ក្នុងសភាពជាពលរដ្ឋសកម្មម្នា្កក់ ពិតជាមានបញ្ហាប្រឈមច្រើន ដែលត្រូវសម្របខ្លួនក្នុងការដោះស្រាយបញ្ហា មិនថាបញ្ហាប្រឈមជាមួយខ្លួនឯង គ្រួសារ មិត្តភក្កិ សាលារៀន ឬបងប្អូនអ្នកជិតខាងនោះទេ។ យុវតី ណុប ស្រីពេជ្រ ក៏មិនពីយុវជនដទៃទៀតដែរ ជីវិតរបស់ស្រីពេជ្រ រស់នៅជាមួយគ្រួសារតាំងពីកុមារភាព មានការយកចិត្តទុកដាក់ ថ្នាក់ថ្មម ដូចកូនៗដទៃៗទៀតជាគ្រួសារមួយដែលមានជីវភាពសមរម្យល្មម។ ប៉ុន្តែអ្វីដែលស្រីពេជ្រខុសប្លែកពីយុវជនដទៃ ត្រង់ថា ស្រីពេជ្រ បានខិតខំប្រឹងប្រែង និងជម្នះភាពភ័យខ្លាចរបស់ខ្លួន ហើយហ៊ានប្រឈមមុខនឹងបញ្ហានានា ដើម្បីជាផ្នែកមួយក្នុងការចូលរួមកិច្ចការងារសង្គម ក្នុងនាមជាពលរដ្ឋសកម្មម្នាក់ដែលលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តជាដើមក្នុងការធ្វើរឿងទាំងអស់នេះ។
តើខ្សែជីវិតរបស់ យុវតី ណុប ស្រីពេជ្រ បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?
ហើយមានបុព្វហេតុអ្វីខ្លះដែលជំរុញចិត្តស្រីពេជ្រឲ្យមានឆន្ទ:ក្នុងការឈឺឆ្អាល និងចូលរួមក្នុងកិច្ចការងារសង្គម ដោយប្រើសំឡេងរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និង អហិង្សា?
យុវតី ណុប ស្រីពេជ្រ កាលទៅកោះកុងក្រៅ។រូបភាពពី សួ សុវណ្ណិកា។
រឿងរ៉ាវក្នុងសង្គម ភាពអយុត្តិធម៌របស់ជនរងគ្រោះនៅតាមតំបន់មួយចំនួន បានញុំាងឱ្យយុវតីក្មេងខ្ចីមួយរូបគឺ កញ្ញា ណុប ស្រីពេជ្រ កាន់តែចង់ចូលរួមស្វែងរកភាពយុត្តិធម៌ជូនជនរងគ្រោះ។«ពេលដែលខ្ញុំចុះទៅសហគមន៍ហ្នឹង ខ្ញុំមើលឃើញថា នៅសហគមន៍សេសាន ភូមិក្បាលរមាស នៅខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋនៅហ្នឹង គឺពួកគាត់ទទួលរងគ្រោះ ហើយពួកគាត់ទទួលបានសំណងដែលមិនសមរម្យពីសំណាក់រដ្ឋាភិបាលឬអាជ្ញាធរផ្ទាល់នៅតំបន់ហ្នឹង។ ផ្ទះ និងដំណាំអីរបស់ពួកគាត់ ត្រូវបានខ្ទិចខ្ទីដោយសារតែធ្វើទំនុកវារីអគ្គិសនីសេសានក្រោម២ ហើយពួកគាត់នៅតែតស៊ូព្យាយាមតវ៉ា រហូតដល់មានការចោទប្រកាន់ឡើងតុលាការ។»
