សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ម៉ម រិទ្ធី ប្រធានសហជីពវិស័យទេសចរណ៍ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ពាក់ព័ន្ធនឹងវិវាទការងារនៃសណុំរឿងក្រុមហ៊ុនជីនប៉ីគ្រុបនៅខេត្តព្រះសីហនុ។ ជុំវិញការសម្រេចឃុំខ្លួននេះ បានធ្វើឱ្យអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ចាត់ទុកថាជាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់សហជីព។ ក៏ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាល អះអាងថា សិទ្ធិសេរីភាពរបស់សហជីព មិនមានការរឹតត្បិតឡើយ។ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ថា កាលពីយប់ថ្ងៃ៧ ខែឧសភា ខាងអង្គការរបស់លោកបានទទួលព័ត៌មានថា លោក ម៉ម រិទ្ធី ប្រធានសហជីពវិស័យទេសចរណ៍ ត្រូវបានសមត្ថកិច្ចសង្កាត់បឹងទំពុន ចូលទៅចាប់ខ្លួន នៅស្នាក់ការរបស់លោក។ លោកសុខាបន្តថា ក្រោយពីមានការចាប់ខ្លួនហើយ អាជ្ញាធរ ក៏បានបញ្ជូនមេសហជីពរូបនេះទៅស្នងការនគរបាលរាជធានីភ្នំពេញ ហើយឥលូវនេះតាមព័ត៌មានដែលលោកទទួលបានចុងក្រោយ គឺលោក ម៉ម រិទ្ធី ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារហើយ តាមដីការបស់ចៅក្រម ដែលចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ។
លោកបានឱ្យដឹងទៀតថា ចំពោះបទចោទមកលើលោក ម៉ម រិទ្ធីនេះដែរ គឺពាក់ព័ន្ធនឹងការផ្សាយផ្ទាល់របស់មេសហជីពរូបនេះនៅលើបណ្ដាញសង្គម អំពីវិវាទការងាររវាងកម្មករ និងក្រុមហ៊ុន ជីនប៉ីគ្រុប (JIN BEI Group) នៅខេត្តព្រះសីហនុ តាំងពីឆ្នាំ២០២២។ ក្នុងករណីវិវាទនេះ លោក ម៉ម រិទ្ធី បានបង្ហោះសារទាក់ទងនឹងភាពយុត្តិធម៌ផ្សេងៗដែលជាទស្សនៈរបស់លោក ជុំវិញវិវាទកម្មករ ជាមួយក្រុមហ៊ុនមួយនេះ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹង! បើយើងសង្កេតឃើញថា ករណីហ្នឹងបើយើងពិនិត្យទៅលោក ម៉ម រិទ្ធី គ្រាន់តែជាការបញ្ចេញមតិ ក្នុងនាមគាត់ជាមេសហជីព ដែលកូនចៅគាត់ត្រូវបានគេចោទប្រកាន់។ បើអញ្ចឹងទេ ខ្ញុំគិតថារឿងនេះមិនគួរមានដល់ការចាប់ខ្លួន ការឃុំខ្លួនគាត់ទេ គួរតែមានការពិចារណាក្នុងការដោះលែង ក៏ដូចជាលើកលែងក្នុងការចោទប្រកាន់មកលើរូបគាត់ ដោយសារតែក្នុងនាមគាត់ជាមេសហជីព ហើយក្នុងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ យោបល់ នៅក្នុងសង្គមតែប៉ុណ្ណឹងទេ»។
បើតាមលោក នី សុខា បានលើកឡើងថា បើពិនិត្យមើលនីតីវិធីនៃការចាប់ខ្លួននេះ គឺវាមិនខុសនោះទេ ប៉ុន្តែគ្រាន់តែថា ការសម្រេចសេចក្ដីរបស់តុលាការទៅលើការដាក់ទោសទណ្ឌសហជីពរូបនេះ តាមដែលឃើញនៅក្នុងសាលក្រម គឺតុលាការបានសម្រេចដាក់ទោសលោក ម៉ម រិទ្ធី ក្នុងពន្ធនាគារចំនួន ១ឆ្នាំ ៦ខែ ដែលការសម្រេចបែបនេះ ជារឿងអយុត្តិធម៌ ពីព្រោះសហជីពរូបនេះ គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីបញ្ចេញមតិនោះទេ។
