល់សកលវិទ្យាល័យ ក្នុងមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

កញ្ញាឡាត់ បានបញ្ជាក់ថា «នៅក្នុងកំឡុងពេលនោះខ្ញុំក៏បន្តការរៀនទៀត ព្រោះខ្ញុំគិតថាសមត្ថភាពនិង​ចំណេះដឹងរបស់ខ្ញុំប៉ុណ្ណេះ ខ្ញុំមិនអាចធ្វើអ្វីដែលខ្ពស់ជាងហ្នឹងទេ ព្រោះខ្ញុំមានមហិច្ឆិតា ហើយខ្ញុំក៏បន្ត ហើយក៏ចេះតែឃើញផ្លូវទៅទៀតហើយ ក៏ចូលរៀនដល់មហាវិទ្យាល័យ  ក៏មានលោកគ្រូ លោកនាយកបានលើកទឹកចិត្តឱ្យខ្ញុំប្រឡងចូលក្របខណ្ឌ ខ្ញុំក៏ធ្វើតាមគាត់ ខ្ញុំក៏បានរៀន ហើយបញ្ចប់ពីការរៀន ខ្ញុំក៏ទៅប្រឡងចូលក្របខណ្ឌតែម្តង ហើយខ្ញុំក៏បានប្រឡងជាប់ចុងឆ្នាំ២០២៣នេះផងដែរ»។

កញ្ញា ឡាត់បាន ឱ្យដឹងបន្ថែមថា «ទាក់ទងទៅនឹងជំនាញបច្ចេកទេសដែលកញ្ញាឡាត់បានរៀនចេះដូចជាការក្រឡុកស្រា គ្រប់គ្រងភោជនីយដ្ឋាន​ ការធ្វើភេសជ្ជៈ មាន តែ កាហ្វេ និងការងាររដ្ឋបាល រួមទាំងការបង្រៀន ក៏ខ្ញុំចេះដែរ។»

បច្ចុប្បន្ន នេះកញ្ញា ឡាត់ បានផ្លាស់ប្តូរពីការងារឯកជន មកបម្រើការងាររដ្ឋក្នុងនាមជាគ្រូបណ្តុះបណ្តាលបច្ចេកទេស ទាក់ទងនឹងទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅសាលាបច្ចេកទេសសៀមរាប ដែលមានឈ្មោះថា​មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា ជប៉ុន៕

 

Share

ព័ត៌មានទាក់ទង

Image