en     km
en     km

វិធានការ ៣ចំណុច ក្រសួងបរិស្ថាន ទប់ស្កាត់ ការកាប់ឆ្ការទន្រ្ទានយកដីនៅក្នុងតំបន់ការពារធម្មជាតិ

Share

ដើម្បីទប់ស្កាត់ ការកាប់ឆ្ការទន្រ្ទានយកដីនៅក្នុងតំបន់ការពាររបស់ក្រសួងបរិស្ថានក្រសួងបរិស្ថានដាក់ចេញវិធានការចំនួន៣ ទី១ ក្រសួងជំរុញការអនុវត្តច្បាប់១០០ភាគរយដោយគ្មានការលើកលែង ទី២សហការជាមួយអាជ្ញាធរដែនដីដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងទី៣ក្រសួងបរិស្ថានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំងប្រដាប់អាវុធលើផ្ទៃប្រទេស ក៏ដូចជាកងទ័ព ធ្វើយ៉ាងណាដើម្បីជួយទប់ស្កាត់នូវរាល់បទល្មើស ធនធានធម្មជាតិទាំងឡាយដែលមាននៅក្នុងតំបន់ដែនការពាររបស់ក្រសួងបរិស្ថាន។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

កាលពីពេលថ្មីនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក មួយទាក់ទងនឹងកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃធម្មជាតិក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ។

សំរង់សម្តីប្រជាពលរដ្ឋ«បាទនេះគឺជាកន្លែងព្រៃដែលគេដុតគេកាប់កាលពីមុន ចាប់ផ្តើមដុតហើយ​ លឺម៉ាស៊ីនគេកំពុងអារ ដុតបន្ថែម សាហាវមែនទែន បរិស្ថានកំពង់ធំគាត់ថាឆ្វៀល មិនដឹងឆ្វៀលយ៉ាងម៉េចទេ ដីនេះកាប់ព្រៃសុទ្ធតែម្តង នេះគេរើដុត ដើមឈើធំៗគល់ប៉ុន្មាប៉ុណី ឥឡូវដុតស្អាតអស់អាលីងនៅសល់តែគល់ទេ ចប់ហើយព្រៃឡង់ខេត្តកំពង់ធំ! នេះស្នាក់ការបរិស្ថានដែរ នៅក្នុងបែកអន្លូង ឃុំសុចិត្រ រាប់សិបហាត់បងប្អូន នេះដើមចំបក់ដែលខ្ញុំធ្លាប់ឡើងថតពីលើ នេះផ្លូវទៅស្នងអ៊ន ខាងក្នុងកំពុងតែអារ មានកម្មករ មានអី។»

វិធានការ ៣ចំណុច ដើម្បីទប់ស្កាត់ ការកាប់ឆ្ការទន្រ្ទានយកដីនៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងសន្និសីទសារព័ត៌មានយុទ្ធសាស្រ្តកម្ពុជា បៃតង កាលពីថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងថា​ ចំណុចទី១ ក្រសួងជំរុញការអនុវត្តច្បាប់ ១០០ភាគរយ ដោយសំអាងទៅលើការប្រើប្រាស់ច្បាប់ក្រមបរិស្ថានដែលនឹងចេញដាក់ឱ្យប្រើប្រាស់ក្នុងពេលដ៏ឆាប់ខាងមុននេះ និងបទដ្ឋានគតិយុត្តិទាំងឡាយដែលក្រសួងបរិស្ថានមានស្រាប់។ទន្ទឹមនោះក្រសួងក៏នឹងមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធដូចជាគណៈមេធាវី ក្រសួងយុត្តិធម៌ដើម្បីជំរុញការងារនេះឱ្យទទួលបានជោគជ័យ ។ លោក អ៊ាង សុផល្លែតបានឱ្យដឹងទៀតថា​ចំណុចទី២ ក្រសួងសហការជាមួយអាជ្ញាធរ មូលដ្ឋានដោយអនុវត្តន៍តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ផ្ទេរអំណាច ផ្ទេរការទទួលខុសត្រូវទៅឱ្យអាជ្ញាធរដែនដី «ការទប់ស្កាត់នោះ ក្រសួងបរិស្ថានកន្លងមកបានផ្តល់នូវផែនទីកំណត់ដែនតំបន់ការពារជូនដល់ស្រុក ខេត្ត ទាំងអស់ទូទាំងប្រទេសចំពោះស្រុក ខេត្តដែលមានតំបន់ការពារ។ ដូច្នេះអត់មានពាក្យថា មិនស្គាល់ដែនតំបន់ការពារទៀតទេគឺផែនទីជាកូអ័រឌឺណេ ដែលមានចែងនៅក្នុងអនុក្រឹត្យ ព្រះរាជក្រឹត្យ គឺបានបោះពុម្ពប្រគល់ជូនហើយ។»

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា  ក្រសួងបានធ្វើការអភិវឌ្ឍន៍រួចជាស្រេចនូវ អេប កម្មវិធីទូរសព្ទ សម្រាប់បញ្ជាក់តំបន់ការពាររបស់ក្រសួងបរិស្ថាន ហើយអេបហ្នឹងមិនបាច់ប្រើអ៊ីនធឺណែតទេ គ្រាន់តែបើកនៅពេលដើរចូលតំបន់ការពារនោះនឹងអាចដឹងថានេះជាតំបន់ការពារ ​មិនគប្បីណាត្រូវកាប់ ទន្រ្ទាន ឬឈូសឆាយ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ។ លោករដ្ឋមន្រ្តីបន្តថា អេបនេះក្រសួងបានដាក់សុំគោលការណ៍ពីរដ្ឋាភិបាលរួចហើយ  «ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានគោលការណ៍នៅពេលខ្លីខាងមុខនេះ ហើយយើងនឹងដាក់ឱ្យអនុវត្តន៍ទូទាំងប្រទេសតែម្តង មានន័យថា ប្រជាពលរដ្ឋទូទាំងប្រទេសអាចដោនឡូតកម្មវិធីទូរសព្ទ ដើម្បីយកមកប្រើប្រាស់ដើម្បីបញ្ជាក់ថាទីនេះតំបន់ការពារ ទីនោះតំបន់ការពារ មិនអាចទន្ទ្រានកាប់រុករានបាន។»

បន្ថែមពីលើនេះលោករដ្ឋមន្រ្តីថា​ នៅឆ្នាំក្រោយលោកនឹងស្វែងរកថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីទិញដ្រូន ចែកជូនតាមមន្ទីរ ទាំងអស់ឱ្យជួយការពារ ធនធានធម្មជាតិរបស់យើងកាន់តែប្រសិទ្ធភាពខ្ពស់ថែមទៀត ។ដោយសារតែ កន្លងមកតំបន់ការពារសព្វថ្ងៃមានឧទ្យានុរក្ស ចំនួន១២០០នាក់ចុះល្បាតមិនបានសព្វគ្រប់ ធៀបនឹងផ្ទៃដីតំបន់ការពារជាង៧លានហិកតា។ដូច្នេះបើមានដ្រូន មានផែនទី មន្ទីរបរិស្ថានអាចបង្ហោះមើលឃើញបានឆ្ងាយ ឃើញបានល្អហើយមានប្រសិទ្ធភាព។ លោករដ្ឋមន្រ្តីបន្តថា ក្រសួងក៏កំពុងធ្វើការជាមួយដៃគូដើម្បីទទួលបាននូវរូបភាពពីផ្កាយរណប ឆ្លុះបញ្ចាំងពីតំបន់នៅទីតាំងដែលត្រូវឈូសឆាយ ដែលត្រូវបានទន្ទា្រនយក នៅពេលដែលទទួលបានផែនទីនោះលោកនឹងបញ្ជូនទៅខេត្ត គណៈបញ្ជាការ រដ្ឋបាល រាជធានី ខេត្ត ប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធលើផ្ទៃប្រទេស និងបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ។ « ដូច្នេះមន្ទីរបរិស្ថានក៏ដូចជាគណៈបញ្ជាការឯកភាព រាជធានី ខេត្ត នឹងឃើញច្បាស់ទីតាំង កន្លែងណាដែលមានការកាប់ទន្ទ្រានយកដី អ៊ីចឹងគាត់អាចធ្វើការទប់ស្កាត់បានឬ បង្ក្រាបបានហើយ មិនមានអ្វីលាក់ទៀតទេនៅពេលនេះ យើងមានផ្កាយរណបមើលឃើញច្បាស់ណាស់។»

សម្រាប់វិធានការទី៣ លោករដ្ឋមន្រ្តីក្រសួងបរិស្ថានថា​ មានកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំងប្រដាប់អាវុធលើផ្ទៃប្រទេស ដើម្បីធ្វើយ៉ាងណាសុំឱ្យមានការអន្តរាគម៍ជួយទប់ស្កាត់នូវរាល់បទល្មើសធនធានធម្មជាតិទាំងឡាយ ដែលមាននៅក្នុងតំបន់ដែនការពាររបស់ក្រសួង៕

Share

ព័ត៌មានទាក់ទង

Image