en     km
en     km

អាណាព្យាបាល ឈរពីក្រោយ កូនខ្លួនដែលជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ទោះអ្នកដទៃរិះគន់

Share


ក្រុមអាណាព្យាបាល និងអាជ្ញាធរមូលដ្ឋាន បានបង្ហាញការទទួលយកចំពោះកូនៗរបស់ខ្លួនដែលជាអ្នកស្រលាញ់ភេទដូចគ្នា និងចង់ឱ្យរាជរដ្ឋាភិបាលផ្ដល់ច្បាប់អាពាហ៍ពិពាហ៍ដល់កូនរបស់ខ្លួនដូចប្រជាពលរដ្ឋទូទៅទៀតដែរ។ ពួកគេលើកឡើងបែបនេះក្នុងពេលដែលសហគមន៍ឥន្ទធនូកម្ពុជា ប្រារព្វសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាឆ្នាំនេះ ដោយរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាលើកដំបូង ក្នុងគោលបំណងដើម្បីបង្ហាញពីវត្តមានសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។  លោក គីម ចាន់ចាវ រាយការណ៍

លោក ចាន់ ស៊ា អាយុ ៥៧ឆ្នាំ ជាពលរដ្ឋម្នាក់មកពីខេត្តតាកែវ និងជាអាណាព្យាបាលដែលមានកូនស្រីជាអ្នកស្រលាញ់ភេទដូចគ្នា បានរៀបរាប់ថា កូនស្រីលោកបានផ្លាស់ប្ដូរអាកប្បកិរិយា ការស្លៀកពាក់ ចាប់តាំងពីនៅកុមារភាពមក ដោយតែងតែកាត់សក់ខ្លី ស្លៀកពាក់តែខោអាវមនុស្សប្រុស ខណៈដែលទៅសាលារៀន គឺត្រូវបានគ្រូបង្រៀនតែងតែស្ដីបន្ទោស ហើយថែមទាំងមកណែនាំដល់រូបលោកដែលជាអាណាព្យាបាលនេះផងដែរ។ លោកបានបន្តរៀបរាប់ថា ទោះបីកន្លងមកបានព្យាយាមអប់រំ និងធ្វើការណែនាំកូនរបស់ខ្លួនយ៉ាងណា ក៏មិនអាចធ្វើឱ្យកូនរបស់លោកផ្លាស់ប្ដូរការតុបតែងរាងកាយជាមនុស្សប្រុសបានឡើយ។

លោក ចាន់ ស៊ា ជាអាណាព្យាបាលដែលមានកូនស្រីជាអ្នកស្រលាញ់ភេទដូចគ្នា

បើតាមលោក ចាន់ ស៊ា បាននិយាយទៀតថា មកដល់ពេលនេះ កូនស្រីរបស់លោកដែលបានតុបតែងខ្លួនជាមនុស្សប្រុស គឺមានគ្រួសារហើយ ដោយរួមរស់ជាមួយមនុស្សស្រីដូចគ្នា ខណៈរូបលោកជាអាណាព្យាបាលពិបាកនឹងទទួលយកណាស់ ពីព្រោះត្រូវរងភាពអាម៉ាស់ហើយ ត្រូវបានអ្នកជិតខាងយកទៅនិយាយតៗគ្នាពីភូមិទៅភូមិទៀត។ ទោះបីជាបែបនេះក៏ដោយ លោកនិងភរិយា ដែលជាអាណាព្យាបាល មិនដែលមានបំណងចង់មកបំបែកបំបាក់ក្រុមគ្រួសាររបស់កូនខ្លួនឡើយ ប៉ុន្តែគ្រាន់តែណែនាំឱ្យពួកគាត់ប្រឹងប្រែងរកលុយឱ្យច្រើន ហើយរស់នៅឱ្យបានល្អប្រសើរជាងអ្នកដែលមានភេទផ្ទុយគ្នា។

លោកបាននិយាយថា៖ «បើខ្ញុំគិត បើយើងបារម្ភក៏មិនដឹងថាបារម្ភថាមិច បើភេទដូចគ្នាអញ្ចឹងយើងធ្វើមិច បានអនាគតទៅមានអីជាទីពឹង អាហ្នឹងមានតែចាស់ស្លាប់រៀងខ្លួនទេ។ ខ្ញុំនៅតែបន្តគាំទ្រកូនខ្ញុំ អត់មានចោលកូនខ្ញុំទេ ទោះបីលំបាកស្រណុកយ៉ាងមិចក៏នៅតែគាំទ្រកូនខ្ញុំដែរ អត់មានបង់បោះកូនចោលមិចកើត កូន បើប្រហែលកូនគេ គេជក់ថ្នាំញៀន ធ្វើបាបម៉ែឪចង់ងាប់ផង នៅតែគេគាំទ្រ»។