រឿងហេតុដែល ស្រីពេជ្រ បានរៀបរាប់ខាងលើនេះកើតឡើងអំឡុងឆ្នាំ២០២៣ គ្រាដែលកញ្ញា បានចូលរៀនវគ្គបណ្ដុះបណ្ដាលមួយចំនួនទាក់ទងនឹងមេរៀនដែលផ្សារភ្ជាប់ទៅនឹងការចូលរួមធ្វើការងារសង្គម ហើយបានចុះទៅធ្វើកម្មសិក្សាទៅសហគមន៍មួយចំនួន។ ដោយបានឃើញរូបភាពនិងសកម្មភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍នោះរងភាពអយុត្តិធម៌ ទើបធ្វើឲ្យយុវតីរូបនេះសម្រេចចិត្តបន្តសកម្មភាពជាពលរដ្ឋសកម្មឬសកម្មជនសង្គមនេះរហូតមកទល់ពេលបច្ចុប្បន្ន។
សកម្មភាពរបស់យុវតី ណុប ស្រីពេជ្រ ចូលរួមការតវ៉ានានាកាលពីពេលកន្លងទៅ។រូបភាពពី សួ សុវណ្ណិកា។
យុវតី ណុប ស្រីពេជ្រ ដែលទើបមានវ័យ ២០ឆ្នាំ សព្វថ្ងៃកញ្ញាតែងចូលរួមរាល់សកម្មភាពនានាជាមួយជនរងគ្រោះក្នុងការស្វែងរកដំណោះស្រាយសមរម្យតាមរយៈការបញ្ចេញសម្លេងរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋដែលមានសិទ្ធិបញ្ចេញមតិជាមូលដ្ឋាន។ ជាកូនស្រីម្នាក់ក្នុងចំណោមបងប្អូន៥នាក់ ស្រីពេជ្រ ដែលស្ថិតក្នុងគ្រួសារកសិករក្នុងភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូកខេត្តកំពត បានរៀបរាប់ពីខ្សែជីវិតដែលធ្លាប់ឆ្លងកាត់ការលំបាកផ្នែកជីវភាពកាលពីកុមារភាពមុនក្លាយខ្លួនជាសកម្មជនសង្គមយ៉ាងដូច្នេះថា៖
«តាំងពីតូចមក រឿងដែលខ្ញុំចាំមិនភ្លេច តែងតែនូវនឹកដល់វាគឺថា៖ នៅពេលខ្ញុំរៀនថ្នាក់ទី៦ គឺខ្ញុំចាប់ផ្ដើមចេះរកលុយឲ្យម៉ាក់ប៉ា ដែលកាលនុងគ្រួសារយើងក្រីក្រ ដល់ពេលអញ្ចឹងទៅពេលខ្ញុំចេញពីរៀន ខ្ញុំត្រូវទៅផ្ទះរកទំពាំង រកអី ឡើងភ្នំឡើងអី ដើម្បីយកលុយទៅរៀន ខ្លះឲ្យម៉ាក់ទិញម្ហូបញុំាជួបជុំគ្រួសារ។ហើយខ្ញុំរកទំពាំងតាំងពីថ្នាក់ទី៦ដល់ទី១១បានឈប់ ព្រោះត្រូវយកលុយមករៀន។»
យុវតី ណុប ស្រីពេជ្រ កាលនៅរៀន។រូបភាពពី សួ សុវណ្ណិកា។
ក្រោយបានបញ្ចប់ថ្នាក់វិទ្យាល័យនៅស្រុកកំណើត យុវតី ណុប ស្រីពេជ្រ បានសម្រេចចិត្តចាកចេញពីស្រុកកំណើត ដើម្បីមកបន្តការសិក្សានៅឯរាជធានីភ្នំពេញ។ បន្តបន្ទាប់មកគឺនៅឆ្នាំ២០២១ ស្រីពេជ្រ បានមករស់នៅភ្នំពេញដោយរហូតមកដល់ពេលនេះគឺជិត៤ឆ្នាំមកហើយ ដែលស្រីពេជ្របានសិក្សាផ្នែកសង្គមវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ស្រីពេជ្រ បានបន្តថា ខ្លួនធ្លាប់ចូលរួមសកម្មភាពជាពលរដ្ឋសកម្ម ដោយក្នុងនោះមានសកម្មភាព ៣ ធំៗដែលកញ្ញាបានធ្វើ៖ទី១-ហែរញាតិជាមួយសកម្ម ជនចលនាមាតាធម្មជាតិ ទី២-ការតស៊ូនិងការស្វែងរកយុត្តិធម៌ឲ្យយុវជន៣នាក់ទៅទទួលពាន Livelihood នៅក្រៅប្រទេស និងទី៣-ការធ្វើធម្មយាត្រាដើរពីស្ពានព្រែកព្នៅទៅកាន់ទីលានប្រជាធិបតេយ្យ។ ស្រីពេជ្រ៖«សកម្មភាពទីមួយ៖ដែលខ្ញុំបានធ្វើគឺហែរញត្តិជាមួយនឹងសកម្មជនជាមួយចលនាមាតាធម្មជាតិ ដែលធ្វើទៅលើការកាប់ឧទ្យានជាតិឲ្យទៅក្រុមហ៊ុនឯកជន(ដែលដើរពីផ្សាររាត្រី ទៅដល់ក្រសួងបរិស្ថាន ដើម្បីយកញត្តិទៅឲ្យខាងក្រសួងពិនិត្យមើល)។ ពីថ្ងៃក្រោយមកក្រសួងឆ្លើយតប៖ សកម្មភាពដែលពួកយើងធ្វើវាប្រាសចាក ហើយក្បត់មនសិការជាតិ។ សកម្មភាពទីពីរ៖ គឺការតស៊ូនៅស្វែងរកយុត្តិធម៌ឲ្យយុវជនបីនាក់ទៅទទួលពានឡាយលីហូត(Livelihood )នៅប្រទេសក្រៅ (ដែលដើរពីផ្សាររាត្រីដដែល ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ដើម្បីដាក់ញត្តិដូចគ្នា) ដែលធ្វើសកម្មភាពដោយមានការពាក់អាវខ្មៅ មានការដាក់ច្រវាក់ ដាក់អីផង មានការស្រែក ដើម្បីស្វែងរកយុត្តិធម៌ ឲ្យពួកគាត់ចេញទៅទទួលពាននៅក្រៅប្រទេស។«ដោយសារតែមើលឃើញថាពាននោះមានតម្លៃ ជាពានរបស់ពួកយើងទាំងអស់គ្នា មិនមែនជាពានរបស់ចលនាមាតាធម្មជាតិតែមួយនោះទេ»។សកម្មភាពទីបី៖ កាលពីថ្ងៃទី 10 ធ្នូដែលជាថ្ងៃទិវាសិទ្ឋិមនុស្សអន្តរជាតិ (ចូលរួមធ្វើធម្មយាត្រាដើរពីស្ពានព្រែកព្នៅមកកាន់ទីលានប្រជាធិបតេយ្យដែលមានរយៈចម្ងាយឆ្ងាយខ្លាំងមែនទែន ច្រើនគីឡូខ្លាំងមែនទែន ដើរជាមួយព្រះសង្ឃ ហើយមានការកាន់ជាបដា កាន់ជាស្លាកទាក់ទងទៅនឹងសីល៥។
សកម្មភាពរបស់យុវតី ណុប ស្រីពេជ្រ ចូលរួមការតវ៉ាស្វែងរកយុត្តិធម៌ឲ្យយុវជនបីនាក់ទៅទទួលពានឡាយលីហូត(Livelihood )នៅប្រទេសក្រៅ។រូបភាពពី សួ សុវណ្ណិកា។
តាមរយៈសកម្មភាពទាំងប៉ុន្មានដែលយុវតីរូបនេះបានចូលរួមសកម្មភាព បុព្វហេតុទាំងអស់នេះហើយ បានជំរុញឲ្យស្រីពេជ្រ ចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ចាស់ៗ ដែលធ្លាប់តែចេញពីបន្ទប់ទៅរៀន មកពីរៀនធ្វើកិច្ចការសាលា ហើយទៅរៀននិងចេញពីរៀនមកផ្ទះវិញ ឱ្យមកចេះឈឺឆ្អើលរឿងរ៉ាវដែលកើតមានឡើងក្នុងសង្គម។ អយុត្តិធម៌ក្នុងសង្គម ជាផ្នែកមួយបានធ្វើឲ្យស្រីពេជ្រមានចិត្តក្លាហាន