ទោះចម្ងាយផ្លូវពីផ្ទះទៅសាលាឆ្ងាយយ៉ាងណា តែគ្រូបង្រៀនជនបទមួយរូប បានខិតខំធ្វើដំណើរទៅសាលាដើម្បីបង្រៀនសិស្សៗ និងតែងលះបង់ពេលវេលា ថែមទាំងចំណាយថវិកាផ្ទាល់ខ្លួនជួយដល់សិស្សានុសិស្សក្រីក្រ ព្រោះមិនចង់ឃើញក្មេងៗទាំងនោះគ្មានការអប់រំ គ្មានសម្ភារៈសិក្សាដូចគ្រាដែលខ្លួនធ្លាប់ជួបបញ្ហាជីវភាពកាលនៅពីក្មេង។ តើអ្នកគ្រូបង្រៀនជនបទនោះជានរណា? បង្រៀននៅទីណា? ហើយថាតើមានបុព្វហេតុអ្វីខ្លះបានជាអ្នកគ្រូសុខចិត្តចំណាយថវិកាធនធានផ្ទាល់ខ្លួនជួយដល់សិស្សក្រីក្រក្នុងថ្នាក់?
ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់ជីវព័ត៌មានដែលរៀបចំដោយកញ្ញា សៃ ចន្ធី ដូចតទៅ!
(កញ្ញា សៃ ចន្ធី រាយការណ៍)
«អ្វីដែលខ្ញុំជួបច្រើនជាងគេហើយ ខ្ញុំរងសម្ពាធជាងគេ គឺគេមើលងាយគ្រួសារខ្ញុំ គេថាខ្ញុំអត់ទេដើរជួយគេដូចអ្នកមាន ម៉ែឪទៅថៃទេ អត់មានជួយម៉ែឪឱ្យចម្រុងចម្រើនឱ្យមកនៅស្រុកភូមិទេស ទៅដើរជួយគេដូចកូនសេដ្ធី»។
នេះគឺជាការលើកឡើងរបស់អ្នកគ្រូមួយរូបដែលធ្លាប់ទទួលការរិះគន់ មើលងាយរាល់ពេលដែលតែងតែជួយដល់ក្មេងៗ ដែលមានការខ្វះខាតនៅក្នុងតំបន់ដែលអ្នកគ្រូរស់នៅ។
កញ្ញា រិន ថារី អាយុ២៩ ឆ្នាំ មានទីលំនៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាគ្រូបង្រៀននៅសាលាបឋមសិក្សាពីងពង់ បង្រៀនថ្នាក់ទី២ រយៈពេល៣ឆ្នាំមកហើយ។ អ្នកគ្រូ ថារី ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ សព្វថ្ងៃអ្នកគ្រូជាគ្រូជាប់កិច្ចសន្យានៅសាលាបឋមសិក្សាពីងពង់ និងជាគណនេយ្យនៅសាលាឯកជនមួយផងដែរ។
ផ្តើមពីក្ដីស្រលាញ់ការបង្រៀនផង និងមានសេចក្ដីអាណិតទៅលើក្មេងៗខ្វះខាតផង អ្នកគ្រូ ថារី បានចាប់ផ្ដើមបង្រៀននៅសាលាឯកជនមួយតាំងពីឆ្នាំ២០១៧ និងបន្តរហូតមកដល់សព្វថ្ងៃ។
