
ភ្នំពេញ៖ ក្លឹបអ្នកវិនិយោគកម្ពុជា ឬ Cambodia investor Club (CiC) បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី ២ របស់ខ្លួន ដើម្បីរិតចំណងទាក់ទងរវាងសហគ្រិនជោគជ័យនៅកម្ពុជា និងដៃគូពាណិជ្ជកម្មនានា នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញឱ្យសហគ្រិនមួយចំនួនមានឱកាសវិនិយោគហិរញ្ញវត្ថុ ជាមួយអ្នកវិនិយោគទុនកម្ពុជាដទៃទៀត។ ការរៀបចំសន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារ សាន់វេ កាលពីថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១៦។

នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី២ នេះ មានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកសហគ្រិនជាច្រើនរូប។
ក្លឹបអ្នកវិនិយោគកម្ពុជា បានបង្ហាញពីដំណើរការនិងការវិវត្តខ្លួនពីដំណាក់កាលចាប់ផ្តើមដំបូង រហូតដល់បច្ចុប្បន្ន ដោយប្រកាន់គោលជំហររឹងមាំរបស់ខ្លួនថា ក្លឹបអ្នកវិនិយោគកម្ពុជា នឹងបន្តពង្រីកខ្លួនបន្លែមទៀត តាមរយៈការចូលរួមរបស់សហគ្រិនជាសមាជិក ព្រមទាំងការផ្តល់កំចីដល់សហគ្រិនជាដើម។
លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងក្លឹបអ្នកវិនិយោគកម្ពុជា មានប្រសាសន៍ថា ក្លឹបអ្នកវិនិយោគកម្ពុជា បានសម្រេចជោគជ័យរបស់ខ្លួនគួរឱ្យកត់សម្គាល់ ដ្បិតក្លឹបអ្នកវិនិយោគកម្ពុជាទើបតែបង្កើតឡើងជាងពីរឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកវិនិយោគទុននៅកម្ពុជា ចាប់អារម្មណ៍នឹងបានចូលជាសមាជិកជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ សមាជិកទាំងអស់មានចំនួន ២០១ នាក់ ហើយក្នុងឆ្នាំ ២០១៦ នេះ ក្លឹបអ្នកវិនិយោគកម្ពុជានឹងបន្តជ្រើសរើសសមាជិក ២១ នាក់បន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៦ នេះ ក្លឹបអ្នកវិនិយោគកម្ពុជា មានសមាជិកសរុបចំនួន ២២២ នាក់។ ទន្ទឹមនឹងការជ្រើសរើសសមាជិកនេះ ក្លឹបសង្ឃឹមថា នឹងមានចំនួនសមាជិកកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់។ នេះជាការបញ្ជាក់របស់លោក លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងក្លឹបអ្នកវិនិយោគកម្ពុជា។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្លឹបអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតក្លឹបអ្នកវិនិយោគនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបង្កើតមុខជំនួញ ដោយមិនចាំបាច់ត្រូវការដើមទុនច្រើន ក៏អាចដំណើរអាជីវកម្មបាន ជាពិសេសដើម្បីប្រមូលអ្នកដែលមានវិជ្ជាជីវៈ ឬអ្នកដែលមានជំនាញស្រាប់អាចធ្វើឱ្យមុខជំនួញរឹតតែខ្លាំង នៅពេលប្រទេសកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននេះ៕