ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទាំងសេដ្ចកិច្ច និងសង្គមជាតិ។ ជាមួយគ្នានេះប្រជាពលរដ្ឋមួយចំនួនអាចនឹងប្រឈមបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ រួមទាំងខ្វះទឹកសម្រាប់ធ្វើកសិកម្ម តាមមូលដ្ឋាននៅតំបន់ជនបទ ដោយសារតែគ្រោះរាំងស្ងួត អាកាសធាតុប្រែប្រួលដោយកត្តាមិនមានភ្លៀងធ្លាក់ទៀងទាត់ និងបញ្ហាផ្សេងៗជាច្រើនទៀត ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាសកល ក្រសួងពាក់ព័ន្ធ វិស័យសាធារណៈ និងឯកជន រួមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ បានមកជួបជុំគ្នាក្នុងវេទិកាពិភពលោក ស្តីពីសកម្មភាពអាកាសធាតុ ២០២៤ នៅកម្ពុជា ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។
នៅក្នុងវេទិកានេះក្រសួងបរិស្ថាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ឱ្យបានអតិបរិមានៅសូន្យ នៅឆ្នាំ២០៥០ តាមរយៈការបង្កើនគម្របព្រៃឈើ ឱ្យបាន៦០ភាគរយ បណ្តុះ និងចែកកូនឈើ ឱ្យបាន ១លានដើមជូនដល់សាធារណជន ដាំដោយឥតគិតថ្លៃ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការប្រើប្រាស់រថយន្តអគ្គិសនី និងការណែនាំពីបច្ចេកវិទ្យាថ្មីៗជាដើម។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ការរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅ ស្អាត បៃតង និងចីរភាព ដែលបានកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ជាក់ស្តែងលោករដ្ឋមន្រ្តី បានលើកឡើងជាភាសាអង់គ្លេសតាមរយៈអ្នកបកប្រែថា ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាល នៃចំនួនប្រជាពលរដ្ឋសរុប បានកំពុងចូលរួម ក្នុងយុទ្ធនាការ ថ្ងៃនេះ ខ្ញុំ មិនប្រើប្លាស្ទិកទេ។ បន្ថែមពីលើនេះ ក្រសួងបរិស្ថាន ក៏បានកំពុងបន្តទៅជំហ៊ាន២ ដោយពិធីប្រកាសបើកយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ដើម្បើឱ្យកម្ពុជាកាន់តែស្អាត និងមានផាសុកភាព។
«Happily, for 8 months and 24 days, more than half of the population of Cambodia joined the campaign, and then I moved on to the next campaign yesterday. Clean Cambodia Khmer can do it.»
កញ្ញា ហេង ច័ន្ទរតនា អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោ ដែលបានចូលរួមក្នុងវេទិកា វេទិកាពិភពលោក ស្តីពីសកម្មភាពអាកាសធាតុ ២០២៤បានបង្ហាញនូវចំណាប់អារម្មណ៍ថា វេទិកានេះពិតជាមានអត្ថប្រយោជន៍ច្រើន។ ដោយឡែកទាក់ទងទៅនឹងការប្រែប្រួលកាអាសធាតុ កញ្ញាបានលើកពីបញ្ហាដែល មួយរយៈនេះ មានការកើនឡើងកំដៅ ហើយទាមទារឱ្យគ្រប់ភាគីចូលរួមដោះស្រាយ ។