មានសម្បុរស សក់ខ្មៅស្លូតវែងត្រឹមចង្កេះ អ្នកគ្រូថារី ប្រាប់វិទ្យុស្រ្តីបន្តថា កាលពីក្មេងអ្នកគ្រូត្រូវរស់នៅឃ្លាតឆ្ងាយពីឪពុកម្ដាយតាំងពីអាយុ ៧ឆ្នាំដ្បិតឱពុកម្តាយទៅធ្វើការនៅប្រទេសថៃ។ មិនសូវទទួលបានភាពកក់ក្តៅពីក្រុមគ្រួសារជារឿងមួយ តែអ្នកគ្រូថែមទាំងត្រូវបានគេរើសអើងថែមទៀត ក្នុងនោះសូម្បីតែគ្រូក៏បានមើលរំលងមិនសូវយកចិត្តទុកដាក់ចំពោះអ្នកគ្រូដែលជាសិស្សក្រីក្រ។
«ខ្ញុំជាក្មេងស្រីម្នាក់ដែលធំឡើងមកអត់មានម៉ាក់ប៉ានៅដូចគេ ម៉ាក់ប៉ាខ្ញុំ អត់បាននៅជាមួយខ្ញុំ ទេតាំងពីខ្ញុំ អាយុ៧ឆ្នាំ ខ្ញុំនៅជាមួយនឹងអ៊ំហើយបច្ចុប្បន្នអ៊ំខ្ញុំ អាយុ ៨៦ឆ្នាំហើយ គាត់អត់ចេះអក្សរទេខ្ញុំ អឺទៅរៀនមក ពីរៀនវិញគឺខ្ញុំ អត់ដែលមានអ្នកបានបង្រៀនខ្ញុំទេ គឺខ្ញុំរៀនខ្លួនឯង ហើយខ្ញុំតស៊ូរៀនពេលដែលខ្ញុំ ទៅរៀនគឺគេរើសអើងយើង យើងអត់គឺលក្ខណៈថាអឺពេលខ្លះគ្រូក៏គាត់មើលរំលងសិស្សដែរអត់ អ៊ីចឹងទៅខ្ញុំ ក៏តាំងចិត្តខ្លួនឯងថា តស៊ូជីវិតយើងអត់គឺគេរើសអើងបែបហ្នឹង ហើយខ្ញុំ ទៅរៀនរហូត ទោះបីជាពេលខ្លះខ្ញុំ រៀននៅក្រៅថ្នាក់ក៏ខ្ញុំ ទៅដែរ»។
ធ្លាប់ស្គាល់រសជាតិជីវិតជាកុមារីខ្វះភាពកក់ក្តៅពីក្រុមគ្រួសារផង និងធ្លាប់ត្រូវមជ្ឈដ្ឋានជុំវិញខ្លួនរើសអើងផង ផលលំបាកទាំងនេះហើយ ញុំាងឱ្យអ្នកគ្រូ ថារី ស្ម័គ្រចិត្តលះបង់ពេលវេលា ចំណាយថវិកាផ្ទាល់ខ្លួនទិញសម្ភារៈសិក្សាមួយចំនួនផ្គត់ផ្គង់សិស្ស និងក្មេងៗជាច្រើន។
«ខ្ញុំអឺជាក្មេងស្រីម្នាក់ដែលខ្វះភាពកក់ក្ដៅ។ នេះបើនិយាយពីជីវិតខ្លួនឯងហាស់ ហើយហេតុផលដែលខ្ញុំ ស្រលាញ់ក្មេងៗ ខ្ញុំចង់អោប ខ្ញុំចង់ផ្ដល់ក្ដីស្រលាញ់ឱ្យពួកគាត់ព្រោះថានៅតំបន់ខ្ញុំ ម៉ាក់ប៉ាគាត់អត់នៅជាមួយទេ គាត់ទៅថៃ គាត់ទៅធ្វើការនៅឆ្ងាយៗអ៊ីចឹងបង អ៊ីចឹងទៅអឺ ខ្ញុំចង់ផ្ដល់កម្លាំងចិត្តឱ្យគាត់ចង់ផ្ដល់ភាពកក់ក្ដៅឱ្យគាត់ ហើយអឺមួយវិញទៀតក្មេងៗដែលខ្ញុំ ជួយហ្នឹងភាគច្រើនមិនមែនតែជាកូនសិស្សរបស់ខ្ញុំទេ ឱ្យតែខ្វះខាត ឱ្យតែខ្ញុំឃើញហើយខ្វះខាតអ៊ីចឹង គឺខ្ញុំអត់ដាច់ចិត្តបោះបង់ពួកគាត់ទេស ខ្ញុំជួយទោះបីបានតិចច្រើនក៏ខ្ញុំជួយដែរ»។
