លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន លើកឡើងថា មានការចរាចរគ្រឿងញៀន នៅក្នុងពន្ធនាគារ និងក្នុងមណ្ឌលស្ដារនិតីសម្បទា មួយចំនួននៅក្នុងប្រទេសកម្ពុជា។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ នេះ។
លោកបន្តថា ប្រការនេះបានធ្វើឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលហាក់ដើរថយក្រោយ ដែលធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង។ លោក កែ គឹមយ៉ាន៖ «តាមខ្ញុំដឹង កន្លែងខ្លះលក់គ្រឿងញៀនដូចក្នុងពន្ធធានាគារ ហើយក្នុងមណ្ឌលអប់រំកែប្រែក៏មានលក់គ្រឿងញៀនដែរ។ ជាក់ស្តែងថ្ងៃមុនមានករណីដាក់គ្រឿងញៀនក្នុងម្ហូបអាហារទៅឱ្យអ្នកនៅក្នុងមណ្ឌល»។
ទានទងនឹងបញ្ហានេះ លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា និយាយថា ការចរាចរគ្រឿងញៀនក្នុងពន្ធធានាគារ និងក្នុងមន្ទីរកែប្រែ គឺជានិន្នាការសកលទៅហើយ ដែលប្រទេសជាច្រើនក៏កើតមានបញ្ហានេះដូចកម្ពុជាដែរ។ តែយ៉ាងណាលោកថា ដើម្បីបង្ក្រាបករណីចែកចាយគ្រឿងញៀនក្នុងពន្ធធានាគារ និងនៅតាមមណ្ឌលកែប្រែនោះ សមត្ថកិច្ចត្រូវតែមានវិធានជាបន្ទាន់តាមចាប់មុខសញ្ញាមកផ្តន្ទាទោស ព្រោះករណីចែកចាយគ្រឿងញៀនក្នុងពន្ធធានាគារនេះ មានតម្រុយយូរណាស់មកហើយ។
លោក សន ជ័យ៖ «ការមិនបានចាត់វិធានការណ៍ទាន់ពេលវេលាទៅលើករណីជួញដូរគ្រឿងញៀន ខ្ញុំមើលឃើញថា វាធ្វើឱ្យប៉ះពាល់មុខមាត់ដល់ប្រទេសហ្នឹងដែរ»។
យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ បង្ហាញថាក្នុងឆ្នាំ២០១៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបប្រមាណ ៣ពាន់ ករណី កើនឡើង ១២៩%បើធៀបនឹងឆ្នាំ២០១៤។ សម្រាប់ឆ្នាំ២០១៥ កន្លងទៅ សមត្ថកិច្ចឃាត់ខ្លួនអ្នកប្រើប្រាស់បានប្រមាណ ៧ពាន់ នាក់ ក្នុងនោះស្រី ៨៥៣ នាក់ កើនឡើង ១២៣% បើធៀបទៅនឹងឆ្នាំ២០១៤។
ចំណែកវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន អ៊ិចស្ដាស៊ី ហេរ៉ូអ៊ីន កូកាអ៊ីន កេតាមីន និងកញ្ឆាក្រៀម ដែលសមត្ថកិច្ចរឹបអូសបានសរុប ១ តោន ៦២០ គីឡូក្រាម។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញសម្រាប់ឆ្នាំ២០១៥ បានឱ្យដឹងថា អាជ្ញាធរជាតិ បានព្យាបាលអ្នកញៀនគ្រឿងញៀនបានប្រមាណ ៨ម៉ឺន នាក់ ក្នុងចំណោមអ្នកញៀនថ្នាំ ១៦ម៉ឺន នាក់ បានបំពាក់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន នៅក្នុងមណ្ឌលសុខភាព ចំនួន ៣៦ កន្លែង និងក្នុងមន្ទីរពេទ្យបង្អែកបានចំនួន ១១ កន្លែង៕