en     km
en     km

សហជីព ៤ ស្ថាប័នបញ្ចប់វគ្គសិក្សាផ្នែកព័ត៌មានក្រោយទទួលការបណ្តុះបណ្តាលពីWMC ចំនួន៣លើក

Share

ភ្នំពេញ៖ នៅថ្ងៃទី០៩ និងទី១០ ខែឧសភា ឆ្នាំ២០២៤ សមាជិកសហជីពនិងអ្នកធ្វើការងារលើកស្ទួយសិទ្ធិការងារនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមកពីស្ថាប័នចំនួន ៤ បានបញ្ចប់វគ្គសិក្សាស្តីពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាមួយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ដែលសរុបមានចំនួនបីលើក។

សកម្មភាពនៃវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ផ្ទាល់តាមទូរស័ព្ទ។

ដោយឡែកវគ្គបណ្តុះបណ្តាលលើកទីបី និងជាវគ្គបញ្ចប់នៃកម្មវិធីដែលប្រព្រឹត្តិទៅនៅទីតាំង Solidarity Center 1 ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញនេះ ក្រុមគ្រូបង្គោលនៃ WMC បានបង្ហាញនូវមេរៀនចំនួនពីរបន្ថែមទៀតគឺ របៀបរាយការណ៍ព័ត៌មានតាមទូរស័ព្ទ(Live) និងមេរៀនការតស៊ូមតិតាមប្រព័ន្ធផ្សព្វផ្សាយ។

លោក យិប ឆេងលាភ អ្នកគ្រប់គ្រងដំណើរការកម្មវិធីនៃវគ្គបណ្តុះបណ្តាលណែនាំពីដំណើរការអនុវត្តលំហាត់ទៅកាន់សិក្ខាកាម។

ក្នុងពេលសិក្សារយៈពេលពីរថ្ងៃនេះ សិក្ខាកាមចំនួនជិត ២០ នាក់មកពីសហជីពC.CAWDU, BWTUC ,CUMW, ស្ថាប័ន IDEA បានទទួលចំណេះជំនាញនិងបច្ចេកទេសជុំវិញរបៀបរាយការណ៍ផ្ទាល់(Live) តាមទូរស័ព្ទដោយមានការត្រឹមលក្ខណៈទុកជាមុន ពោលគឺត្រឹមលក្ខណៈមុនពេលlive អំឡុងពេលlive និងក្រោយពេលlive។ ការត្រឹមលក្ខណៈបានល្អប្រសើរទុកជាមុនបែបនេះ នឹងជួយឱ្យការរាយការណ៍ព័ត៌មានមានប្រសិទ្ធភាពខ្ពស់ ពិសេសអាចធ្វើឱ្យអ្នករាយការណ៍អាចការពារខ្លួនពីការចោទប្រកាន់តាមផ្លូវច្បាប់។

លោក គីម ចាន់ចាវ គ្រូបង្គោលធ្វើបទបង្ហាញពីមេរៀនការធ្វើសេចក្តីរាយការណ៍ផ្ទាល់តាមទូរស័ព្ទ។

រីឯមេរៀនទាក់ទងនឹងការផលិតមាតិកាបែបតស៊ូមតិតាមប្រព័ន្ធផ្សព្វផ្សាយវិញ គ្រូបង្គោលបានចែករំលែកនូវគន្លឹះមួយចំនួនក្នុងការបញ្ចូលសារតស៊ូមតិតាមរបៀបនិទានរឿង ដែលសារតស៊ូមតិបែបនេះជាប្រភេទព័ត៌មានមួយអាចឆក់បេះដូងអ្នកទស្សនាឬស្តាប់បានយល់ពីខ្លឹមសារដែលចង់បង្ហាញរបស់កម្មករឬអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងពេលសិក្សាគ្រូបង្គោលបានបែកចែកសិក្ខាកាមជា ៤ក្រុមផ្សេងគ្នា អនុវត្តនូវលំហាត់ដោយឡែកពីគ្នាដោយមានជាផលិតផលវីដេអូ សំណេរ រូបភាពរៀបរាប់រឿង និងការផលិតព័ត៌មានជាសំឡេង ដែលផលិតផលរបស់ក្រុមនីមួយៗត្រូវបង្ហាញនូវបញ្ហា ទិន្នន័យ និងដំណោះស្រាយលើបញ្ហា។

លោក រ៉ូប៊ិន គ្រូបង្គោលនៃWMCឡើងធ្វើបទបង្ហាញពីមេរៀនការតស៊ូមតិតាមប្រព័ន្ធផ្សព្វផ្សាយ។

