កីឡាការិនី នៅ ស្រីពៅ ខំប្រឹងហ្វឹកហាត់អស់ជាច្រើនខែ និងបានរៀបចំខ្លួនរួចរាល់ ទាំងកម្លាំងកាយ ចិត្ត និងថាមពល រង់ចាំតែថ្ងៃប្រកួត ដែលមកដល់នាថ្ងៃទី១១ ខែឧសភាស្អែកនេះ តែបែរជាមកជួបរឿងមិននឹកស្មានដល់ គឺគ្រោះថ្នាក់អំឡុងពេលហ្វឹកហាត់ ដែលជាហេតុធ្វើឱ្យកីឡាការិនីរូបនេះ ផ្អាកការប្រកួតដែលនឹងមកដល់នៅថ្ងៃស្អែក។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
កីឡាការិនី នៅ ស្រីពៅ ជាអ្នកប្រដាល់អាជីពដ៏មានសក្តានុពលម្នាក់ និងមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យប្រដាល់នៅកម្ពុជា ហើយកីឡាការិនីរូបនេះ មានបទពិសោធមិនក្រោម១០ឆ្នាំនោះទេ។ ក្រោយពីប្តូរក្លឹបប្រដាល់ មកហាត់នៅ«អាណាចក្រថ្នាលគុនខ្មែរ» Kun Khmer International Fight Gym (KKIF) ក្រោមការគ្រប់គ្រងរបស់ លោកឧកញា ស្រី ចាន់ថន ជាច្រើនខែ កីឡាការិនីរូបនេះ បានប្រឹងប្រែងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំទាំងយប់ថ្ងៃនៅ ក្លឹបKKIF និងត្រៀមខ្លួនរួចជាស្រេចក្នុងការឡើងប្រកួតនាថ្ងៃស្អែក ។ ប៉ុន្តែ ជាការណ៍មិននឹកស្មានដល់ កីឡាការិនី នៅ ស្រីពៅ បានជួបគ្រោះថ្នាក់ជើងអំឡុងពេលហ្វឹកហាត់ ដែលជាហេតុត្រូវតែផ្អាកឡើងប្រកួតជាបណ្តោះអាសន្នសិន។ ឧបទ្ទវហេតុនេះ សម្រាប់ នៅ ស្រីពៅ ផ្ទាល់ពិតជាសោកស្តាយខ្លាំងណាស់ ព្រោះខ្លួន ខំប្រឹងហ្វឹកហាត់រាប់ខែរង់ចាំតែឱកាសនេះ តែបែរជាកៀកថ្ងៃទៅហើយត្រូវមកជួបគ្រោះថ្នាក់បែបនេះទៅវិញ។ យ៉ាងណាមិញ ពេលនេះ អាការៈ កីឡាការិនី នៅ ស្រីពៅ បានល្អប្រសើរខ្លះហើយ ដើរបានតិចតួច ប៉ុន្តែមិនអាចធ្វើចលនាដូចការហ្វឹកហាត់បានទេ ដោយវេជ្ជបណ្ឌិតបង្គាប់ឱ្យសម្រាករយៈពេល២សប្តាហ៍យ៉ាងលឿន។
« អឺ! ឥឡូវខ្ញុំរាងដើរបានតិចៗហើយបង អឺ!ខ្ញុំហ្វឹកហាត់បង ជាពេលដូចហាត់ ដូចក្លេរនេះហ៎! ដល់ពេលក្រឡាច់ជង្គង់ទៅ វាដើរអត់រួច ព្រលឹមឡើងដើរអត់រួច។ ខ្ញុំទៅថតមើលទៅគេថា ឈាមដក់នៅកន្លែងសរសៃពួរហ្នឹងអ៊ីចឹងហា!ណាស់បង ត្រូវការគេឱ្យសម្រាក២អាទិត្យអីអ៊ីចឹងហាណាស់ កុំឱ្យយើងរត់ ឬក៏លោត ចលនាអ៊ីចឹងហាណាស់បង។ ខ្ញុំត្រូវប្រកួតស្អែកបង ដល់ពេលឥឡូវ ខ្ញុំរបួសជើងអ៊ីចឹងពេទ្យគេអត់ឱ្យប្រកួតផង។ សោកស្តាយបង ព្រោះខ្ញុំនិយាយរួម ខ្ញុំចាំឱកាសហ្នឹងយូរហើយ ព្រោះខ្ញុំត្រៀមបាន១០០ភាគរយហើយបងចា! ដល់ពេលអ៊ីចឹងសោកស្តាយ មិនថាតែខ្ញុំទេ លោកគ្រូ អ្នកនៅក្នុងក្លឹបហ្នឹងក៏គេអាណិតខ្ញុំហាស!។»