តាមរយៈសកម្មភាពជួយកុមារក្រីក្រដែលអ្នកគ្រូបានបង្ហោះលើបណ្តាញសង្គមជាបន្តបន្ទាប់ ធ្វើឱ្យគ្រូបង្រៀននៅសាលារៀនផ្សេងៗទៀតបានមកទាក់ទងមកអ្នកគ្រូដើម្បីសុំជំនួយទៅជួយសិស្សក្រីក្រសាលាផ្សេងៗទៀត។ ត្រង់ចំណុចនេះអ្នកគ្រូប្រាប់ថា ខ្លួនពុំទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ទៅជួយឧបត្ថម្ភដល់កុមារក្រីក្រតាមសាលាផ្សេងៗច្រើននោះទេ ដ្បិតប្រាក់បៀរវត្តរ៍និងជីវភាពរបស់អ្នកគ្រូនៅមានកម្រិតនៅឡើយ។ តែយ៉ាងណាថ្មីៗនេះ អ្នកគ្រូថារី ត្រូវបានមហាជនមួយចំនួនដែលតាមដានបណ្តាញសង្គមតិចតុក និងហ្វេសប៊ុក បានបរិច្ចាគថវិកានិងសម្ភារៈមួយចំនួនតាមរយៈអ្នកគ្រូទើបធ្វើឱ្យអ្នកគ្រូមានលទ្ធភាពកាន់ច្រើនជាងមុនក្នុងផ្តល់ជា ចំណីអាហារ អង្ករ កង់សម្រាប់សិស្សធ្វើដំណើរមករៀនឱ្យបានទៀងទាត់និងមិនបោះបង់ចោលការសិក្សា។
«តាមពិតទៅអឺ ខ្ញុំជួយក្មេងៗហ្នឹង ខ្ញុំជួយយូរដែលហើយបងអ្ហើយតាំងពីមុនកូវីត ប៉ុន្តែខ្ញុំអត់ដែលបានផុសផងហីអឺទើបតែមួយរយៈក្រោយហ្នឹងអឺខ្ញុំទៅបង្រៀននៅសាលាពីងពង់ហ្នឹង ខ្ញុំឃើញស្ថានភាពសាលាវារាងយ៉ាប់ សិស្សនៅហ្នឹងគួរឱ្យស្រលាញ់ ប៉ុន្តែគាត់ខ្វះខាត អ៊ីចឹងទៅខ្ញុំក៏ចាប់ផ្ដើមអឺលេងតិកតុកដើម្បីយកប្រយោជន៍ ព្រោះទីមួយគឺសាលារបស់ខ្ញុំគឺនៅខ្វះខាតសាលារៀន ហីកូនសិស្សរបស់ខ្ញុំ គឺភាគច្រើនគាត់ខ្វះខាតច្រើន អ៊ីចឹងទៅខ្ញុំក៏ចាប់ផ្ដើមដំបូងៗឡើយហ្នឹង គឺខ្ញុំចំណាយថវិកាខ្លួនឯងទាំងអស់ សូម្បីតែឥឡូវហ្នឹងពេលខ្លះក៏ខ្ញុំត្រូវចំណាយថវិកាខ្លួនឯង ហើយបើកប្រាក់ខែមក អ៊ីចឹងយើងត្រូវចំណាយឱ្យសិស្សអ៊ីចឹងគឺចំណាយបែបហ្នឹងរហូតរយៈពេលបីឆ្នាំហើយ ប៉ុន្តែក៏មានពុកម៉ែបងប្អូនគាត់ចូលរួមដែរ ហើយក៏មានពុកម៉ែបងប្អូនខ្លះក៏គាត់ផ្ដល់ថវិកាឱ្យខ្ញុំចាក់សាំងសាមសិបដុល្លា ម្ភៃដុល្លាអ៊ីចឹងហាស់បង អាហ្នឹងវាជាកម្លាំងចិត្តរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំ មានកម្លាំងចិត្តធ្វើលក្ខណៈថាយើងជួយក្មេងៗ ជួយកុមារក្រីក្រជាពិសេសកូនសិស្សដែលគាត់នៅតំបន់ដាច់ស្រយាលអ៊ីចឹងហាស់បង អ៊ីចឹងទៅខ្ញុំក៏មានកម្លាំងចិត្តទោះបីជាប្រាក់ខែអស់ក៏នៅតែចង់បន្តធ្វើជាមួយក្មេងៗ ព្រោះថាក្ដីស្រលាញ់ជាមួយក្មេងៗជាក្ដីស្រលាញ់បរិសុទ្ធ»។
ក្នុងដំណើរជីវិតតែងជួបនូវបញ្ហាដោយជៀសពុំរួច ហើយសម្រាប់អ្នកគ្រូស្រស់សោភារូបនេះ ទោះបីជាធ្វើនូវសកម្មភាពជាមនុស្សធម៌ជាមួយសិស្សក្រីក្របែបនេះក្តី តែក៏នៅមានមជ្ឈដ្ឋានមួយចំនួនរិះគន់ថាសកម្មភាពអ្នកគ្រូធ្វើគឺគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។ យ៉ាងណា សម្រាប់អ្នកគ្រូថារីមិនខ្វល់នឹងពាក្យសម្តីទាំងនោះទេ និងនៅតែតាំងជំហរដើរទៅមុខព្រោះការជួយមនុស្ស ពិសេសក្មេងៗក្រីក្រឱ្យទទួលបានឱកាសសិក្សាពេញលេញគឺជាក្តីសុខសម្រាប់អ្នកគ្រូ។
«ហើយពេលគេនិយាយហើយ គេមានបានជួយអីខ្ញុំផងមានតែនិយាយ ហើយឱ្យខ្ញុំខឹងបាក់ទឹកចិត្តខ្ញុំហ្នឹង ខ្ញុំខឹងគេហិហិ ខ្ញុំដើរចេញពេលខ្លះខ្ញុំរាប់ក្នុងចិត្តខ្ញុំរាប់មួយដល់ដប់ ពេលខ្លះយំខ្លួនឯងទៅគេមើលងាយយើងគេមើលងាយម៉ាក់ប៉ា គេមើលងាយខ្ញុំអត់អីទេ មើលងាយម៉ាក់ប៉ាខ្ញុំដេកយំក៏មានដែរបងអើយ ព្រោះវ័យប៉ុណ្ណឹងហើយ រៀនចប់ដែរបែរជាមិនទៅរកការងារ ដែលលក្ខណៈថាបានលុយជួយផ្គត់ផ្គង់គ្រួសារ ទៅជាស្រលាញ់ក្មេងៗ ជួយកូនក្មេងអស់លុយខ្លួនឯងពេលខ្លះអស់លុយអ្នកតិទៀតហស់ សូម្បីតែពេលខ្លះលុយបង់ភ្លើងអ៊ីចឹងសុំអុំវិញឱ្យគាត់បង់ភ្លើងឱ្យក៏មានដែរបង ព្រោះថាបើនិយាយឱ្យចំទៅដូចខ្ញុំថាចឹង ខ្ញុំមែនជាអ្នកមានអ៊ីចឹងហាស់បង អ៊ីចឹងទៅវារងជាមួយការមើលងាយយើង ថាយើងហ្នឹងធ្វើយកប្រយោជន៍យកមុខយកមាត់លក្ខណៈថានិយាយឱ្យចំទៅគឺថាអឺម វាធ្វើហ្នឹងវាគ្មានប្រយោជន៍ទេសគឺអ៊ីចឹង»។
