en     km
en     km

អ្នកចូលរួមព្រឹត្តិការណ៍ជិះកង់១០០០គីឡូម៉ែត្រដើម្បីបរិស្ថានជំរុញឱ្យជនរួមជាតិរួមគ្នាថែរក្សាការពារបរិស្ថាន

Share

ភ្នំពេញ៖ យុវជនចំនួន២៥នាក់បានចាប់ផ្តើមយុទ្ធនាការជិះកង់ចម្ងាយ១០០០គីឡូម៉ែត្រដើម្បីបរិស្ថានដោយចាប់ផ្តើមចេញដំណើរពីក្រុងបានលុងនៃខេត្តរតនៈគិរីកាលពីថ្ងៃទី០៦ ខែឧសភា និងគ្រោងបញ្ចប់នៅខេត្តកំពតនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៤។ អ្នកចូលរួមជាយុវជនមួយចំនួនបានប្រាប់សិក្ខា កាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា ការចូលរួមរបស់ពួកគេនេះ ជាសារមួយដើម្បីជំរុញដល់សាធារណជនឱ្យយកចិត្តទុកដាក់រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ខណៈបញ្ហាការប្រែប្រួលអាកាសធាតុពោលគឺការឡើងកម្តៅភពផែនដីកាន់តែបង្កផលប៉ះពាល់ជាអវិជ្ជមានដល់មនុស្សជាតិនិងបរិស្ថានកាន់តែអាក្រក់ឡើងៗ។

សកម្មភាពក្រុមយុវជនជិះកង់ដើម្បីបរិស្ថានមួយពាន់គីឡូម៉ែត្រ។

យុវជនចំនូន២៥រូបក្នុងនោះមានស្រ្តីចំនួន១០នាក់ បានផ្តើមជិះកង់ចម្ងាយ១ ០០០គីឡូម៉ែត្រ ដែលជាយុទ្ធនាការចូលរួមក្នុងទិវាបរិស្ថានពិភពលោក ក្នុងន័យលើកកម្ពស់ការយល់ដឹងពីការការពារធនធានធម្មជាតិ និងការពារការកាប់បំផ្លាញព្រៃឈើ។

ការជិះកង់ឆ្លងកាត់វាលចូលស្រុក ឆ្លងស្រុកកាត់តាមផ្សារនេះ គ្រោងធ្វើឡើងរយៈពេល២០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី៦ ខែឧសភា និងអាចគ្រោងបញ្ចប់ទៅវិញនៅថ្ងៃទី២៤ ខែឧសភា ដោយក្រុមយុវជនចេញដំណើរពីខេត្តរតនគិរី និងបញ្ចប់នៅខេត្តកែប ក្នុងគោលបំណងជំរុញដល់សាធារណជនឲ្យចូលរួមសកម្មថែមទៀតក្នុងកិច្ចការពារបរិស្ថាន និងការយល់ដឹងពីការប្រែប្រួលអាកាសធាតុ។

សកម្មភាពក្រុមយុវជនជិះកង់ដើម្បីបរិស្ថានមួយពាន់គីឡូម៉ែត្រ។

លោក អួត ឡាទីន មន្រ្តីសម្របសបម្រួលគម្រោងនៃបណ្ដាញយុវជនកម្ពុជាប្រាប់សិក្ខាកាមWMCថា យុទ្ធនាការជិះកង់ចម្ងាយ១០០០គីឡូម៉ែត្រនេះ មានគោលបំណងសំខាន់ៗចំនួន៤ គឺទី១ អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤ទី២ ជំរុញរាជរដ្ឋាភិបាលអនុវត្តន៍ច្បាប់បរិស្ថាន និងគោលនយោបាយស្ដីពីការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរ។ រីឯចំណុចទី៣វិញ ជំរុញឱ្យរាជរដ្ឋាភិបាលផ្ដល់បរិយាកាសកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដល់សាធារណជន ជាពិសេសសកម្មជនបរិស្ថាន ឱ្យពួកគេមានសិទ្ធិអំណាចពេញលេញក្នុងការចូលរួមកិច្ចការពារបរិស្ថាន ដោយពុំមានភាពភ័យខ្លាច និងពុំមានការធ្វើទុក្ខបុកម្នេញ។និងចំណុចទី៤ចុងក្រោយ  ក្រុមអ្នកធ្វើយុទ្ធនាការជិះកង់ដើម្បីបរិស្ថានចង់ឃើញយុវជនកម្ពុជាជាពិសេសសាធារណជនទូទៅចូលរួមយ៉ាងផុសផុលក្នុងការចូលរួមការពារធនធានធម្មជាតិ និងចូលរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅថ្ងៃអនាគត។

