en     km
en     km

ជំងឺមហារីក​ពោះវៀនធំ​នៅ​កម្ពុជា​ កើត​មាននៅ​អាយុ​ក្មេង​ គួរ​ឱ្យ​កត់សម្គាល់​

Share

cover-stages-of-colon-cancer

​បើតាម​ស្ថិតិ​ចុង​ក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក​ GLOBOCAN​ 2012​ ជំងឺមហារីក​ពោះវៀនធំ​ជា​ជំងឺ​មហារីក​ទី​ ៣ ​ដែល​កើត​ញឹកញាប់​បំផុត​ក្នុង​ចំណោម​ជំងឺមហារីក​ទាំងអស់​នៅ​លើ​ពិភពលោក​។​

ដោយឡែក​នៅ​ប្រទេស​កម្ពុជា​ ជំងឺមហារីក​ពោះវៀនធំ​គឺជា​ជំងឺមហារីក​ទី​ ៥​ ដែល​កើត​ញឹកញាប់​ជាងគេ​បន្ទាប់​ពី​ជំងឺមហារីក​មាត់ស្បូន​ ថ្លើម​ សុដន់​ និង​សួត​ ដែល​នៅ​ក្នុង​នោះ​មាន​ករណី​ថ្មី​ជាង​ ៨០០​ នាក់​ ក្នុង​មួយ​ឆ្នាំ​ ហើយ​ចំនួន​នេះ​គឺ​ចេះ​តែ​មាន​កំណើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។​

មហារីក​ពោះវៀនធំ​នេះ​ជា​ មហារីកមួយដ៏​កាច​សាហាវ​មួយ​ដែល​កើត​មាន​ទាំង​លើ​ស្ត្រី​និង​បុរស​។​ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ជាង​ ៩៥%​ នៃ​ជំងឺមហារីក​ពោះវៀនធំ​គឺ​កើត​មាននៅ​លើ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ច្រើន​ជាង​ ៥០​ ឆ្នាំ​។​

Dr.Hav-Monirothដោយឡែក​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ខ្ញុំ [វេជ្ជបណ្ឌិត​ ហាវ​ ម​នី​រត្ន] ​ ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ទស្សនា​វ​ត្តី​វេជ្ជសាស្ត្រ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​ មានឈ្មោះ​ថា​ Asian​ Pacific​ Journal​ of​ Cancer​ Prevention​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ នៅ​ប្រទេស​កម្ពុជា​ ចំនួន​អ្នក​កើត​ជំងឺមហារីក​ពោះវៀនធំ​នៅ​អាយុ​ក្មេង​ជាង​ ៤០​ ឆ្នាំ​ គឺ​មាន​អត្រា​ខ្ពស់​ជាងគេ​បំផុត​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​អត្រា​នេះ​គឺ​ខ្ពស់​ជាង​អត្រា​នៅ​ប្រទេស​អភិវឌ្ឍន៍​ដល់​ទៅ​ ៤​ ដង​។​

នៅ​ក្នុង​ការ​ស្រាវជ្រាវ​ដដែល​នេះ​ វេជ្ជបណ្ឌិត​ ហាវ​ ម​នី​រត្ន​ ដែល​ជា​ប្រធាន​ផ្នែក​វិភាគ​កោសិកា​មហារីក​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ បាន​បញ្ជាក់​ថា​ប្រហែល​ ៤០%​ នៃ​អ្នកជំងឺ​មហារីក​ពោះវៀនធំ​នៅ​កម្ពុជា​ គឺ​សុទ្ធតែ​ជា​បុគ្គល​ដែល​មាន​អាយុ​ក្រោម​ ៤០​ ឆ្នាំ​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា​ នៅ​ប្រទេស​កម្ពុជា​ មាន​អ្នកជំងឺ​មហារីក​ពោះវៀនធំ​វ័យក្មេង​ជា​ច្រើន​ ព្រមទាំង​គ្រូពេទ្យ​ទូទៅ​មួយ​ចំនួន​ផង​ដែរ​ ដែល​ពុំ​បាន​ ចាប់អារម្មណ៍​ពី​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ពោះវៀនធំ​នេះ​ ដោយសារ​ពួក​គាត់​គិត​ថា​ជំងឺ​នេះ​កើត​ មាន​តែ​នៅ​លើ​មនុស្ស​ចាស់​តែ​ប៉ុណ្ណោះ​។​