លោក ព្រាប មុន្នីសុវណ្ណ អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្មករ(CUMW)ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនិយាយថា លោកទទួលបានចំណេះដឹងថ្មីមួយផ្នែកបន្ថែមទៀត ពីរបៀបបង្កើតមាតិការឿងបែបតស៊ូមតិតាមវិជ្ជាជីវៈសារព័ត៌មាន ដោយផ្តោតលើចំណុចសំខាន់ចំនួនបីគឺបញ្ហានៃរឿង ការប្រមូលទិន្នន័យរឿង និងការផ្តល់ដំណោះស្រាយរឿង។ សម្រាប់លោក ព្រាប មុន្នីសុវណ្ណ ការយល់ដឹងពីគន្លឹះទាំងបីនៃការបង្កើតមាតិកាដោយបញ្ចូលការនិទានរឿងនេះ គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្ហាញរឿងរ៉ាវប្រកបដោយភាពទាក់ទាញនិងអាចរកដំណោះស្រាយបានល្អប្រសើរ ពិសេសអាចការពារខ្លួនពីទោសទណ្ឌនានាបាន។

លោក ព្រាប មុន្នីសុវណ្ណ ឡើងថ្លែងចំណាប់អារម្មណ៍នៅចុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល។

ក្នុងនាមជាសហជីពដែលបានទទួលវគ្គបណ្តុះបណ្តាលទាក់ទងនឹងព័ត៌មាននេះលោក មុន្នីសុវណ្ណ សន្យាថានឹងលើកនូវរឿងរ៉ាវជុំវិញបញ្ហារបស់កម្មករ និងសហជីព តួយ៉ាងការរំលោភសិទ្ធិ ការកេងចំណេញកម្លាំងពលកម្ម និងការទាមទារអត្ថប្រយោជន៍នានាស្របតាមគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិដែលមានចែង។ លោកថា ការចូលរួមចំណែកលើកឡើងនូវក្តីកង្វល់ និងបញ្ហារបស់កម្មករតាមរយៈអត្ថបទព័ត៌មានបែបនេះនឹងក្លាយជាមធ្យោបាយមួយយ៉ាងមានប្រសិទ្ធភាព ធ្វើឱ្យភាគីពាក់ព័ន្ធពិសេសថៅកែ និងស្ថាប័នក្រសួងសមីអាចប្រើប្រាស់យន្តការដោះស្រាយបានឆាប់រហ័ស និងចំគោលដៅដែលកម្មករចង់បាន។

សកម្មភាពសិក្ខាកាមកំពុងធ្វើការងារក្រុមអនុវត្តលំហាត់។

ទាក់ទងវគ្គបណ្តុះបណ្តាលនេះលោកបណ្ឌិត Joe Buckley អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សម្រាប់មជ្ឈ មណ្ឌលសាមគ្គីភាពកម្ពុជា(Solidarity Center) មានប្រសាសន៍តាមប្រព័ន្ធសារអេឡិចត្រនិចថា លោកមានក្តីសោមនស្សរីករាយដែលក្រុមសហជីពបានចូលរួមនិងបន្តការសិក្សាវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាននេះដោយយកចិត្តទុកដាក់ និងមានសកម្មភាពផុសផុលពេលសិក្សា និងថែមទាំងអាចសហការគ្នាផលិតព័ត៌មានបានយ៉ាងល្អទោះបីវគ្គសិក្សាមានរយៈពេលខ្លីក៏ដោយ។ នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុជាសកលនេះ លោកសង្កេតឃើញថា កម្មកររោងចក្របានបាត់បង់និងមិនទាន់ទទួលបានអត្ថប្រយោជន៍ពេញលេញពីក្រុមហ៊ុនឬថៅកែរោងចក្រនោះទេ ដែលប្រការនេះទាមទារការចូលរួមពីសំណាក់សហជីពបន្ថែមក្នុងការលើកឡើងនូវសំឡេងរបស់កម្មករតាមរយៈសារព័ត៌មាន ដើម្បីឱ្យមានការឆ្លើយតបជាវិជ្ជមានដល់កម្មករ។

លោកបណ្ឌិត Joe Buckley ថ្លែងចំណាប់អារម្មណ៍ទៅកាន់ក្រុមសិក្ខាកាមតាមប្រព័ន្ធអេឡិចត្រនិចនៅចុងកម្មវិធី។