លោក នី សុខា ៖ «យើងគិតថាអ្វីជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពរបស់សហជីព របស់លោក ម៉ម រិទ្ធី មិនមានអ្វីជាការបំពារបំពានទៅលើផ្លូវច្បាប់ទេ។ អញ្ចឹងហើយបានជាយើងស្នើឱ្យតុលាការ មេត្តាពិចារណា ដើម្បីឱ្យដោះលែង ក៏ដូចជាលើកលែងការចោទប្រកាន់មកលើរូបគាត់»។
ទាក់ទងនឹងការឃុំខ្លួនមេសហជីពនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា សូមកុំភ្ជាប់រឿងករណីបុគ្គលណាក៏ដោយ ទៅនឹងការប្រើប្រាស់សិទ្ធិសេរីភាពនៅក្នុងសហជីព ខណៈនៅក្នុងប្រទេសកម្ពុជា មានសហជីពចំនួនជាង ៦,០០០នាក់។ លោកបន្តថា សហជីពជាង ៦,០០០នាក់នេះ បានបំពេញការងាររបស់ខ្លួនបានដោយសេរី ត្រឹមត្រូវ ហើយមានលំហរសេរីភាពយ៉ាងធំទូលាយ ដែលមានន័យថា កម្ពុជាគឺជាឋានសួគ៌នៃសហជីព។
លោក កត្តា អ៊ន ៖ «ដូច្នេះហើយករណីបុគ្គលលោក ម៉ម រិទ្ធីនេះ គឺជាករណីព្រហ្មទណ្ឌ ដែលគាត់បានប្រព្រឹត្ត ក្នុងការផ្សព្វផ្សាយវីដេអូរបស់គាត់ជាង ១ម៉ោងឯណោះ ដែលមានបណ្ដឹងជាប់ជាមួយតុលាការ។ ហើយតុលាការបានបំពេញនីតិវិធីរបស់ខ្លួននៅក្នុងចំណាត់ការរឿងព្រហ្មទណ្ឌ ដូច្នេះវាជាសមត្ថកិច្ចរបស់តុលាការ វាមិនពាក់ព័ន្ធទៅនឹងក្រសួងការងារនោះទេ»។
លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាករណីលោក ម៉ម រិទ្ធី និងសមាជិកសហជីពរបស់លោកផ្សេងទៀត ត្រូវការជំនួយផ្នែកច្បាប់ណាមួយ គឺខាងក្រសួងនឹងផ្ដល់ជំនួយផ្នែកច្បាប់ ក៏ដូចជាមេធាវីក្ដី ដើម្បីជួយបន្តនីតិវិធីនៅតុលាការជូនសហជីពទាំងនោះផងដែរ។
ដោយឡែក លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ដែរថា ចំពោះករណីលោក ម៉ម រិទ្ធីនេះ លោកមិនទាន់ជ្រាបព័ត៌មាននៅឡើយទេ ដូច្នេះប្រសិនជាករណីនេះ ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ គឺអាចទៅសួរអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោកថា៖ «បើចង់ដឹងព័ត៌មានហ្នឹង ដោយសារលោក ធន់ ដារិទ្ធ ជាចៅក្រមអញ្ចឹងប្រហែលស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ បើអញ្ចឹងអាចសួរលោកអ្នកនាំពាក្យសាលាដំបូង»។
វិទ្យុស្ត្រីបានព្យាយាមសុំការបំភ្លឺពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។ លោក ក៏បានប្រាប់ថា ដោយសារលោកកំពុងរវល់ ដូច្នេះមិនទាន់មានពេលស្វែងរកព័ត៌មានក្នុងសំណុំរឿងលោក ម៉ម រិទ្ធីនៅឡើយទេ។
តាមដីកាបង្គាប់ឱ្យឃុំខ្លួន និងចាប់ខ្លួនរបស់លោក ធន់ ដារិទ្ធ ដែលជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួនពីរលានរៀល (២,០០០,០០០រៀល) ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។
ដីកាបង្គាប់របស់ចៅក្រមដដែល បានឱ្យដឹងទៀតថា ចំពោះបទចោទនេះដែរ គឺពាក់ព័ន្ធនឹងការប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ និងសម្រេចបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរូបលោក។
លោក ម៉ម រិទ្ធី ត្រូវបានសមត្ថកិច្ចសង្កាត់បឹងទំពុន ចាប់ខ្លួននៅស្នាក់ការរបស់លោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ករណីស្រដៀងនេះ ក្រៅពីមេសហជីពរូបនេះ ក៏នៅមានមេសហជីពផ្សេងទៀតក្នុងនោះមាន កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី