en     km
en     km

មនុស្សវ័យចាស់មួយចំនួនប្រាប់ពីបញ្ហាប្រឈម និងការថែទាំសុខភាពក្នុងអាកាសធាតុក្តៅ

Share

រូបភាព៖ អង្គការមនុស្សចាស់កម្ពុជា

ស្ថិតក្នុងជន្មាយុបច្ចុប្បន្ន ៦៤ឆ្នាំហើយក្តី តែអ្នកស្រី ទុំ ចាន់ដាលីន នៅតែខិតខំប្រឹងប្រែងដើម្បីរកចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ខ្លួនតាមរយ:ការដឹកផ្លែក្រូចឆ្មា ផ្លែផាស់សិន និងផ្លែក្រូចទឹកអំពៅ លក់ដោយជិះម៉ូតូម៉ាកCubចាស់មួយគ្រឿងពីផ្សារត្រពាំងថ្លឹង មកបោះឱ្យម៉ូយជារៀងរាល់ថ្ងៃ នៅម្តុំសួនកាណាឌីយ៉ាក្រោមកំដៅថ្ងៃក្តៅខ្លាំង។ទោះស្ថិតក្នុងស្ថានភាពលំបាក និងប្រឈមចំពោះបញ្ហាសុខភាពក្នុងរដូវក្ដៅបែបណាក៏ដោយ ក៏អ្នកស្រីនៅតែពុះពារ ដើម្បីស្វែងរកចំណូលសម្រាប់ផ្គផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងវ័យបច្ចុប្បន្នដែរ។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍

ធ្លាប់ជាមនុស្សម្នាក់ដែលធន់ ដោយសារតែមានជីវភាពលំបាកតាំងពីជំនាន់ប៉ុលពត អ្នកស្រី ទុំ ចាន់ដាលីន បានឱ្យដឹងថា អ្នកស្រី ជាកូនកំព្រាឪពុកតាំងពីអាយុ១៣ឆ្នាំ រស់នៅជាមួយម្តាយមេម៉ាយ និងមានប្អូនតូចក្នុងបន្ទុកចំនួន៤នាក់ទៀត។ ក្នុងចំណោមនោះប្អូនពៅទើបតែអាយុ៦ខែតែប៉ុណ្ណោះ ដូច្នេះ ទោះបីជាការងារស្ទូង ដក ច្រូត កាត់ទាំងកណ្តាលថ្ងៃត្រង់ ក៏អ្នកស្រី មិនដែលមិនរុញរាឡើយ។ ប៉ុន្តែឥឡូវអ្នកស្រី ទទួលស្គាល់ថាចុះចាញ់មែនទែននឹងអាកាសធាតុក្តៅនាពេលនេះ ដោយសារអ្នកស្រីជិះម៉ូតូនៅម៉ោង១១ -១២ថ្ងៃត្រង់ ដើម្បីយកផ្លែក្រូចឆ្មា ផ្លែផាស់សិន និងផ្លែក្រូចទឹកអំពៅ ពីផ្សារត្រពាំងថ្លឹង មកបោះឱ្យម៉ូយនៅម្តុំសួនកាណាឌីយ៉ាជារៀងរាល់ថ្ងៃក្រោមកំដៅថ្ងៃក្តៅខ្លាំងអ្នកស្រីមានអារម្មណ៍ថា ចង់ក្អួតមួយរំពេច ដោយសារអ្នកស្រីមានវ័យចាស់ តែទោះយ៉ាងណាអ្នកស្រីនៅតែខំប្រឹងដោយបានម៉ូយលើកទឹកចិត្ត ជួយទិញម្នាក់បន្តិចៗគ្រាន់តែបានមួយថ្ងៃរួចមួយថ្ងៃដើម្បីទ្រទ្រង់ជីវភាព។

«ពិតជាក្តៅ និងហត់មែនទែន មិនមែនធម្មតាទេ ឥឡូវនេះអាកាសធាតុកាន់តែក្តៅទៅៗមានអារម្មណ៍ចង់ក្អួត និងចង្អោរដល់ពេលសីតុណ្ហភាឡើងខ្ពស់ហួសកម្រិត យើងមនុស្សវ័យចាស់ដង្ហើមខ្លី»។

