តាមរយៈបទសម្ភាសជាមួយ វិទ្យុស្ត្រី កញ្ញា ភួន កែវរស្មី បានលើកឡើងថាកញ្ញាត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក និងសន្តិសុខក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គំរាមកំហែង និងបានប្រើភាសាមិនសមរម្យមកលើកញ្ញាទាំងដែលមិនបានប្រព្រឹត្តអ្វីខុសច្បាប់។ បទសម្ភាសនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ដែលកញ្ញា រស្មី បានរៀបរាប់ប្រាប់វិទ្យុស្ដ្រីពីសកម្មភាពរបស់សមត្ថកិច្ច និងសន្តិសុខ មកហ៊ុមព័ទ្ធកញ្ញាមិនឱ្យចាកចេញពីសាលាមកផ្ទះវិញឡើយ។
ការណ៍ដែលកញ្ញារស្មី ចោទក្រុមសន្តិសុខ និងសមត្ថកិច្ចទាំងនោះ ថាបានប្រើពាក្យសម្តីមិនសមរម្យ ខណៈសកម្មភាពទាំងនោះត្រូវបានសាធារណជន ចាប់អារម្មណ៍ និងបានចោទជាសំណួរមកកាន់វិទ្យុស្ដ្រីថាតើសន្តិសុខ និងសមត្ថកិច្ច បានប្រើភាសាមិនសមរម្យមកលើក្មេងស្រីនៅក្នុងសាលារៀនដែលជាកន្លែងអប់រំ ពិតមែន ឬមិនពិត?
ក្នុងបទសម្ភាសជាមួយវិទ្យុស្ដ្រី កញ្ញា ភួន កែវរស្មីថា សន្តិសុខក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរារាំង និងប្រើពាក្យសម្ដីដូចអ្នកទោស ក្នុងពេលដែលកញ្ញាគ្រាន់តែមកយកសៀវភៅដែលនៅសល់ពីការលក់ ដើម្បីចាកចេញត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីកញ្ញា រស្មី បានយកសៀវភៅមួយដែលមានចំណងជើងថា «មនុស្សដែលគេយកទៅកែប្រែ» ដែលសៀវភៅនេះឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកធ្វើការងារបរិស្ថានចំនួន ៦រូប ដែលជាសកម្មជនមាតាធម្មជាតិ ហើយធ្លាប់ជាប់ពន្ធនាគារ មកដាក់លក់នៅតាមស្ដង់ក្នុងបរិវេណសាកលវិទ្យាភូមិន្ទភ្នំពេញ។
កញ្ញា ភួន កែវរស្មី បញ្ជាក់ថា៖ «សម្រាប់ពាក្យសម្ដី គឺអ៊ំប្រុសដែលជាគាត់ជាប្រធានសន្តិសុខនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹង គឺគាត់ប្រើពាក្យអសុរោះខ្លាំងមែនទែន ដូចជាពាក្យង៉ែង ដើម្បីហៅមកកាន់យើងដែលជាក្មេងស្រី បើពាក្យអញ ដែលសម្គាល់ទៅជាគាត់។ ហើយគាត់ថា និយាយឃ្លាមួយមិនដឹងថ្ងៃណាបានខ្ញុំភ្លេចនោះទេ គឺគាត់ហៅយើងថា ង៉ែងហ្នឹងបង្កតែបញ្ហា ទាំងដែលខ្ញុំកំពុងតែដើរតែខ្ញុំសុខៗដើរទៅយកម៉ូតូដូចគេដូចឯង»។
យោងតាមវីដេអូថ្ងៃកើតហេតុដែលកញ្ញា ភួន កែវរស្មី បានផ្ញើមកកាន់វិទ្យុស្ដ្រី បានឱ្យឃើញថា មានសន្តិសុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមប៉ូលីសមកពីខណ្ឌទួលគោក ឈរហ៊ុមព័ន្ធកញ្ញារស្មីមិនឱ្យចាកចេញពីសាលាភូមិន្ទនេះឡើយ។ នៅក្នុងវីដេអូនោះ កញ្ញារស្មីថា ក្រុមសន្តិសុខ និងប៉ូលីស ដែលសុទ្ធតែជាមនុស្សប្រុស មកសម្លុតកញ្ញាមិនឱ្យទៅផ្ទះ និងសុំដកហូតសៀវភៅទាំងនោះ ស្របពេលដែលកញ្ញាមិនបានប្រព្រឹត្តអំពើអ្វីខុសច្បាប់ឡើយ។
ក្នុងវីដេអូដដែល សន្ដិសុខម្នាក់ដែលមានវ័យកណ្ដាល បានលើកដៃចង្អុល និងស្រែកដាក់កញ្ញា រស្មី ដោយប្រើភាសាថា «ខ្ញុំដឹងហើយថាង៉ែងចូលមកហ្នឹងមានសំបុត្រម៉ូតូមានចូល តែក្នុងការងារអ្ហែង វាធ្វើខុសក្នុងក្របខ័ណ្ឌសាលា»។
ក្រៅពីការប្រើភាសាមិនសមរម្យពីសំណាក់សន្តិសុខរូបនេះហើយ ក៏មានប៉ូលីស មកហ៊ុមព័ន្ធកញ្ញា ទាមទារឱ្យលុបវីដេអូផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាការដោះដូរឱ្យកញ្ញា រស្មី អាចចាកចេញពីសាលាត្រឡប់ទៅផ្ទះវិញ។
កញ្ញា ភួន កែវរស្មី ជាសកម្មជនចលនាមាតាធម្មជាតិម្នាក់ ក្នុងចំណោមសកម្មជនទាំង៦រូប ដែលត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាង ១ឆ្នាំ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេទៅលើការងារបរិស្ថាន៕