ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រុញឲ្យសិស្ស និស្សិត ប្រជាពលរដ្ឋជាស្ត្រីត្រូវគិតគូរពីការសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។ ប៉ុន្តែទន្ទឹមនឹងការជម្រុញរបស់ក្រសួងនេះ យុវតីកម្ពុជាមួយចំនួនបានលើកឡើងថា ការផ្តល់ព័ត៌មានអំពីជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស និស្សិត នៅមានកម្រិតទាប និងមិនទាន់ទូលំទូលាយនៅឡើយ។ ពួកគេយល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានអំពីសារៈសំខាន់នៃជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនីមួយៗ មិនទាន់បានគ្របដណ្តប់ដល់បណ្តាតំបន់ ឬដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានានៅតាមបណ្តាខេត្តឡើយ។
ជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាជំនាញ ដែលសិក្សាមានរយៈពេលខ្លី។ ជំនាញទាំងនោះរួមមាន៖ ជំនាញអគ្គិសនី អេឡិចត្រូនិក បរិក្ខារត្រជាក់ មេកានិក រថយន្ត សំណង់ និងជំនាញវិស្វកម្មលោហៈជាដើម។ ជំនាញ បច្ចេកទេសនេះភាគច្រើន គេសង្កេតឃើញមានតែបុរសទេ ដែលពេញនិយមរៀន ដោយឡែកស្ត្រីមិនសូវជាចាប់អារម្មណ៍នូវជំនាញនេះប៉ុន្មានទេ។ តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យស្ត្រី មិនសូវចាប់អារម្មណ៍ទៅលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ?
មូលហេតុ ដែលស្ត្រីមិនសូវរៀនជំនាញបច្ចេកទេស ដោយសារតែពួកគេខ្វះព័ត៌មាន អំពីសារៈសំខាន់នៃជំនាញបណ្តុះបណ្តាលបច្ចេកទេស ជាពិសេសវិជ្ជាជីវៈរបស់រដ្ឋ ដល់សិស្សានុសិស្សនៅមានកម្រិតទាប និងមិនទាន់ទូលំទូលាយឡើយ។ នេះជាការលើកឡើងរបស់យុវតីមួយចំនួននៅក្នុងប្រទេសកម្ពុជា។
ជាយុវតីដែលមកពីខេត្តរតនគិរី កញ្ញា ម៉ន ដាវី មានអាយុ ២២ ឆ្នាំ បាននិយាយថា ជាការពិតណាស់នៅក្នុងសង្គមខ្មែរស្ត្រីពុំសូវមានវត្តមានច្រើនចូលខ្លួនទៅសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើយ។ កញ្ញាបន្តថា ជំនាញបច្ចេកទេស មានភាពងាយស្រួលសម្រាប់តែបុរសតែប៉ុណ្ណោះ។
និស្សិតសិក្សានៅថ្នាក់មហាវិទ្យាល័យផ្នែកបរិស្ថាន រូបនេះ បានចោទជាសំណួរថា តើកន្លងទៅក្រសួងការងារ និងក្រសួងអប់រំយុវជននិងកីឡា បានផ្សព្វផ្សាយព័ត៌មានពីសារៈសំខាន់នៃជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សានុសិស្ស ហើយឬនៅ? «សូម្បីតែខ្ញុំផ្ទាល់រហូតមកដល់ពេលនេះ ក៏ពុំទាន់ទទួលបានព័ត៌មានច្បាស់លាស់ថា អ្វីជាជំនាញបច្ចេកទេសនោះឡើយ»។
ដាវី បានលើកឡើងបន្តថា៖ «ថ្វីត្បិតជំនាញបច្ចេកទេស និងវិជ្ជាជីវៈអាចរកចំណូលបានច្រើន ឆាប់រហ័ស និងស្ត្រីអាចធ្វើការងារទាំងនោះបានដូចបុរសក៏ពិតមែន ប៉ុន្តែនារីនាពេលបច្ចុប្បន្នប្រាថ្នាចង់អភិវឌ្ឍន៍សមត្ថភាព ចំណេះដឹងរបស់ខ្លួនលើជំនាញផ្សេងៗឱ្យបានច្រើនជាងជំនាញបច្ចេកទេស»។ ការលើកឡើងដូច្នេះ កញ្ញាយល់ថាជំនាញបច្ចេកទេស ស្ត្រីមិនអាចមានកម្លាំងគ្រប់គ្រាន់ធ្វើដូចបុរសឡើយ។
មិនខុសពីយុវតី ដាវី ប៉ុន្មាននោះឡើយ កញ្ញា រិន ចាន់ធី ជានិស្សិតសិក្សាផ្នែកវេជ្ជសាស្ត្រម្នាក់ទៀត បាននិយាយដោយលើកដៃធ្វើកាយវិការពន្យល់ថា មានហេតុផលជាច្រើនដែលមិនអនុញ្ញាតិឱ្យស្ត្រីខ្មែរសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ។
