en     km
en     km

​ក្រសួងមហាផ្ទៃ​ ប្រគល់​សម្ភារៈ​សម្រាប់​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ដល់​ភ្នាក់ងារ​នគរ​ចរាចរណ៍​បន្ថែម​ទៀត

Share

អត្ថបទ​ជំនួយស្មារតី ផ្តល់ដោយ៖ ​គង់​ សុវណ្ណ​

​កាលពី​ព្រឹក​ថ្ងៃ​ទី​១​កុម្ភៈ​ឆ្នាំ​២០១៦​នេះ​ នៅ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវគោក​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ មានការ​ប្រគល់​នូវ​សម្ភារៈ​សម្រាប់​បម្រើ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ភ្នាក់ងារនគរបាល​ចំនួន​៥​ខេត្ត​ក្រុង​គឺ​ រាជធានី​ភ្នំពេញ​ ខេត្តកំពង់ចាម​ កំពង់ស្ពឺ​ កណ្ដាល​ និង​ខេត្ត​ត្បូងឃ្មុំ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ឧត្តមសេនីយឯក​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​។​

material-alochol-check-offer-cver
ការ​ប្រគល់​នូវ​សម្ភារៈ​សម្រាប់​បម្រើ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ភ្នាក់ងារនគរបាលក្នុងខេត្តកំពង់ចាម

​សម្ភារៈ​ទាំងអស់​រួម​មាន​ ម៉ាស៊ីន​វាស់​ជាតិ​អាល់កុល​ក្នុង​ខ្យល់​ដង្ហើម​ចំនួន​៥​ គ្រឿង​ ម៉ាស៊ីន​ព្រី​ន​លទ្ធផល​វាស់​ជាតិ​អាល់កុល​ចំនួន​៥​គ្រឿង​ បំពង់​ផ្លុំ​សម្រាប់​វាស់​ជាតិ​អាល់កុល​ចំនួន​៥០០​បំពង់​។​ ក្រៅពី​នោះ​ ក៏​មានការ​ចែក​ពឹ​ល​បញ្ជារ​ចរាចរណ៍​ចំនួន​១៩០​ដើម​ដល់​ខេត្ត​ទាំង​ប្រាំ​ខាងលើ​ និង​ខេត្ត​បី​ផ្សេង​ទៀត​គឺ​ខេត្តសៀមរាប​ ខេត្តព្រៃវែង​ និង​ខេត្ត​ព្រះ​សីហ​នុ​។​

​ថ្លែង​ក្នុង​ឧិ​កាស​ប្រគល់​សម្ភារៈ​នោះ​ ឯកឧត្តម​ឧត្តមសេនីយឯក​ ហ៊ឹ​ម​ យ៉ា​ន​ បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ជំនួយ​គឺ​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD)​ ដែល​តែងតែ​សហការ​ និង​ជួយ​ដល់​នគរបាល​ចរាចរណ៍​ដើម្បី​ឲ្យ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាន់តែ​មាន​ប្រសិទ្ធភាព​សំដៅ​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ និង​ចំនួន​ជន​រងគ្រោះថ្នាក់​ចរាចរណ៍​ផ្ល​វ​គោក​នៅ​ប្រទេស​កម្ពុជា​។​ ការ​ផ្ដល់​នូវ​សម្ភារៈ​ទាំងអស់​នា​ពេល​នេះ​ ពឹត​មាន​សារសំខាន់​ក្រៃ​លែង​ដើម្បី​ឲ្យ​នគរបាល​របស់​យើង​កាន់តែ​មាន​សម្ភារៈ​ទំនើប​ច្រើន​ឡើងៗ​ សម្រាប់​ឲ្យ​ការ​រឹត​បន្ដឹង​ច្បាប់​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាជន​យើង​។​

​ឯកឧត្តម​ឧត្តមសេនីយឯក​ រុន​ រ​ត្ន័​វាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ផ្ដាំផ្ញើ​ឲ្យ​នគរបាល​គ្រប់ៗ​រូប​ត្រូវ​រួម​គ្នា​ថែរក្សា​សម្ភារៈ​ដែល​ទទួល​បាន​ឲ្យ​បាន​ល្អ​ និង​ត្រូវ​យក​ទៅ​ប្រើប្រាស​ឲ្យ​មាន​ប្រ​សឹ​ទ្ធ​ភាព​។​
​លោក​វរសេនីយ៍ទោ​ ចេ​វ​ ហាក់​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា​ ក្នុង​នាម​លោក​ជា​នគរបាល​មួយ​រូប​លោក​មានការ​រីករាយ​ដោយ​បាន​ទទួល​សម្ភារៈ​នា​ពេល​នេះ​។​ លោក​នឹង​ចែករំលែក​សម្ភារៈ​ទាំងនេះ​ទៅ​តាម​គោលដៅ​រឹត​បន្ដឹង​ច្បាប់​ និង​ប្រើប្រាស​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​តាម​គ្រប់​គោលដៅ​។​ លោក​សង្ឃឹមថា​ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មានការ​ថយ​ចុះ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​កាលបើ​មានការ​រឹត​បន្ដឹង​ច្បាប់​ឲ្យ​បាន​ជាប់លាប់​និង​ខ្លាំងក្លា​ដូច​ពេល​នេះ​។​

​លោក​ គង់​ សុវណ្ណ​ នាយក​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​បាន​ថ្លែង​ថា​ ក្រៅពី​ការ​ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា​ក្នុង​ការងារ​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ ជា​ពិសេស​ផលវិបាក​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ អង្គការ​ ក៏​បាន​រៀបចំ​នូវ​ការ​បង្កើន​ជំនាញ​ដល់​ភ្នាក់ងារនគរបាល​ចរាចរណ៍​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​នូវ​វិធីសាស្ត្រ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​បំផុត​តាម​រយៈ​ការ​អញ្ជើញ​គ្រូ​ដែល​មាន​ជំនាញ​ និង​បទ​ពិសោធន៍​ល្បីៗ​ ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​មក​បង្ហាត់​និង​បង្ហាញ​។​

​លោក​បន្ថែម​ថា​ ការ​ផ្ដល់​សម្ភារៈ​នា​ពេល​នេះ​ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ហើយ​លោក​នឹង​ព្យាយាម​ស្វះ​ស្វែងរក​ជំនួយ​បន្ថែម​ទៀត​ទាំង​ផ្នែក​សម្ភារៈ​ និង​បច្ចេកទេស​ សម្រាប់​ពង្រឹងសមត្ថភាព​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ខ្លាំង​ និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​ សំដៅ​កាត់​បន្ថយ​ឲ្យ​បាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ជា​ពិសេស​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​ លោក​បញ្ចប់សេចក្ដី​ដោយ​ថ្លែង​ថា​ កាលបើ​នគរបាល​ចរាចរណ៍​ធ្វើការ​រឹត​បន្ដឹង​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​នឹង​ជាប់លាប់​នោះ​ ផល​ដែល​ទទួល​បាន​មក​វិញ​គឺ​មានការ​ចូលរួម​អនុវត្ត​ច្បាប់​ពី​ប្រជាពលរដ្ឋ​ទូទៅ​បាន​កាន់តែ​ល្អ​៕

Share

Image
Image
Image