en     km
en     km

អ្នកឃ្លាំមើលសង្គម ស្នើអាជ្ញាធរការពារសុវត្ថិភាពអ្នកផ្ដល់ព័ត៌មានតាមApp NoDrug លើបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍

Share

អ្នកឃ្លាំមើលសង្គម ចង់ឃើញអាជ្ញាធមានចំណាត់ការបន្ថែមទៀតលើការទប់ស្កាត់គ្រឿងញៀន និងការពារសុវត្ថិភាពជូនអ្នកផ្ដល់ព័ត៌មានលើបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ តាមរយៈ App NoDrug ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងដំណើរការជំរុញឱ្យប្រជាពលរដ្ឋទាញយកមកប្រើប្រាស់។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា NoDrug កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤កន្លងមកនេះ ក្នុងគោលដៅលើកកម្ពស់ស្មារតីជាតិរួមគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ថា នៅពេលប្រជាពលរដ្ឋទាញ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យកមកប្រើប្រាស់ គឺអាចធ្វើឱ្យអ្នកប្រើប្រាស់ស្គាល់អត្តសញ្ញាណគ្រឿងញៀន ប្រភេទគ្រឿងញៀន ប៉ុន្តែមិនអាចកាត់បន្ថយ ឬបញ្ឈប់ការចែកចាយគ្រឿងញៀននេះ បានទាំងស្រុងនោះទេ ព្រោះយ៉ាងហោចណាស់អ្នកប្រើប្រាស់បានទទួលព័ត៌មានអំពីគ្រឿងញៀនទាំងនោះថាមានសណ្ឋាន និងផលប៉ះពាល់បែបណាផងដែរ។ លោកបន្តទៀតថា យុវជន ក៏ដូចជាប្រជាពលរដ្ឋ គួរតែទាញយក App​នេះមកប្រើប្រាស់ឱ្យបានច្រើន ពីព្រោះបានផ្ដល់ប្រយោជន៍សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសអាចចៀសឆ្ងាយពីគ្រឿងញៀនជាដើម។

ការលើកឡើងរបស់ អ្នកជំនាញសង្គមរូបនេះ ធ្វើឡើងបន្ទាប់ពីលោក នេត សាវឿត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្ដីអំពាវនាវ កាលពីថ្ងៃទី១៣ ខែឧសភា ដល់ភាគីគ្រប់ក្រសួង-ស្ថាប័ន ទាំងរដ្ឋ និងឯកជន អង្គការជាតិនិងអន្តរជាតិ មហាជនទូទៅទាំងអស់ ជាពិសេសយុវជន យុវនារី សិស្ស និងនិស្សិត សូមចូលរួមទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug នេះ មកប្រើប្រាស់ឱ្យបានទូលំទូលាយគ្រប់ៗគ្នា ដើម្បីទទួលបាននូវសារអប់រំព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

លោក គិមអេងថ្លែងថា៖ «ជាទូទៅប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍ App​ បែបនេះទេ គឺច្រើនតែចាប់អារម្មណ៍ទៅលើApp បែបកម្សាន្ត បែបអីល្បែងស៊ីសងឯណោះវិញ ប៉ុន្តែAppដែលមានប្រយោជន៍អញ្ចឹង អត់សូវជាចូលចិត្តដោនលត។ តាមពិតការតាមដានព័ត៌មានបែបនេះ គឺសំខាន់ គឺខ្ញុំដូចជាឃើញថាអាជ្ញាធរជាតិរៀបចំគ្រឿងញៀនដែលគាត់ប្រឹងធ្វើហ្នឹង គួរតែប្រជាពលរដ្ឋចូលរួមតាមដាន នេះជាការប្រសើរ»។

ទន្ទឹមនេះ កន្លងមកលោកមើលឃើញ ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ គឺពិតជាពិបាកក្នុងការវាស់ស្ទង់មើលប្រសិទ្ធភាពណាស់ ពីព្រោះករណីជួញដូរធំៗនៅតែបន្តកើតមាន ហើយបញ្ហាផលិតគ្រឿងញៀនវិញ ក៏នូវតែបន្តរកឃើញ ខណៈដែលការបន្តរកឃើញទាំងនោះ គឺជាការគួរឱ្យបារម្ភ ពីព្រោះអាចនឹងបំផ្លាញធនធានមនុស្សរបស់កម្ពុជា។ មួយវិញទៀត លោកក៏មើលឃើញថា បច្ចុប្បន្ននេះ ការចែកចាយ ការផលិត ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ គឺនៅតែបន្តរកឃើញច្រើនពីសំណាក់អាជ្ញាធរ ដែលចាប់បានជាបន្តបន្ទាប់ ហើយរូបភាពដដែលៗ ដែលហាក់ដូចជាវិធានការបង្ក្រាបរបស់អាជ្ញាធរ មិនបានអនុវត្តជាប់ជាប្រចាំ។