សប្តាហ៍មោទនភាព គឺជាកំណើតនៃសហគមន៍ឥន្ទធនូកម្ពុជា ហើយគឺជាថ្ងៃរំលឹកដល់អ្នកដែលមាននិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រផ្សេងៗគ្នា មិនត្រូវស្អប់ខ្លួនឯង មិនត្រូវប្រឆាំងខ្លួនឯង និងឈប់រស់នៅក្នុងភាពអាម៉ាស់តទៅទៀត។ ហើយកម្ពុជា បានចាប់ផ្ដើមប្រារព្វសប្ដាហ៍មោទនភាពនេះតាំងពីឆ្នាំ២០០៩ ដោយភ្ជាប់ជាមួយទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ និងអ្នកស្រឡាញ់ទាំងពីរភេទ ដែលធ្វើឡើងជារៀងរាល់ថ្ងៃទី១៧ ខែឧសភា។

អ្នកស្រី ប៉ក់ ចំរើន

អ្នកស្រី ប៉ក់ ចំរើន អាយុ ៧១ឆ្នាំ ក៏ជាអាណាព្យាបាលដែលមានកូនស្រីជាអ្នកស្រលាញ់ភេទដូចគ្នា បានរៀបរាប់ដែរថា កូនស្រីរបស់អ្នកស្រី មិនដឹងចាប់ផ្ដើមផ្លាស់ប្ដូរការគិត និងអារម្មណ៍របស់ខ្លួនឯងតាំងពីពេលណានោះទេ ប៉ុន្តែរាល់ពេលដែលមានអ្នកមកចូលស្ដីដណ្ដឹង គឺត្រូវបានបដិសេធ និងផ្ដាច់ការមិនព្រមយកឡើយ។ ប៉ុន្តែអ្នកស្រីបានឱ្យដឹងថា បន្ទាប់ពីបានជួបជាមួយកូនស្រីរបស់លោក ចាន់ ស៊ា ដែលបានតុបតែងរាងកាយជាមនុស្សប្រុស ពួកគាត់ទាំងពីរ បានចាប់ផ្ដើមស្រលាញ់គ្នា និងរួមរស់នៅជាមួយគ្នា។

ក្រោយពីកូនស្រីរបស់អ្នកស្រីរស់នៅជាមួយមនុស្សស្រីដូចគ្នាមក គឺក្រុមគ្រួសាររបស់អ្នកស្រីតែងតែត្រូវបានជិតខាងនិយាយចំអក រើសអើង ហើយថែមទាំងនិយាយមាក់ងាយមិនមានកូនចៅដើម្បីបន្តវង្សត្រកូលជាដើម។

អ្នកស្រី ប៉ក់ ចំរើន ៖ «ខ្ញុំអត់មានអារម្មណ៍អីទេ គ្រាន់តែថាចេះ កូនស្រលាញ់គ្នាហើយយើងមិនបាច់ទៅពង្រាត់បង្រាសកូននោះទេ ឱ្យគាត់ស្រលាញ់គ្នាវាទៅ ទោះជាយើងធ្វើមិចក៏នៅតែអញ្ចឹង ទោះជាយើងបំបែកក៏បំបែកមិនបាន អាហ្នឹងខ្ញុំនិយាយខ្លួនខ្ញុំ បើតាមកូនៗខ្ញុំក៏អញ្ចឹងដូចតែគ្នា ធ្វើមិចតាមដំណើរ យើងទៅតាមដំណើរអញ្ចឹងឱ្យតែកូនៗរកស៊ីមានបានម៉ែឪអរ»។

បើតាមអ្នកស្រី ប៉ក់ ចំរើន បានបន្ថែមទៀតថា កន្លងមកអ្នកស្រីធ្លាប់មានគំនិតចង់មកបំបែកបំបាក់កូនដែរ ប៉ុន្តែក្រោយពីឃើញមានក្រុមគ្រួសារមួយនៅក្នុងភូមិដែលស្រលាញ់ភេទដូចគ្នាដែរ បានរស់នៅជាមួយគ្នាសុខ និងសកម្មក្នុងការរកស៊ីមានបានជាងបុរសនិងស្ដ្រីដែលរស់នៅជាមួយគ្នា ដូច្នេះអ្នកស្រីក៏សម្រេចចិត្តមិនបំបែកបំបាក់កូន ទទួលយក និងគាំទ្រកូន។

