en     km
en     km

ស្រ្តីកម្មករសំណង់ប្រឈមនឹងបញ្ហាកង្វះបង្គន់អនាម័យស្អាតប្រើប្រាស់នៅកន្លែងស្នាក់នៅពេលបំពេញការងារ

Share

អ្នកស្រី ត្រប់ អឿម ពីអ្នកស៊ីឈ្នួលធ្វើសែ្រចម្ការនៅស្រុកកំណើត មកធ្វើជាកម្មករសំណង់នៅភ្នំពេញប្រាប់ពីប្រឈមនឹងបញ្ហាកង្វះបង្គន់អនាម័យ។ ដោយសារតែកត្តាជីវភាពមានការលំបាកខ្វះខាតនោះ ស្ត្រីវ័យ៤០ឆ្នាំម្នាក់នេះ បានសម្រេចបង្ខំចិត្តចាកចេញពីស្រុកកំណើត មកធ្វើជាកម្មករសំណង់នៅក្នុងទីក្រុងភ្នំពេញ ជួបប្រឈមនឹងបញ្ហាកង្វះបង្គន់អនាម័យស្អាតសម្រាប់ប្រើប្រាស់ ខណៈដែលស្រ្តីកម្មករសំណង់ផ្សេងក៏ជួបបញ្ហាមិនខុសពីអ្នកស្រីអឿមដែរ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ក្នុងពេលជួបជាមួយអ្នកយកព័ត៌មានវិទ្យុស្រ្តី អ្នកស្រី ត្រប់ អឿម ដែលធ្លាប់តែប្រកបរបរស៊ីឈ្នួលធ្វើស្រែចម្ការ និងដកដំឡូងនៅតាមភូមិនោះ បានរៀបរាប់ប្រាប់ដោយសំឡេងបែបរដឺនថា ដោយសារជីវភាពលំបាកទើបធ្វើឱ្យអ្នកស្រីសម្រេចចិត្តឃ្លាតពីកូនចំនួន៤នាក់ នៅឯស្រុកកំណើតក្នុងភូមិរំលំរុនថ្មី ឃុំស្រែណយ ស្រុកវ៉ារិន ខេត្តសៀមរាប មកធ្វើជាកម្មករសំណង់នៅទីក្រុងភ្នំពេញ។ ក្នុងការប្រកបមុខរបរជាកម្មករសំណង់នៅក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ននេះ អ្នកស្រីកំពុងប្រឈមនឹងបញ្ហាកង្វះបង្គន់អនាម័យស្អាតសម្រាប់ប្រើប្រាស់នៅក្នុងកន្លែងស្នាក់នៅពេលបំពេញការងារ។

អ្នកស្រី ត្រប់ អឿម បានប្រាប់ឱ្យដឹងថា ការងារជាកម្មករដែលអ្នកស្រីត្រូវធ្វើមានដូចជា អូសកំបោរ អូសឥដ្ឋ យកកំបោរឱ្យជាង ជាដើម ដោយទទួលបានប្រាក់កំរ៉ៃ ចំនួនត្រឹមតែ៣៥០០០រៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ អ្នកស្រីបន្តថា​ ជុំវិញការងារនេះអ្នកស្រី មិនត្អូញត្អែរទេ ព្រោះអ្នកស្រីធ្លាប់ធ្វើការងារលំបាកច្រើនជាងនេះនៅឯស្រុកកំណើត។ ប៉ុន្តែអ្វីដែលចោទជាបញ្ហានោះ អ្នកស្រីថា គឺកន្លែងដែលអ្នកស្រីស្នាក់នៅពេលបំពេញការងារ ប្រឈមនឹងបង្វះបង្គន់អនាម័យស្អាតសម្រាប់ប្រើប្រាស់ ដែលធ្វើឱ្យអ្នកស្រីពិបាកក្នុងការស្នាក់នៅនិងពេលខ្លះអ្នកស្រីក៏ត្រូវចេញទៅបត់ជើងនៅតាមព្រៃខាងក្រៅក្បែរកន្លែងដែលស្នាក់នោះ។

