កុមារនៅតាមតំបន់ជនជាតិដើមភាគតិច ការសិក្សានៅមានកម្រិត ឳពុកម្ដាយខ្លះហាមឃាត់មិនឱ្យកូនរៀនសូត្របានខ្ពង់ខ្ពស់ ដើម្បីឱ្យពួកគេនៅជួយការងាររកលុយ ធើ្វស្រែចម្ការ។ តែផ្ទុយពីនេះ ក៏មានឳពុកម្ដាយខ្លះដែរ ដែលចង់ឱ្យកូនរៀនបានចប់តែមិនមានលទ្ធភាពសម្រាប់ឱ្យកូនបានបន្តការសិក្សាឱ្យមានចំណេះជាប់ខ្លួនមានការងារល្អៗធើ្វ។ សល់ ប្ញៀម ជាកុមាររីជនជាតិដើមភាគតិចម្នាក់ បានលាតត្រដាងពីបញ្ហាប្រឈមដែលខ្លួនសម្រេចឈប់រៀនត្រឹមថ្នាក់បឋមសិក្សា។
(កញ្ញា លីណាជូនសេចក្ដីរាយការណ៍)
កុមាររីជនជាតិដើមភាគតិចចារ៉ាយម្នាក់ឈ្មោះ សល់ ប្ញៀម មានវ័យ១២ឆ្នាំមានបងប្អូន៥នាក់។ នាងជាកូនទី៤ក្នុងគ្រួសារដែលមានតែម្ដាយ។ ប្ញៀមបានបោះបង់ការសិក្សានៅថ្នាក់ទី៥។ កត្តាដែលនាំឱ្យនាងបោះបង់ការសិក្សាព្រោះតែមិនមានអ្នកជួយការងារម្ដាយ មិនមានអ្នកមើលប្អូន ហើយជីវភាពក្រលំបាកមិនមានសម្លៀកបំពាក់ស្លៀកទៅរៀនដូចគេ។ ជីវភាពគ្រួសារកាន់តែដុនដាប ក្រោយឳពុក- ម្ដាយរបស់នាងបានលែងលះគ្នា។ មូលហេតុទាំងនេះហើយទើបធើ្វឱ្យនាងឈប់រៀន។
កុមារី សល់ ប្ញៀម ៖«មូលហេតុអត់មានលុយ ហើយពិបាកអត់មានអ្នកធើ្វការ អត់មានសំពត់ពាក់ទៅរៀនដូចគេ មានតែខោអាបងប្អូនខ្ញុំឱ្យទេ អត់មានលុយទិញម៉ែខ្ញុំគាត់អត់មានទេ ខ្ញុំនៅតែចង់រៀន តែអត់មានលុយរៀនអត់មានអីជិះពេលទៅចម្ការដើរទៅហើយដើរមកវិញ ពេលខ្លះដើរទៅ៣ម៉ោងបានដល់ចម្ការ វាឆ្ងាយងើបទៅតាំងពីម៉ោង៦ដើរទៅដល់ម៉ោង៨ ពេលមកផ្ទះវិញមករៀនអត់ទាន់។ នៅពេលខ្ញុំឈប់រៀនខ្ញុំមិនដឹងទេថាថ្ងៃមុខនឹងជួបរឿងអ្វី។ បើសិនខ្ញុំបានរៀន ខ្ញុំចង់ធើ្វគ្រូបង្រៀន។»
អ្នកស្រី សល់ ផ្ញៀន ដែលជាម្ដាយរបស់ ប្ញៀម មានប្រសាសន៍ថា អ្នកស្រីចង់ឱ្យកូនទៅរៀនប៉ុន្តែកូនមិនចង់ទៅរៀនបន្តទេ ព្រោះឃើញម្ដាយធើ្វការម្នាក់ឯង ការរកស៊ីក៏មិនមានធូរធារដែរ។ សូម្បីតែលុយសម្រាប់ឱ្យកូនទិញសម្ភារៈ និងសិក្សាសម្លៀកបំពាក់ក៏មិនមានដូចគេ។
អ្នកស្រី សល់ ផ្ញៀន៖ «ប្រាក់កាសសម្លៀកបំពាក់ទិញឱ្យកូនក៏អត់ ពិបាកនោះគឺអត់មានពុកទេ ពុកទៅចោលឡើងប៉ុន្មានឆ្នាំហើយ មូលហេតុហ្នឹងហើយបានគាត់ឈប់រៀន។ ខ្ញុំក៏ឱ្យគាត់ទៅរៀនវិញដែរ គាត់ថាខ្មាស់គេអត់មានសម្លៀកបំពាក់។ គាត់ថា ហើយចុះបើខ្ញុំទៅរៀនអ្នកណាជួយម៉ែធើ្វការ ហើយអត់មានអ្នកមើលប្អូនទៀត មានតែពូ មិនជួយធើ្វការទេ កូនខ្ញុំជួយធើ្វការ៣ឆ្នាំនេះហើយ ទើបតែមួយឆ្នាំនេះទេដែលគាត់មិនបានរៀន។ ឆ្នាំមុនៗបានរៀនខ្លះគាត់ថាពិបាកដើរទៅដើរមកទម្រាំដល់ចម្ការ៣ម៉ោង ហើយខ្ជិលដើរទៅដើរមក។»
អ្នកស្រីថានៅពេលទៅចម្ការ ឆ្ងាយពីភូមិពួកគាត់ត្រូវធើ្វដំណើរដោយដើរថ្មើរជើង ទៅទម្រាំតែដល់ចម្ការ ហើយត្រូវធើ្វដំណើរជូនកូនមករៀនវិញ។
«ហើយចម្ការឆ្ងាយហើយមកវិញដើរម្នាក់ឯងទៀតនិយាយពីថាពិបាកណាស់ខ្ញុំអាណិតគាត់ណាស់ មិនដឹងថ្ងៃមុខនឹងទៅជាយ៉ាងណា នឹងធើ្វអីខ្ញុំអស់ពីអាណិតគាត់ ខ្ញុំអត់ដឹងត្រូវនិយាយម៉េចទៀតទេ។ ខ្ញុំមិនមានអីឱ្យគាត់ នំញ៉ាំក៏គ្មាន។ បើសិនជាមានគេឃើញចង់ឱ្យគេជួយអីក៏បានឱ្យតែមានព្រោះឥលូវពិបាកណាស់ ខ្លាចតែគេមើលមិនឃើញទេ គាត់មិនមានសម្លៀកបំពាក់ល្អពាក់ទេ មានតែប្អូនគាត់ឱ្យ។»
កញ្ញា សល់ ការ៉ាត់ ដែលជាគ្រូបង្រៀនម្នាក់រស់នៅក្នុងសហគមន៍ជនជាតិដើមភាគតិច បានលើកឡើងថាក្មេងខ្លះម្ដាយឳពុកខ្វះខាត ហើយយុវជនដ៏ទៃទៀត គាត់សម្រេចចិត្តយកប្ដីប្រពន្ធទាំងដែលនៅវ័យក្មេងនៅឡើយ ទើបធ្វើឱ្យពួកគេឆាប់បោះបង់ការសិក្សា។ លោកគ្រូអ្នកគ្រូ ដែលនៅក្នុងសហគមន៍បានចុះទៅដល់ផ្ទះពលរដ្ឋដើម្បីណែនាំបន្ត ក៏ប៉ុន្តែនៅតែមានកុមារផ្សេងទៀតដែលបោះបង់ការសិក្សា។
កញ្ញា សល់ ការ៉ាត់៖ «ពាក់ព័ន្ធលើស្ថានភាពនៃការបោះបង់ការសិក្សារបស់សិស្ស គិតទៅលើជីវភាពរបស់សិស្សជីវភាពគាត់ខ្វះខាតអ៊ីចឹងទៅ។ ហើយបូករួមជាមួយគាត់ខំធ្វើការ គាត់សុខចិត្តចង់បោះបង់(ការសិក្សា) ខ្លះការជំរុញលើកទឹកចិត្តពីអាណាព្យាបាលមក ដោយសារតែខាងនេះភាគច្រើនគឺគាត់ធ្វើការជាអ្នកស៊ីឈ្នួលជាជ័រកៅស៊ូ។ អាណាព្យាបាលខ្លះ ទៀតក៏ត្រូវផ្លាស់ប្ដូរទីលំនៅទៅធ្វើការឱ្យគេអ៊ីចឹងគាត់យកកូនទៅតាមហើយ កូនក៏គាត់បាត់បង់ឱកាសក្នុងការរៀនដែរ។ ខ្លះទៀតទៅបាត់ពាក់កណ្ដាលឆ្នាំនេះ ទៅដល់ពាក់កណ្ដាលឆ្នាំក៏សុំចូលរៀនវិញទៅមកយើងនៅតែផ្តល់ការគាំទ្រច្រើន។»
អ្នកគ្រូបង្រៀនក្នុងសហគមន៍ជនជាតិដើមភាគតិចរូបនេះ បានសំណូពរទៅដល់ក្រុមគ្រួសាររបស់សិស្ស និងសិស្សផ្ទាល់ ឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រនិងឱ្យតម្លៃលើសិក្សា ដើម្បីទទួលបានការងារល្អប្រសើរនៅពេលអនាគត។
កញ្ញា សល់ ការ៉ាត់៖ «សំណូមពរទីមួយ អាណាព្យាបាលរបស់ក្មេង ទីពីរគឺក្មេងខ្លួនឯង ដូចគ្នាគឺសុំឱ្យពួកគាត់យកចិត្តទុកដាក់លើការងាររបស់កូនហើយជំរុញបន្ថែម លើកទឹកចិត្តបន្ថែមជុំវិញការរៀន ហើយត្រូវយល់ដឹងអំពីកន្លែងការងារ ដើម្បីឱ្យកូនចៅរបស់គាត់ បញ្ចប់ការសិក្សាបានល្អ ហើយអាចដឹងថា លើកទឹកចិត្តគាត់ហើយគាត់មើលឃើញអ្វីដែលល្អទៅថ្ងៃខាងមុខ។»
ជាការពិតណាស់ ការរៀនសូត្រអាចធើ្វឱ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងនិងមានចំណេះជំនាញនៅក្នុងខ្លួន ដើម្បីយកទៅធើ្វការងារល្អនិងចិញ្ចឹមជីវិត។ បន្ថែមពីនេះចំណេះដឹងពីការរៀនសូត្រនេះអាចបង្ហាញផ្លូវទៅដល់ក្មេងក្រោយៗឱ្យខំប្រឹងប្រែរៀនសូត្រ ដើម្បីកែប្រែសង្គមឱ្យមានការរីកចម្រើនផងដែរ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា រមាស រស្មី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