សម្រាប់លោក អួត ឡាទីន មូលហេតុដែលក្រុមយុវជបធ្វើយុទ្ធនាការជិះកង់នេះ ដ្បិតកម្មវិធីជិះកង់នេះស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលរងការបម្រែបម្រួលអាកាសធាតុ ហើយជះឥទ្ធិពលរលកកម្ដៅនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង។ ចំណុចសំខាន់របស់យុទ្ធនាការ ក៏ចង់បង្ហាញបញ្ហាការបម្រែបម្រួលអាកាសធាតុដែលធាតុពិតគឺជះឥទ្ធិពលដល់មនុស្សជាតិគ្រប់គ្នា។

សកម្មភាពក្រុមយុវជនជិះកង់ដើម្បីបរិស្ថានមួយពាន់គីឡូម៉ែត្រ។

លោក អួត ឡាទីន ៖«ដូច្នេះបេសកកម្មនៃជីវិតយើងទាំងអស់គ្នានេះ គឺចូលរួមការពារធនធានធម្មជាតិដើម្បីចូលរួមចំណែកក្នុងការការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ។ ពីព្រោះយើងឃើញហើយថាការបម្រែបម្រួលអាកាសធាតុក្នុងប្រទេសកម្ពុជារបស់យើងគឺមានការបាត់បង់មានការថមថយគួរអោយអារម្មណ៍ជាខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយប្រសិនបើប្រជាពលរដ្ឋអត់ចូលរួមហើយរាជរដ្ឋាភិបាលមិនអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹង និងមិនអនុវត្តន៍តាមគោលនយោបាយ ហើយរឹតត្បិតនៅពេលមានការចូលរួមពីសំណាក់ប្រជាពលដ្ឋសកម្មជននោះបញ្ហានេះនឹងជះឥទ្ធិពលនេះកាន់តែខ្លាំង និងធំឡើងៗ»។

សកម្មភាពក្រុមយុវជនជិះកង់ដើម្បីបរិស្ថានមួយពាន់គីឡូម៉ែត្រ។

បើទោះបីជាការជិះកង់នេះមានការពិបាកខ្លះៗ និងពេលខ្លះត្រូវជិះក្រោមកម្តៅថ្ងៃយ៉ាងណាក្តី តែក្រុមយុវជនហាក់មិនរាថយនោះទេ ព្រោះទឹកចិត្តដែលពួកគេចង់ធ្វើដើម្បីផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ និងរកដំណោះស្រាយជូនប្រទេសជាតិ បានញុំាងសេចក្តីត្រេកអរជាមួយស្នាមញញឹមឡើងមក។ នៅតាមដងផ្លូវឆ្លងកាត់ភូមិស្រុកស្នាមញញឹមឈរស្វាគមន៍ក្បួនកង់ប្រកបដោយភាពរួសរាយរាក់ទាក់ពីប្រជាជន និងក្មេងៗ គឺជាកម្លាំងចិត្តធំធេងរួមចំណែកឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅបានយ៉ាងរលូន។

កញ្ញា ថុង ឈីងជាវ និស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលសាធារណៈនិងជាយុវជនហាត់ការនៃសមាគមយុវជនកម្ពុជា និយាយថា ការចូលរួមជិះកង់ចម្ងាយ១០០០គីឡូម៉ែត្រនេះ គឺជារឿងដ៏អស្ចារ្យសម្រាប់កញ្ញា ដោយសារតែយុទ្ធនាការនេះជាលើកទីមួយសម្រាប់ខ្លួន។ កញ្ញាបន្តថា ការជិះកង់ធ្វើដំណើរសម្រាក់តាមផ្លូវពោលគឺយប់នៅទីកន្លែងណាគេងនៅកន្លែងនោះ។ ឈីងជាវ បញ្ជាក់ទៀតថា ពេលមានសមាជិកជួបបញ្ហាសុខភាព គឺពួកយើងជួយគ្នាទៅវិញទៅមកជាពិសេសកម្លាំងចិត្តរបស់អ្នកចូលរួម និងអ្នករៀបចំកម្មវិធីដែលចេះជួយយកអាសន្នគ្នា។ សម្រាប់កញ្ញាបញ្ហាទាំងនេះពុំជាឧបសគ្គនោះទេ ដ្បិតក្រុមយុវជនមានគោលដៅរួមគឺចូលរួមថែររក្សាការពារបរិស្ថានទាំងអស់គ្នា។

សកម្មភាពជិះកង់ដើម្បីបរិស្ថានមួយពាន់គីឡូម៉ែត្រ។

កញ្ញា ថុង ឈីងជាវ ៖«ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំនៅតែចូលរួម ដើម្បីផ្សព្វផ្សាយទៅកាន់ប្រជាជនជាពិសេសបងប្អូននៅតាមសហគមន៍ និងនៅតំបន់ដែលរងគ្រោះ។ លើសពីនេះទៀតនៅពេលមានយើងឈប់ទិញរបស់ហូបខ្លះៗ ក៏មានប្រជាជនបានជជែកសួរនាំពួកយើងថា តើធ្វើដើម្បីអ្វី? ហើយពួកយើងក៏បានពន្យល់ប្រាប់ពួកគាត់ ទាក់ទងទៅនឹងអ្វីដែលយើងកំពុងធ្វើ។ ប៉ុន្តែពួកគាត់មិនជឿយើងនោះទេដោយសារតែពួកគាត់គិតថាយើងធ្វើឡើងដើម្បីតែលុយ។ ទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែបន្តយុទ្ធនាការនេះក្នុងនាមជាយុវជនម្នាក់ធ្វើដើម្បីប្រទេសជាតិមាតុភូមិក៏ដូចជាពិភពលោកទាំមូលផងដែរអោយពួកគាត់បានដឹងលឺ និងចូលរួមថែររក្សាការពារបរិស្ថានទាំងអស់គ្នា»។