មានទឹកចិត្តចេះឈឺឆ្អើលបញ្ហារបស់ជនទន់ខ្សោយ ហើយបានចាប់ផ្ដើមធ្វើសកម្មភាពជាបន្តបន្ទាប់ប្រកបដោយសន្តិវិធីនិងអហិង្សាក្នុងការទាមទារភាពយុត្តិធម៌។ តែកំឡុងពេលធ្វើសកម្មភាពបន្តបន្ទាប់នោះ យុវតី ណុប ស្រីពេជ្រ ក៏ធ្លាប់ប្រឈមនូវបញ្ហាជាច្រើនផងដែរ ដែលស្ថិតក្នុងបរិបទផ្សេងៗគ្នាផងដែរ ដោយមិនថាចំពោះខ្លួនឯង គ្រួសារ សង្គម និងនៅសាលារៀននោះទេ។
«ចំពោះខ្លួនឯង នៅមានភាពភ័យខ្លាច ហើយនៅតាសមិនទាន់ដឹងពីសិទ្ធិមួយចំនួនឬគណនេយ្យកិច្ចមួយចំនួនយើងមិនទាន់ដឹង ដែលវាជាការរាំងស្ទះមួយសម្រាប់ខ្ញុំ ទើបខ្ញុំព្យាយាមថយមួយជំហានដើម្បីមកអភិវឌ្ឍន៍ខ្លួនឯងបន្ថែម។»។
ចំពោះក្នុងរង្វង់គ្រួសារវិញ សមាជិកគ្រួសារបានហាមឃាត់មិនចង់ឲ្យ ស្រីពេជ្រ ចេញធ្វើសកម្មភាពសង្គមប្រភេទនេះប៉ុន្មាននោះទេ ព្រោះសមាជិកគ្រួសារមើលឃើញថា ការចូលរួមសកម្មភាពតវ៉ា ឬបញ្ចេញមតិនានា អាចធ្វើឲ្យប៉ះពាល់ដល់អនាគត ទទួលរងនូវការគម្រាមកំហែង ឬការដាក់សម្ភាធផ្សេងៗជាច្រើនផងដែរ។« ពេលមានយុវជនឬសកម្មជនដែលធ្វើរឿងដែលរសើប ដែលក្ដៅ ចូលចិត្តលើកឡើងជាបញ្ហា ចូលចិត្តនិយាយអ្វីដែលគេមិននិយាយ គឺតែងតែឃើញចាប់ដាក់គុក ឬ ចោទជាបទអ្វីផ្សេងៗ»។
សកម្មភាពរបស់យុវតី ណុប ស្រីពេជ្រ ចូលរួមយុទ្ធនាការនានាកាលពីពេលកន្លងទៅ។រូបភាពពី សួ សុវណ្ណិកា។
ងាកមកបញ្ហាប្រឈមក្នុងសង្គមវិញ យុវតី ណុប ស្រីពេជ្រ មានការខកចិត្តជាខ្លាំងចំពោះរឿងរ៉ាវមួយចំនួន ជាក់ស្ដែងពេលក្រុមយុវជននាំគ្នាធ្វើសកម្មភាពស្វែងរកយុត្តធម៌ តែបែរជាគ្មានការគាំទ្រឬលើកទឺកចិត្តដល់យុវជនដែលហ៊ានបញ្ចេញមតិទៅវិញ។ ជំនួសមកវិញក្រុមយុវជនបែរជាទទួលរងនូវការរឹតត្បិតសិទ្ធិសេរីភាពរបស់ខ្លួនថែមទៀតពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ ចំណែកឯនៅសាលារៀនទៀតសោត លោកគ្រូ អ្នកគ្រូ តែងតែតាមដានរាល់សកម្មភាពមួយចំនួន ដែលក្រុមរបស់ក្រុមយុវជនដែលព្យាយាមចូលរួមការងារសង្គម ដោយការឃ្លាំមើលបែបនេះធ្វើឲ្យមានការរាំងស្ទះដល់ការចូលរួមនិងការតាមដានព័ត៌មានសង្គមរបស់យុវជនផងដែរ។«ព្រោះនៅសាលារៀន មែនទែនទៅយើងបានដឹងគ្រប់គ្នាហើយថា គោលនយោបាយចេញមកថា ហាមឃាត់យើងមិនឲ្យនិយាយរឿងនយោបាយ។»