«ចំពោះការឡើងកម្តៅ មួយរយៈហ្នឹងកើនឡើងក្តៅមែនទែន ហើយយើងក៏ដឹងដែរថាអាចមកពីកត្តាជាច្រើនដែលវារួមផ្សំគ្នា អ៊ីចឹងដូចដែរឯកឧត្តមបានមានប្រសាសន៍ហើយថា រដ្ឋាភិបាលគាត់មានយន្តការ យុទ្ធនាការជាច្រើនដូចជា ភាពស្អាត បៃតង និងចីរភាពដែលវាទាមទារការចូលរួមពីមនុស្សគ្រប់រូប អ៊ីចឹងយើងដឹងហើយថាវាកើនកម្តៅ ដើម្បីលប់បំបាត់ ឬកាត់បន្ថយការកើនឡើងកម្តៅ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក្នុងសង្គម មានតួនាទីអ្វីដើម្បីបានរួមចំណែកបន្តិចៗជាមួយរដ្ឋាភិបាលខ្លះវិញដែរ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនទាន់មានឱកាសចូលរួមយុទ្ធនាការដាំដើមឈើទេ ធ្លាប់មានយុទ្ធនាការដែរតែចំថ្ងៃខ្ញុំរវល់ តែអាចនិយាយបានថា អាចជួយដូចជាការទិញរបស់ប្រើប្រាស់បើមិនយកប្លាស្ទិកបានគឺអត់យកទេ បើមានដបទឹកខ្លួនឯងប្រើរបស់ខ្លួនឯងវិញ អ៊ីចឹងអាចព្យាយាមបន្តិចៗខ្ញុំគិតថាវាច្រើនបើយើងសន្សំបន្តិចៗពីមនុស្សម្នាក់ទៅមនុស្សម្នាក់»។
ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះដែរ កញ្ញា ដានីអេឡា សេហាឌី មន្រ្តីគោលនយោបាយផ្នែកបម្រែបម្រួលអាកាសធាតុ នៃស្ថានទូតអង់គ្លេសប្រចាំនៅភ្នំពេញ បានចាប់អារម្មណ៍ថា ប្រជាជនដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ភាគច្រើនរស់នៅតាមតំបន់ជនបទ គឺជាកសិករ ដែលប្រកបរបរកសិកម្ម រួមទាំងផ្នែកសុខាភិបាលផងដែរ ។ កញ្ញា បានលើកឡើងថា «រឿងនេះខ្ញុំជឿជាក់យ៉ាងមុតមាំថា ដោយមានការរៀបចំផែនការ ការសម្របសម្រួល និងការរៀបចំត្រឹមត្រូវ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋានតាមខេត្តអាចដោះស្រាយបាន។ ដូច្នេះនៅពេលដែលហិរញ្ញវត្ថុត្រូវបានបញ្ជូនទៅអាជ្ញាធរមូលដ្ឋានដើម្បីបន្តការកសាងទីក្រុង និងការសាងសង់ ជំនួសឱ្យការគិតជានិច្ចថាខ្ញុំត្រូវសាងសង់ផ្លូវ និងស្ពានថ្មី ខ្ញុំគិតថាត្រូវសាងសង់ប្រឡាយបន្ថែមទៀតនៅសងខាងផ្លូវ។ ដូច្នេះនៅពេលមានភ្លៀងធ្លាក់ មានផ្លូវសម្រាប់ទឹកនោះចេញ។ ខ្ញុំគិតថាត្រូវការសាងសង់ស្រះបន្ថែម ហើយ ត្រូវដាំដើមឈើបន្ថែមទៀត ដូចក្រសួងបរិស្ថានបាននិយាយ»។
ដោយសារតែដើមឈើអនុញ្ញាតឱ្យមានការជ្រៀតចូលនៃទឹកភ្លៀងទៅក្នុងដី ហើយវាមានឫសខាំជាប់នឹងដី ដើម្បីការពារការហូរច្រោះ ជំនួសឱ្យការសាងសង់ផ្លូវរបស់អ្នកនៅលើដី មន្រ្តីគោលនយោបាយផ្នែកបម្រែបម្រួលអាកាសធាតុ នៃស្ថានទូតអង់គ្លេសរូបនេះ លើកទឹកចិត្តឱ្យមានការសាងសង់ទំនប់ដើម្បីទប់ទឹក។ «ចូរសាងសង់ទំនប់របស់អ្នកពីលើដីកន្លះម៉ែត្រ។ ដូច្នេះ ទាំងនេះគឺជារឿងតិចតួចដែលយើងអាចពិចារណាសម្រាប់ការរចនាទីក្រុងនៃភូមិដែលអាចការពារទឹកជំនន់។ ហើយគ្រោះរាំងស្ងួតក៏មិនពិបាកទប់ស្កាត់ដែរ។ ឧទាហរណ៍ បើអ្នកអាចប្រមូលទឹកនៅលើដំបូលក្នុងរដូវវស្សា ហើយចាក់ទឹកនោះចូលទៅក្នុងដី ពេលនោះពេលមានគ្រោះរាំងស្ងួត អ្នកមានទឹកក្រោមដីគ្រប់គ្រាន់ក្នុងរដូវប្រាំងដើម្បីទាញយកមកប្រើប្រាស់»។
ក្នុងនាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបន្តថា នៅឆ្នាំក្រោយគឺលោក នឹងរៀបចំនូវថ្នាលបណ្តុះដើមឈើចំនួន៥ ទីតាំងដែលអាចបណ្តុះកូនឈើបាន១០លាន កូនឈើនៅក្នុងមួយឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងការដាំដុះ។ បន្ថែមពីលើនេះ លោកថា នឹងជួយបណ្តុះបណ្តាលសិស្សឱ្យចេះបណ្តុះកូនឈើ ស្រលាញ់ដើមឈើ ក្នុងការចូលរួមថែទាំដើមឈើ ហើយនៅជំនាន់ក្រោយ គឺយើងនឹងមានកម្ពុជាបៃតងមួយដែលល្អប្រសើរ៕