en     km
en     km

ក្រសួងបរិស្ថានអំពាវនាវឱ្យពលរដ្ឋទុកដាក់សំរាមឱ្យត្រឹមត្រូវ ក្នុងឱកាសចូលឆ្នាំថ្មី

Share

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រសួងបរិស្ថានចេញសេចក្តីអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមកិច្ចការពារថែរក្សាបរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគមន៍រស់នៅ និងតាមរមណីយដ្ឋាន ឬកន្លែងកម្សាន្តនានា ដើម្បីធ្វើឱ្យបរិស្ថាននៅក្នុងប្រទេសកម្ពុជាគ្មានសំរាម និងមានភាពស្អាត។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងបរិស្ថានចេញផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

ផ្អែកតាមសេចក្តីអំពាវនាវខាងលើដដែល ក្រសួងបរិស្ថានបានណែនាំដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ឱ្យបន្តស្មារតីចូលរួមក្នុងចលនានៃភាពស្អាត ពោលគឺត្រូវចេះទុកដាក់ និងវេចខ្ចប់សំរាម ឬសំណល់រឹងឱ្យបានត្រឹមត្រូវ មិនបោះចោលសំរាមចូលក្នុងប្រភពទឹកពាសវាលពាសកាល ឬដុតនៅតាមទីសាធារណៈ ពិសេសបោសសម្អាតសំរាម សំណល់រឹងនៅតាមមុខលំនៅឋានឱ្យបានស្អាតល្អ។ ក្រសួងបញ្ជាក់ទៀតថា ការរួមចំណែកនេះ នឹងផ្តល់ផលវិជ្ជមាន និងសុខុមាលភាពដល់ប្រជាពលរដ្ឋទាំងមូល អមជាមួយភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលធ្វើឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសាខាងមុខនេះ។

ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើមបង្កើតគម្រោងមួយដែលជួយកាត់បន្ថយការផលិត ក៏ដូចជាការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសរបស់ខ្លួន។ លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះមានឈ្មោះថា «ផ្តើមចេញពីអ្នក»។ លោកថា គម្រោងនេះ ធ្វើឡើងដើម្បីកែច្នៃការវេចខ្ចប់ក្រដាសអនាម័យ ដែលប្តូរពីការវេចខ្ចប់ថង់ប្លាស្ទិក​មកប្រើប្រអប់ជ័រជំនួសវិញ។

ជាមួយគ្នានេះ លោក សុបិន បន្ថែមទៀតថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិតភាព និងការប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា។ លោក តាំង សុបិន បញ្ជាក់ថា ការកែប្រែការវេចខ្ចប់នេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះទេ ថែមទាំងបញ្ជ្រៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញផងដែរ។

សូមជម្រាបថា ក្រសួងបរិស្ថានបានផ្តួចផ្តើមបង្កើតយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្លាយជាចលនានៃភាពស្អាត និងមានអ្នកចូលរួមនៅទូទាំងប្រទេសចំនួនប្រមាណជា ៧,២លានអង្គ/នាក់។ ក្រសួងបានកោតសរសើរដល់សាធារណជននៅក្នុងសេចក្តីអំពាវនាវខាងលើដែរថា ប្រទេសកម្ពុជាទទួលបានបរិស្ថានស្អាតនៅទូទាំងរាជធានី-ខេត្តគួរជាទីមោទនៈ ហើយនេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់អ្នកចូលរួមទាំងអស់៕

Share

ព័ត៌មានទាក់ទង

Image