ក្រោយឆ្លងកាត់រឿងរ៉ាវកន្លងមក មិនថាតែការដើរហែរញាត្តិ ការតស៊ូមតិដើម្បីទាមទារយុត្តិធម៌ ការដើរធ្វើធម្មយាត្រា ការប្រឈមមុខជាមួយបញ្ហាផ្សេងៗ ច្បាស់ណាស់ពិតជាមានការលំបាកសម្រាប់យុវតីវ័យក្មេង ដែលត្រូវប្រឈមមុខជាមួយអ្នកផ្ទះ មិត្តភក្តិ និងលោកគ្រូ-អ្នកគ្រូ។ តែទោះជាយ៉ាងណា កញ្ញាស្រីពេជ្រ តែងមានជាដំណោះស្រាយសម្រាប់ខ្លួនឯង ដោយបានភ្ជាប់នូវពាក្យមួយឃ្លាក្នុងចិត្តថា«ខ្លួនឯងមានបញ្ហា ខ្លួនឯងត្រូវមានដំណោះស្រាយសម្រាប់ខ្លួនឯង» ។
សកម្មភាពរបស់យុវតី ណុប ស្រីពេជ្រ ចូលរួមយុទ្ធនាការនានាកាលពីពេលកន្លងទៅ។រូបភាពពី សួ សុវណ្ណិកា។
ចំពោះដំណោះស្រាយ កញ្ញា ណុប ស្រីពេជ្រ ក៏មានជាដំណោះស្រាយសម្រាប់ខ្លួនឯង គ្រួសារនិងសាលារៀនស្របតាមសន្តិវិធី និងអហិង្សាផងដែរ ដោយហ្វឹកហាត់ខ្លួនឯងឲ្យមានសមត្ថភាពគ្រប់គ្រាន់ ព្រមជាមួយទាំងភាពក្លាហាន ទំនួលខុសត្រូវ ព្រោះជាអាវក្រោះដែលអាចឱ្យកញ្ញាហ៊ានប្រឈមមុខជាមួយអាជ្ញាធរ នៅពេលជួបបញ្ហាជាក់ស្ដែងណាមួយ។ រីឯនៅក្នុងគ្រួសារវិញកញ្ញាបានប្រាប់ពីគោលបំណង ប្រាប់ពីហេតុផលជាក់លាក់ និងចំណាយពេលវេលាយូរជាមួយគ្រួសារ រហូតគ្រួសារយល់ព្រម និងបានផ្ដល់ជាមតិយោបល់ ឲ្យចេះថ្លឹងថ្លែងទៅតាមស្ថានភាពដែលបានជួប។ ការមានគោលបំណងច្បាស់លាស់នេះហើយ ទើបធ្វើឱ្យសមាជិកគ្រួសារដែលពីមុនបានហាមឃាត់ និងមិនពេញចិត្តកាលពីគ្រាមុន បែរជាគាំទ្រកញ្ញាឱ្យត្រឡប់ទៅស្រុកកំណើត ធ្វើការងារនៅស្រុកកំណើតថែមទៀតផង។
រីឯនៅក្នុងសាលារៀនវិញ កញ្ញា ស្រីពេជ្រ បានភ្ជាប់នូវពាក្យមួយឃ្លាថា «ពួកយើងបន្តធ្វើកិច្ចការងារសង្គម តែមិនមែនមានន័យថាប្រឆាំងឬតវ៉ាជាមួយនឹងពួកគាត់នោះទេ គ្រាន់តែចូលរួមជាផ្នែកមួយដែលមិនធ្វើឲ្យប៉ះពាល់សាលា»។
សកម្មភាពរបស់យុវតី ណុប ស្រីពេជ្រ ចូលរួមយុទ្ធនាការនានាកាលពីពេលកន្លងទៅ។រូបភាពពី សួ សុវណ្ណិកា។
