en     km
en     km

ពិភពលោកដាក់ក្តីបារម្ភលើអាយុកាលប្លាស្ទិក ខណៈកម្ពុជាបន្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

Share

បញ្ហាប្លាស្ទិកនៅតែជាក្តីកង្វល់សម្រាប់ពិភពលោក បើទោះបីជារបាយការណ៍ជាច្រើនតែងអំពាវនាវឱ្យសាធារណជនបន្តចូលរួមកាត់បន្ថយការប្រើប្រាស់យ៉ាងណាក្តី។ តាមរយៈរបាយការណ៍មួយរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បង្ហាញថា ប្លាស្ទិកត្រូវការរយៈពេលយូរដើម្បីរលាយ និងមានសារធាតុគីមីផ្សំជាច្រើនដែលអាចឈានដល់ការប៉ះពាល់សុខភាពសាធារណៈ។ ដើម្បីរួមចំណែកកាត់បន្ថយនិងទប់ស្កាត់ការប៉ះពាល់ កម្ពុជាបានដាក់ចេញនូវយន្តការមួយចំនួន។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

«ដបប្លាស្ទិកត្រូវចំណាយពេលប្រហែល ៤៥០ឆ្នាំដើម្បីរលាយ ប៉ុន្តែប្លាស្ទិកត្រូវការពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះដើម្បីផលិត។»។ នេះជាសារខ្លីមួយដែលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។ តាមទំព័រហ្វេសប៊ុកនេះដដែល រោងចក្រភាគច្រើននៅលើសកលលោក មានសមត្ថភាពផលិតដបទឹកប្រភេទ PET ប្រមាណ ២ម៉ឺនដបនៅក្នុងមួយវិនាទី ក៏ប៉ុន្តែដបជ័រប្រភេទនេះនឹងបំផ្លាញបរិស្ថាន ឬឈានដល់ការប៉ះពាល់សុខភាពមនុស្ស ប្រសិនបើមិនមានការអន្តរាគមន៍ចាត់វិធានការលើការកែច្នៃឡើងវិញ ឬការគ្រប់គ្រងការចោលឱ្យបានត្រឹមត្រូវនោះទេ។ នេះបើយោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

យោងតាមរបាយការណ៍នេះដែរ នៅពេលដែលប្លាស្ទិកត្រូវបានគេបោះចោលចូលទៅក្នុងបរិស្ថាន វានឹងទៅបំពុលទេសភាព ផ្លូវទឹក ប្រព័ន្ធអេកូឡូស៊ី ប៉ះពាល់ដល់សត្វក្នុងទឹកនិងលើដី រហូតសារធាតុបំពុលទាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងលើការប្រែប្រួលអាកាសធាតុ។ ពិសេសសូម្បីតែសុខភាពរបស់មនុស្សក៏ក្លាយជាបញ្ហាដែលអ្នកស្រាវជ្រាវលើពិភពលោកកំពុងព្រួយបារម្ភផងដែរ។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការ​សហប្រជាជាតិ (UNDP) បានបង្ហាញដែរថា អ្នកវិទ្យាសាស្ត្របានរកឃើញភាគល្អិតនៃប្លាស្ទិកនៅក្នុងក្រពះរបស់ត្រី និងនៅក្នុងសុករបស់ស្ត្រីមានផ្ទៃពោះ។

ដើម្បីចូលរួមជាមួយអន្តរជាតិក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងចូលរួមធ្វើយ៉ាងណាមិនឱ្យភពផែនដី​បន្តប៉ះពាល់ដោយសារ​ប្លាស្ទិក កម្ពុជាបានតាំងចិត្តចូលរួមតាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពោលគឺពង្រឹងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានឱ្យបានប្រសើរ ខណៈក្រសួងបរិស្ថានបានចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្តល់សំខាន់ទៅលើមុំចំនួន៣ គឺស្អាត បៃតង និងចីរភាព។ នេះជាការលើកឡើងរបស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យរបស់ក្រសួងបរិស្ថានមកកាន់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តី។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បញ្ជាក់ទៀតថា ដើម្បីឱ្យប្រទេសកម្ពុជាបន្តនូវវឌ្ឍនភាពនៃភាពស្អាតទាំងបរិស្ថាននិងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវយុទ្ធនាការស្អាតទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសធាតុ ក្នុងការទប់ទល់សំណល់សំរាមនិងសំណល់ប្លាស្ទិកនៅតាមទីសាធារណៈដែលអាចធ្វើឱ្យមានការបំពុលផ្លូវទឹកតាមរយៈការបង្ហូរកាកសំណល់ចេញពីរោងចក្រ-សហគ្រាស និងបញ្ហាគុណភាពខ្យល់នៅលើអាកាស។ ជាមួយគ្នានេះ លោកលើកឡើងដែរថា ក្រៅពីក្រសួងបរិស្ថាននិងតាមស្ថាប័នរដ្ឋនានាដែលពាក់ព័ន្ធ ប្រជាពលរដ្ឋពិសេសយុវជនក៏ត្រូវចូលរួមចំណែកអនុវត្ត និងកាត់បន្ថយការប្រើប្រាស់​ប្លាស្ទិកផងដែរ។​

