en     km
en     km

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ចាប់ពីឆ្នាំក្រោយកូនឈើជាង១លានដើមមិនខ្វះសម្រាប់ចែកជូនប្រជាពលរដ្ឋ

Share

ថ្នាលបណ្តុះកូនឈើខ្នាតធំលក្ខណៈថ្នាក់តំបន់ចំនួន៥កន្លែងនឹងត្រូវសាងសង់បន្ទាប់ពីថ្នាលបណ្តុះកូនឈើទី១គ្រោងនឹងសាងសង់នៅក្នុងទឹកដីនៃភូមិ២៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅលើផ្ទៃដីទំហំជាង ៣ហិកតា ដែលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យទៅជាថ្នាលបណ្តុះកូនឈើ  និងក៏ជាទីតាំងបណ្តុះកូនឈើដ៏ធំមួយរបស់ប្រទសកម្ពុជាផងដែរ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

គម្រោងថ្នាលបណ្តុះកូនឈើខ្នាតធំលក្ខណៈថ្នាក់តំបន់ នៅខេត្តត្បូងឃ្មុំនេះ នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខ ដែលអាចបណ្តុះកូនឈើប្រណីតនិងឈើហូបផ្លែ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរហូតប្រមាណ១លាន២សែនដើមក្នុងមួយឆ្នាំៗ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅក្នុងបទសម្ភាសន៍ជាមួយ វិទ្យុស្រ្តី បានបង្ហាញឱ្យដឹងថា« ​​​​អ៊ីចឹងគម្រោងនេះនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ឥឡូវយើងបានសិក្សា យើងមានដី យើងមានប្លង់ហើយ នេះគឺជាគម្រោងដ៏ធំមួយខ្នាតលក្ខណៈតំបន់នៅក្នុងខេត្តត្បូងឃ្មុំ យើងអាចចែកឱ្យទៅខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ក្រចេះជាដើម នៅជុំវិញហ្នឹងអាចទទួលយកកូនឈើពីស្ថានីយ៍នេះបាន»។

លោក ខ្វៃ អាទិត្យា បានឱ្យដឹងបន្តទៀតថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំកូនឈើពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើជាង ៦០ភាគរយ នៅឆ្នាំ២០៥០។ មហិច្ឆិតានេះ ក៏ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ពិសេសដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និងគ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០ភាគរយនៃផ្ទៃដីប្រទេស។

លោកបញ្ជាក់បន្ថែមថា «ងាកមកស្ថានីយ៍បណ្តុះកូនឈើ យើងសាងសង់បែបនេះគឺដើម្បីនិរន្តភាពក្នុងការផ្តល់កូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃយកទៅដាំតាមគេហដ្ឋាន កូនឈើដែលយើងបណ្តុះចែកជូននេះ គឺកូនឈើចម្រុះ មានកូនឈើសម្រាប់ដាំស្តារព្រៃ ឈើប្រណីតមានដូចជាបេង ធ្នុង និងកកោះ ឈើទាលជាដើម»។

ដោយឡែកសម្រាប់ស្ថានីយ៍បណ្តុះកូនឈើទី២ ទី៣ ទី៤ ទី៥នឹងត្រូវសាងសង់នៅតាមបណ្តាខេត្តមួយចំនួនទៀតនាពេលខាងមុខនេះ។អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា«ស្ថានីយ៍ទី២យើងធ្វើនៅខេត្តកំពង់ស្ពឺ ទី៣ខេត្តកោះកុង ទី៤ ខេត្តសៀមរាប និងទី៥ខេត្តមណ្ឌលគីរី ជាស្ថានីយ៍ដែលមានលក្ខណៈតំបន់ឆ្នេរ តំបន់ភូមិភាគឦសាន នៅឧត្តរ ភ្នំគូលេន»។

លោក ខ្វៃ អាទិត្យា បានឱ្យដឹងបន្ថែមទៀតថា នៅក្នុងមុំទី១នៃការជំរុញដំាដើមឈើឱ្យបានច្រើននោះមាន ទី១ជំរុញឱ្យមន្ទីរបរិស្ថានបណ្តុះកូនឈើ ទី២ធ្វើយុទ្ធនាការចែកកូនឈើ និងទី៣បង្កើតស្ថានីយ៍បណ្តុះកូនឈើ ឱ្យមាននិរន្តភាពដោយចាប់ពីឆ្នាំក្រោយទៅកូនឈើជាង១លានដើមគឺមិនខ្វះសម្រាប់ចែក ជូនប្រជាពលរដ្ឋ។ «ខ្ញុំសុំលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមកាន់តែច្រើនថែមទៀតក្នុងការដាំដើមឈើ មិនមែនតែដើមឈើប្រណីតទេ គឺឱ្យតែដើមឈើដែលផ្តល់ម្លប់ ហើយផ្តល់ជាអាហារស្បៀង សម្រាប់ប្រជាជននៅក្នុងនោះ ដូចជាដើមស្វាយ ដើមមៀនដែលដាំនៅជុំវិញគេហដ្ឋាន គឺមានប្រយោជន៍ទី១-ដើមឈើអាចស្រូបយកនូវជាតិពុល ក្នុងបរិយាកាស បញ្ចេញនូវឧស្ម័នអុកស៊ីសែន ផ្តល់ឱ្យសុខភាពមនុស្សបានល្អ ទី២-ស្រូបកំដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយកំដៅ ទី៣-បង្កើនសោភ័ណភាពតាមទីក្រុងក៏ដូចជាមូលដ្ឋាន ពិសេស រក្សានូវប្រភពទឹកក្រោមដីសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស សត្វ រុក្ខជាតិ ជីវៈចម្រុះនានា។ អ៊ីចឹងដើមឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ភពផែនដីរបស់យើង»។

សូមបញ្ជាក់ថា កូនឈើគ្រប់ប្រភេទនឹងត្រូវបណ្តុះនៅថ្នាលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមានបំណងយកទៅដាំជុំវិញផ្ទះ ទីតាំងព្រៃសឹករិចរឹលតាមសហគមន៍មូលដ្ឋាន ក្នុងនោះក៏មានផងដែរតាមវត្តអារាម សាលារៀន និងទីសាធារណៈមួយចំនួនទៀតក្នុងគោលដៅបង្កើនភាពបៃតង៕

 

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

Share

ព័ត៌មានទាក់ទង

Image