នេះ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​អ្នកជំងឺ​មហារីក​ពោះវៀន​ ធំ​មួយ​ចំនួន​ស្លាប់​ទាំង​មិនដឹង​ថា​ខ្លួន​កើត​មាន​ជំងឺ​នេះ​ និង​មួយ​ចំនួន​ទៀត​មក​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​ បច្ចេកទេស​វិទ្យាសាស្ត្រ​ណា​អាច​ព្យាបាល​បាន​នៅឡើយ​។​

រោគ​សញ្ញា​សំខាន់ៗ​នៃ​ជំងឺមហារីក​ពោះវៀនធំ​មាន​ដូច​ជា​៖​ ការ​ធ្លាក់ឈាម​ពេល​បន្ទោរ​ បង់​លាមក​  ការ​ទល់​ផ្លូវ​លាមក​ញឹកញាប់​ ឬ​យូរអង្វែង​ និង​ការ​ស្រក​ទម្ងន់​ច្រើន​ខុសធម្មតា​ ជាដើម​។​
Tumor
លោកស្រី​វេជ្ជបណ្ឌិត​បាន​បំភ្លឺ​ថា​ មាន​កត្តា​ហ​និ​ភ័យ​មួយ​ចំនួន​ដែល​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​កើត​មាន​ជំងឺមហារីក​ពោះវៀនធំ​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ ការ​បរិភោគ​ជា​ប្រចាំ​នូវ​សាច់​ក្រហម​ដូច​ជា​សាច់​គោ​ សាច់​ជ្រូក​ សាច់​ជៀម​ និង​ សាច់​ចម្រាញ់​ដូច​ជា​ សាច់ក្រក​ សាច់​ហ្សាំ​ប៊ុ​ង​ humburger​ និង​សាច់​កំប៉ុង​ ក្នុង​បរិមាណ​ច្រើន​ជា​ពិសេស​ដោយ​វិធី​ដុត​ ឬ​ បំពង​។​

កត្តា​ហ​និ​ភ័យ​ ដែល​គួរ​ឱ្យ​បារម្ភ​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ការ​មាន​បងប្អូន​ ឬ​ឪពុក​ ម្តាយបង្កើត​ ធ្លាប់​មាន​ជំងឺមហារីក​ពោះវៀនធំ​  មហារីក​ក្រពះ​  មហារីក​ស្បូន​ និង​ មហារីក​ដៃ​ស្បូន​  ពីព្រោះ​ថា​ប្រហែល​ ៥%​ ទៅ​ ១០%​  នៃ​ជំងឺមហារីក​ពោះវៀនធំ​គឺជា​មហារីក​តំណពូជ​។​

​ផ្ទុយ​ទៅ​វិញ​ ការ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ និង​ការ​បរិភោគ​ត្រី​ បន្លែ​ ផ្លែ​ឈើ​ និង​ អាហារ​ដែល​មាន​ជាតិ​ fiber​ ច្រើន​ អាច​ជួយ​កាត់​បន្ថយ​ហ​និ​ភ័យ​ ក្នុង​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ​បាន​។​ វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​ មហារីក​ពោះវៀនធំ​ គឺ​ការ​ឆ្លុះ​ពោះវៀនធំ​ (colonoscopy)​ រក​ដុំ​ពក​តូចៗ​ហៅ​ថា​ polyp​ ដែល​ជា​ ឬ​ស​គល់​ដំបូង​នៃ​ការ​កកើត​ជា​ដំបៅ​មហារីក​ពោះវៀនធំ​នេះ​៕​

Wall-of-Colon

សំឡេង រូបភាព និងអត្ថបទដោយ៖ លោកស្រី វេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែកវិភាគកោសិកាមហារីក នៃមន្ទីរពេទ្យកាល់ម៉ែត

Share

Image
Image
Image