អ្នកស្រីបន្តថា« ការងូតទឹក ពេលងូតទឹកហើយរមាស់ មិនដឹងទឹកអីៗបង្ហូរយកៗ​ ធម្មតាមនុស្សច្រើនមិនចេះអនាម័យ យើងចេះសំអាតតែយើងទៅ ពីរ បី នាក់ទៀតគគ្រិច ស្អុយមែនទែនៗ ធ្វើម៉េចតែចេះតែទ្រាំនៅសិន កាលទើបមកដំបូងៗប្រុងតែទៅវិញ»។

បន្ថែមពីនេះដោយសារតែកន្លែងហូបបាយនៅជិតបន្ទប់ទឹកនោះ អ្នកស្រី ត្រប់ អឿម បានឱ្យដឹងទៀតថា ពេលខ្លះអ្នកស្រីត្រូវកាន់ចានបាយយកទៅហូបនៅក្នុងបន្ទប់សម្រាប់គេងវិញទើបអាចហូបបាយបានខ្លះ ព្រោះក្លិនដែលជះចេញពីបន្ទប់ទឹកមកឆ្អេះឆ្អួលងំ ធ្វើឱ្យអ្នកស្រីហូបបាយអត់កើត។ អ្នកស្រី បន្តថាគាត់ត្រូវធ្វើការហត់ផង ក្តៅផងពេញមួយថ្ងៃ  ពេលត្រលប់មកដល់បន្ទប់សម្រាកវិញ ត្រូវមកប្រឈមនឹងបញ្ហាបង្អន់អនាម័យដែលមានក្លិនស្អុយ ឆ្អេះអ៊ីចឹងទៀត អ្នកស្រីថាប្រហែលជានឹងត្រូវត្រលប់ទៅស្រុកកំណើតវិញហើយ។

ស្រដៀងគ្នានេះដែរ កម្មករសំណង់មួយរូបទៀត អ្នកស្រី ហេង គង់ ក៏បានឱ្យដឹងដែរ សម្រាប់បន្ទប់ស្នាក់នៅ​​ ​និងទឹកភ្លើងថៅកែមិនគិតប្រាក់ទេ ប៉ុន្តែអ្វីដែលពិបាកខ្លាំងនោះគឺ បង្គន់អនាម័យមិនស្អាត ស្អុយ ឆ្អេះពេលចូលទៅខាងក្នុងបន្ទប់ទឹកចង់សន្លប់។ អ្នកស្រីថា «បន្ទប់ទឹកអត់ស្អាត ធ្វើទរឱ្យជុះដូចទរជ្រូក បន្ទប់ទឹកប្រុសក៏អ៊ីចឹង បន្ទប់ទឹកស្រីក៏អ៊ីចឹង គ្រាន់តែបន្ទប់ប្រុសផ្សេង បន្ទប់ស្រីផ្សេង ចូលទៅចង់សន្លប់»។

លោក​ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជា បានមានប្រសាសន៍ ការដែលកន្លែងស្នាក់នៅរបស់កម្មករសំណង់​ខ្វះការយកចិត្តទុកដាក់ពីនិយោជក ឬ ភាគីក្រុមហ៊ុន ដែលមិនអាចរៀបចំឱ្យមានបង្គន់អនាម័យ ប្រើប្រាស់ឱ្យបានត្រឹមត្រូវទេនោះ  វាធ្វើឱ្យប៉ះពាល់ដល់សុខភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់។លោកថា ចំណុចនេះត្រូវការ ការយកចិត្តទុកដាក់ខ្ពស់ពីនិយោជក ឬភាគីក្រុមហ៊ុនគាត់ដោយផ្ទាល់ បើមិនដូច្នេះទេ ការរស់នៅរបស់ពួកគាត់ខ្វះអនាម័យផង ប៉ះពាល់ដល់សុខភាពពួកគាត់ផង។

