en     km
en     km

រដ្ឋមន្រ្តីបរិស្ថាន៖«ចោរ​ ដែលលួចដី​រដ្ឋ​គឺលាក់មិន​ជិតទេ​សូមបញ្ឈប់សកម្មភាពលួចដីរដ្ឋ»

Share

ភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះសារនិងប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងន័យព្រមានផង និងអំពាវនាវផង ដោយថាការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ឬលួចដីរដ្ឋគឺគ្មានអ្វីលាក់បាំងជិតនោះទេ ដូច្នេះសូមបញ្ឈប់សកម្មលួចដីរដ្ឋបន្តទៀត។ សម្រាប់អ្នកធ្វើការលើផ្នែកបរិស្ថានធនធានធម្មជាតិសាទរចំពោះការបេ្តជ្ញាចិត្តបែបនេះ ប៉ុន្តែចង់ឱ្យមានការយោគយល់ខ្លះសម្រាប់ការចូលអាស្រ័យផលចំពោះប្រជាសហគមន៍ជនជាតិដើមភាគតិច ហើយរដ្ឋាភិបាលគួរបញ្ឈប់ការកាត់ផ្ទៃដីដែនជម្រកសត្វព្រៃប្រគល់ឱ្យក្រុមហ៊ុនឯកជនកាន់កាប់បន្តទៅទៀត។

អត្ថបទដោយ កែវ សុខា , កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍

«ចោរ ដែលលួចដីរដ្ឋ គឺលាក់មិនជិតទេ សូមបញ្ឈប់សកម្មភាពលួចដីរដ្ឋ»។នេះគឺជាសាររបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបង្ហោះជាសំណេរនោះទំព័រហ្វេសប៊ុក អបដោយឃ្លីបវីដេអូរយៈពេលប្រហែលមួយនាទីកន្លះ។

ក្នុងសារជាវីដេអូនោះលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានសង្កត់ធ្ងន់ថា ការលួចដីមិនងាយស្រួលដូចលួចវត្ថុផ្សេងៗទៀតដែលអាចចល័តយកទៅលាក់នៅទីសម្ងាត់ណាមួយបាននោះឡើយ ដ្បិតដីអាចប្រើប្រព័ន្ធបច្ចេកវិទ្យាសាត់ធើឡាយថតគឺអាចដឹងបានភ្លាមថាជាដីរដ្ឋឬឯកជន។

សាររបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានដែលបង្ហាញការព្រមានផង និងសារអំពាវនាវផងនោះ លោករដ្ឋមន្រ្តីបានប្រកាសពីជំហរយ៉ាងម៉ឺងម៉ាត់ចាត់វិធានការតាមផ្លូវច្បាប់លើជនណាដែលនៅតែកគើនចូលទន្ទ្រានដីរដ្ឋដោយខុសច្បាប់។

លោក អ៊ាង សុផល្លែត៖«សារដែលខ្ញុំចង់ផ្ញើជូនគឺទី១ ការបង្រ្កាបក្នុងអាណត្តិនេះ គឺយើងប្រើគ្រប់លក្ខណៈ គ្រប់វិធីទាំងអស់ដើម្បីបង្ក្រាប មានទ្រង់ទ្រាយធំ ទ្រង់ទ្រាយតូច បែបឈ្មប់ ​​បែបផ្សេងៗទៀតតាមយុទ្ធសាស្រ្ត តាមស្ថានភាពពីខេត្តមួយទៅខេត្តមួយ។​ចោរ លួចដីលាក់អត់ជិតទេ​ ចោរលួចដីឈូសឆាយដីលាក់អត់ជិតទេ ព្រោះដីនៅតែហ្នឹង ​ខ្ញុំមើលពីសាត់ធើឡាយឃើញ អាជ្ញាធរដែនដីចូលទៅដល់ កងកម្លាំងប្រដាប់អាវុធចូលទៅដល់ ACU ធ្វើការស៊ើបអង្កេត។ចោរលួចដីយល់ល្អកុំលួច ព្រោះហ៊ានលួចគេដឹង ហើយវិធានការដែលខ្ញុំដាក់ចេញ៤ចំណុចខាងលើហ្នឹង នឹងដាក់ចេញរហូត​​»។