លើបញ្ហានេះ លោក កាន់ សុភ័ក្រ្ត ឬហៅទិនហ្វី ជាអ្នកគាំទ្រ និងជាអ្នកថតរាល់សកម្មភាពកីឡាករ-កីឡាការនី នៅក្នុងក្លឹបKKIF ក៏បានបង្ហាញនូវការសោកស្តាយ និងអាណិត កីឡាការិនី នៅ ស្រីពៅ ជាខ្លាំង ព្រោះមើលឃើញថា កីឡាការិនីរូបនេះ ព្យាយាមពង្រឹងខ្លួនមករាប់ខែហើយ ដើម្បីរង់ចាំឱកាសក្នុងប្រកួតនេះ តែកៀកថ្ងៃទៅហើយ បែរមកជួបគ្រោះថ្នាក់អំឡុងពេលហ្វឹកហាត់ភ្លាមៗបែបនេះ ធ្វើឱ្យបាត់បង់ឱកាសប្រកួត ដោយត្រូវដូរដៃគូផ្សេងជំនួស។
«អឺ! ពាក់ព័ន្ធទៅហ្នឹង នៅ ស្រីពៅ គឺគាត់មិនមែនមានឧបទ្ទវហេតុ ក្នុងពេលប្រកួតទេ គឺគាត់មានឧបទ្ទវហេតុ ក៏ដូចជាមានរបួសស្នាមអំឡុងពេលដែលគាត់ហ្វឹកហាត់។ ឥឡូវនេះ អាការៈគាត់គឺរាងប្រសើរឡើងហើយ ក៏ប៉ុន្តែ គាត់មិនអាចប្រកួតបានទេ។ តាមវេជ្ជបណ្ឌិតគឺគាត់បានប្រាប់ថា ឱ្យសម្រាករយៈ២សប្តាហ៍យ៉ាងលឿន។ សម្រាប់ខ្ញុំៗពិតជាសោកស្តាយមែនទែន ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ ដែលគាត់បាន ប្រឹងប្រែងអស់រយៈពេលប្រមាណជាង២ខែ ក៏ប៉ុន្តែបែរជាមកជួបហេតុការណ៍បែបហ្នឹង វាពិតជាគួរឱ្យសោកស្តាយ។ មែនទែនទៅសម្រាប់យើងជាអ្នកគាំទ្រគឺយើងសោកស្តាយ ក៏ប៉ុន្តែសម្រាប់ នៅ ស្រីពៅ ផ្ទាល់គឺគាត់បាននិយាយថា គាត់ក៏សោកស្តាយ អ្វីដែលគាត់សោកស្តាយនោះ គឺមិនមែនសោកស្តាយលុយ តម្លៃនៃការប្រកួតទេ។ អ្វីដែលគាត់សោកស្តាយពេលវេលាដែលគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់។ »
យ៉ាងណាមិញ ដ្បិតតែហេតុការណ៍នេះ បណ្តាលឱ្យ កីឡាការិនី នី ស្រីពៅ ផ្អាកការប្រកួតនៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែការប្រកួតនៅក្រៅប្រទេសរបស់ នៅ ស្រីពៅ នាដើមខែ៦នេះ នៅប្រទេសជប៉ុនគឺប្រព្រឹត្តទៅធម្មតា មិនប៉ះពាល់ដល់ការប្រកួតមួយនេះឡើយ ដោយស្រីពៅរំពឹងថារយៈពេល២សប្តាហ៍ក្រោយ របួសនឹងបានជាសះស្បើយ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