en     km
en     km

សាលាឧទ្ធរណ៍បន្តសួរដេញដោលលោក កឹម សុខា ពាក់ព័ន្ធនឹងសំណុំរឿងឃុបឃិតជាមួយបរទេស

Share

រូបភាពហ្វេសប៊ុកលោក ចាន់ ចេន សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា

សាលាឧទ្ធរណ៍ បានបើកសវនាការលើកទី៨ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដោយបានជំនុំជម្រះសួរដេញដោលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងសំណុំរឿងឃុតឃិតជាមួយបរទេស ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្ស មើលឃើញថា សាលក្រមសម្រេចការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញកន្លងមក នេះជារឿងអយុត្តិធម៌។

សហមេធាវីការពារក្ដីលោក កឹម សុខា គឺលោកស្រី ម៉េង សុធារី បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៩ ខែឧសភាថា សវនាការលើកនេះ គឺទាំងមេធាវីដើមបណ្ដឹង តំណាងអយ្យការ ក៏ដូចជាចៅក្រម មិនសូវជាមានសំណួរអ្វីច្រើននោះទេក្នុងការចោទសួរលោក កឹម សុខា ដោយក្នុងនោះក្រុមប្រឹក្សាជំនុំជម្រះ បានសួរដេញដោលលោក កឹម សុខា ពាក់ព័ន្ធតែសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ដែលបទល្មើសនេះ គឺផ្ដោតទៅលើអំពើប្រឆាំងជាមួយព្រះរាជណាចក្រកម្ពុជា។ លោកស្រីបន្តថា ក្រៅពីការសួរដេញដោលតែរឿងនេះហើយ បន្ទាប់មកខាងចៅក្រមឱ្យអានកំណត់ហេតុរបស់លោក កឹម សុខា និងរួមទាំងសាក្សីផងដែរ។

លោកស្រីថ្លែងថា៖ «ដូច្នេះហើយយើងចង់ឱ្យមានការបញ្ជាក់ពីឯកឧត្តម កឹម សុខា ដើម្បីឱ្យឃើញថា តើអំពើដែលគាត់បានធ្វើជាការប្រឆាំងបំពានព្រះរាជណាចក្រកម្ពុជាឫមួយក៏អត់។ អញ្ចឹងការបកស្រាយរបស់គាត់ គឺបានបញ្ជាក់ច្បាស់នៅក្នុងអង្គសវនាការហើយ គឺអត់មានជាអំពើណាមួយដែលប្រឆាំងព្រះរាជណាចក្រកម្ពុជា អត់មានជាអំពើណាមួយដែលនាំជនបរទេសមកបន្ទុះសារាយនៅក្នុងកម្ពុជា ឫមួយក៏ជាអំពើណាមួយដែលក្បត់ជាតិ កាត់ទឹកដី ឫមួយក៏នាំជនបរទេសមកបំផ្លាញប្រទេសកម្ពុជា គឺអត់ទេ នេះជាបញ្ជាក់របស់ឯកឧត្តម កឹម សុខា នៅក្នុងអង្គសវនាការ»។

បើតាមលោកស្រី ម៉េង សុធារី បានឱ្យដឹងទៀតថា ដោយសារសវនាការថ្ងៃនេះ មិនមានការសួរដេញដោលច្រើន ហេតុនេះគឺអាចឈានដំណើរការទៅរកការធ្វើសេចក្ដីសន្និដ្ឋាននៅពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ បន្ទាប់ពីបញ្ចប់សវនាការលើកនេះ លោកស្រីបញ្ជាក់ថា នឹងមានសវនាការបន្តទៅលើកក្រោយទៀតគឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលនឹងមានការអាននូវកំណត់ហេតុផងដែរ។

លោកស្រីបន្ថែមថា៖ «លទ្ធផលយើងអត់ទាន់មានទេ ដោយសារនីតិវិធីតុលាការកំពុងដំណើរការ លទ្ធផលមាន មិនមាន ពេលតុលាការប្រកាសសាលក្រម»។

ជុំវិញការជំនុំជម្រះក្ដីនេះ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានប្រាប់ដែរថា ក្នុងសវនាការ ក៏បានដេញដោលពីអង្គការដែលផ្ដល់ថវិកា ក៏ដូចជាការផ្ដល់នូវការបង្រៀនយុវជន និងគណបក្សនយោបាយ ដែលរៀនពីលទ្ធិប្រជាធិយតេយ្យ និងការបោះឆ្នោតផងដែរ។ លោកបន្តទៀតថា អង្គសវនាការក៏បានផ្ដោតទៅលើការសួរពីក្រុមមេធាវី ក៏ដូចជាក្រុមប្រឹក្សាជំនុំជម្រះបានសួរទៅលើជនជាប់ចោទ ពាក់ព័ន្ធទៅនឹងអង្គការមួយចំនួន ដែលជាអ្នកផ្ដល់មូលនិធិក្នុងការគាំទ្រលើការបង្រៀនអំពីការបោះឆ្នោត ខណៈដែលមេធាវីដើមចោទ បានសួរលោក កឹម សុខា ពីអង្គការទាំងអស់នោះ ក៏ប៉ុន្តែលោក កឹម សុខា បានឆ្លើយថា អង្គការទាំងនោះ មិនត្រឹមតែគាំទ្រលើការបង្រៀនរបស់គណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ ហើយថែមទាំងគាំទ្រលើការបង្រៀនរបស់គណបក្សប្រជាជនផងដែរ។

លោកថ្លែងថា៖ «យើងយល់ថាការចោទប្រកាន់ពាក់ព័ន្ធទៅនឹងគេហៅថាក្បត់ជាតិ ប្រុងផ្ដួលរលំរាជរដ្ឋាភិបាល យើងមើលទៅវាអត់មានឃើញអីជាប់ពាក់ព័ន្ធ នេះបើតាមការបញ្ជាក់មក។ ហើយកន្លងមកក៏គាត់ធ្លាប់ធ្វើការជាមួយនឹង ធ្លាប់ធ្វើជាអនុប្រធានរដ្ឋសភា ហើយក៏គាត់ធ្លាប់មានកិច្ចព្រមព្រៀងជាច្រើន បន្ទាប់ពីមានបាតុកម្មធំមួយទៅ មានការចរចាគ្នា មានកិច្ចព្រមព្រៀង មានការចុះកិច្ចសន្យារវាងគណបក្សCNRP និងគណបក្សCPPហ្នឹងឈប់ចោទប្រកាន់គ្នា ឈប់វាយប្រហារគ្នា ហើយក៏មានរៀបចំមានគ.ជ.ប មានគោលការណ៍ខាងបក្សណា បក្សណាប៉ុន្មានទៀត។ ដូច្នេះនៅក្នុងអំឡុងហ្នឹង គាត់ថាហាក់ដូចជាធ្វើជាមួយរាជរដ្ឋាភិបាល អត់មានក្បត់ជាតិ អត់មានអីផងហ្នឹង»។

លោក យី សុខសាន្ត បន្ថែមថា ហេតុនេះក្នុងអំឡុងដែលលោក កឹម សុខា ធ្វើការជាមួយរាជរដ្ឋាភិបាល មិនគួរសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ បានចោទលោក កឹម សុខា កន្លងមកថា ជាជនក្បត់ជាតិ ដែលការចោទនេះ គឺខុសពីការពិត។

សូមរំលឹកថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ពីបទ «បទឃុតឃិតជាមួយបរទេស» កាលពីឆ្នាំ២០១៧។ ហើយសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ក្នុងបទឃុតឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០២៣៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image