លោក ខ្វៃ អាទិត្យា៖ «ជោគជ័យមួយទៀតដែលខ្ញុំចង់ទាញការចាប់អារម្មណ៍ គឺការស្នើសុំនាំចូលប្លាស្ទិកមកប្រទេសកម្ពុជាយើង ហើយក្រសួងបរិស្ថាន​ដែលជាអ្នកផ្តល់នូវការឯកភាពមួយសម្រាប់ការស្នើសុំនាំចូលប្លាស្ទិកដើម្បីនាំមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជារបស់យើង។ ​​​ដូច្នេះ​តាមរយៈនេះ គឺយើងឃើញថាការស្នើសុំ​ការនាំចូលហ្នឹង ​គឺមានការថយចុះរហូតដល់ ៧៥%នៅក្នុងត្រីមាសទីមួយ ​បានន័យថាចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។​​»។​

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន

 

លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម បានលើកឡើងថា​ ក្រោយក្រសួងបរិស្ថានដាក់ឱ្យសាធារណជនអនុវត្តយុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លោកសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរ​ភាគច្រើនយល់ដឹងពីការ​ទុកដាក់សំរាម និងការគ្រប់គ្រងសំណល់ប្លាស្ទិកបានល្អប្រសើរជាងពេលមុន។ ​ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមក លោកថា ការលេងគប់ទឹកដោយដាក់ចូលក្នុងថង់ប្លាស្ទិកបានកាត់បន្ថយស្ទើរតែទាំងស្រុង ដោយសារប្រជាពលរដ្ឋងាកមកខ្វល់ខ្វាយពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក។

លោក ជុំ ហួត៖ «យុទ្ធនាការហ្នឹង យើងបង្ហាញអំពីការជោគជ័យយ៉ាងធំធេង ដោយសារតែពីមុនមកយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអត់ទាន់ទូលំទូលាយទេ ភាគច្រើនគឺជាមន្រ្តីបរិស្ថានតែម្តងជាអ្នកអនុវត្ត។ ក៏ប៉ុន្តែឥឡូវនេះ​ អត់ទេ។ មានន័យថាប្រជាពលរដ្ឋ សិស្សសាលា ព្រះសង្ឃជាដើមនៅតាមវត្តអារាម តាមសហគមន៍ និយាយទៅគាត់អនុវត្តរួមគ្នា។ អ‌៊ីចឹងយើងទទួលបានជោគជ័យច្រើន ហើយយើងសង្កេតមើលតំបន់ទេសចរណ៍ដូចជានៅតាមទីក្រុង ឬមួយនៅតាមភូមិឋាន គឺស្អាត ភាគច្រើនគឺស្អាតម៉ង វាអត់ដូចមុន។ លើកមុន(បរិស្ថាន) គឺពោរពេញទៅដោយសំរាម ហើយដឹងស្រាប់ហើយ(ថា)តែខ្យល់បក់មក គឺថង់ប្លាស្ទិកគឺរញ៉េរញ៉ៃពេញហ្នឹង ហោះហើរលើក្បាលយើងពាសទឹកវាសឡើង ឥឡូវហ្នឹងអត់ឃើញមានទេ។»។

 លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម និងបងប្អូនភ្លោះ

 