កញ្ញា ថុង ឈីងជាវ។

រីកឯអ្នកចូលរួមយុទ្ធនាការម្នាក់ទៀតគឺយុវតី រ៉ុម យ៉ារី ជានិស្សិតបរិស្ថាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយថា ដការចូលរួមរបស់កញ្ញាពេលនេះ គឺចង់ចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុទៅកាន់សាធារណជន និងជំរុញឲ្យមានការអនុវគោលនយោបាយជាតិ អន្តរជាតិ ពិសេសសំណូមពរសូមជួយរកដំណោះស្រាយ ពាក់ព័ន្ធនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

យុវតី រ៉ុម យ៉ារី ជានិស្សិតបរិស្ថាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំណែកលោក ចាន់ សារឿន ជាយុវជននៃបណ្ដាញព្រៃឡង់ន៍ លើកឡើងដែលថា ការចូលរួមសកម្មភាពជាច្រើនថ្ងៃបែបនេះ ដោយសារតែលោកមើលឃើញពីស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋ ឬជាយុវជន ពុំសូវទាន់ចូលរួមដឹងលឺទាក់ទងទៅនឹងបញ្ហាបរិស្ថាននៅកម្ពុជាក៏ដូចជាពិភពលោកបានច្រើន និងគ្រប់ជ្រុងជ្រោយនៅឡើយនោះទេ។ ជាពិសេសទាក់ទងទៅនឹងការប្រើប្រាស់ថង់ប្លាស្ទិក ការកាប់រានដីព្រៃជាពិសេសនៅតំបន់ការពារធម្មជាតិដើម្បីធ្វើជាកម្មសិទ្ធិឯកជន។

លោក ចាន់ សារឿន ជាយុវជននៃបណ្ដាញព្រៃឡង់ន៍។

សូមជម្រាបថា យុទ្ធនាការ​នេះ​នឹង​មាន​រៀប​ចំ​ជា​សកម្មភាព​មួយ​ចំនួន​ដូច​ជា​ការ​ដាំ​កូន​កោង​កាង​ ការ​ជួប​ជុំ​ជា​មួយ​សហគមន៍​នានា និង​ការ​រៀប​ចំ​វេទិកា​មួយ​​នៅ​ទី​ក្រុង​ភ្នំពេញ​​​។​ វេទិកាសាធារណៈនេះ​នឹង​រៀប​ចំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ព្រមទាំងការ​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន​ ហើយ​យុទ្ធនាការ​នេះ​នឹង​រៀប​ចំ​បន្ទាប់​ពី​យុទ្ធការជិះ​កង់​បន្ត​រហូត​ដល់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០២៤​។​

ក្នុងសកម្មភាព​ជិះ​កង់នោះទៀតសោត យុវជន​បាន​ស្រែកសារ​មាន​ន័យ​អប់​រំ​រយៈពេល​ពី​ប្រាំទៅ​១០នាទី ​ដើម្បី​ដាស់​ស្មារតី​សាធារណជន​​អំពីកិច្ច​ការ​ពារ​ធនធាន​ធម្មជាតិ​ពេល​បាន​មក​ដល់​តំបន់​ប្រជុំជន​នានា​ក្នុង​ខេត្ត​រតនគិរី​។ ក្រុម​យុវជន​ទាំង​នោះ​ក៏​បាន​ចូល​ជួប​ជា​មួយ​សហគមន៍​មូលដ្ឋាន​ក្នុងស្រុក​សេសាន ​ខេត្ត​ស្ទឹង​ត្រែង ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​វារីអគ្គិសនី​​ផង​ដែរ។​ ពិសេសជាងនេះ ក្រុម​យុវជន​ក៏​បាន​ចំណាយ​ពេល​ពី​រថ្ងៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ ជា​កន្លែង​ដែល​អ្នក​ទាំង​នោះ​បាន​សង្កេត​ឃើញថា​នៅ​​បន្ត​មាន​ការ​កាប់​ឈើ និង​ការ​ឈូស​ឆាយ​ដីព្រៃ​ក្នុង​តំបន់​ការពារ​​៕

អត្ថបទខ្លីសរសេរកញ្ញា ឡា ស្រីម៉ាច សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

ព័ត៌មានទាក់ទង

Image