en     km
en     km

កម្មការិនី-កម្មករ ដែលប្រើប័ណ្ណប.ស.ស បានលើកឡើងពីបញ្ហានិងសំណូមពរមួយចំនួន

Share

កន្លងមកមានកម្មករមួយចំនួនធ្លាប់ទទួលការរើសអើងចំពោះការប្រើប័ណ្ណ ប.ស.ស សម្រាប់សេវាសុខភាពនៅតាមមន្ទីរពេទ្យដៃគូរបស់ ប.ស.ស មួយចំនួន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏មានកម្មករ កម្មការិនីមួយចំនួន បានទទួលស្គាល់ថាការប្រើ​ប័ណ្ណ ប.ស.ស សម្រាប់សេវាសុខភាពមានភាពល្អប្រសើរជាងមុន និងជួយកាត់បន្ថយចំណាយគ្រួសាររបស់ពួកគាត់ថែមទៀតផង។ ទោះយ៉ាងណាកម្មការិនីមួយចំនួនបានអំពាវនាវដល់មន្ទីរពេទ្យដែលជាដៃគូប.ស.ស គួរកុំរើសអើងរវាងអ្នកប្រើប្រាស់ប័ណ្ណប.ស.ស និងអ្នកមកព្យាបាលដោយប្រើថវិកាផ្ទាល់ខ្លួន។ អ្នកស្រី វ៉ាយ វត្តី   ជូនសេចក្តីរាយការណ៍

អ្នកស្រី លាង ស៊ុនអ៊ីម កម្មការិនីរោងចក្រ ស៊ីន កៃ លី ហ្គាមិន ដែលធ្លាប់បានប្រើប្រាស់ប័ណ្ណប.ស .សទៅព្យាបាលជំងឺ បានមើលឃើញថាការប្រើប័ណ្ណ ប.ស.ស ឥឡូវល្អប្រសើរច្រើន ខុសពីពេលមុនដែលធ្លាប់មានការរើសអើង តែឥឡូវមិនអ៊ីចឹងដូចពីមុនទៀតទេ។

ដោយសារតែអ្នកស្រីធ្លាប់បានចូលពិនិត្យនិងព្យាបាលជំងឺឈឺចុកពោះពុលចំណីអាហារពេលយប់ នៅឯមន្ទីរពេទ្យនៅតាខ្មៅ ដោយប្រើប័ណ្ណប.ស.ស ឃើញថា ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកស្រីរហូតដល់ជាសះស្បើយនិងមិនគិតថ្លៃអ្វីឡើយ។ ហេតុនេះអ្នកស្រីយល់ឃើញថា ការ​មានប័ណ្ណប.ស.ស នេះល្អពេលឈឺថ្កាត់យប់ព្រលប់ក៏ងាយស្រួលក្នុងការប្រើប្រាស់សេវាសុខភាពនេះដែរ។

«និយាយរួមទៅ គេសួរយើងមានប.ស.ស​ទេ គេរាក់ទាក់ គេអត់ស្តីថាអីឱ្យយើងដូចពីមុនទេ ពីមុនធ្លាប់និយាយទៅរាងរើសអើង តែឥឡូវអត់អីទេ!ចា ទៅអ៊ីចឹងគេរាក់ទាក់យើង ឈឺអីៗគេពិនិត្យមើលយើងធម្មតាខុសពីមុន អត់មានថាប្រកាន់តួនាទី ប្រកាន់ថាយើងអ្នកមានប.ស.ស អីអត់ទេ!»

​អ្នកស្រីបានបន្ថែមថា បើធៀបកាលពីពេលមុនអ្នកស្រីធ្លាប់ទៅមន្ទីរពេទ្យឃើញនឹងភ្នែកផ្ទាល់ដោយប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ប្រើប័ណ្ណ ប.ស.ស គ្រូពេទ្យមិនសូវរវីរវល់ពួកគាត់ទេ រុញទៅមួយចំហៀង ដល់ពេលអ្នកមានលុយទៅពិនិត្យព្យាបាលគ្រូពេទ្យអាចនឹងមើលពួកគាត់ដោយដិតដល់។ ដូច្នេះអ្នកស្រីបានស្នើសុំឱ្យមន្ទីរពេទ្យដែលជាដៃគូរបស់ប.ស.សកុំឱ្យមានការរើសអើងចំពោះអ្នកប្រើប្រាស់ប័ណ្ណប.ស.ស។

«ខ្ញុំសំណូមពរថា កុំឱ្យមានការរើសអើងជាមួយអ្នកប្រើប័ណ្ណ ប.ស.ស កុំឱ្យរើសអើង ព្រោះអីពួកខ្ញុំត្រូវប្រើអ៊ីចឹង ដោយសារតែអត់មានលុយមែន តែបើថាឱ្យត្រូវមានលុយទាំងដុំៗដូចអ្នកមានលុយទៅមើលខ្លួនអ៊ីចឹង វាអត់ទេ ពីព្រោះពួកខ្ញុំសុទ្ធតែអ្នកអត់អ៊ីចឹងណាស់ កុំឱ្យរើសអើងគ្នា!»។

ទាក់ទងនឹងការប្រើប្រាស់សេវាសុខភាពជាមួយដៃគូរបស់ប.ស.សនេះដែរ កញ្ញា ភួង គីមយី កម្មការិនីរោងចក្របូអ៊ីនៅតំបន់កប់ស្រូវ មានប័ណ្ណប.ស.ស ព្រោះរោងចក្រតម្រូវឱ្យកម្មករមានទាំងអស់គ្នា បានបង្ហាញពីចំណាប់អារម្មណ៍ថា

«និយាយទៅ ! បើជ្រុលជាឱ្យគ្នាមានប័ណ្ណ ប.ស.ស ទាំងអស់គ្នាហើយ ពេលកម្មករទៅពិនិត្យសុខភាព ឬក៏ទៅទទួលសេវាកម្មហ្នឹងឱ្យល្អជាមួយគ្នាបន្តិចមោ កុំធ្វើដូចគ្នាទៅសុំអ៊ីចឹង! ពេលខ្លះទាំងគេ ទាំងខ្ញុំពេលទៅមុខគេមិនឱ្យក្រោយគេមិនមើលអ៊ីចឹង មានអារម្មណ៍ឯណាទៅទៀត! ណាមួយបង់រាល់ខែទៀត មិនមែនថាគ្នាបង់ហ្នឹង​ បួន ប្រាំរៀលហ្នឹងមិនមែនថាអត់តម្លៃទេណា បួន ប្រាំរៀលសម្រាប់អ្នកមានគេអត់អីទេ សម្រាប់កម្មករកាត់នូវថ្លៃ ប.ស.សផ្សេង សហជីពផ្សេង ថ្លៃផ្ទះជួល ថ្លៃស្អីៗគ្រប់សព្វ ហើយគិតមើលប្រាក់ខែមួយខែប៉ុន្មាន? បានតែឈឺហើយគ្នាមានប.ស.សគិតថា បង់រាល់ខែ ទៅគិតថាគេមើលដិតដល់ តែដល់ពេលទៅដល់សួរបួន ដប់មាត់គេមិនចង់ឆ្លើយអ៊ីចឹងអន់ចិត្តលែងចង់ទៅហើយ!»។

អតីតបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនJ&T លោក ស៊ិន ប៊ុនរិទ្ធិ ធ្លាប់បានប្រើប័ណ្ណប.ស.សនៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស បានឱ្យដឹងថា ដើមដំបូងចាប់ពីមានប.ស.ស ការប្រើប្រាស់ប័ណ្ណប.ស.សមានការលំបាក គឺថាពេទ្យមិនសូវយកចិត្តទុកដាក់ជាមួយរូបគាត់ឡើយ ដោយគាត់ក៏មិនដឹងថាគេគិតយ៉ាងម៉េចចំពោះប.ស.ស។ ប៉ុន្តែ រយៈពេលចុងក្រោយនេះ គាត់មើលឃើញថា ប.ស.ស​ ប្រើល្អ សេវាពេទ្យគេយកចិត្តទុកដាក់ គេមិនទុកគាត់ចោល គេមើលគាត់ដិតដល់ ដូច្នេះមានប.ស.ស ល្អវាងាយស្រួល។ លោក ប៊ុនរិទ្ធិ បញ្ជាក់ថាកន្លងមកគាត់មិនដែលធ្លាប់បានទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋធំៗទេ ធ្លាប់តែទៅបើកថ្នាំបន្តិចបន្តួចនៅតាមពេទ្យជាដៃគូប.ស.ស តាមភូមិតែប៉ុណ្ណោះ។

