en     km
en     km

ក្រសួងបរិស្ថានគ្រោងសហការជាមួយជប៉ុនលើផែនការធ្វើឱ្យកម្ពុជាគ្មានសំណល់ប្លាស្ទិក

Share

(កញ្ញា កែវ សុជាតា រាយការណ៍ពីព័ត៌មាននេះ)

 

ក្រសួងបរិស្ថានកំពុងគិតគូរចំពោះការធ្វើវិនិយោគបៃតងជាមួយនឹងប្រទេសជប៉ុន ដែលនឹងផ្តល់ឥរិយាបថវិជ្ជមានសម្រាប់បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ក្រោមជំនួបពិភាក្សារវាងកម្ពុជានិងជប៉ុន លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការវិនិយោគបៃតងនេះផ្តល់ផលចំណេញសម្រាប់ទាំងភាគីកម្ពុជានិងជប៉ុន ដ្បិតកម្ពុជានឹងទទួលបានសហគមន៍ដែលគ្មានសំណល់ប្លាស្ទិក និងការចេះកែច្នៃធនធានដែលមានស្រាប់នៅក្នុងតំបន់ ជំនួសឱ្យការប្រើថង់ប្លាស្ទិក ខណៈភាគីជប៉ុនទទួលបានប្រាក់ចំណេញពីការវិនិយោគរបស់ខ្លួន។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានចុះផ្សាយនៅព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤នេះ។

យោងតាមប្រភពក្រសួងបរិស្ថានដដែល ការវិនិយោគនេះមិនត្រឹមតែកសាងមិត្តភាពការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងគាំទ្រដល់សហគមន៍ឱ្យមានភាពម្ចាស់ការឯករាជ្យ និងបង្កើនចំណូលបន្ថែម​សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈការកែច្នៃសម្ភារៈប្រើប្រាស់ជំនួសឱ្យការប្រើថង់ប្លាស្ទិក និងកែច្នៃព្រៃព្រឹក្សាជាកន្លែងទេសចរណ៍ជាដើម។ គំនិតផ្តួចផ្តើមនេះទៀតសោត នឹងជួយឱ្យកម្ពុជាគ្មានសំណល់ប្លាស្ទិក ស្របតាមគោលដៅនៃកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតក្រដាសអនាម័យរបស់កូនខ្មែរ MG PACIFIC COMPANY LIMITED បានរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយផ្តួចផ្តើមគម្រោង «ផ្តើមចេញពីអ្នក»។ គម្រោងនេះ មានគោលដៅកាត់បន្ថយការផលិតសារធាតុប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសក្នុងប្រទេសកម្ពុជា។ ក្នុងនោះ លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោង «ផ្តើមចេញពីអ្នក»នេះ ធ្វើឡើងដើម្បីបញ្ជ្រៀតការអប់រំលើការប្រើប្រាស់ថង់ប្លាស្ទិក និងកាត់បន្ថយសំណល់ប្លាស្ទិក សម្រាប់អ្នកប្រើប្រាស់និងអាជីវករលក់ដូរទាំងឡាយ។

លោក តាំង សុបិន បញ្ជាក់ទៀតថា ក្រុមហ៊ុន MG បានកែច្នៃរូបរាងការវេចខ្ចប់ពីការប្រើថង់ប្លាស្ទិករុំក្រដាសអនាម័យកងប្រើក្នុងបន្ទប់ទឺក ទៅជាការប្រើប្រអប់ជ័រផ្ទុកក្រដាសជំនួសវិញ។ លោក សុបិន បន្ថែមទៀតថា ចង្វាក់ផលិតការវេចខ្ចប់ថ្មីនេះ ជួយទៅដល់បរិស្ថាននៅក្នុងតំបន់ ពិសេសសាលារៀន មន្ទីរពេទ្យ និងតាមបណ្តាស្ថាប័ននានា ដែលចាំបាច់ត្រូវប្រើក្រដាសជាប្រចាំ។ ដើម្បីចូលរួមចំណែកឱ្យកាន់តែប្រសើរ លោក សុបិន អះអាងថា រាល់អ្នកប្រើប្រាស់និងអាជីវករដែលប្រើក្រដាសអស់ អាចទាក់ទងមកខាងក្រុមហ៊ុនដើម្បីប្តូរប្រអប់ដែលផ្ទុកក្រដាសថ្មីជូនវិញ ដោយឥតថ្លៃសេវាដឹកជញ្ជូន៕

 

Share

ព័ត៌មានទាក់ទង

Image