en     km
en     km

យុវតី ជនជាតិដើមភាគតិចចារ៉ាយ កញ្ញា បុប្ផា មានក្ដីស្រមៃចង់ក្លាយជារដ្ឋមន្ត្រីក្រសួងបរិស្ថាន

Share

ភ្នំពេញ៖ ក្លាយជារដ្ឋមន្រ្តីក្រសួងបរិស្ថានគឺជាក្តីស្រមៃរបស់ កញ្ញា  បុប្ផា ដែលជាជនជាតិដើមភាគតិច ចារ៉ាយ មកពីខេត្តរតនគីរី ដែលបច្ចុប្បន្ន កញ្ញា ជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត។ ក្តីស្រមៃនេះកើតឡើង បន្ទាប់ពីយុវតីជនជាតិដើមភាគតិច រូបនេះ ត្រូវបានអនុញ្ញាត ចុះកម្មសិក្សានិងជួបផ្ទាល់ជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីឈ្វេងយល់អំពីតួនាទីការងារ ការទទួលខុសត្រូវក្នុងនាម ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងស្វែងរកបទពិសោធន៍ជាគន្លឹះមួយចំនួនដើម្បីឱ្យកញ្ញា បុប្ផា អាចសម្រេចគោលដៅជាថ្នាក់ដឹកនាំនាពេលអនាគត។

អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍ជុំវិញព័ត៌មាននេះ ។

យុវតី ជនជាតិដើមភាគតិចចារ៉ាយមួយរូប មកពីខេត្តរតនគីរី ដែលមានក្តីសុបិន្តចង់ក្លាយជារដ្ឋមន្រ្តីក្រសួងបរិស្ថាន នាពេលអនាគតនោះ កញ្ញា បុប្ផា ។ កញ្ញាបានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុស្ត្រីឱ្យដឹងថា  នៅក្នុងជំនួបជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ កញ្ញាបានសំណូមពរដល់លោករដ្ឋមន្រ្តីចែករំលែកជាបទពិសោធន៍ ក៏ដូចជាអនុសាសន៍ និងយុទ្ធសាស្រ្តមួយចំនួន ដើម្បីឱ្យកញ្ញាក្លាយខ្លួនទៅជាថ្នាក់ដឹកនាំមួយរូបដ៏មានសក្តានុពល និងក្នុងនាមជាជនជាតិដើមភាគតិចមួយរូបផងដែរ។

ភ្ជាប់ជាមួយគោលបំណងនេះ បុប្ផា ក៏ស្នើសុំឱ្យលោករដ្ឋមន្រ្តីបរិស្ថាន បើកបង្ហាញនឹងចែករំលែក ពីផែនការរៀបចំសកម្មភាព ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាថែមទៀតផង។

ជាការឆ្លើយតប របស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន កញ្ញា បុប្ផា បានឱ្យដឹងថា លោករដ្ឋមន្រ្តីបានផ្តល់ដំបូន្មានដល់កញ្ញាថា ដោយឱ្យសម្លឹងទៅមុខ កុំមើលតែបច្ចុប្បន្ន ពោលគឺត្រូវតែមានក្តីស្រមៃមួយជាក់លាក់ កុំរុញរាក្នុងការធ្វើអ្វីមួយ ហើយត្រូវធ្វើឱ្យចេញជាសកម្មភាព។ កញ្ញាបានបន្តថា « បន្ទាប់ពីកម្មវិធីកម្មសិក្សានេះហើយ នាងខ្ញុំយល់កាន់តែច្បាស់ថា នៅក្នុងនាមនាងខ្ញុំជាជនជាតិដើមភាគតិចមួយរូប គឺមានតួនាទីសំខាន់ ក្នុងការការពារបរិស្ថាន តាមរយៈសកម្មភាពងាយៗប្រចាំថ្ងៃដូចជា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមដាំដើមឈើនៅក្នុងសហគមន៍នាងខ្ញុំ ចែករំលែកពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទីក កាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ការបាត់បង់ព្រៃឈើជាដើម ។ ត្បិតព្រោះថានៅពេលដែលមានផលប៉ះពាល់ទៅលើផ្នែកបរិស្ថាន គឺប៉ះពាល់ដល់ខ្លួនយើង និងសហគមន៍ ស្ទើរគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ទាំងគ្រួសារ ការសិក្សា និងសុខភាពជាដើម»។

ក្នុងនាមជាអ្នកស្រលាញ់ធនធានធម្មជាតិ និងជាស្រ្តីជនជាតិដើមភាគតិចមួយរូបផង កញ្ញា បុប្ផា បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីកញ្ញាបានជួបពិភាក្សាជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថានរួចហើយ កញ្ញាមានការភ្ញាក់ផ្អើលក្នុងចិត្ត ដ្បិតអ្វីដែលកញ្ញាគិតទុក ធៀបនឹងអ្វីដែលកញ្ញាបានជួបផ្ទាល់ជាមួយលោករដ្ឋមន្រ្តីគឺអាចនិយាយបានថាខុសគ្នាស្រលះតែម្តង។ «មូលហេតុដែលខ្ញុំនិយាយបែបនេះគឺដោយសារតែពេលបានស្តាប់អនុសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីគឺគាត់បានលើកឡើងអំពីគោលដៅ ចក្ខុវិស័យ និងទស្សនវិស័យរបស់គាត់យ៉ាងច្បាស់លាស់ មានអត្ថន័យជ្រាលជៅដែលជាហេតុធ្វើឱ្យអនុសាសន៍របស់គាត់បានបំផុសបំផុលឱ្យនាងខ្ញុំបានឃើញថា នៅក្នុងនាមជាថ្នាក់ដឹកនាំមួយរូបត្រូវ តែមានគំនិត ទស្សនវិស័យ ចក្ខុវិស័យ សម្លឹងឱ្យបានវែងឆ្ងាយហើយគិតពីផលប្រយោជន៍រួមជាធំ»។

នៅក្នុងជំនួបនោះដែរ កញ្ញា បុប្ផា ក៏បានចែករំលែកផែនការសកម្មភាព សម្រាប់យុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ដល់ក្រុមការងារមួយចំនួននៅទីស្នាក់ការក្រសួងបរិស្ថាន ដូចជាបង្កើនការយល់ដឹង ជាសាធារណៈឱ្យទូលំទូលាយជាងមុនតាមរយៈការផ្សព្វផ្សាយ ផ្ទាំងបាណូធំ ផ្ទាំងអប់រំនៅទីប្រជុំជន និងទីជនបទ ព្រមទាំងបណ្តាញព័ត៌មានសង្គម ធ្វើជាមួយអ្នកបង្កើតមាតិកា និងបង្កើតកម្មវិធីជជែកពិភាក្សាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

ក្រោយពេលដែលកញ្ញាទទួលបានការអនុញ្ញាត ក៏ដូចជាមានឱកាសអង្គុយជជែកពិភាក្សាទល់មុខ ជាមួយ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន កញ្ញាថា មានអារម្មណ៍កក់ក្តៅ មានភាពស្និទ្ធស្នាល ទទួលបានការយកចិត្តទុកដាក់ ហើយឥរិយាបថ របស់លោករដ្ឋមន្រ្តី គឺគួរឱ្យគោរព។ «នាងខ្ញុំយល់ឃើញថា តម្លៃមនុស្សជាតិ មិនឋិតនៅលើ ថានាងខ្ញុំជាជនជាតិដើមភាគតិច ឬមិនមែនជាជនជាតិដើមភាគតិចនោះទេ  ទើបអាចទទួលបានការគោរពពីអ្នកដទៃ នាងខ្ញុំគិតថា មិនថាសម្បុរ ស ឬខ្មៅ ឬក៏ជនជាតិ សាសន៍ណាក៏ដោយ គឺត្រូវ     តែទទួលបានការគោរពឱ្យតម្លៃស្មើៗគ្នាជានិច្ច»។

បន្ទាប់ពីជំនួបជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថានរួចហើយ កញ្ញាក៏បានប្រាប់ពីផែនការសកម្មភាព ជាបន្ត របស់កញ្ញា ដើម្បីយកទៅចែករំលែក ដល់សហគមន៍ ដែលកញ្ញារស់នៅផងដែរ  « អ្វីដែលជាការសំខាន់ គឺការចែករំលែក នាងខ្ញុំមិនអាចអនុវត្តផែនការសកម្មភាពតែម្នាក់ឯងបានឡើយ ដូច្នេះជំហានដំបូងដែលនាងខ្ញុំត្រូវធ្វើគឺការចែករំលែកៗ អ្វីដែលនាងខ្ញុំចេះ បទពិសោធន៍ដែលនាងខ្ញុំទទួលបានទៅដល់សហគមន៍របស់នាងខ្ញុំ។ មួយវិញទៀត គឺការអភិវឌ្ឍខ្លួនឯង និងភាពជាគំរូដល់អ្នកដទៃ ចុងក្រោយនាងខ្ញុំនឹងអនុវត្តតាមអនុសាសន៍របស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយសម្លឹងទៅមុខ មិនមើលតែបច្ចុប្បន្ន ត្រូវមានក្តីស្រមៃមួយជាក់លាក់ និងកុំរុញរាក្នុងការធ្វើ ធ្វើឱ្យចេញជាសកម្មភាព»។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យ កញ្ញា បុប្ផា ដែលជាជនជាតិដើមភាគតិចចារ៉ាយ ចូលជួបសម្តែងការគួរសម និងធ្វើកម្មសិក្សារយៈពេលពេញមួយថ្ងៃនៅក្រសួងបរិស្ថាន។ ជំនួបរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលនៃក្រសួងបរិស្ថាននេះ មានគោលបំណងចង់ឱ្យមានការរួមចំណែកជាគំនិត ជាយោបល់ និងជាយុទ្ធសាស្រ្តនានាពីក្មេងស្រីជនជាតិដើមភាគតិចចារ៉ាយ ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងវិស័យបរិស្ថានកម្ពុជា និងសិក្សាបន្ថែមអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ៕

ប្រភពរូបភាព៖ អង្គការភ្លែន

Share

ព័ត៌មានទាក់ទង

Image