en     km
en     km

ស្រ្តីមានផ្ទៃពោះ និងក្រោយសម្រាលនៅតែប្រឈមបញ្ហាកង្វះមីក្រូសារជាតិមួយចំនួន

Share

បញ្ហាកង្វះជាតិដែក សម្រាប់ស្រ្តីដែលមានផ្ទៃពោះនិងស្រ្តីក្រោយសម្រាល បច្ចុប្បន្នមិនមែនជាបញ្ហាសុខភាពសាធារណៈទៀតឡើយ តែអ្វីជាបញ្ហាប្រឈមនោះពោលគឺកង្វះមីក្រូសារជាតិមួយចំនួនទៅវិញនេះតាមការបង្ហាញឱ្យដឹងពីក្រសួងសុខាភិបាល។

អ្នកស្រី វ៉ាយ វត្តី រាយការណ៍

បច្ចុប្បន្ននេះ បញ្ហាកង្វះជាតិដែក សម្រាប់ស្រ្តីដែលមានផ្ទៃពោះនិងស្រ្តីក្រោយសម្រាល លែងជាបញ្ហាសុខភាពសាធារណៈទៀតឡើយ។ បើទោះបីជាស្រ្តីភាគច្រើនមានភាពស្លេកស្លាំងក្តី ប៉ុន្តែមូលហេតុទាំងនោះ​ បណ្តាលមកពីកត្តាផ្សេងៗ ដូចជាបញ្ហាកង្វះជាតិស័ង្កសី កង្វះជាតិហ្វូលេត បញ្ហាអេម៉ូក្លូប៊ីនមិនប្រក្រតី ឬបញ្ហា ហ្សែនណឺទីកជាដើម។​ ជាដំណោះស្រាយនោះគឺត្រូវជួយធ្វើយ៉ាងណាឱ្យស្រ្តីរបស់យើងទទួលបាននូវគ្រាប់ថ្នាំមីក្រូសារជាតិគ្រប់គ្រាន់ ដោយយើងមិនអាចផ្តល់តែថ្នាំគ្រាប់ជាតិដែកតែ១មុខគត់នោះឡើយ។

នេះតាមការឱ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលនៃការអនុវត្តគម្រោងសាកល្បង ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថាក្រសួងសុខាភិបាលកំពុងតែគិតគូរធ្វើការសាកល្បងថាតើពេលដែលយើងផ្លាស់ប្តូរពីគ្រាប់ថ្នាំជាតិដែក មកជាការផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះវិញនោះស្ថានភាពមីក្រូសារជាតិសម្រាប់ស្រ្តីនៅក្នុងប្រទេសកម្ពុជាយើងមានការប្រែប្រួលកម្រិតណា? ដូច្នេះយើងនឹងធ្វើដំណើរជាមួយគ្នាបន្តទៀតដើម្បីឈានទៅការដាក់ឱ្យអនុវត្តន៍ជាផ្លូវការទូទាំងប្រទេសនៅឆ្នាំក្រោយៗជាបន្តទៀតនៅពេលដែលការអង្កេតបានចប់សព្វគ្រប់ជ្រុងជ្រោយ។​

«​នៅក្នុងនោះយើងក៏សង្កេតឃើញស្រ្តីមួយចំនួនមានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាប់ទាំងមុន ក៏ដូចជាក្នុងអំឡុងពេលមានផ្ទៃពោះ និងក្នុងពេលបំបៅដោះកូន នេះក៏ជាមូលហេតុមួយធ្វើឱ្យស្រ្តីមានបញ្ហាកង្វះមីក្រូសារជាតិមួយចំនួនក៏ដូចជាអាហារូបត្ថម្ភមួយចំនួនផងដែរ ដែលទាមទារឱ្យយើងធ្វើការផ្តល់បន្ថែមនូវគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះទៅដល់ពួកគាត់។»

គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ មានអត្ថប្រយោជន៍ជាច្រើនបើប្រៀបធៀបជាមួយគ្រាប់ថ្នាំជាតិដែក និងអាស៊ីតហ្វូលិក។ នេះតាមការបញ្ជាក់បន្ថែមពីលោកស្រីវេជ្ជបណ្ឌិត។

គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះមានវីតាមីន និងជាតិរ៉ែ១៥មុខ ដែលស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃត្រូវការចាំបាច់ បើយើងធៀបពីមុនការផ្តល់ជូនគាត់មានតែគ្រាប់ថ្នាំជាតិដែក និងអាស៊ីតហ្វូលិកតែប៉ុណ្ណោះ។​​​

គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយកាត់បន្ថយអត្រាទារកកើត មិនគ្រប់ទម្ងន់បានចំនួន១៣ភាគរយ។ ខណៈប្រទេសកម្ពុជាមានអត្រាទារកកើតមិនគ្រប់ទម្ងន់ និងមិនគ្រប់ខែមានចំនួនច្រើន។អ៊ីចឹងប្រសិនបើគ្រាន់តែការផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ១៨០គ្រាប់នៅអំឡុងពេលមានផ្ទៃពោះ យើងអាចជួយកាត់បន្ថយបញ្ហានេះបាន គឺពិតជាប្រសើរមែនទែនសម្រាប់ប្រទេសកម្ពុជារបស់យើង។ សម្រាប់ម្តាយដែលមានភាពស្លេកស្លាំងវិញគឺគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះអាចជួយកាត់បន្ថយទារកដែលមិនគ្រប់ទម្ងន់បាន១៩ភាគរយ ហើយសម្រាប់ម្តាយដែលមានBMI ទាបគឺគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះអាចជួយកាត់បន្ថយកូនកើតមុនអាយុបានដល់១៦ភាគរយ ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក។   បន្ថែមលើនេះ  គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះអាចជួយកាត់បន្ថយអត្រាស្លាប់ក្នុងចំណោមកុមារអាយុ៦ខែដែលម្តាយមានបញ្ហាកង្វះអាហារូបត្ថម្ភបានរហូតដល់២៩ភាគរយថែមទៀតផងដែរ។

ជួបជាមួយអ្នកស្រី ហម តាំងយូ រស់​នៅក្នុងភូមិត្រពាំងក្រោល ឃុំជ័យ ស្រុកប្រាសាទបាល័ង ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា អ្នកស្រីបានប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ នេះតាំងពីចាប់ផ្តើមមានទម្ងន់កូនដំបូងចំនួន២ខែ ឃើញថាល្អប្រើ អត់ចាញ់ អត់ធ្វើទុកក្នុងខ្លួន អត់វិលមុខ ធ្វើការបានដូចធម្មតា និងកូនកើតមកគ្រប់គីឡូ មិនខ្សោយកំលាំងគាត់មានសុខភាពមាំមួន។

«ខ្ញុំប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ហ្នឹងល្អ ប្រើ អត់ចាញ់ អត់ធ្វើទុកក្នុងខ្លួន អត់វិលមុខ ខ្ញុំធ្វើការបានធម្មតាទូទៅ ឃើញថាថ្នាំហ្នឹងល្អប្រើ ហើយខ្ញុំចង់ស្នើសុំខាងអង្គការHelen Keller បន្ថែមនៅគ្រប់តាមមណ្ឌលឱ្យស្រ្តីដែលមានផ្ទៃពោះក្រោយៗ គាត់បានពិសារថ្នាំហ្នឹងដែរ ឃើញថា កូនកើតមកគ្រប់គីឡូល្អ មិនខ្សោយកំលាំង គាត់មាំមួន ខ្ញុំលេបអស់២កំប៉ុង១កំប៉ុង៩០គ្រាប់ ២កំប៉ុងហ្នឹង១៨០គ្រាប់»

អង្គការសុខភាពពិភពលោកបានបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ ទៅក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួននៅឆ្នាំ២០២១ ដែលអនុញ្ញាតឲ្យប្រទេសនានាអាចបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួនដែរ។  ហើយប្រទេសកម្ពុជាក៏បានចាប់ផ្តើមជាជំហានដំបូង ដោយបានឱ្យអនុវត្តគម្រោងសាកល្បង សម្រាប់​ស្ត្រីមានផ្ទៃពោះជាង១,៥០០នាក់នៅខេត្តកំពង់ធំ សម្រាប់ការលេបថ្នាំមីក្រូសារជាតិចម្រុះចំនួន១៨០គ្រាប់ ជាលទ្ធផលឃើញថា មានអត្រាកើនរហូតដល់៩៥ភាគរយ គឺខ្ពស់ជាងការលេបថ្នាំជាតិដែកអាស៊ីតហ្វូលិកចំនួនត្រឹមតែ៩០គ្រាប់ ដែលមានអត្រា៩១ភាគរយប៉ុណ្ណោះ៕

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង