en     km
en     km

តុលាការ ច្រានចោលការស្នើពីមេធាវីលោក កឹម សុខា ឱ្យកោះហៅមន្ត្រីនគរបាលយុត្តិធម៌ ចូលបំភ្លឺរឿងចាប់ខ្លួន លោក កឹម សុខា

Share

លោក ផែង ហេង សហមេធាវីការពារក្ដីរបស់លោក កឹម សុខា

សហមេធាវីការពារក្ដីលោក កឹម សុខា បានស្នើឱ្យតុលាការកោះហៅមន្ត្រីនគរបាលយុត្តិធម៌ ឱ្យចូលបំភ្លឺរឿងចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និងភស្ដុតាងមួយចំនួន ទាក់ទងនឹងសំណុំរឿងគប់គិតជាមួយបរទេស។ ក៏ប៉ុន្តែសំណើត្រូវបានតុលាការបដិសេធ ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្ស មើលឃើញថា សវនាការលើកទី៩នេះ គឺសហមេធាវីរបស់លោក កឹម សុខា មិនអស់ចិត្តលើសំណើរបស់ខ្លួនដែលត្រូវបានតុលាការច្រានចោល។

សហមេធាវីការពារក្ដីលោក កឹម សុខា គឺលោក ផែង ហេង បានប្រាប់វិទ្យុស្ដ្រីថា សវនាការព្រឹកថ្ងៃទី២៣ ខែឧសភា ជាលើកទី៩ ក្នុងនោះនៅតែបន្តអានកំណត់ហេតុរបស់សាក្សី រហូតដល់កំណត់ហេតុរបស់ប៉ូលីស។ ក្រៅពីបន្តអានកំណត់ហេតុរបស់សាក្សី និងកំណត់ហេតុរបស់ប៉ូលីសហើយ លោកថា ក្នុងសវនាការនេះ ក៏បានសួរដេញដោលសំណើរបស់សហមេធាវី ដែលស្នើសុំឱ្យកោះហៅមន្ត្រីនគរបាលយុត្តិធម៌ ដែលបានចុះទៅចាប់លោក កឹម សុខា នៅក្នុងផ្ទះទាំងយប់ ឱ្យចូលមកបកស្រាយ បំភ្លឺ​ ទាក់ទងភស្ដុតាងដែលបានរកឃើញ។

លោកបន្តទៀតថា ភស្តុតាងដែលបានរកឃើញ គឺសំដៅទៅលើវីដេអូមួយ ដែលបានកាត់តសំឡេងលោក កឹម សុខា យកមកតភ្ជាប់គ្នា ធ្វើឱ្យបាត់ខ្លឹមសារសំខាន់ៗមួយចំនួននៅក្នុងវីដេអូនោះ ដោយសំឡេងដើមរបស់លោក សុខា គឺគ្រាន់តែនិយាយសំដៅទៅលើយុទ្ធសាស្ត្របំបាត់ល្ងង់ បំបាត់ខ្លាច បំបាត់ឃ្លាន មិនមែនយុទ្ធសាស្ត្រក្បត់ជាតិអ្វីនោះទេ។

លោក ផែន ហេង៖ «យើងយល់ឃើញថា វត្តមានរបស់ប៉ូលីសដែលចុះទៅទម្លុះផ្ទះទ្វារបងចូលទៅចាប់ឯកឧត្តម កឹម សុខា ទាំងយប់កណ្ដាលអធ្រាត្រនោះ ​មានភាពចាំបាច់ ដើម្បីយើងសួរថាតើគាត់ចុះទៅហ្នឹងចាប់បានវត្ថុតាងអីខ្លះ ហើយមានតម្រុយអីខ្លះ ដើម្បីសួរដេញដោលទៅចំពោះមុខតុលាការ។ ហើយគោលបំណងដែលយើងសួរនេះ ក្នុងគោលបំណងនៃការជួយរកយុត្តិធម៌ សហការជាមួយតុលាការដែរទេ តែយើងមានការសោកស្ដាយ បើទោះបីយកមកដេញដោល ប៉ុន្តែចុងក្រោយចៅក្រមបានសម្រេចមិនទទួលយកសំណើរបស់សហមេធាវី»។

ពាក់ព័ន្ធនឹងសវនាការនេះដែរ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ ដែលបានចូលរួមតាមដានសវនាការនេះ បានលើកឡើងថា សម្រាប់សវនាការនេះ គឺខាងសហមេធាវី ស្នើសុំឱ្យមានការកោះហៅមន្ត្រីនគរបាលយុត្តិធម៌ ឱ្យចូលមកបំភ្លឺទៅលើការចាប់ខ្លួនលោក កឹម សុខា និងបទល្មើសជាក់ស្ដែង ហើយភស្ដុតាងផ្សេងៗ។ ក៏ប៉ុន្តែលោកថា ការជជែកដេញដោលគ្នានៅក្នុងសំណុំរឿងនេះរវាងតំណាងអយ្យការ សហមេធាវីទាំងសងខាង និងតុលាការ គឺបានសម្រេចបដិសេធការស្នើសុំរបស់សហមេធាវីលោក កឹម សុខា ដែលហាក់ធ្វើឱ្យមេធាវីមិនអស់ចិត្ត។

លោក អំ សំអាត ៖ «ចុងក្រោយគឺតុលាការបានធ្វើការបដិសេធនៅការស្នើសុំរបស់មេធាវីក្នុងការកោះហៅមន្ត្រីនគរបាលយុត្តិធម៌មកធ្វើការសាកសួរ ព្រោះដោយលើកឡើងថា ដំណាក់កាលហ្នឹង គួរតែគឺត្រូវធ្វើនៅដំណាក់កាលចៅក្រមស៊ើបសួរ មិនមែនធ្វើនៅដំណាក់កាលចៅក្រមជំនុំជម្រះទេ។ ប៉ុន្តែទោះជាយ៉ាងណាយើងឃើញថា សហមេធាវីរបស់ឯកឧត្តម កឹម សុខា ហាក់ដូចជាមិនអស់ចិត្តនៅក្នុងរឿងហ្នឹងទេបាទ»។

ទោះបីយ៉ាងណា លោកមើលឃើញថា សវនាការលើកនេះ គឺដូចនឹងលើកមុនដែរ ពីព្រោះមានការអាននូវកំណត់ហេតុច្រើន ហើយលោកក៏ជឿថា នៅថ្ងៃសវនាការលើកទី១០ គឺអាចនឹងនៅតែការអានកំណត់ហេតុ និងរបាយការណ៍របស់សាក្សី និងប៉ូលីសបន្តទៅទៀតផងដែរ។

បើតាមលោក មេធាវី ផែង ហេង ក្រោយពីបញ្ចប់ការអានកំណត់ហេតុរបស់សាក្សី និងកំណត់របស់ប៉ូលីសរួចមក សវនាការរបស់លោក កឹម សុខា នឹងត្រូវបន្តនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ ហើយការបន្តនៅថ្ងៃទី៦ ខែមិថុនានោះ អាចនឹងបន្តអានកំណត់ហេតុដដែល គឺមិនមែនជាថ្ងៃឈានដល់ការបញ្ចប់នោះទេ។

លោក ផែន ហេង បន្ថែមថា៖ «អ្វីដែលយើងចង់បញ្ជាក់នោះ គឺឯកឧត្តម កឹម សុខា គាត់នៅតែប្រកាន់គោលការណ៍ថាគាត់មិនបានក្បត់ជាតិ មិនបាននាំបរទេសមកឈ្លានពាន ឬក៏កាត់ដីឱ្យបរទេស ឬក៏ផ្ដល់មធ្យោយបាយជាសព្វាវុធ ឬក៏ព័ត៌មានចារកម្មទៅឱ្យបរទេសនោះទេ គាត់ជាអ្នកស្រលាញ់ជាតិ ស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់ព្រះមហាក្សត្រ គោរពព្រះមហាក្សត្រ និងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ គាត់តែងតែថា គាត់ចង់ឃើញការដឹកនាំមួយមានការគោរពសិទ្ធិមនុស្ស ក៏ដូចជាស្របតាមរដ្ឋធម្មនុញ្ញឱ្យមានការផ្សះផ្សាជាតិ»។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ពីបទ «បទគប់គិតជាមួយបរទេស» កាលពីឆ្នាំ២០១៧។ ហើយសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ក្នុងបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០២៣៕

 

 

Share

ព័ត៌មានទាក់ទង

Image