បើតាមស្ថិតិចុងក្រោយពីអង្គការសុខភាពពិភពលោក GLOBOCAN 2012 ជំងឺមហារីកពោះវៀនធំជាជំងឺមហារីកទី ៣ ដែលកើតញឹកញាប់បំផុតក្នុងចំណោមជំងឺមហារីកទាំងអស់នៅលើពិភពលោក។
ដោយឡែកនៅប្រទេសកម្ពុជា ជំងឺមហារីកពោះវៀនធំគឺជាជំងឺមហារីកទី ៥ ដែលកើតញឹកញាប់ជាងគេបន្ទាប់ពីជំងឺមហារីកមាត់ស្បូន ថ្លើម សុដន់ និងសួត ដែលនៅក្នុងនោះមានករណីថ្មីជាង ៨០០ នាក់ ក្នុងមួយឆ្នាំ ហើយចំនួននេះគឺចេះតែមានកំណើនឡើងជារៀងរាល់ឆ្នាំ។
មហារីកពោះវៀនធំនេះជា មហារីកមួយដ៏កាចសាហាវមួយដែលកើតមានទាំងលើស្ត្រីនិងបុរស។ ការស្រាវជ្រាវវិទ្យាសាស្ត្រនៅតាមបណ្តាប្រទេសជាច្រើនបានបង្ហាញឱ្យឃើញថា ជាង ៩៥% នៃជំងឺមហារីកពោះវៀនធំគឺកើតមាននៅលើមនុស្សចាស់ដែលមានអាយុច្រើនជាង ៥០ ឆ្នាំ។
ដោយឡែកការស្រាវជ្រាវថ្មីមួយរបស់ខ្ញុំ [វេជ្ជបណ្ឌិត ហាវ មនីរត្ន] ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវត្តីវេជ្ជសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែល មានឈ្មោះថា Asian Pacific Journal of Cancer Prevention បានបង្ហាញឱ្យឃើញថា នៅប្រទេសកម្ពុជា ចំនួនអ្នកកើតជំងឺមហារីកពោះវៀនធំនៅអាយុក្មេងជាង ៤០ ឆ្នាំ គឺមានអត្រាខ្ពស់ជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយអត្រានេះគឺខ្ពស់ជាងអត្រានៅប្រទេសអភិវឌ្ឍន៍ដល់ទៅ ៤ ដង។
នៅក្នុងការស្រាវជ្រាវដដែលនេះ វេជ្ជបណ្ឌិត ហាវ មនីរត្ន ដែលជាប្រធានផ្នែកវិភាគកោសិកាមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថាប្រហែល ៤០% នៃអ្នកជំងឺមហារីកពោះវៀនធំនៅកម្ពុជា គឺសុទ្ធតែជាបុគ្គលដែលមានអាយុក្រោម ៤០ ឆ្នាំ។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា នៅប្រទេសកម្ពុជា មានអ្នកជំងឺមហារីកពោះវៀនធំវ័យក្មេងជាច្រើន ព្រមទាំងគ្រូពេទ្យទូទៅមួយចំនួនផងដែរ ដែលពុំបាន ចាប់អារម្មណ៍ពីរោគសញ្ញាដំបូងនៃជំងឺមហារីកពោះវៀនធំនេះ ដោយសារពួកគាត់គិតថាជំងឺនេះកើត មានតែនៅលើមនុស្សចាស់តែប៉ុណ្ណោះ។
នេះជាមូលហេតុសំខាន់ដែលធ្វើឱ្យអ្នកជំងឺមហារីកពោះវៀន ធំមួយចំនួនស្លាប់ទាំងមិនដឹងថាខ្លួនកើតមានជំងឺនេះ និងមួយចំនួនទៀតមកទទួលការព្យាបាលនៅក្នុង ដំណាក់កាលធ្ងន់ធ្ងរដែលបច្ចុប្បន្ននេះនៅមិនទាន់មាន បច្ចេកទេសវិទ្យាសាស្ត្រណាអាចព្យាបាលបាននៅឡើយ។
រោគសញ្ញាសំខាន់ៗនៃជំងឺមហារីកពោះវៀនធំមានដូចជា៖ ការធ្លាក់ឈាមពេលបន្ទោរ បង់លាមក ការទល់ផ្លូវលាមកញឹកញាប់ ឬយូរអង្វែង និងការស្រកទម្ងន់ច្រើនខុសធម្មតា ជាដើម។
លោកស្រីវេជ្ជបណ្ឌិតបានបំភ្លឺថា មានកត្តាហនិភ័យមួយចំនួនដែលចូលរួមចំណែកធ្វើឱ្យកើតមានជំងឺមហារីកពោះវៀនធំ ដែលក្នុងនោះរួមមាន៖ ការញ៉ាំគ្រឿងស្រវឹង និង ការបរិភោគជាប្រចាំនូវសាច់ក្រហមដូចជាសាច់គោ សាច់ជ្រូក សាច់ជៀម និង សាច់ចម្រាញ់ដូចជា សាច់ក្រក សាច់ហ្សាំប៊ុង humburger និងសាច់កំប៉ុង ក្នុងបរិមាណច្រើនជាពិសេសដោយវិធីដុត ឬ បំពង។
កត្តាហនិភ័យ ដែលគួរឱ្យបារម្ភជាងនេះទៅទៀតនោះ គឺការមានបងប្អូន ឬឪពុក ម្តាយបង្កើត ធ្លាប់មានជំងឺមហារីកពោះវៀនធំ មហារីកក្រពះ មហារីកស្បូន និង មហារីកដៃស្បូន ពីព្រោះថាប្រហែល ៥% ទៅ ១០% នៃជំងឺមហារីកពោះវៀនធំគឺជាមហារីកតំណពូជ។
ផ្ទុយទៅវិញ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងការបរិភោគត្រី បន្លែ ផ្លែឈើ និង អាហារដែលមានជាតិ fiber ច្រើន អាចជួយកាត់បន្ថយហនិភ័យ ក្នុងការកើតជំងឺមហារីកពោះវៀនធំបាន។ វិធីសាស្ត្រដែលមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការបង្ការជំងឺ មហារីកពោះវៀនធំ គឺការឆ្លុះពោះវៀនធំ (colonoscopy) រកដុំពកតូចៗហៅថា polyp ដែលជា ឬសគល់ដំបូងនៃការកកើតជាដំបៅមហារីកពោះវៀនធំនេះ៕
សំឡេង រូបភាព និងអត្ថបទដោយ៖ លោកស្រី វេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែកវិភាគកោសិកាមហារីក នៃមន្ទីរពេទ្យកាល់ម៉ែត