លោកថា​«សម័យនេះគប្បីក្រុមហ៊ុនទាំងអស់យកចិត្តទុកដាក់ជាពិសេសខាងសំណង់នេះតែម្តង យើងមើលឃើញការរស់នៅរបស់គាត់ខាងសំណង់នេះហាក់ដូចជាពិបាក​មើលតែម្តង ដូច្នេះភាគីក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់ទៅលើរឿងនេះចំពោះបុគ្គលិក និងកម្មកររបស់ខ្លួន»។​

ជាដំណោះស្រាយលើបញ្ហានេះ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា « ទាមទារឱ្យកម្មករពួកគាត់ផ្ទាល់ត្រូវហ៊ាន បង្ហាញពីបញ្ហាប្រឈមរបស់គាត់ទៅភាគីក្រុមហ៊ុនរបស់គាត់។ ខ្ញុំគិតថាស្ថាប័នភាគីពាក់ព័ន្ធ ទាំងក្រសួង ក៏ត្រូវពិនិត្យធ្វើការណែនាំដល់ក្រុមហ៊ុនសំណង់ទាំងអស់​ដែលមានការប្រើប្រាស់កំលាំងកម្មករនោះធ្វើម៉េច ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើកម្មករ របស់ខ្លួនជាពិសេស រៀបចំឱ្យមានបង្អន់អនាម័យ ទឹកស្អាតប្រើប្រាស់ឱ្យបានគ្រប់គ្រាន់កុំឱ្យពួកគាត់ប្រឈមនឹងបញ្ហាសុខភាព​។

ជុំវិញបញ្ហាកង្វះបង្អន់អនាម័យប និងទឹកស្អាតប្រើប្រាស់សម្រាប់ស្រ្តីកម្មករសំណង់  លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញឱ្យដឹងថា បញ្ហាកង្វះអនាម័យនេះធ្វើឱ្យប្រឈមនឹងជំងឺដូចជារាគរូស អាសន្នរោគ គ្រុនពោះវៀន រលាកថ្លើម កម រមាស់ បើក្មេងរលាកទងសួតស្រួចស្រាវ កង្វះអាហារូបត្ថម្ភ។ ចំពោះស្រ្តី បើខ្វះទឹកស្អាត ធ្វើឱ្យគាត់ប្រឈម​នឹង​រលាកស្បូន និងធ្លាក់ស ជាដើម។ ជាដំណោះស្រាយ លោកវេជ្ជបណ្ឌិតថា​ «​ គឺការដ្ឋានកម្មករសំណង់ត្រូវមានបង្គន់អនាម័យសម្រាប់គាត់ ចំពោះតំបន់ រាជធានី ហើយការដ្ឋានហ្នឹងត្រូវយកចិត្តទុកដាក់​រឿងទឹកស្អាតនិងអនាម័យ បើមិនអ៊ីចឹងទេកម្មករត្រូវរងគ្រោះដោយសារជំងឺអាចទ្រុឌទ្រោមកម្លាំង បាក់កម្លាំង មានកម្លាំងពលកម្មណាធ្វើការឱ្យគាត់​ មួយទៀតកម្មករគ្រោះថ្នាក់ខាតគាត់តើ ព្រោះកម្មករធ្វើការឱ្យគាត់ អ៊ីចឹងត្រូវយកចិត្តទុកដាក់ហ្នឹងអាណឹង»។

បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិតថា​ រដ្ឋក៏ត្រូវការចេញសេចក្តីណែនាំឬដាក់បទបញ្ជាឱ្យក្រុមហ៊ុនសំណង់ មានបង្អន់អនាម័យ និងទឹកស្អាតប្រើប្រាស់ឱ្យបានត្រឹមត្រូវសម្រាប់កម្មកររបស់ខ្លួន។ បើមិនអ៊ីចឹងទេ រដ្ឋខ្លួនឯង ត្រូវធ្វើបង្គន់សាធារណៈនៅតំបន់ទាំ​ងនោះ​​ដើម្បីឱ្យកម្មករគាត់បានទទួលនូវសេវាទឹកស្អាតនិងអនាម័យនេះ៕

 

 

Share

ព័ត៌មានទាក់ទង

Image