លោកគិមអេងលើកឡើងថា៖ «យើងនឹងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធទៅមុខទៀតថា តើអាចបង្ការទប់ស្កាត់បានកម្រិតណា ហើយប្រយុទ្ធប្រឆាំងបានកម្រិតណាទៅទៀត។ ពេលនេះយើងឃើញថា បញ្ហាប្រសិទ្ធភាព យើងមិនទាន់មើលឃើញជាក់លាក់នៅឡើយទេ គឺយើងនឹងប្រើប្រាស់ពេលវេលាខាងមុខ ដើម្បីតាមដានបន្តទៀត»។

ជាមួយគ្នានេះ លោកក៏សំណូមពរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ឬក៏រួមគ្នាបញ្ជូលជាស្ថាប័នតែមួយ ដើម្បីធ្វើកិច្ចការងារបង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ក៏បានប្រាប់ដែរថា អត្ថប្រយោជន៍Appនេះ គឺអាចចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនៃការបង្ក្រាបគ្រឿងញៀននេះ ពីព្រោះប្រជាពលរដ្ឋទាំងអស់ដែលបានទាញយកAppនេះមកប្រើប្រាស់ អាចផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធដើម្បីចូលរួមក្នុងការបង្ក្រាប ទប់ស្កាត់ និងការជួយទៅដល់ជនរងគ្រោះដោយសារគ្រឿងញៀនជាដើម។

លោកថ្លែងថា៖ «ក្នុងហ្នឹងឃើញថាវានូវមានចំណុចមួយចំនួន គួរតែបន្ថែមផងដែរ ដូចជាទីមួយ យើងឃើញហើយថា បងប្អូនប្រជាពលរដ្ឋ លោកមិនទាន់យល់ដឹងច្បាស់នោះទេអំពីបញ្ហាបែបហ្នឹង អញ្ចឹងគួរតែមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឱ្យប្រជាពលរដ្ឋហ្នឹងលោកចេះប្រើAppហ្នឹង ដើម្បីជួយផ្ដល់ព័ត៌មាន ឬក៏ទទួលព័ត៌មានតាមរយៈអ៊ែបហ្នឹង។ ទីពីរ យើងឃើញថានៅមួយទៀតដែលជាការជួយដែរ ប៉ុន្តែយើងដឹងហើយថាបញ្ហាគ្រឿងញៀន វាជារឿងមួយដែលធំ ហើយទាក់ទងនឹងរឿងសុវត្ថិភាពក្នុងការផ្ដល់ព័ត៌មាននេះ ក៏ជារឿងសំខាន់ អញ្ចឹងអាជ្ញាធរដែលពាក់ព័ន្ធហ្នឹង គួរតែបង្កើនប្រសិទ្ធភាពមួយទៀតនៅក្នុងការរក្សាភាពសម្ងាត់ និងការពារសុវត្ថិភាពអ្នកដែលបានផ្ដល់ព័ត៌មាន»។

ស្របពេលដែលអាជ្ញាធរកំពុងដំណើរការប្រើប្រាស់អ៊ែបនេះ លោកឃើញថា ទាំងកន្លងមក និងមកដល់ពេលនេះ គឺអាជ្ញាធរបានខិតខំខ្លាំងណាស់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនធំៗជាច្រើន ប៉ុន្តែទោះជាយ៉ាងណាបញ្ហាគ្រឿងញៀននេះ គឺស្ថិតនៅក្នុងក្ដីបារម្ភមួយ ដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជាប់ជាប្រចាំ។

លោកបញ្ជាក់ថា៖ «បញ្ហាគ្រឿងញៀននេះ វាស្ថិតនៅក្នុងការព្រួយបារម្ភ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត នៅក្នុងការបង្ក្រាប ការទប់ស្កាត់ទៅលើបញ្ហាគ្រឿងញៀន ហើយឥលូវនេះយើងឃើញថា បញ្ហាគ្រឿងញៀននេះ វាបានរីករាលដាលគ្រប់ច្រកល្ហក សូម្បីតែនៅតាមជនបទក៏មានបញ្ហាការប្រើប្រាស់ ឬក៏ការចែកចាយនៃគ្រឿងញៀនហ្នឹងដែរ។ អាហ្នឹងទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយពង្រឹងបន្ថែមទៀតក្នុងការទប់ស្កាត់ទៅលើបញ្ហា ឬក៏ការបង្ក្រាបបញ្ហាគ្រឿងញៀនហ្នឹង»។

រីឯលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានប្រាប់ថា App NoDrug នេះ ជាកម្មវិធីមួយដ៏ល្អដែលអាជ្ញាធរជាតិប្រយុទ្ធនឹងគ្រឿងញៀន បានបង្កើតឡើងសម្រាប់ផ្ដល់ជាព័ត៌មានទៅកាន់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទាំងអស់ឱ្យមានការយល់ដឹងពីបញ្ហាគ្រឿងញៀន ផលប៉ះពាល់ និងបម្រាមនៃការប្រើប្រាស់គ្រឿងញៀនទាំងអស់នោះ។ លោករំពឹងថា ក្រៅពីនេះ កម្មវិធីនៅក្នុងApp NoDrug ក៏ជាយន្តការមួយសម្រាប់សហគមន៍នៅតាមមូលដ្ឋាន គឺអាចរាយការណ៍ពីសកម្មភាពទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ ការចែកចាយ ឬការជួញដូរគ្រឿងញៀនទៅកាន់អាជ្ញាធរឱ្យបានដឹង ដើម្បីចាត់វិធានការភ្លាមៗផងដែរ។

លោកថ្លែងថា៖ «សង្ឃឹមថាកម្មវិធីនេះនឹងអាចធ្វើឱ្យសាធារណជន យុវជន ក៏ដូចជាប្រជាពលរដ្ឋនៅតាមសហគមន៍ហ្នឹង ទទួលបានការអប់រំបន្ថែម និងចូលរួមជាមួយអាជ្ញាធរក្នុងទប់ស្កាត់ការចែកចាយបន្ថែមទៀត។ ហើយក៏ដូចជាអាចប្រើប្រាស់ជាមធ្យោបាយលើកទឹកចិត្តឱ្យពួកគាត់យល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីគ្រោះថ្នាក់ដោយសារតែបញ្ហាគ្រឿងញៀន ក៏ដូចជាចូលរួមការពិគ្រោះយោបល់បន្ថែម ដើម្បីធ្វើឱ្យសកម្មភាពនៅតាមសហគមន៍ទាក់ទងនឹងបញ្ហាគ្រឿងញៀនហ្នឹង អាចមានការថយចុះបាន ប្រសិនជារឿងនេះធ្វើបានល្អ»។

បើតាមលោក សេក សុជាតិ បានលើកឡើងថា កន្លងមកបានឃើញ បានដឹងហើយថា អាជ្ញាធរមានការខិតខំប្រឹងប្រែងច្រើនលើបញ្ហាគ្រឿងញៀននេះ ក៏ប៉ុន្តែការប្រឹងប្រែងនេះ នៅមានបញ្ហាខ្លះទាក់ទងនឹងការរៀបចំយន្តការបន្ថែមទៀត ដើម្បីឱ្យវាមានប្រសិទ្ធភាព គឺមិនទាន់មានភាពច្បាស់លាស់ និងមិនទាន់ធានាបានថាបញ្ហាគ្រឿងញៀនត្រូវបានទប់ស្កាត់ ឬត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។

លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងចាប់អារម្មណ៍នោះ គឺយើងចង់ឃើញការតាមដានបន្ថែមរបស់អាជ្ញាធរ ក៏ដូចជាធ្វើការវាយតម្លៃកម្មវិធីដែលដាក់ចេញហ្នឹង តើវាអាចអនុវត្តទៅបានដោយរលូន និងធ្វើការសហការពីប្រជាពលរដ្ឋដែរអត់ ធ្វើយ៉ាងណាក៏ដោយយើងចង់ឱ្យកម្មវិធីមួយនេះ ផ្ដល់ការផ្លាស់ប្ដូរមួយចំនួននៅក្នុងសហគមន៍ ដើម្បីធានាថា ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ប្រកបទៅដោយតម្លាភាព ហើយអាចធានាបាននូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលគាត់ធ្វើការរាយការណ៍ទៅកាន់អាជ្ញាធរទាក់ទងនឹងបញ្ហាគ្រឿងញៀនដែលកំពុងតែរៀបចំហ្នឹង»។

បន្ថែមពីនេះ លោកថា អាជ្ញាធរគួរតែដាក់បន្ថែមនូវបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីនៅAppនេះ ដើម្បីធានាថាមានលទ្ធភាពឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែស៊ីជម្រៅ ច្បាស់លាស់ ជាពិសេសការរៀបចំបង្កើតឱ្យមានវេទិកាសាធារណៈនៅតាមសហគមន៍នីមួយៗឱ្យបានយល់ដឹងផងដែរ។
លោក នេត្រ សាវឿន ថា ប្រជាពលរដ្ឋ ក៏ទទួលនូវចំណេះដឹង និងព័ត៌មានគ្រឿងញៀនផ្សេងៗ តាមរយៈនៃAppនេះ ដើម្បីអាចពិនិត្យមើលនៅតាមមូលដ្ឋានរបស់ខ្លួន និងនៅតាមសហគមន៍ផងដែរ។

លោកបន្តថា ក្រៅពីនេះ Appនេះអាចប្រើប្រាស់ជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ មកកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឱ្យអាជ្ញាធរមានវិធានការជាក់ស្តែង ដែលអាចឈានទៅបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនពីសហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»៕

Share

ព័ត៌មានទាក់ទង

Image