ដោយឡែក អ្នកស្រី ពៅ សុភា ជាស្មៀនឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាត់ទុកក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចជាមនុស្សទូទៅដែរ មិនគួរណាមានការរើសអើងដល់ក្រុមពួកគាត់នោះទេ ពីព្រោះក្នុងនាមជាអាជ្ញាធរស្មើនឹងជាឪពុកម្ដាយមួយដែរ ដូច្នេះត្រូវតែផ្ដល់ក្ដីស្រលាញ់ឱ្យបានស្មើៗគ្នា ទោះបីជាស្រលាញ់ភេទដូចគ្នា ឬផ្ទុយគ្នាក៏ដោយ។ ជាមួយគ្នានេះ អ្នកស្រីសង្កេតឃើញថា មូលហេតុដែលធ្វើឱ្យស្ដ្រីស្រលាញ់ស្ដ្រី ឬក៏បុរសស្រលាញ់បុរស គឺអាចបណ្ដាលមកពីកាលពីមុនក្រុមពួកគាត់ធ្លាប់ទទួលរងអំពើហិង្សាពីដៃគូ ឬអំពើហិង្សាកាលពីកុមារភាព ហើយក៏អាចជាធម្មជាតិពីកំណើតមកផងដែរ។

អ្នកស្រី ពៅ សុភា ស្មៀនឃុំច្រេស

អ្នកស្រី ពៅ សុភា ៖ «ខ្ញុំគិតថាមុនដំបូងឪពុកម្ដាយមិនគាំទ្រទេលើអ្នកស្រលាញ់ភេទដូចគ្នា កូនប្រុសស្រលាញ់កូនប្រុស ឬកូនស្រីស្រលាញ់កូនស្រី ប៉ុន្តែបើយើងប្រាប់គាត់ហើយ គាត់នៅតែមិនតាម អញ្ចឹងចុងក្រោយយើងត្រូវតែសម្រេចចិត្តតាមគាត់ ពីព្រោះជីវិតគឺជាជីវិតរបស់គាត់មិនអញ្ចឹង។ យើងមិនអាចបញ្ជាថា កូនឯងត្រូវតែយកអ្នកនេះ ឬក៏យកអ្នកនោះបានទេ ពីព្រោះជីវិតគាត់មិនអាចដេកអោបអ្វីដែលគាត់មិនពេញចិត្តណា»។

ទន្ទឹមនេះ អ្នកស្រីសុភា បានលើកឡើងពីការគាំទ្រលើក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការបម្រើសេវាឃុំដូចទៅនឹងប្រជាពលរដ្ឋទូទៅដែរ។ លើសពីនេះ អ្នកស្រីក៏សង្កេតឃើញ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ជាផ្នែកមួយចូលរួមអភិវឌ្ឍក្នុងភូមិ-ឃុំ ជាពិសេសក្រុមពួកគាត់មិនដែលធ្វើឱ្យប៉ះពាល់ដល់សហគមន៍ ឬក៏ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់សាធារណៈនោះឡើយ។

អ្នកស្រី ពៅ សុភា បញ្ជាក់ថា៖ «បើសិនជាគាត់ស្រលាញ់ភេទដូចគ្នាហើយ ធ្វើមិចឱ្យគាត់ចេះមើលថែរក្សាគ្នាទៅវិញទៅមក ហើយធ្វើមិចកុំបង្កលក្ខណៈណាមួយដែលប៉ះពាល់ដល់សង្គមតែប៉ុណ្ណឹងទេ ហើយឱ្យឃុំរើសអើងអី គឺអត់រើសអើងទេ។ ហើយរាល់សេវាទាំងឡាយប្រសិនជាគាត់មានបញ្ហា ឬក៏ស្នើសុំមករដ្ឋបាលឃុំ ឃុំអាចជួយបាន ជួយទៅតាមលទ្ធភាពដែលអាចជួយបានដូចប្រជាពលរដ្ឋទូទៅ គឺពុំមានការរើសអើងលើគាត់ទេ»។