បុព្វហេតុនៃចិត្តដែលស្រឡាញ់ និងចិត្តដែលចង់ចូលរួមដោះស្រាយបញ្ហាសង្គមស្របតាមសន្តិវិធីនិងអហិង្សា កញ្ញាបានលះបង់ទាំងកម្លាំងកាយចិត្ត និងមានឆន្ទៈក្នុងការធ្វើការងារជាអ្នកឈឺឆ្អើលរឿងសង្គម។ កញ្ញាបានប្រាប់មកកាន់សិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាយ៉ាងដូច្នេះថា៖ «មែនទែនទៅខ្ញុំចូលរួមសកម្មភាពជាមួយសកម្មជនគឺ អត់មានពីណាគេមកឲ្យលុយខ្ញុំ ឬពេលដែលខ្ញុំចូលរួមចប់ហើយ គេឲ្យជាកញ្ចប់ថវិការមកខ្ញុំគឺអត់មានទេ ខ្ញុំគឺចូលរួមដោយឯកឯង គឺដោយស្ម័គ្រចិត្ត ដោយស្មារតីខ្លួនឯងអត់មានការបង្ខំបង្ខំពីជនណាមួយទេ គឺចូលរួមដោយខ្លួនឯងផ្ទាល់។»
ក្រឡេកមកមើលពីស្ថានភាពបញ្ហាសង្គមជាក់ស្ដែង តាមរយៈបទពិសោធន៍ដែលធ្លាប់ហែរឆ្លងកាត់ កញ្ញា ណុប ស្រីពេជ្រអាចនិយាយបានថា បញ្ហាសង្គមនៅតែមានភាពអយុត្តធម៌ ដ្បិតបញ្ហាមួយចំនូន មិនទាន់មានការដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។ ក្នុងនោះមានករណីទាក់ទងជាមួយនឹងបញ្ហាជម្លោះដីធ្លី រឿងសកម្មជនបរិស្ថាន សកម្មជនសង្គមដែលតែងជួបរូបភាពហាមឃាត់ ការចាប់ដាក់គុក គឺមិនទាន់ឃើញមានភាគីណាមួយចូលរួមដោះស្រាយទៅលើបញ្ហាទាំងនេះនៅឡើយនោះទេ។
សកម្មភាពរបស់យុវតី ណុប ស្រីពេជ្រ ចូលរួមយុទ្ធនាការនានាកាលពីពេលកន្លងទៅ។រូបភាពពី សួ សុវណ្ណិកា។
ចំពោះសំណូមពររបស់កញ្ញា មាន២ផ្នែកធំៗ ដោយទី១ ផ្ដោតលើយុវជន និងមួយទៀតជាការស្នើសុំទៅកាន់រដ្ឋាភិបាល។ស្នើសុំចង់ឲ្យយុវជនមានយុវជនចេះឈឺឆ្អើលរឿងបញ្ហាសង្គមដោយសារតែវាមិនមែនជាបញ្ហាសម្រាប់យុវតីរូបនេះតែម្នាក់ទេ តែជាបញ្ហាសម្រាប់យើងទាំងអស់គ្នាក្នុងការចូលរូមដោះស្រាយដើម្បីជាប្រយោជន៍រួម។កញ្ញាបានបន្តថា កញ្ញាចង់ឃើញពួកគាត់មានការចូលរួមសកម្មភាពមួយចំនួនមិនថាតែសកម្មភាពបែបរសើបៗដូចក្រុមកញ្ញានោះទេ តែអាចចូលរួមក្នុងរូបភាពឬសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍រួមជាតិយើង។រីឯរាជរដ្ឋាភិបាលវិញកញ្ញាក៏មានការស្នើសុំផងដែរគឺ«ចង់ស្នើសុំឲ្យរដ្ឋាភិបាលបើកលំហរសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដល់យុវជនក៏ដូចជាប្រជាពលរដ្ឋ ចូលរួមសហការជាមួយនឹងសកម្មជនដែលគាត់ធ្វើទៅលើរឿងបញ្ហាផ្សេងៗ ដែលមើលឃើញថាវាអយុត្តិធម៌ ចង់ឲ្យមានការលើកទឹកចិត្តក៏ដូចជាការគាំទ្រដល់ពួកយើង ដោះស្រាយបញ្ហា សហការធ្វើការទៅលើរឿងផ្សេងៗដែលជាប្រយោជន៍សង្គម»។
អត្ថបទខ្លីសរសេរកញ្ញា សួ សុវណ្ណិកា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