ទាក់ទងនឹងរបៀបនៃការថែទាំសុខភាពសម្រាប់មនុស្សវ័យចាស់ សម្រាប់អ្នកស្រីផ្ទាល់  បានរៀបរាប់ឱ្យដឹងថា «ធម្មតាពេលអាកាសធាតុក្តៅបែបហ្នឹង យើងព្យាយាមញាំទឹក ជាពិសេសពេលព្រឹក ពេលថ្ងៃដែលយើងកំពុងធ្វើដំណើរ ទោះបីយើងនៅផ្ទះក៏ដោយ ក៏យើងព្យាយាមញាំទឹក មែនទែនទៅទោះបីយើងមិនព្យាយាមក៏ដោយក៏អាកាសធាតុជំរុញឱ្យមនុស្សចង់ញាំទឹកតែម្តង។ អ៊ីចឹងយើងត្រូវមានទឹកនៅជាប់ខ្លួន បើយើងអ្នកនៅផ្ទះដែលមិនចាប់បាច់ខ្វល់ខ្វាយនឹងជីវភាព អាចញាំទឹកក្តៅដាំពុះទុកឱ្យត្រជាក់អ៊ុនៗញាំទៅបើកញើសស្រួលខ្លួន វាមានអារម្មណ៍ថាស្រាលខ្លួន»

ចំណែកឯអ្នកស្រី គង់ សុមាលី ក្នុងជន្មាយុ៦៣ឆ្នាំ សព្វថ្ងៃរស់នៅជាមួយកូនក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់វិទ្យុស្រ្តីឱ្យដឹងដែរថា អ្នកស្រីមានសុខភាពមិនសូវល្អប៉ុន្មានទេ ដោយសារមានជំងឺបេះដូងធ្វើទុករាល់ថ្ងៃរៀងហត់ៗ អស់កំលាំងកំហែង និងហូបបាយបានតិចៗ ហើយគួបផ្សំនឹងអាកាសធាតុក្តៅបែបនេះ ធ្វើឱ្យអ្នកស្រី សម្រាន្តមិនសូវបាននៅពេលយប់។ ជាមួយគ្នានេះអ្នកស្រីថា មិនឃើញមានអាជ្ញាធរចុះមកណែនាំដល់ប្រជាជនអំពីការថែទាំសុខភាពទេ មានតែ​យើងខ្លួនឯងថែទាំសុខភាពដោយខ្លួនឯងតែប៉ុណ្ណោះ ហើយបើធៀបឆ្នាំមុនៗឃើញថាឆ្នាំនេះអាកាសធាតុក្តៅខ្លាំង ដោយកន្លែងខ្លះរហូតខ្វះទឹកប្រើប្រាស់និងបរិភោគថែមទៀតផង។ អ្នកស្រីបន្តថា​« ចា៎!ថែខ្លួនឯងដាក់ទឹកកន្សែង ហូបទឹកៗ ឱ្យបានច្រើន តែសម្រាន្តពេលយប់មិនសូវបានទេ លក់បានជិតភ្លឺបន្តិចទេ​ វាក្តៅពេក ងូតទឹកយប់ ២ដង អាកាសធាតុក្តៅខ្លាំងជាងឆ្នាំមុន វាអត់មាន(ភ្លៀង)កក់ខែ រាល់ដងក៏មានកក់ខែពេលគេសែនផ្នូរម្តងម្កាល ឥឡូវអត់ កូនឯងមើលសូម្បីទឹកកកគ្នាផលិតមិនទាន់»។

ងាកមកអ្នកស្រី ស៊ឹម ហៀង មានជន្មាយុ៦៥ឆ្នាំវិញ ដោយសារតែអាកាសធាតុក្តៅ អ្នកស្រីថាមិនហ៊ានចេញទៅណាទេ នៅតែក្នុងម្លប់ ព្រោះអ្នកស្រីមានបញ្ហាភ្នែកទើបបកកន្ទុយថ្លែនរួច មិនទាន់ជាស្រួលបួលនៅតែហូរទឹកភ្នែក។ អ្នកស្រីបានបន្តថា « ឆ្នាំនេះក្តៅខ្លាំងណាស់ វាចំឡែកត្រង់ថា មេឃវាអត់ភ្លៀងសោះ ក្តៅយកតែម្តង ដល់អ៊ីចឹង វាពិបាកទាំងក្មេងទៅសិក្សាទៀតគ្នាវាក្តៅពេក »។