តាមរយៈបទពិសោធជួយកុមារក្រីក្រច្រើនឆ្នាំមកនេះ អ្នកគ្រូដែលមកពីសាលាជនបទស្រុកស្រែរូបនេះ មើលឃើញពីបញ្ហាមិនសូវឱ្យតម្លៃលើការសិក្សារបស់កូនៗពីសំណាក់ឪពុកមួយចំនួន និងការកេងចំណេញកម្លាំងពលកម្មកូនៗ ដែលប្រការនេះ ធ្វើកុមារៗប្រឈមបាត់បង់ឱកាសសិក្សាបានពេញលេញ។
ងាកមកបំណងប្រាថ្នា និងការជម្នះឧបសគ្គក្នុងជីវិតវិញ គ្រានេះអ្នកគ្រូពុំទាន់មើលឃើញឱកាសការងារថ្មី ឬការផ្លាស់ប្តូរចេញពីអាជីពជាគ្រូបង្រៀននៅឡើយទេ ហើយទឹកចិត្តអ្នកគ្រូពេលនេះនៅតែស្រលាញ់ការជួយយកអាសាក្មេងៗក្រីក្រ ដើម្បីឱ្យពួកគេបានក្រេបជញ្ជក់សុខសុភមង្គលក្នុងនាមជាមនុស្សមានចំណេះដឹង មានសមត្ថភាព និងមានទ្រព្យសម្បត្តិនាពេលអនាគតថ្ងៃខាងមុខ។
«ប៉ុន្តែភាគច្រើនហ្នឹងមែនអ្នកដទៃទេណាបង អ្នកដែលស្គាល់យើងអ៊ីចឹងទៅ អាហ្នឹងវាជាឧបសគ្គបស់យើង ហើយជាបន្លានៅក្នុងទ្រូងយើង បើយើងជម្នះធ្វើវាបានអ្នកផ្ទះយើងSupport យើងស្រលាញ់ខ្លួនឯង យើងស្រលាញ់អ្វីដែលលក្ខណៈថាកន្លែងណាដែលមានក្ដីសុខមានស្នាមញញឺមយើងនៅកន្លែងហ្នឹងយើងធ្វើកន្លែងហ្នឹង ហើយបើក្ដីសុខខ្ញុំ នៅជាមួយកូនសិស្សហ្នឹងបង ឱ្យខ្ញុំទៅណា ខ្ញុំនៅមួយកូនសិស្សហ្នឹងហើយ ព្រោះមិនថាអត់មិនថាមានអីយ៉ាងណាក៏ដោយ ខ្ញុំអត់ចង់បោះបង់ពួកគាត់ បើសិនជាអឺខ្ញុំ ចង់ឱ្យពុកម៉ែបងប្អូនដែលគាត់មានៗនៅក្រុងៗហាស់ គាត់ឃើញពីស្ថានភាពដែលនៅស្រុកស្រែហាបង ខ្ញុំគិតថាគាត់ក៏រំជួលចិត្តដែរ ព្រោះថាក្មេងខ្លះគួរឱ្យស្រលាញ់ហើយស្មោះត្រង់ហើយតស៊ូ គាត់ខំធ្វើការទៀតបងតូចៗហាស់ ហីគាត់អត់មានឱកាសរៀនបានដិតដល់ទេ ប៉ុន្តែពេលដែលយើងនិយាយប្រាប់គាត់អីទៅ គាត់យាយមក យើងអាកប្បកិរិយារបស់គាត់មក យើងគឺគួរឱ្យស្រលាញ់ អ៊ីចឹងទៅយើងក៏លះបង់ជាមួយគាត់ នៅជាមួយពួកគាត់»៕
អត្ថបទ៖កញ្ញា សៃ ចន្ធី