en     km
en     km

ស្រ្តីអ្នកសារព័ត៌មានមួយចំនួនមើលឃើញថាសេរីភាពព័ត៌មានមានភាពល្អប្រសើរជាងមុនតែត្រូវការ ការជំរុញបន្ថែម

Share

តំណាងអង្គការសង្គមស៊ីវិល សមាគមអ្នកសារព័ត៍មាន អង្គភាពសារព័ត៌មាន និងដៃគូអភិវឌ្ឍនានាប្រចាំនៅកម្ពុជា បានជួបជុំគ្នា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង២០០នាក់។ ចំណែកអ្នកសារព័ត៌មានជាស្រ្តីមួយចំនួនដែលវិទ្យុស្រ្តីបានជួបសម្ភាសន៍បានលើកឡើងថា សិទ្ធិរបស់ស្រ្តីជាអ្នកសារព័ត៌មានហាក់បានយកចិត្តទុកដាក់មានភាពប្រសើរជាងមុនខ្លះ តែពួកគេត្រូវការការជំរុញនិងលើកកម្ពស់បន្ថែមទៀតដើម្បីឱ្យស្រ្តីនៅតែអាចបន្តការងារនៅលើអាជីពជាអ្នកសារព័ត៌មាន។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ស្ថិតក្នុងវ័យជិត៣០ឆ្នាំ កញ្ញា ស្រី គំនិត ជាអ្នកយកព័ត៌មានមួយរូបនៅស្ថាប័នកាសែតកោះសន្តិភាព បានឱ្យដឹងថា បច្ចុប្បន្នសេរីភាពសារព័ត៌មានភាពប្រសើរបើធៀបកាលពីជាង៨ឆ្នំាមុន ដែលកញ្ញាបានចូលបម្រើការងារដំបូង។  « បច្ចុប្បន្នការប្រឈមវាអាចកាត់បន្ថយត្រឹម៥០ភាគរយបើប្រៀបធៀបខ្ញុំចូលធ្វើការដំបូង ទី១អត់សូវមានស្រ្តីជាអ្នកសារព័ត៌មានទេ ដោយសារតែមានកត្តាប្រឈមច្រើនសម្រាប់ពួកគាត់ តែបច្ចុប្បន្នឃើញថាមានអ្នកសារព័ត៌មានស្រ្តីច្រើនបានចូលរួមក្នុងវិស័យសារព័ត៌មាននេះ ហើយបញ្ហាប្រឈមក៏កាត់បន្ថយដែរ»

កញ្ញា ស្រី គំនិត ដាក់ការព្យាករណ៍ថា ប្រហែលអាចអំឡុង៥ឆ្នាំទៅមុខទៀត ទើបស្ថានភាពស្រ្តីអ្នកសារព័ត៌មាន អាចប្រសើរជាងនេះ បើសិនជាស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកព័ត៌មានខ្លួនឯង និងរាជរដ្ឋាភិបាលព្យាយាមកែទម្រង់ និងលើកកម្ពស់ខាងសេរីភាពសារព័ត៌មានបន្តទៀត។ «ដោយសារបច្ចុប្បន្នព្យាយាមហើយ ក៏ប៉ុន្តែមិនទាន់ដល់ដំណាក់កាលយើងចង់បានខ្លាំងទេ ដូច្នេះខ្ញុំសង្ឃឹមថា ៥ឆ្នាំទៅមុខទៀត នឹងបានប្រសើរជាងហ្នឹងទៀត បញ្ហាប្រឈមកាត់បន្ថយហើយ តែយើងចង់បានកាត់បន្ថយច្រើនជាងនេះទៀតសម្រាប់៥ឆ្នាំទៅមុខទៀត»។

ទន្ទឹមនឹងនេះកញ្ញាអំពាវនាវដល់ស្រ្តី និងយុវតីជំនាន់ក្រោយឱ្យចូលរួមក្នុងវិស័យសារព័ត៌មានឱ្យបានច្រើនដើម្បីឱ្យមានជាសំឡេងស្រ្តី យេនឌ័រ និងការចូលរួមលើកកម្ពស់ស្រ្តីក្នុងវិស័យសារព័ត៌មាន។

បើនិយាយអំពីវិស័យសារព័ត៌មានបច្ចុប្បន្នមានច្រើនស្ថាប័ន ក្នុងនោះរួមមានប្រព័ន្ធផ្សព្វផ្សាយវិស័ឯកជន ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមក៏មានច្រើន តែបើនិយាយអំពីក្របខណ្ឌសារព័ត៌មានឯករាជ្យវិជ្ជាជីវៈ លោក ឆន ចាន់ស៊ី និពន្ធនាយកខេមបូចា យល់ឃើញថា ស្ថានភាពវិស័យសារព័ត៌មានមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ «តែអ្វីដែលសំខាន់នៅក្នុងអណត្តិនេះយើងមានរដ្ឋមន្រ្តីថ្មី យើងសង្ឃឹមថា គាត់អាចសម្រួលការងារមួយចំនួនទៅដល់អ្នកសារព័ត៌មាន ជាជាងដាក់សម្ពាធមានន័យថា បើកផ្លូវធ្វើម៉េចយើងអាចទៅយកព័ត៌មានកន្លែងណាក៏បានយើងចង់តាមព័ត៌មានជាមួយនាយករដ្ឋមន្រ្តី ពិសេសពួកខ្ញុំមានការរឹតត្បិតក្នុងការតាមទៅចូលយកព័ត៌មានពេលដែលមានព្រឹត្តិការថ្នាក់ដឹកនាំធំៗ»។