ក្នុងអំឡុងពេលមានអាកាសធាតុក្តៅខ្លាំងនៅប្រទេសកម្ពុជា ក្រសួង សុខាភិបាលក៏បានចេញសេចក្តីក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធ ការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជាការខ្សោះជាតិទឹក ជំងឺ បេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀតបណ្តាលមកពីការការប្រើប្រាស់ទឹកមិន ស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។ ហេតុនេះក្រសួងសុខាភិបាលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រះ ឬដាំទឹកឱ្យពុះ។ ពិសាទឹកឱ្យបានញឹកញាប់លើសពី ២លីត្រ ក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។  ជាមួយគ្នានេះ ត្រូវរក្សាសុខភាព និងសុវត្ថិភាព រក្សាអនាម័យ ខ្លួនប្រាណ ទុកដាក់ម្ហូបអាហារមានគម្របត្រឹមត្រូវ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនញាំអាហារ និងក្រោយចេញពីបង្គន់។ ចៀសវាងការពិសារជាតិអាល់កុល កាហ្វេ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករ អំបិលច្រើនដែលនាំឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។ ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅព្រះអាទិត្យ ដូចជា សម្លៀកបំពាក់ស្រាល រលុង ពណ៏មិនដិតពេក និងពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារកម្ដៅថ្ងៃ។ ចៀសវាងការស្លៀកពាក់ក្រាស់ៗពេកឱ្យទារក ឬកុមារតូច ឬរំពួកគេក្នុងភួយដែលធ្វើឱ្យកម្ដៅ ពួកគេកើនឡើងបន្ថែមទៀត។ ចៀសវាងស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវរកកន្លែងជ្រក ឬរបាំងការពារកម្ដៅព្រះអាទិត្យ។ ចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង។ សមាជិកគ្រួសារត្រូវតែតាមដានមើលឱ្យបានញឹកញាប់ ចំពោះមនុស្សចាស់អាយុ ៦០ឆ្នាំឡើង ក៏ដូចជាអ្នកកំពុងមានជំងឺ កុមារក្រោមអាយុ ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ ព្រោះ ពួកគេត្រូវការជំនួយ។

ប្រសិនបើមានរោគសញ្ញា ដូចជា វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើ) ដែលទាំងនេះជាសញ្ញាដំបូងនៃផលប៉ះពាល់ពីកម្ដៅ ត្រូវផ្លាស់ប្ដូរទៅរកទីកន្លែងត្រជាក់ និង ត្រូវសម្រាក ២ ទៅ ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ ហើយកុំបន្តសកម្មភាព ព្រោះអាចមាន ហានិភ័យខ្ពស់។ ចៀសវាងការចោមរោមជុំជិតអ្នកជំងឺដែលមានបញ្ហាសុខភាព ហើយសូម ស្វែងរកការព្យាបាលភ្លាមៗនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ប្រសិនបើមិនធូរស្រាល។

ក្រសួងសុខាភិបាលបានក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាព ប្រជាជនក្នុងតំបន់ ជាពិសេសជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាព ណាមួយកើតឡើង។

