en     km
en     km

សាលាឧទ្ធរណ៍ច្រានចោលបណ្ដឹងទាស់ម្ដាយនិងកូនស្រី២នាក់ នៅបឹងតាមោក ដែលកាត់ឱ្យជាប់ពន្ធនាគារ៨ខែ

Share

ក្រុមប្រជាសហគមន៍បឹងតាមោក នៅមុខសាលាឧទ្ទរណ៍ ព្រឹកថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៤។ ប្រភពពី ពលរដ្ឋបឹងតាមោក

ក្ដីសង្ឃឹមរបស់ម្ដាយកូន៣នាក់ និងពលរដ្ឋបឹងតាមោក២នាក់បងប្អូនទៀត ដែលថាអាចនឹងអាចរួចពីការចោទប្រកាន់ត្រូវបរាជ័យ។ បរាជ័យដោយហេតុថា បណ្ដឹងទាស់របស់ពួកគេ ជុំវិញករណី ដែលសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ក្នុងម្នាក់ៗត្រូវជាប់ពន្ធនាគារ៨ ខែនិងពិន័យជាប្រាក់ចំនួន១លានរៀល ពីបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ត្រូវបានសាលាឧទ្ធរណ៍ច្រានចោល។ លោក គីម ចាន់ចាវ រាយការណ៍

 

ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ អ្នក​ស្រី ​យិន​ សុគន្ធារី​ បានសម្រេចកម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល លើសំណុំរឿងក្ដី ពលរដ្ឋសហគមន៍បឹងតាមោក ចំនួន៥នាក់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ការសម្រេចបែបនេះរបស់ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ជាការឆ្លើយតប នឹងបណ្ដឹងទាស់របស់ប្រជាសហគមន៍បឹងតាមោក ទាំង៥នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោស ក្នុងម្នាក់ត្រូវជាប់ពន្ធនាគារ៨ ខែនិងពិន័យជាប្រាក់ចំនួន១លានរៀល ពីបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» តាមរយៈសកម្មភាពរបស់ពួកគេក្នុងការតវ៉ាទាមទារ និងការពារដីសហគមន៍របស់ពួកគេ នៅតំបន់បឹងតមោកដែលធ្លាប់អាស្រ័យផល។

អ្នកដែលត្រូវតុលាការផ្ដន្ទាទោសទាំងនោះរួមមាន អ្នកស្រី អំ ភឿន រួមទាំងកូនស្រីពីរនាក់គឺ កញ្ញា​ខុន ជោរ៉ា និងកញ្ញា ខុន ជោរី, លោក ស៊ួន សៅ និងលោក ស៊ា សំបាត់។

អ្នកស្រី អំ ភឿន អាយុ៥៣ឆ្នាំ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២១ ខែឧសភា ថា ករណីនេះបានកើតឡើងតាំងពីឆ្នាំ២០២១មកម្លេះ។ កាលនោះអាជ្ញាធរបានចោទកូនប្រុសរបស់អ្នកស្រី គឺលោក ខុន ខួច។ អ្នកស្រី ចាត់ទុកករណីចោទប្រកាន់នេះ ជារឿងអយុត្តិធម៌។

​អ្នកស្រី អំ ភឿន៖ «ព្រោះខ្ញុំកូនខ្ញុំ អត់មានមកចាប់ដីលក់ដីដូចអស់លោកឯង(អាជ្ញាធរ) និយាយទេ។ ស៊ង(ស៊ងចិញ្ចឹមត្រី)ខ្ញុំនឹងចិញ្ចឹមយូហើយ មិនមែនទើបអាស្រ័យផលទេ ស៊ងខ្ញុំចិញ្ចឹម៤-១០ឆ្នាំហើយ។ ចុះបើចាប់គេ ចាប់កូនខ្ញុំមិនចាប់គេផង ស៊ងគេមានម្នាក់១០ហិកតា-៥ហិកតា ស៊ងខ្ញុំមានតែ១ហិកតាជាងរឿងអីបានមកចាប់កូនខ្ញុំ? បើថាឈ្លោះវាយតប់គ្នាមិនថា ខាងគាត់(អាជ្ញាធរ)ឬខាងខ្ញុំទេ ហើយខ្ញុំក៏យកកូនមកផ្ទះវិញមក។»

កញ្ញា ខុន ជោរី កូនស្រីរបស់អ្នកស្រី អំ ភឿន ដែលរងបណ្ដឹងក្នុងករណីនេះ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ កញ្ញា មិនមានវត្តមាននៅទីនោះឡើយ។ កញ្ញា ចាត់ទុកការកាត់ក្ដីឱ្យកញ្ញា ប្អូនស្រី និងម្ដាយ ជាប់ពន្ធនាគារ៨ខែ និងពិន័យប្រាក់១លានរៀលក្នុងមួយនាក់នេះ គឺជារឿងអយុត្តិធម៌។

កញ្ញា ខុន ជោរី៖ «ហេតុអីបានខ្ញុំថាអយុត្តិធម៌ ព្រោះសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំអត់បានមកកន្លែងកើតហតុទេ ខ្ញុំនៅធ្វើការសោះហ្នឹងហាស៎។ ប្អូនខ្ញុំក៏ធ្វើការ តែខ្ញុំអាចមានពាក្យបណ្ដឹងដែរ។ ខ្ញុំឆ្ងល់តុលាការមុននឹងកាត់ក្ដី គាត់អត់មានស៊ើបប្រវត្តិដែលថាច្បាស់លាស់អីអញ្ចឹងមានឯកសារត្រឹមត្រូវ បើថាខ្ញុំបានទៅតតាំងជាមួយអាជ្ញាធរ ឬក៏បានទៅឃើញមុខអាជ្ញាធរក៏ខ្ញុំអស់ចិត្តហើយ តែខ្ញុំអត់សោះ។ ខ្ញុំមានឈ្មោះពីបទសុទ្ធតែព្រហ្មទណ្ឌ។»

