en     km
en     km

របាយការណ៍រកឃើញថា ការរាយការណ៍អំពីប្រទេសចិននាំឱ្យមានការតាមឃ្លាំមើលនិងការយាយី

Share

ការស្ទង់​មតិ​ប្រចាំ​ឆ្នាំ​ដោយ​ក្លិប​អ្នក​កាសែតបរទេស​នៃប្រទេសចិន FCCC បានរក​ឃើញថា ៨១ភាគរយ នៃ​អ្នក​ឆ្លើយ​តប​នឹងការស្ទង់មតិ​នេះ​ថា ​ស្ថានភាពរាយការណ៍​ហាក់​ដូចជា​មាន​ភាព​ប្រសើរ​ជាងមុន​ ប៉ុន្តែ​អ្នក​សារព័ត៌មាន​សឹង​តែ​ទាំងអស់​ថ្លែងថា​ ការរាយការណ៍​មិនមានស្តង់ដារ​អន្តរជាតិទេ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

បញ្ហាសំខាន់ៗ​នៅ​តែមានតទៅទៀត រួម​មាន​ការ​ពិបាក​ក្នុង​ការសុំទិដ្ឋាការរយៈពេលយូរ ដែលនាំឱ្យការិយាល័យព័ត៌មាន​បរទេសមានបុគ្គលិកតិច ហើយ​ប៉ូលិសឬមន្ត្រី​ឯទៀតៗ​បាន​រារាំង​អ្នកកាសែតនៅ​ពេលបំពេញការងារ។ ក្រុមអ្នកសារព័ត៌មានក៏​ត្រូវ​បានយាយី​ដែរ នៅ​ពេលទៅ​រាយការណ៍​នៅ​ក្នុង​តំបន់ Xinjiang និង​តំបន់​ព្រំដែន។​

ជា​រៀងរាល់ឆ្នាំ ក្លិប FCCC ស្ទង់មតិអ្នកកាសែត​ជាង​ ១៥៥ នាក់​ មក​ពីអាស៊ី អឺរ៉ុប អាមេរិក​ឡាទីននិង​អាមេរិក​ខាង​ជើង។​ ​របាយការណ៍ពេលថ្មីបំផុតរបស់ក្លិបនេះ​ផ្អែកលើការឆ្លើយ​តបចំនួន ១០១​ នឹង​ការស្ទង់​មតិ​នោះ ​ដែលពិនិត្យ​មើល​ស្ថានភាព​ធ្វើ​ការងាររបស់បុគ្គលិក​បណ្តាញ​ព័ត៌មានបរទេស។

ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយ​តប​ជា​បន្ទាន់​នឹង​អ៊ីម៉ែល​របស់​វីអូអេ​សុំអត្ថាធិប្បាយអំពី​ការរក​ឃើញ​ទាំង​នេះទេ។

ការពិបាក​មួយ​ក្នុង​បណ្តាការពិបាក​ធំៗគឺការ​សុំ​ទិដ្ឋាការ។ អ្នក​ឆ្លើយនឹង​ការស្ទង់មតិនេះប្រមាណ​មួយភាគ​បី​បាននិយាយថា ​ការិយាល័យ​ពួក​គេ​នៅ​តែ​ខ្វះ​បុគ្គលិកដោយសារ​មានការពិបាក​ក្នុង​ការបន្តទិដ្ឋាការ​ ឬ​គ្មាន​ជោគជ័យ​ក្នុង​ការដាក់ពាក្យសុំ​ទិដ្ឋាការថ្មី។

អាជ្ញាធរ​ចិន​ភាគច្រើន​ចេញ​ឱ្យតែទិដ្ឋាការរយៈពេល​ខ្លី។ ក្លិប​ FCCC បាន​រក​ឃើញថា ក្នុង​ឆ្នាំ ២០២៣​ មានបណ្តាញ​ព័ត៌មានអាមេរិក​តែមួយ​គត់ដែលបានទទួល​ការអនុញ្ញាត។ ហើយ​បណ្តាញ​ព័ត៌មានកាណាដា​គ្មានអ្នក​យកព័ត៌មានប្រចាំ​ក្នុងប្រទេស​ចិនបួនឆ្នាំ​មកហើយ។

​អ្នក​ឆ្លើយតប​នឹងការស្ទង់​មតិ​នេះបាននិយាយថា ខណៈ​ការរឹតត្បិតដោយសារ​ការរាតត្បាត​កូវីដ​ត្រូវបានបន្ធូរបន្ថយ ពួក​គេ​បានត្រឡប់ទៅរក​ភាព​មិន​ប្រាកដ​ប្រជា​វិញ​ទាំងមិនដឹងថាព័ត៌មាន​អ្វីត្រូវបាន​គេ​ឃ្លាំមើល ឬ​ការធ្វើដំណើរ​ណាត្រូវ​បាន​គេ​កាត់​បន្ថយ​មក​ត្រឹម​រយៈពេល​ខ្លី។