នៅចុងបញ្ចប់នៃកម្មវិធីលោករំពឹងថា សហជីពនឹងអាចផលិតនូវខ្សែវីដេអូព័ត៌មានជុំវិញរឿងរ៉ាវរបស់កម្មករ ដោយមានការសហការជាមួយអង្គការមណ្ឌលព័ត៌មានស្រ្តី(WMC)ជាអ្នកជួយណែនាំតម្រង់ទិសបន្ថែម ធ្វើយ៉ាងណាឱ្យសាររបស់កម្មករធានាថាមានការឆ្លើយតបជាវិជ្ជមាន ហើយសហជីពដែលជាផលិតករនឹងអាចជៀសផុសពីការប្តឹងផ្តល់តាមរយៈការផ្សាយប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌។

 លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)និងជាសិក្ខាកាមឡើងបញ្ចេញមតិនិងបង្ហាញចំណាប់អារម្មណ៍ក្នុងកម្មវិធីបណ្តុះបណ្តាល។

ថ្លែងបិទបញ្ចប់កម្មវិធីបណ្តុះបណ្តាលនាឱកាសនោះដែរ លោក ផាន ភ័ព្វបារមី នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)លើកឡើងដោយថ្លែងអំណរគុណដល់សមាជិកសហជីពទាំង៤ស្ថាប័ន ដែលបានបន្តវត្តមានចូលរួមសិក្សាវិជ្ជាជីវៈសារព័ត៌មាននេះ តាំងពីចាប់ផ្តើមរហូតដល់បិទបញ្ចប់។ លោកមានសុទិដ្ឋិនិយមថា ការសម្របសម្រួលនិងការផ្តល់ព័ត៌មានទៅកាន់អ្នកពាក់ព័ន្ធពិសេសស្ថាប័នមានសមត្ថកិច្ចតាមវិធីសាស្រ្តទន់ភ្លន់ គឺជាមធ្យោបាយមួយក្នុងការរកដំណោះស្រាយនិងមានការឆ្លើយតបត្រឡប់មកវិញបានយ៉ាងសមរម្យ។ ប្រការនេះលោករំពឹងថា សិក្ខាកាមជាសហជីពនឹងអាចផ្តល់នូវព័ត៌មានមួយបានយ៉ាងជាក់លាក់តាមរយៈការប្រមូលនូវទិន្នន័យ របាយការណ៍និងប្រភពបានគ្រប់ជ្រុងជ្រោយមុនធ្វើការចុះផ្សាយ ដោយសេចក្តីរាយការណ៍នេះគឺជាធាតុយ៉ាងសំខាន់ដល់រដ្ឋាភិបាលក្នុងការធ្វើសេចក្តីសម្រេចចិត្តឆ្លើយលើបញ្ហារបស់បងប្អូនកម្មករ។

លោក ផាន ភ័ព្វបារមី ឡើងថ្លែងចំណាប់អារម្មណ៍នៅចុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ(MIL)ដែលបានប្រព្រឹត្តិទៅចំនួនបីលើកកន្លងមកនេះ អាចប្រព្រឹត្តិទៅបានដោយដោយមានកិច្ចសហការរវាង អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) តាមរយៈកិច្ចសម្របសម្រួលពីមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ(Solidarity Center)។

សកម្មភាពសិក្ខាកាមកំពុងធ្វើការងារក្រុមអនុវត្តលំហាត់។

សូមបញ្ជាក់ផងដែរថា បន្ទាប់បញ្ចប់វគ្គសិក្សាចំនួនបីលើកនេះរួច សិក្ខាកាមមានកាតព្វកិច្ចចុះផលិតព័ត៌មានទាក់ទងបញ្ហារបស់កម្មករដែលកំពុងជួបប្រទះមកផ្សព្វផ្សាយលើបណ្តាញសង្គម ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធពិសេសថៅកែរោងចក្រជួយរកដំណោះស្រាយជូនកម្មបានសមរម្យ។ ជាងនេះ ការផលិតព័ត៌មាននៅពេលបន្ទាប់ គឺក្រុមគ្រូបង្គោលនឹងតាមជួយណែនាំ និងតម្រង់ទិសដល់ក្រុមសហជីពនីមួយៗមុននឹងអត្ថបទត្រូវផ្សព្វផ្សាយជាសាធារណៈលើបណ្តាញសង្គមប្រកបដោយភាពត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន៕

កម្រងរូបភាពនៃវគ្គបណ្តុះបណ្តាលលើកទី៣៖

 

 

 

 

Share

ព័ត៌មានទាក់ទង

Image