អ្នកស្រី ស៊ា ដាវី ដែលមានប្អូន និងបងប្រុស ឈ្មោះ ស៊ា សំបាត់ និង សួន ពៅ រងការចោទប្រកាន់ក្នុងរឿងនេះដែរ បានអះអាងថា អ្នកទាំងពីមិនបានប៉ះទង្គិចឬឈ្លោះប្រកែកជាមួយអាជ្ញាធរក៏ត្រូវជាប់បណ្ដឹងតុលាការដែរ។

អ្នកស្រី ស៊ា ដាវី៖ «មិនដឹងថាតុលាការធ្វើការយ៉ាងម៉េចទេ បើថាចោទប្រកាន់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ ថាប្រឆាំងរាជការសាធារណៈហើយទន្ទ្រានកាន់កាប់ទន្ទ្រានដីបឹងអីហ្នឹង តែបឹងឥលូវរដ្ឋាភិបាលកាត់ឱ្យទៅឧកញ៉ា ឱ្យទៅមន្ត្រីអស់ហើយ កន្លែងអាស្រ័យផលរបស់ពួកបងក៏អស់ទៅទៀត។ ហើយចឹងនៅតែមិនផ្ដល់យុត្តិធម៌ឱ្យប្រជាពលរដ្ឋនៅតែផ្ដន្ទាទោសរហូត ដោយសារតែពួកបងមិនព្រមប្ដូរដីតាមគោលនយោបាយរបស់សាលាខណ្ឌ ហើយអ្នកដើមបណ្ដឹងហ្នឹងពីមុនគាត់ជាមន្ត្រីខណ្ឌព្រែកព្នៅហា៎ លោក មាស សំបូរ ហ្នឹង។»

ក្រុមប្រជាសហគមន៍បឹងតាមោក នៅមុខសាលាឧទ្ទរណ៍ ព្រឹកថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៤។ ប្រភពពី ពលរដ្ឋបឹងតាមោក

ជម្លោះដីធ្លី របស់​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តា​មោក បាន​អូស​បន្លាយ​ពេល​ជិត​៥​ឆ្នាំ​មក​ហើយ ក្រោយពី​អតីត​នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន សម្រេចអនុញ្ញាតឱ្យចាក់ដីលុបបឹងដ៏ធំនេះ សម្រាប់គោលដៅផ្សេងៗ។ ចំណែក​ពលរដ្ឋ​ តំបន់នេះមួយចំនួន នៅទ្រាំតស៊ូត្រាំត្រែង មិនចាកចេញពីលំនៅដ្ឋាន ឬទទួលយកសំណង ឬការដោះដូរដែលអាជ្ញាធរបានផ្ដល់ឱ្យឡើយ  ហើយពួកគេខ្លះ ត្រូវ​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​ករណី នៅ​តុលាការ។

អ្នកស្រី អំ ភឿន ដែលខ្លួនអ្នកស្រី និងកូនស្រី២នាក់ កំពុងជាប់ក្ដីក្ដាំដាក់ពន្ធនាគារ ស្នើឱ្យតុលាការ ពិចារណា លើករណីអ្នកស្រី និងប្រជាសហគមន៍បឹងតាមោក ឱ្យបានត្រឹមត្រូវ ដ្បិតអ្នកស្រីនៅតែអះអាងថា ក្រុមអ្នកស្រី មិនបានធ្វើខុសនឹងច្បាប់ឡើយ។

អ្នកស្រី អំ ភឿន៖ «ខ្ញុំរាល់ថ្ងៃនេះ មានការស្បែស្បថចៅក្រមនឹងតុលាការហ្នឹង ខ្ញុំមិនអាចទទួលបាន វាអហយុត្តិធម៌ចំពោះខ្ញុំៗអត់បានធ្វើអីខុស ហើយបែរជាខ្ញុំមានទោសចឹងណាអូន ហើយទោសៗដាក់ដល់ថ្នាក់ខ្ញុំជាប់ពន្ធនាគារ ហើយពិន័យជាទឹកប្រាក់ចឹង ខ្ញុំឈឺចាប់ណាស់ចំពោះរូបខ្ញុំ។»

ពាក់ព័ន្ធករណីបឹងតាមោកនេះដែរ អាជ្ញាធរខណ្ឌព្រែកព្នៅបានប្តឹងពលរដ្ឋតំបន់បឹងតាមោកចំនួន ៦ នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ រួមមានលោកស្រី សឿន ស្រីសុទ្ធ លោកស្រី ប្រាក់ សុភា លោកស្រី គង់ តឿ និងពលរដ្ឋនៅបឹងតាមោក៣នាក់ផ្សេងទៀត។ ក៏ប៉ុន្តែសវនាការជំនុំជម្រះក្តីលើបណ្តឹងប្រឆាំងនឹងពលរដ្ឋនៅតំបន់បឹងតាមោកចំនួន ៦នាក់ ពាក់ព័ន្ធនឹងការការពារមិនឱ្យអាជ្ញាធររុះរើទ្វារផ្ទះរបស់ពលរដ្ឋនេះ ត្រូវបានសាលាដំបូងក្រុងភ្នំពេញសម្រេចលើកពេលកាលពីរសៀលថ្ងៃទី២០ ខែឧសភា ដោយសារតែអវត្តមានភាគីដើមបណ្ដឹង ដែលជាអាជ្ញាធរខណ្ឌព្រែកព្នៅ៕

 

Share

ព័ត៌មានទាក់ទង

Image