កញ្ញា ស៊ុន ស្រីណៃ មន្ត្រីសម្របសម្រួលគម្រោងនៃ សមាគមបណ្ដាញយុវជនកម្ពុជា(CYN) ជិះកង់ពីយុទ្ធនាការ «រជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន»។ រូបភាពពី៖ លោក Khem Sunra (CYN)
ដើម្បីចូលរួមក្នុងទិវាបរិស្ថានពិភពលោក៥ឧសភា យុវជន២៥នាក់ កំពុងធ្វើយុទ្ធនាការ ក្នុងការជិះកង់ ១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន ក្នុងន័យលើកកម្ពស់ការយល់ដឹងពីការការពារធនធានធម្មជាតិ និងការការពារការកាប់បំផ្លាញព្រៃឈើ។ តាមការគ្រោងទុកយុទ្ធនាការនេះធ្វើឡើង២០ថ្ងៃ ដោយបានចាប់ផ្ដើមពីថ្ងៃទី៦ ខែឧសភា គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ដោយធ្វើដំណើរចេញពីភាគឦសាន ត្រង់ខេត្តរតនគិរី ឆ្ពោះទៅបញ្ចប់នៅភាគនិរតីនៃប្រទេសកម្ពុជា ក្នុងខេត្តកំពត។ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ពួកគេបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញហើយ។
កញ្ញា ស៊ុន ស្រីណៃ មន្ត្រីសម្របសម្រួលគម្រោងនៃ សមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានប្រាប់ក្នុងនាទីបទសម្ភាសវិទ្យុស្ត្រីថា ក្នុងពេលធ្វើដំណើរពីខេត្តរតនគិរី មកដល់ភ្នំពេញ ក្រុមយុវជនបានជួបជាមួយសហគមន៍មូលដ្ឋានក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនី ហើយក៏បានក្រឡេកឃើញទិដ្ឋភាពព្រៃឡង់ដែលបានរងការកាប់ឈើ និងឈូសឆាយព្រៃផងដែរ។ ក្នុងយុទ្ធនាការនេះ ក្រុមយុវជនបានជំរុញដល់សាធារណជនឱ្យចូលរួមសកម្មថែមទៀតក្នុងកិច្ចការពារបរិស្ថាន និងការយល់ដឹងពីការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះ ក្នុងការបន្តយុទ្ធនាការជិះកង់ទៅខេត្តកំពតបន្ត ក្រុមយុវជនក៏នឹងដាំកូនកោងកាង ដើម្បីជួយដល់បរិស្ថានផងដែរ។ ជាបន្តសូមស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយ កញ្ញា ស៊ុន ស្រីណៃ ដោយមេត្រី