រូបភាព៖ក្រសួងបរិស្ថាន
ក្រសួងបរិស្ថានគ្រោងនឹងចែកកូនឈើចម្រុះចំនួន១លាន២សែនដើម ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងពិព័រណ៌ដើមឈើក្រោមប្រធានបទ «ពន្លកបៃតង»ដែលនឹងធ្វើនៅថ្ងៃទី១០ដល់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះនៅក្រសួងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងមុំយុទ្ធសាស្រ្តបៃតងរបស់ក្រសួងបរិស្ថាន។ អ្វីជាពិសេសជាងនេះ ប្រជាពលរដ្ឋតាមមូលដ្ឋានអាចទទួលបានប្រាក់កម្រៃពីការប្រមូលផលផ្លែឈើនាពេលអនាគតផងដែរ។អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
កូនឈើចម្រុះចំនួន១លាន២សែនដើមបានរៀបចំបណ្តុះនៅតាមតំបន់ការពារធម្មជាតិបណ្តុះកូនឈើ ដោយមន្ទីរបរិស្ថានរាជធានី ខេត្តនៅទូទាំងប្រទេសដើម្បីត្រៀមសម្រាប់
ទុកចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងពិធីពិព័រណ៌ដើមឈើក្រោមប្រធានបទ «ពន្លកបៃតង»ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះនៅក្រសួងបរិស្ថាន។ នេះតាមការបង្ហាញឱ្យដឹងពី លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ លោកបានឱ្យដឹងបន្ថែមថា«ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអណត្តិទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តចំពោះការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ហើយនៅក្នុងនោះបានដាក់ចេញនូវសកម្មភាពមួយចំនួនជំរុញឱ្យអាជ្ញាធរ ក្រសួង ស្ថាប័ន សហការគ្នាពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នេះបានទូទាំងប្រទេស នៅក្នុងនេះដែរ ក្រសួងបរិស្ថានបានដាក់ចេញតាមរយៈយុទ្ធសាស្រ្ត ចក្រាវិស័យ បរិស្ថាននេះមានផ្តោតលើមុំយុទ្ធសាស្រ្តអាទិភាព៣ គឺស្អាត បៃតង និងចីរភាព»។
ដោយឡែកសម្រាប់ពិព័រណ៌ដើមឈើក្រោមប្រធានបទ «ពន្លកបៃតង»នេះធ្វើឡើងស្របតាមមុំយុទ្ធសាស្រ្តអាទិភាពទី២របស់ក្រសួងបរិស្ថាន។ ពិព័រណ៌ដើមឈើនេះនឹងមានការចូលរួមពីដៃគូ និងមន្ទីរបរិស្ថានមកពីរាជធានី ខេត្ត ដាក់តាំងសមិទ្ធិផល ពិសេស កូនដើមឈើដែលបានបណ្តុះរួចនិងតៀមដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោក ខ្វៃ អាទិត្យ បានបញ្ជាក់បន្ថែមទៀតថា« ដូច្នេះប្រជាពលរដ្ឋដែលមកទស្សនាពិព័រណ៌ផង អាចស្នើសុំកូនឈើពីក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានគឺអាចចែកជូននៅភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗដែលយើងត្រូវយកទៅដាំនៅខេត្តនោះ»។
ជុំវិញរឿងនេះអ្នកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូសោម ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំបានប្រាប់វិទ្យុស្រ្តីថា សហគមន៍របស់អ្នកស្រីកន្លងមកធ្លាប់បានទទួលកូនឈើហូបផ្លែ និងកូនឈើធម្មជាតិពីរដ្ឋបាលព្រៃឈើជាច្រើនលើកផងដែរ ដោយសរុបកូនឈើប្រមាណ២៥០០០ដើម ត្រូវបានដាំ ហើយដើមខ្លះបានផ្តល់ផលផ្លែផ្កាជាបន្តបន្ទាប់។ អ្នកស្រីថា បច្ចុប្បន្នប្រជាពលរដ្ឋបានទទួលបានចំណូលមួយផ្នែកពីការប្រមូលផលផ្លែឈើ ដើម្បីដោះស្រាយជីវភាព។ ដូច្នេះតាមរយៈយុទ្ធនាការចែកកូនឈើនេះ អ្នកស្រីលើកទឹកចិត្តដល់ប្រជាសហគមន៍គួរទៅទទួលកូនឈើមកដាំក្នុងសហគមន៍ ដូចជាតាមខ្នងផ្ទះ តាមសាលារៀន វត្តអារាមជាដើម ដើម្បីជាប្រយោជន៍ដល់សហគមន៍។
«ខ្ញុំសំណូមពរឱ្យប្រជាជានមិនថាតែយើងនៅសហគមន៍ផ្សេងឬនៅតាមគ្រួសារនីមួយៗ សំណូមពរឱ្យពួកគាត់ដាំដើមឈើឱ្យបានក្នុងរយៈពេល១ឆ្នាំតិចបំផុត តាមលក្ខណៈគ្រួសារបាន៥ដើមទៅ១០ដើមដើម្បីកាត់បន្ថយនៃការប្រែប្រួលអាកាសធាតុ ជួយដល់សេដ្ឋកិច្ចគ្រួសារផងដែរ ព្រៃឈើវាសំខាន់ណាស់ព្រោះយើងអត់ព្រៃឈើក៏មិនបានដែរ រាល់ថ្ងៃការប្រែប្រួលអាកាសធាតុជាចំបងដោយសារតែបាត់បង់ព្រៃឈើកន្លងមក»។
តាមរយៈយុទ្ធនាការចែកកូនឈើ១លាន ២សែនដើមនេះ ដ្បិតដើមឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ភពផែនដី ។ ដើមឈើអាចស្រូបយកនូវជាតិពុល ក្នុងបរិយាកាស បញ្ចេញនូវឧស្ម័នអុកស៊ីសែន ផ្តល់ឱ្យសុខភាពមនុស្សបានល្អ។ជាងនេះ ដើមឈើកាត់បន្ថយកំដៅ និងស្រូបកំដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ បង្កើនសោភ័ណភាពតាមទីក្រុងក៏ដូចជាមូលដ្ឋាន ពិសេស រក្សានូវប្រភពទឹកក្រោមដីសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស សត្វ រុក្ខជាតិ និង ជីវៈចម្រុះនានា៕
ប្រភពរូប៖ សហគមន៍ព្រៃឈើអូសោម