en     km
en     km

សហជីពនិងអ្នកធ្វើការលើកស្ទួយសិទ្ធិការងារ ៥ ស្ថាប័នបន្តវគ្គសិក្សាពីរបៀបថតនិងកាត់តរូបភាព-វីដេអូជាមួយWMC

Share

ភ្នំពេញ៖ នៅថ្ងៃទី០៨ និងទី០៩ ខែមេសា ឆ្នាំ២០២៤នេះ សមាជិកសហជីពនិងអ្នកធ្វើការងារលើកស្ទួយសិទ្ធិការងារនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមកពីស្ថាប័នចំនួន ៥ បានបន្តវគ្គសិក្សាជាមួយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ស្តីពីការថតនិងកាត់តរូបភាព-វីដេអូ នៅទីតាំង Solidarity Center 2 ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក យិប​ ឆេងលាភ អ្នកគ្រប់គ្រងទូទៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ(MIL)រវាងWMC និងSolidarity Center ថ្លែងបើកកម្មវិធីសិក្សាវគ្គទី២ ដែលមានមេរៀនថតរូបនិងវីដេអូ។ 

សិក្ខាកាមចំនួនជិត ២០ នាក់មកពីសហជីពC.CAWDU,ស្ថាប័ន IDEA, BWTUC ,CUMW និងស្ថាប័នCDPLA បានទទួលចំណេះជំនាញពីក្រុមគ្រូបង្គោល WMC ជុំវិញរបៀបចាប់ប្លង់ថតរូប ការប្រើកម្មវិធីកែរូបភាព និងរបៀបថតវីដេអូនិងកាត់តវីដេអូក្នុងកម្មវិធីទូរស័ព្ទដៃ(Smart phone)។ ក្រៅពីណែនាំពីរបៀបថតរូបនិងវីដេអូ គ្រូបង្គោលបានបង្ហាញពីតួនាទីមួយចំនួនក្នុងកាមេរ៉ា និងទូរស័ព្ទដៃ ដើម្បីឱ្យសិក្ខាកាមអាចផ្តិតយករូបភាពនិងវីដេអូបានស្អាតនិងត្រឹមត្រូវតាមគុណភាពស្តង់ដាផងដែរ។

អ្នកគ្រូ សុធី បង្ហាញដល់សិក្ខាកាមពីកម្មវិធីមួយចំនួនក្នុងកាមេរ៉ាក្នុងវគ្គសិក្សាពីរបៀបថតរូបនិងវីដេអូ។

បន្ទាប់ពីយល់ដឹងពីវិធីសាស្រ្តថតរូបភាពនិងវីដេអូរួចហើយ គ្រូបង្គោលបានបែងចែកសិក្ខាកាមជាក្រុមៗដើម្បីចុះអនុវត្តមេរៀនទាំងការថតរូបនិងវីដេអូ ដើម្បីចង់ដឹងពីភាពរីកចម្រើននិងចំណុចត្រូវកែលម្អរបស់សិក្ខាកាម។

សិក្ខាកាមអនុវត្តលំហាត់ថតវីដេអូក្នុងវគ្គបណ្តុះបណ្តាល។

ជាការសង្កេតសិក្ខាកាមតាមក្រុមនីមួយៗបានសហការគ្នាយ៉ាងសកម្មក្នុងការធ្វើកិច្ចការដែលគ្រូបានដាក់ជូនសិក្ខាកាម។ អ្វីជាពិសេសជាងនេះ សិក្ខាកាមបានបង្ហាញភាពរីករាយពេលទទួលបានចំណេះដឹងថ្មីៗជុំវិញការថតរូបនិងវីដេអូនេះ។ សិក្ខាកាមសន្យាថា នឹងយកចំណេះជំនាញនេះទៅចែករំលែកជូនមិត្តភក្តិ បងប្អូន និងអ្នកជិតខាង ពិសេសសន្យាថាក្រោយបញ្ចប់វគ្គសិក្សានេះ ពួកគេនឹងចុះអនុវត្តប្រមូលព័ត៌មានដោយមានការថតរូបនិងវីដេអូពីបញ្ហានានារបស់កម្មករនិងអ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ស្ថាប័នរបស់ពួកគេនីមួយៗ។

សិក្ខាកាមអនុវត្តលំហាត់ថតវីដេអូក្នុងវគ្គបណ្តុះបណ្តាល។

សូមជម្រាបជូនថា មេរៀនស្តីពីការថត និង កាត់តរូបភាពនិងវីដេអូរយៈពេល២ថ្ងៃនេះ ស្ថិតក្នុងវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ(MIL) ក្រោមកិច្ចសហការរវាង អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ជាមួយ មជ្ឈមណ្ឌលអាមេរិកាំងសំរាប់សាមគ្គីភាពការងារអន្តរជាតិ(Solidarity Center)។

សូមបញ្ជាក់ផងដែរថា សម្រាប់វគ្គបណ្តុះបណ្តាលជាមួយក្រុមសហជីព និងអ្នកធ្វើការងារលើកស្ទួយសិទ្ធិការងារនេះ ក្រុមគ្រូបង្គោល WMC នឹងត្រូវចែក រំលែកចំណេះដឹងក្នុងវិស័យសារព័ត៌មានជូនដល់សិក្ខាកាមចំនួនបីលើក។ បន្ទាប់បញ្ចប់វគ្គសិក្សាចំនួនបីលើកនេះរួច សិក្ខាកាមត្រូវមានកាតព្វកិច្ចចុះផលិតព័ត៌មានទាក់ទងបញ្ហារបស់កម្មករដែលកំពុងជួបប្រទះមកផ្សព្វផ្សាយលើបណ្តាញសង្គម ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយជូនកម្មបានសមរម្យ។ ជាងនេះ ការផលិតព័ត៌មានគឺក្រុមគ្រូបង្គោលនឹងតាមជួយណែនាំ និងតម្រង់ទិសមុននឹងផ្សព្វផ្សាយលើបណ្តាញសង្គមប្រកបដោយភាពត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន៕

បណ្តុំរូបភាពសកម្មភាពក្នុងវគ្គបណ្តុះបណ្តាល៖

 

 

 

Share

ព័ត៌មានទាក់ទង

Image