ចាប់តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦ រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិមួយ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ពិសេសការដឹកជញ្ជូនឈើប្រណីតៗ នាំចេញតាមច្រករបៀងទៅលក់នៅប្រទេសវៀតណាម។ ជាលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា ទទួលបានជោគជ័យទាំងស្រុង ប៉ុន្តែអ្នកការពារឈើវិញថា ការបង្កើតគណៈកម្មាការជាតិយឺតពេលបន្តិចហើយ។
តើរាជរដ្ឋាភិបាលត្រូវធ្វើដូចម្ត៉េច ដើម្បីការពារ ឬថែរក្សាព្រៃឈើដែលនៅសេសសល់ចុងក្រោយឱ្យនៅគង់វង្សបានល្អ?
ចាប់តាំងពីរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក វិនិយោគលើដីសម្បទានសេដ្ឋកិច្ចលើទំហំដីរាប់ម៉ឺនហិកតារួចមក ហាក់ចាប់ផ្តើមធ្វើឱ្យប៉ះពាល់ដល់អនុផលព្រៃឈើ និងជម្រកសត្វព្រៃ ព្រៃជំនឿ និងព្រៃបម្រុងទុករបស់ជនជាតិភាគតិចយ៉ាងធ្ងន់ធ្ងរ។
ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលបានដកសិទ្ធិវិនិយោគពីក្រុមហ៊ុន ដែលមិនគោរពតាម លក្ខខណ្ឌវិនិយោគមួយចំនួនផងដែរ តែការដកដីសម្បទានសេដ្ឋកិច្ចនេះ ហាក់ដូចជាស្របពេលដែលព្រៃឈើហិនហោចទៅៗ។
តម្លៃឈើប្រណីតនៅកម្ពុជាចាប់ផ្តើមត្រូវប៉ាន់ខ្លាំង នៅពេលដែលតម្រូវការទីផ្សារប្រើប្រាស់គ្រឿងសង្ហារឹម ពេញនិយមនៅក្នុងប្រទេសចិន និងប្រទេសវៀតណាម។
បើយោងតាមលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើមានរយៈពេលជាងកន្លះខែមកនេះ អ្នកនាំពាក្យ កងរាជអាវុធហត្ថ លោក អេង ហ៊ី បានបញ្ជាក់ថា ការបង្ក្រាបនេះ ទទួលបានជោគជ័យទាំងស្រុងនៅភូមិភាគឦសាន្ត ។ មិនត្រឹមតែប៉ុណ្ណោះ ការបង្ក្រាបបទល្មើសព្រៃឈើនេះ គ្មានពេលកំណត់ឡើយ។
អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះបន្ថែមថា គ្មានទេការលើកលែងទោស ចំពោះអ្នករកស៊ីឈើប្រណីតខុសច្បាប់ ដែលមានងារជាឧកញ៉ា ឬជាមន្ត្រីធំៗ មានខ្នងក្រាសយ៉ាងណាក៍ដោយ ត្រូវនាំពួកគេមកអនុវត្តស្មើគ្នាចំពោះមុខច្បាប់។ លោកថា រួមទាំងអ្នកបានដុតបំផ្លាញគំនរឈើគឺត្រូវមានទោស ពីបទបំផ្លាញភស្តុតាងផងដែរ។
លោក សេង សុខហេង អ្នកការពារព្រៃឈើទូទាំងប្រទេស ពិសេសតំបន់ព្រៃឡង់ មានប្រសាសន៍ថា ជុំវិញការបង្ក្រាបបទល្មើសព្រៃឈើរបស់រាជរដ្ឋាភិបាល លោកហាក់គ្មានជំនឿនោះឡើយ។ លោកបន្តថា យន្តការនេះ មិនខុសអ្វីពីវែកចកក្នុងទឹកនោះឡើយ។
លោក សុខហេង បន្តថា លោកទទួលស្គាល់ថា ការដឹកជញ្ជូនឈើប្រណីតតាមរថយន្តធំៗ មានការថយចុះជាងមុនបន្តិច នៅពេលដែលរដ្ឋាភិបាលចាត់វិធានការក្តៅនេះ ក៏ប៉ុន្តែការដឹកជញ្ជូនឈើតាមម៉ូតូនៅតែមានរៀងរាល់ថ្ងៃ។
អ្នកការពារព្រៃឈើរូបនេះ បញ្ជាក់ថា បញ្ហាប្រឈមរបស់សហគមន៍លោកមិនអាចការពារព្រៃឈើប្រកបដោយប្រសិទ្ធភាពគឺ ដោយសារសហគមន៍គ្មានសិទ្ធិអំណាចគ្រប់គ្រាន់ នៅពេលចុះទៅល្បាតការពារព្រៃឈើម្តងៗ។
ទាក់ទិននឹងបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី បានឱ្យដឹងថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាការជាតិ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើនេះ ហាក់បីដូចជាមិនបានផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឡើយ។
លោកមានជំនឿថា មិនយូរប៉ុន្មានទេ សកម្មភាពទប់ស្កាត់ព្រៃឈើនេះ នឹងរលត់ទៅវិញ ដោយសារតែមានអំពើពុករលួយនៅក្នុងវិស័យព្រៃឈើ។
មិនត្រឹមតែប៉ុណ្ណោះ លោកយល់ថា ជួនកាលយន្តការរបស់រាជរដ្ឋាភិបាលនេះ គ្រាន់តែបិទផ្លូវរកស៊ីតាមច្រកតូចៗ តែបើកផ្លូវឱ្យច្រកធំទៅវិញ។ ទោះបីយ៉ាងណា លោក មាស នី មានប្រសាសន៍ថា លោកនឹងបន្តតាមដានយន្តការបង្ក្រាបបទល្មើសព្រៃឈើនេះ ថាតើវាមានប្រសិទ្ធភាពកម្រិតណា។
អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះបញ្ជាក់ថា ប្រភពដែលបំផ្លាញឈើកម្ពុជាខ្លាំងជាងគេ គឺការនាំចេញទៅក្រៅប្រទេស ដូច្នេះ រាជរដ្ឋាភិបាលគួរតែបិទច្រកនាំចេញទៅក្រៅប្រទេសទាំងស្រុក។
ទាំងអ្នកការពារព្រៃឈើ និងអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមបានលើកឡើងដូចគ្នាថា ដើម្បីការពារព្រៃឈើសល់ចុងក្រោយ ទាល់តែរាជរដ្ឋាភិបាលផ្តល់សិទ្ធិអំណាចពេញលេញឱ្យប្រជាពលរដ្ឋ និងមន្ត្រីតាមមូលដ្ឋាន ជាអ្នកការពារវិញ ទើបមានប្រសិទ្ធភាពជាង។
យោងតាមអ្នកការពារព្រៃឈើ និងអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមទាំងពីរខាងលើឃើញថា ការបង្កើតគណៈកម្មាការជាតិ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ហាក់គ្មានប្រសិទ្ធភាពឡើយ។ អ្នកទាំងពីរយល់ថា ក្រៅពីប្រគល់អំណាចដល់មន្ត្រីមូលដ្ឋានគ្រប់គ្រាន់ហើយ រដ្ឋាភិបាលត្រូវបន្តពង្រឹងច្បាប់ និងអនុវត្តច្បាប់ដោយស្មើភាពគ្នាចំពោះមុខច្បាប់ ជាពិសេសរដ្ឋាភិបាលត្រូវបិទប្រភពនាំចេញឱ្យបាន៕