ក្នុងនាមអ្នកធ្វើការលើវិស័យបរិស្ថានមួយរូប លោកយល់ថាដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាននៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋត្រូវចេះផ្សព្វផ្សាយចំណេះដឹងទៅកាន់អ្នកជិតស្និទ្ធដូចជាក្រុមគ្រួសារ និងមិត្តភក្តិជាដើម ពិសេសត្រូវចូលរួមដោយផ្ទាល់នៅរាល់សកម្មភាពដែលក្រសួងដាក់ចេញឱ្យអនុវត្ត​ ចូលរួមសម្អាតបរិស្ថាននៅតាមកន្លែងសាធារណៈ និងចែករំលែកនៅលើប្រព័ន្ធបណ្តាញសង្គម។

លោក ជុំ ហួត៖«ប្រសិនបើប្រទេសយើងអត់មានភាពបៃតង បើសិនជាប្រទេសយើងនៅតែកខ្វក់ដដែល  អត់មានការចូលរួមសម្អាតទាំងអស់គ្នានោះទេ គឺភ្ញៀវទេសចរ គេមិនអាចមកប្រទេសយើងបានទេ។ នេះយើងអត់និយាយលក្ខខណ្ឌនយោបាយ (ពោលគឺ)យើងនិយាយពីលក្ខខណ្ឌបរិស្ថាន។ អ‌៊ីចឹង គាត់​មានការភ្ញាក់រឭក  អ៊‌ីចឹងគាត់ចាប់ផ្តើមចូលរួមទាំងអស់គ្នា។ អ៊‌ីចឹង យើងសង្កេតឃើញមើលថា នៅតាមទីសាធារណៈគឺកាត់បន្ថយមែនទែន មិនថាសំរាមតាមទីសាធារណៈ មិនថាប្លាស្ទិក ហើយហ្នឹងដំណាក់កាលទី១។ ដំណាក់កាលទី២ យើងបានធ្វើរួចហើយ គឺយើងដើររើសសំរាមផ្ទាល់តែម្តង​ បង្ហាញទៅពួកគាត់ថា យើងជាសមាគមស្ម័គ្រចិត្ត ប៉ុន្តែយើងរើសសំរាមជំនួសគាត់។ នៅពេលពួកគាត់ឃើញសកម្មភាពយើងរើសសំរាមចោល គាត់មានការខ្មាស់អៀន។ ហេតុនេះគាត់នឹងមិនចោលសំរាមផ្តេសផ្តាសទៀតទេ ពិសេសនៅមុខផ្ទះគាត់ផ្ទាល់តែម្តង។»។

ដោយគិតគូពីបញ្ហានេះ ក្រុមហ៊ុន MG PACIFIC COMPANY LIMITED ជាក្រុមហ៊ុនផលិតក្រដាសអនាម័យម៉ាក់MG កំពុងរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជាក្រុមហ៊ុនមួយដែលផ្តួចផ្តើចគម្រោង «ផ្តើមចេញពីអ្នក»។ គម្រោង «ផ្តើមចេញពីអ្នក»នេះ មានគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសនៅក្នុងប្រទេសកម្ពុជា ពិសេសធ្វើឡើងក្នុងទិសដៅកែច្នៃការវេចខ្ចប់។

លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយក​ព័ត៌មានរបស់វិទ្យុស្រ្តីថា ក្រុមហ៊ុន MG ដ្បិតតែជាក្រុមហ៊ុនផលិតក្រដាសអនាម័យក៏ពិតមែន តែក្រុមហ៊ុនមានចក្ខុវិស័យខ្ពស់ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពក្នុងនាមជាក្រុមហ៊ុននៅក្នុងស្រុកនិងជាស្នាដៃរបស់កូនខ្មែរ។ លោកបន្តទៀតថា ក្រៅពីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុនផលិតក្រដាសអនាម័យ MG PACIFIC COMPANY LIMITED ចង់បញ្ជៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ។

នៅក្នុងគម្រោងនេះ លោក តាំង សុបិន បញ្ជាក់ទៀតថា អាជីវករអាចជាវក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់ទឹកដោយមានការវេចខ្ចប់ជាប្រអប់ជ័រ ដែលនៅពេលអាជីវករប្រើប្រាស់អស់ អាចយកទៅប្តូរ ឬទទួលសេវាកម្មពីក្រុមហ៊ុនដោយដឹកប្រអប់ថ្មីជូនអតិថិជនដល់ទីតាំងផងដែរ។ លោកអះអាងថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយ​ការផលិត និងប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកនៅលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image