រូបភាពពីក្រសួងបរិស្ថាន។

ទន្ទឹមនឹងសាររបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានដដែរ ក៏បានជូនដំណឹងពីចំណាត់ការរបស់រដ្ឋបាលខេត្តក្រចេះក្នុងការដកហូតសិទ្ធិ និងមោឃភាពលើកម្មសិទ្ធិរបស់បុគ្គលនិងក្រុមមួយចំនួនដែលបានកាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងរូបភាពកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំសង់លំនៅដ្ឋាន ធ្វើជារបងហ៊ុមព័ទ្ធក្នុងតំបន់ការពារធម្មជាតិ។

ក្នុងសេចក្តីជូនដំណឹង ចុះកាលថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយអភិបាលខេត្តក្រចេះ លោក វ៉ា ថន បានចេញវិធានការយ៉ាងក្តៅគគុក និងបន្ទាន់ គឺធ្វើមោឃភាពចោលនូវរាល់លិខិតលក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។រូបភាពពីក្រសួងបរិស្ថាន។

ជុំវិញរឿងនេះលោក សាន ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ និងជាអ្នកសកម្មក្នុងកិច្ចការងារបរិស្ថានផង សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធក្នុងការគ្រប់គ្រងផ្ទៃដីធនធានធម្មជាតិរបស់រដ្ឋ។ ក៏ប៉ុន្តែ កន្លងមកលោកសង្កេតឃើញថា មានករណីខ្លះប្រជាពលរដ្ឋក្រីក្រ និងសហគមន៍ជនជាតិដើមភាគតិចដែលចូលកាប់ឆ្ការព្រៃដីរដ្ឋ ដើម្បីអាស្រ័យផលដំាដំណាំ ធ្វើស្រែចម្ការ ត្រូវបានបណ្តាញចេញទាំងបង្ខំ។ ហើយបញ្ច្រាសមកវិញមានករណីខ្លះ រដ្ឋាភិបាលកាត់ដីដែនជម្រកសត្វព្រៃទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រងទៅវិញ ដោយប្រការនេះនាំឱ្យរងរិះគន់ពីបញ្ហាសិទ្ធិមនុស្សនិងការអនុវត្តច្បាប់ធ្វើឡើងដោយលម្អៀងទៅរកផលប្រយោជន៍បក្ខពួកខ្លួន។

លោក សាន ម៉ាឡា បានបន្តដោយហាក់ពុំទាន់មានជំនឿគ្រប់គ្រាន់ទៅលើការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារធនធានព្រៃឈើយ៉ាងណាក្តី តែលោកនឹងបន្តបេសសកម្មចូលរួមជាមួយសហគមន៍មូលដ្ឋានក្នុងការស្វែងរកការពិតនិងអ្នកដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។

លោក សាន ម៉ាឡា ៖«ខ្ញុំហាក់បីដូចជាមិនទាន់មានជំនឿថា រដ្ឋាភិបាលអាណត្តិថ្មីនេះ​មានកំណែទម្រង់ មានឆន្ទៈ ក្នុងការការពារព្រៃឈើនោះទេ ដោយយើងរង់ចាំមើលតទៅមុខទៀត។តែយ៉ាងណាក្នុងនាមយើងជាអ្នកធ្វើការក្នុងវិស័យព្រៃឈើនេះ យើងក៏បន្តសហការយ៉ាងជិតស្និទជាមួយសហគមន៍បន្ថែម ក្នុងការប្រមូលភស្តុតាងក្នុងការធ្វើយុទ្ធនាការផ្សេងៗ ធ្វើម៉េចជំរុញឱ្យអាជ្ញាធរហ្នឹងត្រួតពិនិត្យលើអ្នកអនុវត្តឆច្បាប់នៅតាមមូលដ្ឋាន តើថាវាអាចមានការឃុបឃិតគ្នាដែរឬទេ ក្នុងការប្រព្រឹត្តិអំពើពុករលួយ»។

លោក សាន ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ។រូបភាពីហ្វេសប៊ុករបស់លោក។

អ្វីជាការសង្កេតរបស់លោក សាន ម៉ាឡា លោកឃើញថា សកម្មជនបរិស្ថានដែលសកម្មក្នុងការការពារព្រៃឈើនិងធនធានធម្មជាតិនៅតែបន្តប្រឈមការចោទប្រកាន់ និង ចាប់ខ្លួន ហើយរដ្ឋាភិបាលនៅតែបង្ហាញរូបភាពទាត់ចោលរបាយការណ៍ជុំវិញវិនាសកម្មព្រៃឈើដែលចេញផ្សាយដោយអង្គការជាតិនិងអន្តរជាតិ៕

Share

ព័ត៌មានទាក់ទង

Image