អ្នកដែល​ត្រូវ​បាន​ស្ទង់មតិបួន​នាក់​ក្នុងចំណោម ​៥ ​នាក់​បាននិយាយ​ថា ​ពួកគេ​បានជួប​ប្រទះ​ការជ្រៀតជ្រែក​និងការយាយី ហើយជាងពាក់កណ្តាលបាន​រាយការណ៍ថា ​ពួកគេត្រូវ​បាន​រារាំង​មិន​ឱ្យ​រាយការណ៍ ឬ​ត្រូវ​បាន​ថតដោយ​ពួក​ប៉ូលិសឬ​មន្ត្រី​ឯទៀតៗ។

ជិតពាក់​កណ្តាល​នៃអ្នកកាសែតដែលរាយការណ៍​ពី​តំបន់ Xinjiang ឬតំបន់​ទីបេ បានពោល​ថា ពួក​គេបានជួបប្រទះ​ការយាយី​ច្រើនជាង​មុន។ ប៉ុន្តែពួក​អ្នកសារព័ត៌មាន​ដែល​បានរាយការណ៍ឬ​ព្យាយាមធ្វើ​ដំណើរទៅកាន់តំបន់​ព្រំដែន​ឯទៀតៗនៅ​ក្នុងប្រទេស​ចិន​ក៏បាន​រាយការណ៍​ថា មានការយាយី​ដែរ។

បន្ទាប់ពីតំបន់ Xinjiang តំបន់ដែល​ត្រូវរាយការណ៍​ថាមាន​ឧបសគ្គ គឺព្រំដែន​ជា​មួយប្រទេស​រុស្ស៊ី ដោយ ៧៩% នៃអ្នកសារព័ត៌មានដែល​ព្យាយាម​រាយការណ៍ពី​ទីនោះ​ក៏មានការពិបាក​ដែរ។

អ្នកកាសែត​ម្នាក់នៃ​បណ្តាញ​ព័ត៌មានអឺរ៉ុប​មួយ ដែល​ក្លិប​ FCCC មិនបានបញ្ចេញ​ឈ្មោះ បានពណ៌នា​ថា​ត្រូវបានតាមដានដោយរថយន្ត​មួយ​ចំនួន នៅ​ពេលធ្វើដំណើរទៅ​រាយការណ៍​នៅ​ក្រុង​មួយតាម​ព្រំដែន​រុស្ស៊ី។

អ្នកកាសែត​រូបនេះបានពោលថា៖ «ពួក​គេមិនបានជ្រៀតជ្រែកទេ នៅពេលយើង​សម្ភាស​ ទោះជា​ពួក​គេ​បានជួប​ជាមួយ​អ្នក​ត្រូវ​សម្ភាសយ៉ាង​តិច​ណាស់​ម្នាក់ដែរ នៅពេល​បន្ទាប់មក។ នៅ​ពេល​យើង​ទៅ​ដល់សណ្ឋាគារ​ បុគ្គលិកសណ្ឋាគារនេះ​បាននិយាយយោង​អំពីយើង​ថា​ជា «អ្នកកាសែតដែលសន្តិសុខ​រដ្ឋបានព្រមាន​អំពី» កាលពី​ពេល​មុននេះ»។

បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ត្រូវបានរាយការណ៍ដោយអ្នក​កាសែតដែលបានធ្វើដំណើរទៅតំបន់ Inner Mongolia។ ក្លិប FCCC បាន​ពណ៌នា​ដោយលម្អិតអំពី​ករណី​ចំនួន​បី ​ដែល​ពួកបុគ្គល​មិនស្លៀកពាក់ឯកសណ្ឋាន​ព្រមាន​មនុស្សកុំឱ្យនិយាយ​ជា​មួយ​អ្នកសារព័ត៌មាន ឬ​ដើរតាមពួក​បុគ្គលិកបណ្តាញ​ព័ត៌មាន។

នៅ​ក្នុងសេចក្តីរាយការណ៍របស់ខ្លួន ក្លិប FCCC កត់សម្គាល់​ថា៖ «​បើ​តាម​បទបញ្ញត្តិផ្ទាល់របស់ប្រទេសចិន អ្នកកាសែតបរទេសអាច​រាយការណ៍​ដោយសេរីអំពី​ប្រធានបទ​នានា​និងអាច​និយាយ​ជា​មួយ​នរណា​ក៏​បានតាមដែលពួក​គេចង់»។