​​ទាក់ទងនឹងការការពារសុខភាពដល់មនុស្សវ័យចាស់ក្នុងពេលអាកាសធាតុកំពុងតែកើនឡើងកំដៅខ្លាំងបែបនេះ  លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានឱ្យដឹងថា  ​​បន្ថែមពីលើអ្វីដែលរដ្ឋ  គ្រាន់តែផ្សព្វផ្សយ ចេញនូវសេចក្តីជូនដំណឹង នោះសម្រាប់មនុស្សចាស់ ពិសេសមនុស្សដែលគាត់នៅម្នាក់ឯង ដែលមិនមានកូនចៅឬកូនចំណាកស្រុក រដ្ឋគួរតែលើកទឹកចិត្តណែនំាបន្ថែម ទៀតតាមរយៈអ្នកស្ម័គ្រភូមិ ឬក៏ក្រុមទ្រទ្រង់សុខភាពភូមិ ក្នុងការចុះទៅសួរសុខទុក្ខ ឬជួយដោះស្រាយទៅលើបញ្ហារបស់គាត់ដែលមាន។ បន្ថែមពីនោះការអនុគ្រោះទៅលើទីតាំង ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅតាមវត្តអារាមជាដើម រដ្ឋគួរតែសំឡឹង ឬក៏លើកទឹកចិត្ត ឬក៏មានការសហការជាមួយផ្នែកខាងសាសនា អាជ្ញាធរមូលដ្ឋានគួរតែមានកិច្ចសហការ គាំទ្រគ្នាដើម្បីប្រយោជន៍ទៅដល់ក្រុមមនុស្សវ័យចាស់ដែលគាត់ ជួបការលំបាក អាចបើកនូវទីស្នាក់ការណាមួយពេលថ្ងៃក្តៅ ដែលអាចឱ្យពួកគាត់អាចទៅជួបជុំគ្នានៅទីនោះ ដោយបង្កបរិយាកាសមានជាកង្ហារជាដើម។  ព្រោះមនុស្សចាស់ខ្លះនៅផ្ទះគាត់អត់អាចនៅបានទេ ដោយសារផ្ទះគាត់ភាគច្រើនប្រក់ស័ង្កីក្តៅខ្លាំង ខ្លះគាត់ទៅរកផ្ទះអ្នកជិតខាង ព្រោះផ្ទះគាត់នៅអត់កើត តែបើអ្នកជិតខាងគាត់លំបាកដែរ ។ដូច្នេះយើងត្រូវមានយន្តការជាផ្លូវការ មួយដែលរដ្ឋគួរតែលើកទឹកចិត្ត ឬអាចចេញជាសារាចរ ណែនាំដើម្បីឱ្យថ្នាក់ជាតិ ឬនៅតាមវត្តអារាមលើកទឹកចិត្តឱ្យចាស់ៗគាត់អញ្ជើញមកជួបជុំគ្នា មានគ្នី មានគ្នា នៅទីនោះ ។ លោក ទុំវីរ៉ា បានឱ្យដឹងបន្ថែមថា «បើធៀបពី១ឆ្នាំទៅមួយឆ្នាំកំដៅប្រែប្រួលអាកាសធាតុក្តៅក៏ក្តៅខ្លាំង ទឹកក៏ជន់ ជាយន្តការយើងគួរតែសំលឹងមើលទៅលើការដំានូវដើមឈើ ឱ្យបានច្រើនដោយរដ្ឋអាចបំផុសទៅលើចលនាភូមិ ឃុំ​ដូចជាផ្ទះ១មានដើមឈើ១ ឬគ្រួសារ១មានដើមឈើ១យ៉ាងហោចណាស់ ដាក់ឱ្យច្រើនទៅតាមកន្លែងមួយៗ យើងចង់ឃើញសហគមន៍នៅក្នុងប្រទេស យើងមានដើមឈើ វាអាចជួយកាត់បន្ថយកំដៅ ភាពក្តៅសម្រាប់មនុស្សយើងទាំងអស់គ្នា ជាពិសេសសម្រាប់មនុស្សចាស់ហើយមិនសូវអស់លុយ យើងមិនអាចដំឡើងម៉ាស៊ីនត្រជាក់តាមផ្លូវ តាមផ្ទះ កើតទេអ៊ីចឹងមានតែដើមឈើហ្នឹងឯង វាអាចជួយបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីជួយឱ្យកំដៅបានថយចុះ»។

លោក ទុំ វីរ៉ា បានឱ្យដឹងទៀត រយៈពេលជាងមួយខែកន្លងមកនេះ ការប្រែប្រួលអាកាសធាតុ កើនកំដៅខ្លាំងជាពិសេសនៅតំបន់ភាគពាយ័ព្យ នៃខេត្តបាត់ដំបង បើធៀបនិងរាជធានី។  ទាក់ទងនឹងការកើនឡើងកំដៅនេះ មនុស្សវ័យចាស់នៅជនបទមានបញ្ហាច្រើន តែក៏មិនទាន់មានបញ្ហាដល់ថ្នាក់ឈឺធ្ងន់ធ្ងរ ឬក៏ដល់អាយុជីវិតនៅឡើយទេ៕​

 

 

 

Share

ព័ត៌មានទាក់ទង

Image