រីឯ កញ្ញា អែម សុខកញ្ញា អាយុ ៣០ឆ្នាំ ជាគ្រូពេទ្យដែលបម្រើការងារនៅមន្ទីរពេទ្យមួយក្នុងខេត្តកំពត បានប្រាប់ដោយទឹកមុខសប្បាយរីករាយដែលមកចូលរួមគាំទ្រការប្រកួតកីឡារបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដោយកញ្ញាមកកម្មវិធីនេះ តាមរយៈការណែនាំរបស់មិត្តភក្ដិដែលជាក្រុមអ្នកស្រលាញ់ភេទដូចគ្នា បានផ្សព្វផ្សាយឱ្យមកចូលរួមលើកចិត្តចំពោះសកម្មភាពប្រកួតកីឡានេះ។ កញ្ញាបានបន្តថា ទោះបីជាមានមិត្តភក្ដិជាអ្នកស្រលាញ់ភេទដូចគ្នាក្ដី ប៉ុន្តែសម្រាប់រូបកញ្ញា គឺមិនដែលមានការរើសអើង ស្អប់ខ្ពើម ឫក៏មិនចង់រាប់អាននោះទេ។

កញ្ញាបញ្ជាក់ថា៖ «មិត្តភក្ដិខ្ញុំគាត់អញ្ចឹង ចង់និយាយថាខ្ញុំរីករាយនូវអ្វីដែលគាត់មាន ខ្ញុំទទួលយក យើងអត់ប្រកាន់ទេ ពីព្រោះឥលូវសម័យឥលូវវាទូលំទូលាយណាស់។ ចង់និយាយប្រាប់បងប្អូនថា យើងកុំប្រកាន់ដោយសារអីមនុស្សស្រលាញ់ភេទដូចគ្នា ចង់និយាយថាគាត់ក៏នៅមានចំណុចល្អដែរ អញ្ចឹងហ្នឹងកុំស្អប់ខ្ពើមគាត់ គាត់ជាមនុស្សដូចយើងដូចគ្នា»។

ក្នុងអំឡុងពេលដែលកំពុងអង្គុយមើលក្រុមអ្នកស្រលាញ់ភេទដូចគ្នាប្រកួតបាល់ទាត់ កញ្ញាបានប្រាប់ឱ្យដឹងទៀតថា តាំងពីដើមមក គឺសម្រាប់រូបកញ្ញាមិនដែលមានចិត្តប្រកាន់ រើសអើង ក្រុមអ្នកស្រលាញ់ភេទដូចគ្នាមិនថាជាមិត្តភក្ដិរបស់ខ្លួន ឬជាអ្នកផ្សេងទៀតឡើយ។ ហើយកញ្ញាជឿថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ស្ដ្រីស្រលាញ់ស្ដ្រី បុរសស្រលាញ់បុរស គឺមិនមែនជាអ្នកដែលធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយក៏មិនមែនជាអ្នកដែលធ្វើឱ្យធនធានមនុស្សរបស់កម្ពុជាមានការថយចុះនោះដែរ។

កញ្ញា អែម សុខកញ្ញា

កញ្ញា អែម សុខកញ្ញា ៖ «អត់រើសអើងទេ អត់រើសទេ ដោយសារជាទូទៅហើយយើងអត់អាចប្រកាន់ថា តួនាទី ឋានៈគាត់ជាអ្វី ក្នុងសង្គមគាត់រាល់ថ្ងៃហ្នឹងគាត់ធ្វើមិចក៏ដោយ ទោះគាត់ស្រលាញ់គ្នាមិចក៏ដោយ ក៏យើងអត់ត្រូវរើសអើងគាត់ដែរ ពីព្រោះគាត់ជាមនុស្សដូចតែយើងដូចតែគ្នា យើងអត់ត្រូវប្រកាន់អញ្ចឹងទេ»។

ទាក់ទងនឹងព្រឹត្តិការណ៍កីឡានេះ លោក ហៀង ឈុនស៊ីន អ្នករៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាព នៃសមាគមន៍ឥន្ទធនូកម្ពុជា បានឱ្យដឹងថា នេះជាលើកដំបូងដែលសមាគមឥន្ទធនូបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ខណៈដែលរាល់ឆ្នាំការប្រារព្វសប្ដាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ និងអ្នកស្រឡាញ់ទាំងពីរភេទ គឺតែងតែរៀបចំព្រឹត្តិការណ៍សិល្បៈ។ លោកបន្តថា សម្រាប់ឆ្នាំនេះ សមាគមឥន្ទធនូបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានៅក្រុងកំពតនេះ ក្នុងគោលបំណងដើម្បីបង្ហាញឱ្យសាធារណជន បានដឹងពីវត្តមានក្រុមអ្នកស្រលាញ់ភេទដូចគ្នា ជាពិសេសបង្ហាញពីតម្រូវការដែលក្រុមអ្នកស្រលាញ់ភេទដូចគ្នា ចង់បានការទទួលស្គាល់ ទទួលយក និងការគោរព។

លោក ហៀង ឈុនស៊ីន

មួយវិញទៀត ព្រឹត្តិការណ៍នេះ លោកថា ក៏រៀបចំឡើងដើម្បីពង្រឹងទំនាក់ទំនងរវាងក្រុមអ្នកស្រលាញ់ភេទដូចគ្នា ឪពុកម្ដាយ និងអាជ្ញាធរមូលដ្ឋានដែលគាំទ្រលើក្រុមអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។

លោក ហៀង ឈុនស៊ីន ៖ «ចង់ឱ្យប្រជាពលរដ្ឋមើលឃើញអ្នកស្រលាញ់ភេទដូចគ្នា មានសមត្ថភាព មានលទ្ធភាពក្នុងការលេងកីឡាដូចប្រជាជនទូទៅដែរ។ ហើយអីដែលយើងពាក់ព័ន្ធជាមួយផ្លូវច្បាប់មួយទៀត អីដែលយើងចង់បានបំផុតនោះ គឺច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា»។

លោក ចាន់ ស៊ា ដែលមានកូនស្រីជាអ្នកស្រលាញ់ភេទដូចគ្នា បានលើកឡើងថា ទោះបីមានការគាំទ្រ និងការទទួលយកពីលោកក្នុងនាមជាឪពុកម្ដាយក្ដី ប៉ុន្តែនៅមានអ្នកផ្សេងទៀតក្នុងសង្គមមានការរើសអើង មិនគាំទ្រ មិនរាប់អាន ជាពិសេសការរួមរស់នៅរបស់ពួកគាត់មិនទាន់មានច្បាប់ទទួលស្គាល់ដូចអ្នកមានភេទផ្ទុយគ្នាឡើយ។

លោក ចាន់ ស៊ា៖ «ចង់ឱ្យវាបានរីកមុខរីកមាត់ដូចគ្នាហ្នឹង ខ្ពស់មុខខ្ពស់មាត់ដូចតែយើងជាបុរសត្រឹមត្រូវអញ្ចឹងណា ប៉ុន្តែគ្រាន់តែថាឥលូវហ្នឹង ពុងតែថាខ្លាចតែច្បាប់ហ្នឹងគេមិនធ្វើច្បាប់ការឱ្យយើង អីឱ្យយើងហ្នឹង យើងនៅបារម្ភអាហ្នឹង ឱ្យវាចេញបានសំបុត្រអាពាហ៍ពិពាហ៍ហ្នឹងដូចគេដូចឯងអញ្ចឹងណា ឱ្យជួយជំរុញគ្នាឱ្យបានទៅកន្លែងហ្នឹងឱ្យបានហ្នឹងច្បាស់លាស់អាហ្នឹងមក ឱ្យគ្នាមានសិទ្ធិសេរីភាពដូចយើងគ្រប់គ្នាអញ្ចឹង»។

លោកបានបន្ថែមទៀតថា បើសិនជារាជរដ្ឋាភិបាល ទទួលស្គាល់ និងចេញច្បាប់អាពាហ៍ពិពាហ៍នេះឱ្យកូនរបស់លោក គឺពិតជាល្អណាស់ ពីព្រោះកូនរបស់លោកនឹងត្រួវទទួលស្គាល់យ៉ាងពេញសិទ្ធិ មានមុខមានមាត់ក្នុងសង្គមដូចក្រុមគ្រួសារផ្សេងទៀតដែរ។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានេះដែរ លោកឈុនស៊ីន បានឱ្យដឹងទៀតថា អ្នកចូលរួមកម្មវិធីនេះ គឺចម្រុះទាំងភេទ ចម្រុះទាំងយេនឌ័រ និងចម្រុះទាំងខេត្ត ក្នុងនោះមានក្រុមអ្នកស្រលាញ់ភេទដូចគ្នា ឪពុកម្ដាយ និងអាជ្ញាធរ សរុបប្រមាណជាង ៥០នាក់ មកពីបណ្ដាលរាជធានី-ខេត្តចំនួន៦រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង តាកែវ កំពង់ឆ្នាំង កំពត និងខេត្តកណ្ដាល៕

Share

ព័ត៌មានទាក់ទង

Image