ការស្ទង់​មតិនេះចែងថា​ មាន​កំណើន​អ្នក​កាសែត«ត្រូវ​អញ្ជើញ​ឱ្យទៅ​ផឹកតែ» ជា​មធ្យោបាយ​មួយដែលមន្ត្រីចិនអញ្ជើញ​អ្នក​សារព័ត៌មានបរទេស​ទៅកាន់ជំនួប​ក្រៅ​ផ្លូវការ។ នៅក្នុង​ជំនួប​ទាំង​នោះ អ្នក​កាសែត​ត្រូវ​បានសួរអំពី​ការរាយការណ៍​របស់​ពួក​គេ។ ទោះជា​ក្លិប FCCC ថ្លែង​ថា ការនិយាយ​គ្នាទាំង​នោះមាន«ភាពរាក់ទាក់»ជាធម្មតា​ក៏ដោយ ក៏​ក្លិប​នេះ​កត់សម្គាល់​ថាវា​អាចត្រូវ​ប្រើ​ជា​ទម្រង់មួយនៃ​ការ​បំភិតបំភ័យ។

ការតាមឃ្លាំ​មើលជាកង្វល់មួយ​ទៀត ដោយ​ក្រុមអ្នក​ឆ្លើយ​នឹងការ​ស្ទង់​មតិ​នេះឃើញប្រភព​ព័ត៌មាន​ច្រើន​ជាងមុន​ប្រកែក​មិនផ្តល់សម្ភាសន៍​ឬសុំកុំឱ្យបញ្ចេញឈ្មោះ​ពួក​គេ។​

​អ្នក​ត្រូវ​ស្ទង់មតិ​សឹង​តែទាំងអស់​បាន​ពោលថា ​ពួក​គេ​មានជំនឿថា ពួកគេត្រូវតាម​ឃ្លាំមើលដោយប្រព័ន្ធ​ឌីជីថល​ តាម​រយៈ កម្មវិធី​ឬ app ទំនាក់​ទំនង​នានា​លើទូរស័ព្ទ ហើយ​ផ្ទះឬ​ការិយាល័យរបស់ពួក​គេ​ត្រូវបាន​គេ​លួច​ថត​សំឡេង​។

ក្លិប FCCC និយាយថា ការរឹតត្បិតនិងការ​យាយីរារាំង​បណ្តាញ​ព័ត៌មាន​មិន​ឱ្យ​រាយការណ៍ដោយមានតុល្យភាពជាងមុនអំពីរូបភាពនៃជីវិតក្នុង​ប្រទេស​ចិន​។

ក្លិប​ FCCC បាន​និយាយ​នៅក្នុងសេចក្តីរាយការណ៍​របស់ខ្លួនថា៖ «​លទ្ធផលគឺការ​រាយការណ៍អំពី​ប្រទេសចិនដែល​មិនអាចរៀបរាប់​ឱ្យបានពេញ​លេញ​អំពី​សក្តានុពល​ដ៏​ស្មុគស្មាញ​ខ្លាំង​នៃប្រទេស​នេះ។ ​អ្នក​ឆ្លើយឆ្លង​ព័ត៌មានដែលត្រូវបានរឹតត្បិតក្នុងកន្លែងដែល​ពួកគេអាច​ធ្វើ​ដំណើរ​ទៅបាន​ និងជា​មួយ​នរណា​គេអាចនិយាយ​ជាមួយបាន មិនអាចដឹងដោយ​ស៊ីជម្រៅ​អំពីប្រធានបទនិងពណ៌នា​អំពី​ទិដ្ឋភាពរបស់ប្រទេស​នេះ​បានទេ។ លទ្ធផលគឺ​ការរាយការណ៍អំពីប្រទេស​ចិន​ក្នុង​ទំហំតូចចង្អៀត​ និងមាន​ភាពតំណាង​តិច​ជាងមុន»។

ប្រទេស​ចិន​មាន​ប្រវត្តិ​មិនល្អ​អំពី​សេរីភាពសារព័ត៌មាន ដោយ​ស្ថិត​នៅលំដាប់​ទី ១៧៩ ​ក្នុង​ចំណោមប្រទេស ១៨​០ នៅលើ​សន្ទស្សន៍សេរីភាពកាសែតដែលលំដាប់ទី ១ ​ជា​លំដាប់ថ្នាក់ល្អ​បំផុត។

​អង្គការឃ្លាំ​មើលបណ្តាញព័ត៌មានគឺអង្គការអ្នកកាសែត​គ្មាន​ព្រំដែន​ដែល​បានរៀបចំសន្ទស្សន៍​នេះ បាន​និយាយថា ប្រទេសចិន​កំពុង​ធ្វើ«យុទ្ធនាការបង្ក្រាបអ្នកកាសែត​និង​សិទ្ធិនៃការទទួល​ព័ត៌មាននៅទូទាំងពិភពលោក»៕

អត្ថបទដកស្រង់ចេញពី VOA Khmer

 

Share

ព័ត៌មានទាក់ទង

Image