en     km
en     km

តើសណ្តែកកួរឡើងថ្លៃ១គីឡូ៤០០០០រៀល ជាការពិតឬទេ?

Share

ក្រោយពីបុរសម្នាក់ក្នុងបណ្តាញសង្គមTikTok ឈ្មោះ VIMEAN បានចេញវីឌីអូមួយដែលបានលើកឡើងពីតម្លៃនៃដំណាំសណ្តែកកួរក្នុងផ្សារដើមគនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានក្លាយជាប្រធានបទដ៏ក្តីគគុក និងផ្ទុះការវែកញែកជាច្រើនអំពីបញ្ហានេះ រហូតលោក ឃឹម​ ហ្វីណង់ អ្នកនាំពាក្យក្រសួកកសិកម្មក៏បានឆ្លើយតប ពន្យល់ និងបកស្រាយផងដែរ។

(កញ្ញា ងិន ស៊ាង លីម រាយការណ៍)

បន្ទាប់ពី​ប្រតិកម្ម​មានប្រតិកម្មជាច្រើនពីមហាជន ទាក់ទងនឹងតម្លៃសណ្តែកគួរនេះ លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏បានឆ្លើយតបភ្លាមទៅបុរសម្នាក់នោះ រួមទាំងស្រាយចម្ងល់របស់មហាជនផងដែរថា សណ្តែកគួរដែលបុរសម្នាក់នោះនិយាយពុំមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួរដែលប្រជាកសិករខ្មែរ ខំប្រមែប្រមូលរាល់ផលដំណាំដែលនៅសេសសល់ពីការខូចខាតនៃកម្តៅអាកាសធាតុ។

លោកបានសរសេរក្នុងសំណេរដើមថា៖ «​​ សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។ កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ »

លោកបន្តទៀតថា ប្រសិនបើជាតម្លៃដែលបុរសម្នាក់បាននិយាយនោះជារឿងពិត «យើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ។» លោកក៏បានលើកផងដែរ ត្រង់ចំណុចបុរសម្នាក់នោះថា តម្លៃនេះ ពិតណាស់ថាវាមិនមែនជាផលិតផលខ្មែរទេ តែជាផលិតផលនាំចូល ព្រោះបើជារបស់ខ្មែរមិនថ្លៃដល់ម្ល៉ឹង ដោយបុរសនោះយល់ឃើញថាផលិតផលខ្មែរជាច្រើនខ្វះទីផ្សារ និងតម្លៃថោក។ តែដោយឡែក សណ្តែកកួរបែរជាថ្លៃទៅវិញ ដូច្នេះលោកក៏សន្និដ្ឋានថា នេះជារបស់នាំចូល។

ត្រង់ចំណុចនេះហើយទើបលោក ឃឹម ហ្វីណង់ មានប្រសាសន៍តបទៅនឹងការរិះគន់នោះថា «បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន ៥០០រៀល ដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ។» 

លោកក៏បានចោទជាសំណួរទៅវិញទៀតថា បើសណ្តែកកួរខ្មែរថោក ទន្ទឹមនឹងផ្សារដើមគរមានតម្លៃថ្លៃ  «ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគទៅ?!»

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានបន្តយ៉ាងច្បាស់ៗអំពីគោលការណ៍ទីផ្សារទៀតថា «គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ តែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថាយើងអត់ហូបសណ្តែកកួរមិនបានឯណា? »

យ៉ាងណាមិញ លោក ឃឹម ហ្វីណង ក៏បានបង្ហាញពីចម្ងល់ដែរថា «មិនច្បាស់ថាប្អូនយល់ច្រឡំ ឬចង់បំពុលទេ តែការនិយាយរបស់ប្អូនពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណៈជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង។»

លោកបានគូសបញ្ជាក់ថា ក្រសួងកសិកម្មពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជៈឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់។ យើងទាំងអស់គ្នាគួរណាស់តែជួយចូលរួមរកវិធីដោះស្រាយ មិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ។

កន្លងមកមានប្រជាកសិករមួយចំនួន បានលើកឡើងរអ៊ូរទាំពីបញ្ហាកសិផលគ្មានទីផ្សារ ឬផលិតបានហើយលក់បានថោក។ ករណីនេះ បាន​ធ្វើឱ្យកសិករ​ខ្លះ​បាក់​ទឹក​ចិត្ត និង​នាំគ្នាឈប់​បង្កើន​ផ្ទៃដី​ដាំ​ដុះ ខណៈ​កសិករ​ខ្លះ​នៅ​តែ​បង្ខំ​ចិត្ត​បង្កបង្កើនផល​លើ​ទំហំ​ដី​ដដែល ដោយដូរប្រភេទដំណាំ ព្រោះសង្ឃឹម​ថា ថ្ងៃ​ណា​មួយ​តម្លៃ​កសិផល​នឹង​មាន​តម្លៃ​សមរម្យ​អាច​លក់​បាន​លុយ​ដោះ​បំណុល​គេ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ជុំវិញបញ្ហាខាងលើនេះ មកទល់នឹងពេលនេះទៀតសោត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ក៏នៅមានប្រជាជនជាច្រើនមានការឈឺឆ្អាល និយាយ និងធ្វើវីឌីអូជាហូរហែលើបណ្តាញសង្គម ហើយសំណេររបស់លោក ឃឹម ហ្វីណង់ ក៏មានការចែករំលែកយ៉ាងច្រើនផងដែរ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

ព័ត៌មានទាក់ទង

Image