«ខ្ញុំសំណូមពរទៅមន្ទីរពេទ្យដែលជាដៃគូប.ស.ស ឬក៏ពេទ្យរដ្ឋ សូមឱ្យយកចិត្តទុកដាក់ជាមួយប.ស.ស ព្រោះឥឡូវ ប.ស.ស ដំណើរការល្អ​ មិនចង់ឱ្យប្រជាជនយើងខកចិត្តជាមួយគាត់»។

ដោយមានមុខរបរផ្ទាល់ខ្លួនដឹកជញ្ជូនទំនិញអនឡាញ និងបានបង់ភាគទានដោយស្ម័គ្រចិត្តសម្រាប់ប្រើប្រាស់ប័ណ្ណប.ស.សក្នុងមួយខែចំនួន១៥,៦០០រៀលដែរនោះ លោក ស៊ិន ប៊ុនរិទ្ធ បានលើកឡើងថាដើម្បីផ្តល់ភាពងាយស្រួលក្នុងការបង់ប្រាក់លោកស្នើសុំឱ្យបេឡាជាតិសន្តិសុខសង្គមដាក់បញ្ជូលបង់ប្រាក់តាមវីង ងាយស្រួលជាងសម្រាប់ប្រជាជនដែលមិនមានទូរសព្ទទំនើបក្នុងការភ្ជាប់អេប ប.ស.ស។

«ចង់ឱ្យមានការ បង់ប្រាក់តាមវីង ដើម្បីឱ្យស្រណុកដល់ប្រជាជនខ្លះគាត់អត់មានប្រើអេបរបស់អេស៊ី ព្រោះថាខាង ប.ស.សគេតម្រូវឱ្យយើងបង់តាមអេបអេស៊ី(ACELEDA) តែអ្នកខ្លះគាត់អត់មាន គាត់ចង់សំណូមពរដល់ខាងប.ស.ស ធ្វើការបង់តាមវីងបញ្ជូលទៅតាមហ្នឹងក៏បាន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋដែលគាត់អត់បានប្រើទូរសព្ទទំនើប»។

កម្មការិនីម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រើប័ណ្ណប.ស.ស នៅពេលមានផ្ទៃពោះនិងក្រោយពេលសម្រាលអ្នកស្រីក៏ទទួលបានលុយ៧០ភាគរយពីសេវាប.ស.សវិញផងដែរ។អ្នកស្រីបានឱ្យដឹងបន្ថែមថាមូលហេតុដែលអ្នកស្រីប្រើប.ស.ស ងាយស្រួលទៅពេទ្យពេលអត់លុយក៏អាចទៅព្យាបាលនិងបើកថ្នាំបាន។

«យើងស្រួលពេលឈឺ យើងអត់មានលុយស្រួលទៅពេទ្យអត់អស់លុយថយចំណាយយើងពេលខ្លះយើងអត់លុយអត់អីយើងអាចទៅពេទ្យបើកថ្នាំ លេបព្យាបាលបានពេលយើងឈឺ​  យើងប្រើអាហ្នឹងវាស្រួលទៅមន្ទីរពេទ្យទៅអី ពេលសម្រាលអីក៏ស្រួលដែរ យើងអត់សូវអស់លុយហើយយើងបានលុយ៧០ភាគរយមកវិញទៀត»។

