en     km
en     km

សិស្សពូកែដែលបានប្រឡងជាប់នឹងមានឱកាសទទួលបានអាហារូបករណ៍ទាក់ទងនឹងមុខវិជ្ជាដែលបានប្រឡង

Share

រូបភាពឯកសារ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស ឆ្នាំ២០២៣-២០២៤ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤​ ខាងមុននេះ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ចំពោះសិស្សពូកែដែលបានប្រឡងជាប់នឹងមានឱកាសទទួលបានអាហារូបករណ៍ទាក់ទងនឹងមុខវិជ្ជាដែលបានប្រឡង។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍ 19-4-2024-vatey

 

ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូប វិទ្យាសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡាស្តីពីការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៩ ខែមេសានេះថា​ ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសជាកម្មវិធីមួយដែលបានរៀបចំឡើងក្នុងទិសដៅពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់។ ជាគុណតម្លៃនៃកម្មវិធីនេះសម្រាប់សិស្សដែលបានប្រឡងជាប់ហើយ នឹងមានឱកាសទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យដែលទាក់ទងនឹងមុខវិជ្ជាដែលបានប្រឡង ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងមានឱកាសចូលរួមក្នុងការប្រកួតប្រជែងបន្តនៅក្រៅប្រទេសថែមទៀតផង។ លោកស្រី បានបញ្ជាក់ថា  កន្លងមក ក្រោយសិស្សប្រឡងជាប់ ពិសេសសិស្សដែលជាប់នៅថ្នាក់ទី៩ តែងត្រូវបានជ្រើសរើសយកមកបំប៉នបន្ថែមនៅសាកលវិទ្យាល័យភ្នំពេញ ដើម្បីត្រៀមលក្ខណៈទៅប្រកួតនៅបរទេសក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

«សម្រាប់សិស្សានុសិស្សដែលទទួលបានជ័យលាភីនឹងទទូលបានវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសចំនួន១ច្បាប់ ព្រមទាំងប្រកាសអំពីការទទួលស្គាល់សិស្សពូកែដែលចេញដោយក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងមេដាយមួយគ្រឿងសម្រាប់ជ័យលាភីលេខ១ ដល់លេខ៣សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ព្រមទាំងប្រាក់រង្វាន់។ សម្រាប់ប្រាក់រង្វាន់មានជាអាទិ៍ ចំណាត់ថ្នាក់លេខ១ នឹងទទួលបានថវិកាចំនួន ៣,៥លានរៀល លេខ២ ទទួលបានថវិកាចំនួន ៣,២លានរៀល លេខ៣ទទួលបានថវិកា​ចំនួន ២,៩លានរៀល លេខ៤ទទួលបានថវិកាចំនួន ២,៦លានរៀល និងលេខ៥ ទឹកប្រាក់ចំនួន ២,៣ លានរៀល ព្រមទាំងប្រាក់រង្វាន់ ឬវត្ថុផ្សេងទៀតពីសប្បុរសជននានាដែលបានចូលរួមទៀតផង»

គួរបញ្ជាក់បន្ថែមថា​ ពិធីបើកការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ និងពិធីបិទចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទីរសៀល នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។

ដើម្បីធ្វើឱ្យពិធីនេះកាន់តែអធិកអធម ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវ ដល់សប្បុរសជនទាំងក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសជួយឧបត្ថម្ភជាថវិកា សម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និង គណៈកម្មការរៀបចំសំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់ទៀត៕

រូបភាពឯកសារ

Share

ព័ត៌មានទាក់ទង

Image