លោក ឆន ចាន់ស៊ី សង្ឃឹមថា ឆ្នាំក្រោយឬ៣ឆ្នាំទៅមុខទៀតវិស័យសារព័ត៌មានកាន់តែប្រសើរ ដោយអង្គការសង្គមស៊ីវិល ក្រសួងព័ត៌មាន ឬរាជរដ្ឋាភិបាលត្រូវជួយជំរុញបន្ថែម ដើម្បីឱ្យចំនួនស្រ្តីចូលប្រឡូកក្នុងវិស័យសារព័ត៌មានបានកាន់តែច្រើន។ « យើងទាំងអស់គ្នាគួរតែរួមគ្នាលើកទឹកចិត្តធ្វើម៉េចឱ្យវិស័យហ្នឹង កាន់តែប្រសើរឡើងទើបគាត់អាចចូលរួមបាន បើមិនអ៊ីចឹងទេគាត់នឹងប្រឈម ការប្រឈមរបស់គាត់មិនត្រឹមតែនៅកន្លែងការងារទេ ជួនកាលសម្ពាធខ្លះកើតឡើងពីគ្រួសារដែរ ដោយសារគាត់មើលឃើញភាពមិនសូវល្អ គ្រួសារមិនលើកទឹកចិត្តឱ្យធ្វើដែរ»។

អ្នកស្រី លួង ភីរ៉ូនីកា អ្នកសារព័ត៌មានមកពីស្ថាប័នត្រយងបានឱ្យដឹងថា នៅគ្រប់វិស័យទាំងអស់ស្រ្តីដើរតួនាទីយ៉ាងសំខាន់ស្ទើរគ្រប់វិស័យ រួមទាំងការអភិវឌ្ឍន៍សង្គមជាតិផងដែរ។ មួយទៀតដែរ ទោះបីវិស័យសារព័ត៌មាន មានចំនួនស្រ្តីតិចបើធៀបនិងបរុសក៏ពិតមែន តែស្រ្តីអ្នកសារព័ត៌មានមានភាពសស្រាក់ស្រស្រាំមិនចាញ់បុរសនោះទេ។ «ខ្ញុំនៅតែមានក្តីរំពឹងសង្ឃឹមនៅក្នុងពេលអនាគតយើងនឹងមានអ្នកកាសែតជាស្រ្តីកាន់តែច្រើន ហើយជាការសំណូមពរដែរ សម្រាប់ការផ្តំាផ្ញើដល់ប្អូនៗជំនាន់ក្រោយដែលគាត់ស្រលាញ់ហើយចង់ក្លាយទៅជាអ្នកកាសែតចង់ជម្រាបទៅកាន់ប្អូនៗថាកុំមានភាពភ័យខ្លាច កុំបារម្ភរឿងកំហុសអី បងៗធ្លាប់ធ្វើក្នុងវិស័យនេះសុទ្ធតែឆ្លងកាត់នូវកំហុសដូចគ្នាទេ ប៉ុន្តែកំហុសទាំងអស់ហ្នឹងវាបានជួយយើងឱ្យដឹង និងអភិវឌ្ឍន៍នូវសមត្ថភាពរបស់យើងក្នុងការផលិតព័ត៌មានក្រោយៗ  ហើយទទួលស្គាល់ថាអ្នកកាសែតមុននឹងចេញអត្ថបទឬផលិតអ្វីមួយយើងបានធ្វើការស្រាវជ្រាវ ពិនិត្យហើយពិនិត្យទៀតប៉ុន្តែកំហុសណាមួយវាអាចកើតមានឡើង វាមិនជាបញ្ហាទេកុំឱ្យតែយើងធ្វើហើយមិនបានពិនិត្យ អ៊ីចឹងក៏ចង់ផ្តាំទៅប្អូនៗជំនាន់ក្រោយថា​សម្រាប់ប្អូនៗចង់ក្លាយទៅជាអ្នកកាសែតសូមលើកទឹកចិត្តពីព្រោះអីគ្មានអ្វីសំខាន់ជាងថាយើងស្រលាញ់អីយើងធ្វើហ្នឹងទៅហើយចូលរួមជាមួយគ្នា ក្នុងការជួយលើកស្ទួយស្រ្តីរបស់យើង មិនថាតែក្នុងវិស័យកាសែតទេ គ្រប់វិស័យទាំងអស់ខ្ញុំជឿថាស្រ្តីរបស់យើងអាចធ្វើបាន ហើយក៏អាចធ្វើបានល្អដែរ »។

គួរបញ្ជាក់បន្ថែមថា ទិវាសេរីភាពសារព័ត៌មានពិភពលោក គឺជាព្រឹត្តិការណ៍សកលមួយដែលប្រារព្ធឡើងនូវគោលការណ៍គ្រឹះនៃសេរីភាពសារព័ត៌មាន។ ដោយឡែកប្រធានបទឆ្នាំនេះ គូសបញ្ជាក់អំពីតួនាទីសំខាន់ដែលអ្នកសារព័ត៌មានដើរតួក្នុងការលើកកម្ពស់ ការយល់ដឹងអំពីវិបត្តិបរិស្ថាន និងជំរុញដំណោះស្រាយ៕

Share

ព័ត៌មានទាក់ទង

Image