ចំណែកឯ លោក ស៊ីន បូរ៉ាត បម្រើការងារនៅក្នុងរោងចក្រ ហ្គ្រែនធ្វីនបានឱ្យដឹងដែរថា លោកធ្លាប់បានទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរចំនួនពីរ គឺពេទ្យរុស្សី និងកាល់ម៉ែត្រដោយប្រើសេវាប័ណ្ណប.ស.ស ពេលនោះលោកទៅព្យាបាលថតអេកូអ៊ីចសារ៉េឆ្អឹងខ្នង ការព្យាបាលមិនត្រូវការចំណាយថវិកាអ្វីទេ គ្រាន់តែចំណាយពេលវេលា រៀងយូរដោយសារតែគ្រូពេទ្យមិនមែនមើលតែរូបលោកតែម្នាក់ទេ គឺមានអ្នកជំងឺរាប់រយ រាប់ពាន់នាក់ផ្សេងទៀតត្រូវចាប់តាមលេខរៀង អ៊ីចឹងចំណាយពេលវេលាយូរបន្តិច។ ទោះយ៉ាងណា លោក ស៊ីន បូរ៉ាត យល់ឃើញថា ការមានប័ណ្ណ ប.ស.ស របបធានារ៉ាប់រងសុខភាពល្អ ឥឡូវយើងមើលថែទាំសុខភាពដោយមិនបាច់ចំណាយលុយ តែទន្ទឹមនឹងនោះលោកក៏បានសំណូមពរដល់ បេឡាជាតិរបបសន្តិសុខសង្គមលើការពង្រីកមាតិការមុខជំងឺដែលប.ស.សទទួលខុសត្រូវក្នុងការព្យាបាលឱ្យបានទូលំទូលាយជាងនេះបន្តិច។

«បងសំណូមពរដល់មន្រ្តីបេឡាជាតិសន្តិសុខសង្គម ប.ស.សជួយមើលបងប្អូនប្រជាពលរដ្ឋឱ្យវាហ៊ំហ៊ាញ់ពេញអត្មា តែក៏មានជំងឺជាច្រើនដែលខាងទទួលបន្ទុកប.ស.ស​មិនទទួលខុសត្រូវដូចជាការជួសឈាម ការពិនិត្យក្នុងមាតិកាប.ស.សដូចអត់មាន!​បាទ សំណូមពរឱ្យទូលំទូលាយជាងហ្នឹងបន្តិច ឱ្យទូលំទូលាយជាងសព្វថ្ងៃដែលយើងដើរជាងហ្នឹងបន្តិច!»។​

 ទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)នៃក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងប.ស.ស បានឱ្យដឹងថា សម្រាប់អ្នកមានប័ណ្ណ ប.ស.ស ទាំងវិស័យឯកជន ទាំងវិស័យសាធារណៈ និងបុគ្គលស្វ័យនិយោជន៍ពេលដែលគាត់ជួបបញ្ហាសុខភាពគឺគាត់អាចទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលទាំងមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម។

 «អត្ថប្រយោជន៍ដែលគាត់ទទួលបានគឺដូចគ្នា មានន័យថា​ពេលគាត់ឈឺគាត់ទៅព្យាបាលដោយមិនគិតថ្លៃ ហើយសម្រាប់ការព្យាបាលទៀតសោត គឺព្យាបាលមិនកំណត់ថ្លៃថាត្រូវអស់ប៉ុន្មាននោះឡើយ គឺមានន័យថា ព្យាបាលមួយជាតែម្តង លើកលែងតែជំងឺដែលយើងដកចេញចំនួន១៤មុខដែលមានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្តិជាធរមាណ ក្រៅពីហ្នឹងព្យាបាលជូនគាត់មួយជាសះស្បើតែម្តង»។

គួរបញ្ជាក់បន្ថែមថា មន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន១៥៤៣ មូលដ្ឋានសុខាភិបាល-ក្នុងនោះមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន១១ មន្ទីរពេទ្យបង្អែកចំនួន១២៣ មណ្ឌលសុខភាពចំនួន១២៧៣ និងមន្ទីរពេទ្យឯកជនចំនួន១៣៦ មូលដ្ឋានសុខាភិបាល។

លោក ហេង សុផាន់ណារិទ្ធ អំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ មកចុះបញ្ជីជាមួយ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធានាឱ្យបាននូវការងារ សមរម្យ សន្តិសុខ ប្រាក់ចំណូល​ សមធម៌សង្គម ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនទុកនរណាម្នាក់ឱ្យនៅក្រៅប្រព័ន្ធប.ស.សនោះឡើយ៕

 

 

Share

ព័ត៌មានទាក់ទង

Image