នាពេលថ្មីនេះ ក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាមួយស្តីពី « ឱកាសស្មើគ្នារវាងស្ត្រី និងបុរសក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ» តាមរយៈសិក្ខាសាលានេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រុញឲ្យសិស្ស និស្សិត ប្រជាពលរដ្ឋ ជាពិសេសស្ត្រីត្រូវគិតគូរ ចាប់យកជំនាញសិក្សាផ្នែកបច្ចេកទេស និងវិជ្ជាជីវៈឲ្យបានច្រើន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។
លោក ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា នារី ឬបុរស មានឱកាសការងារស្មើគ្នាក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
ឆ្លងតាមបទពិសោធន៍កន្លងមក ស្ត្រីកម្ពុជាមិនសូវចាប់អារម្មណ៍ទៅលើការសិក្សាជំនាញបច្ចេកទេសនោះទេ ដែលបញ្ហានេះ ក្រសួងការងារ បានលើកទឹកចិត្តទៅលើស្ត្រីឲ្យងាកមកចាប់អារម្មណ៍ក្នុងការសិក្សាជំនាញបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែច្រើន។ នេះជាការបន្ថែមរបស់អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៉ុក ប៉ាន់។
ទន្ទឹមគ្នានេះ លោក ប៉ុក ប៉ាន់ បានលើកឡើងថា មូលហេតុដែលស្ត្រីមិនសូវចាប់អារម្មណ៍ទៅលើការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស ដោយសារស្ត្រីខ្មែរនៅមានការប្រកាន់ប្រពៃណីទំនៀមទម្លាប់វប្បធម៌ ដែលឪពុកម្តាយមិនងាយឲ្យកូនស្រីខ្លួនទៅឆ្ងាយពីផ្ទះនោះទេ។
«យើងសម្រួលធ្វើម៉េចឲ្យនារីអាចចូលមករៀនបានច្រើន ឧទាហរណ៍បុរសគឺថាក្មេងៗអាចមកនៅវត្តបាន ហើយជាប្រពៃណីគឺថាកូនស្រីគឺខ្មែរយើងមិនងាយឲ្យចេញពីផ្ទះទេ ដូច្នេះយើងធ្វើម៉េចយើងនឹងបង្កើតអន្តេវាសិកដ្ឋានគឺបង្កើតអន្តេវាសិកដ្ឋានដើម្បីឲ្យនារីមានលទ្ធភាពអាចមករៀនបាន..»។
ទាក់ទងនឹងបញ្ហានេះ នាយិការអង្គការសីលការ លោកស្រី ធីតា ឃឹះ បានបញ្ចេញមតិដែរថា កត្តាដែលធ្វើឲ្យមានចំនួនស្ត្រីតិចតួចចូលរៀនជំនាញបណ្តុះបណ្តាលបច្ចេកទេស មិនមែនដោយសារតែពួកគេប្រកាន់ប្រពៃណីខ្មែរនោះទេ ។ លោកស្រី ធីតា ឃឹះ យល់ថា ស្ត្រីសិក្សាជំនាញវិជ្ជាជីវៈចំនួនតិច គឺដោយសារតែពួកគេមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ។ ជាងនេះទៅទៀត ដោយសារតែស្ត្រីខ្លួនឯង មិនបានដឹងថា ពេលដែលរៀនចប់ជំនាញទាំងនោះ យកទៅប្រើប្រាស់ដោយវិធីណា។
លោកស្រី ធីតា ឃឹះ បានស្នើទៅក្រសួងការងារថា ៖ «ក្រសួងការងារគប្បីធ្វើការសិក្សាបន្ថែមទៀតទៅលើតំរូវការរបស់ស្ត្រីក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីកន្លែងដែលក្រសួងត្រូវបង្រៀន ដើម្បីធ្វើយ៉ាងណាត្រូវផ្តល់ព័ត៌មានជាក់លាក់មួយទៅដល់ស្ត្រីដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈឱ្យបានទូលំទូលាយ ងាយស្រួលពួកគេទទួលបានអត្ថប្រយោជន៍ពីព័ត៌មានទាំងនោះ»។
គួររម្លឹកថា កន្លងទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំយុវជននិងកីឡាធ្លាប់បានអំពាវនាវ និងជម្រុញលើកទឹកចិត្តដល់សិស្សនុសិស្ស ឲ្យរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឱ្យងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងអាចប្រកួតប្រជែងសមត្ថភាពការងារជាមួយពលរដ្ឋ និងយុវជននៅលើពិភពលោក ខណៈកម្ពុជាចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
បើតាមការលើកឡើងរបស់មន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៥ ខែ មករា បានឱ្យដឹងថា ស្ត្រីកម្ពុជាមានតែ ១០ ទៅ ៣០ ភាគរយតែប៉ុណ្ណោះ ដែលទទួលបានការបណ្ដុះបណ្តាល ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ៕